សង្គម​ស៊ីវិល​ចោទ​ក្រុមហ៊ុន​វៀតណាម​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​រតនគិរី

ដោយ រដ្ឋា វិសាល
2014.04.03
កាប់​ឈើ រតនគិរី ៦១០ ២៩-មីនា-២០១៤៖ សកម្មភាព​ក្រុមហ៊ុន​៧២ របស់​វៀតណាម អារ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍ ក្នុង​ខេត្ត​រតនគិរី ដោយ​សំអាង​ថា ព្រៃ​នោះ​រដ្ឋ​បាន​ផ្ដល់​មក​ក្រុមហ៊ុន​សម្បទាន ម៉ែន សារុន។
រូបថត​សហគមន៍ ឃុំ​ប៉ក់ញ៉ៃ

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី រក​ឃើញ​ថា ក្រុមហ៊ុន​វៀតណាម ឈ្មោះ​៧២ ដែល​ធ្វើ​អាជីវកម្ម​បន្ត​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ក្លូបល ធីក រ៉ាម៉ា ខ្មែរ​អន្តរជាតិ និង​មិត្តភាព ម៉ែន សារុន (Global Tech Rama Khmer International And Men Sarun Friendship) បាន​រំលោភ​ទៅ​លើ​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ស្ដីពី​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​បង្កើត​រោង​ម៉ាស៊ីន​អារ​កែច្នៃ​ឈើ ផលិត​គ្រឿង​សង្ហារិម និង​ផលិត​ក្ដារ​បន្ទះ​ជា​បណ្ដោះ​អាសន្ន។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី នៅ​ថ្ងៃ​ពុធ ទី​២ ខែ​មេសា អំពាវនាវ​សុំ​ឲ្យ​ក្រសួង​កសិកម្ម ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​ការ​រំលោភ​សេចក្តី​ប្រកាស​របស់​ក្រសួង ស្ដីពី​លក្ខខណ្ឌ​នៃ​ច្បាប់​អនុញ្ញាត​បង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន ម៉ែន សារុន។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នេះ បាន​អង្កេត​ទៅ​លើ​សេចក្តី​រាយការណ៍​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ដែល​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​៧២ បាន​បង្កើត​រោង​ម៉ាស៊ីន​អារ​ឈើ​មួយ​នៅ​ជាប់​ព្រំ​ព្រៃ​ការពារ​សហគមន៍ ហើយ​កាប់​ឈើ​មូល​ថ្មីៗ​ដឹក​ជញ្ជូន​ចូល​រោង​ម៉ាស៊ីន។ ឈើ​មូល​នោះ ត្រូវ​គេ​អារ​ច្រៀក​ភ្លាមៗ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​ជំនាញ។ ចំណែក​ឈើ​ដែល​អារ​រួច ក្រុមហ៊ុន​បាន​ដឹក​ចេញ​បន្ត​ពី​រោង​អារ​ឈើ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ដូច​គ្នា និង​មិន​បាន​ធ្វើ​របង​ហ៊ុមព័ទ្ធ​ជុំវិញ​បរិវេណ​រោង​ម៉ាស៊ីន​អារ​ឈើ ជាដើម។

លោក ឆាយ ធី សម្ដែង​ការ​បារម្ភ​ថា ការ​បណ្ដែត​បណ្តោយ​របស់​មន្ត្រី​ជំនាញ​ព្រៃ​ឈើ នឹង​នាំ​ឲ្យ​ក្រុមហ៊ុន​នេះ​កាប់​ឈើ​អនាធិបតេយ្យ ហើយ​អារ​ច្រៀក​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ដោយ​បំពាន​ច្បាប់៖ «វៀតណាម មិន​បាន​គោរព​សេចក្តី​ប្រកាស​របស់​ក្រសួង​ទេ។ វៀតណាម នៅ​តែ​អារ​ដឹក​ទាំង​ថ្ងៃ​ដឹក​ទាំង​ថ្ងៃ អារ​ទាំង​យប់​ដឹក​ទាំង​យប់។ ស្ថាប័ន​ព្រៃ​ឈើ​គាត់​នៅ​ឆ្ងាយ គាត់ មិន​បាន​ចុះ​ទៅ​តំបន់​ព្រៃ​នៅ​ជាប់​ព្រំដែន​នោះ​ទេ មាន​ន័យ​ថា ឈើ​ត្រូវ​បាន​អារ​ដោយ​ខុស​ច្បាប់ ក៏​យើង​បារម្ភ​ថា ឈើ​អាច​ដឹក​ចេញ​តាម​តំបន់​ព្រំដែន​ដោយ​ខុស​ច្បាប់»

កាល​ពី​សប្ដាហ៍​មុន ក្រុម​ល្បាត​សហគមន៍​ភូមិ​ឡំ បាន​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ​មួយ​គ្រឿង និង​ប្រទះ​ឃើញ​កម្មករ​ជនជាតិ​វៀតណាម ប្រមាណ ១៥​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​៧២ ប្រើប្រាស់​ឲ្យ​អារ​ឈើ​មូល​ថ្មីៗ​ក្នុង​ព្រៃ​ការពារ ព្រម​ទាំង​ប្រើប្រាស់​រថយន្ត​ស្ទូច​ដឹក​ជញ្ជូន​ឈើ​ចូល​រោង​អារ​ឈើ ហើយ​អារ​ច្រៀក​ឈើ​នាំ​ចេញ​ភ្លាមៗ​ពី​រោង​អារ​ឈើ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២ ខែ​មេសា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ម៉ែន សារុន គឺ​លោក មាស សុគន្ធមុនី សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ។ ក៏ប៉ុន្តែ កាល​ពី​សប្ដាហ៍​មុន លោក​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​អារ​ឈើ​ដែល​ប្រមូល​បាន​ក្នុង​ដី​សម្បទាន ហើយ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​រួច​ហើយ។

យ៉ាង​នេះ​ក៏ដោយ តំណាង​សហគមន៍​ភូមិ​ឡំ លោក រម៉ា ស្វាន នៅ​តែ​អះអាង​ថា មក​ទល់​នឹង​ថ្ងៃ​ទី​២ ខែ​មេសា ក្រុមហ៊ុន​៧២ នៅ​តែ​បន្ត​ចូល​ព្រៃ​កាប់​ឈើ​មូល​ក្នុង​ព្រៃ​ដឹក​ជញ្ជូន​ចូល​រោង​អារ​ច្រៀក​ឈើ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​ត្រួត​ពិនិត្យ។ លោក​បន្ត​ថា បាន​ធ្វើ​សេចក្តី​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​វិធាន​ការ​បែប​ណា​នៅ​ឡើយ៖ «គេ​អត់​ច្រៀក​ទេ​ឈើ​ចាស់ៗ​ហ្នឹង គេ​កាប់​ថ្មី​ច្រៀកៗ​តែ​ម្តង ពិសេស​ឈើ​ក្រំ​ហ្នឹង​ហើយ​ច្រើន​មែន​ទែន។ ឃើញ​គេ​ច្រៀកៗ ប៉ុន្តែ​ក្ដារ​នៅ​ក្នុង​ហ្នឹង​អត់​មាន អត់​ឃើញ​គេ​ដឹក​ទៅ​ណា​អត់​ឃើញ។គេ​ថា​អត់​ខ្លាច​ទេ គេ​ថា​ពួក​ក្រសួង​មក​អនុញ្ញាត​មក​ពី​ថ្នាក់​លើ​មក​ខ្ញុំ​អត់​ខ្លាច​ពួក​ប្រជាពលរដ្ឋ​ទេ»

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា បាន​ចុះ​ហត្ថលេខា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ម៉ែន សារុន បង្កើត​រោង​ម៉ាស៊ីន​កែច្នៃ​ឈើ​ជាមួយ​នឹង​លក្ខខណ្ឌ​សំខាន់ៗ​រួម​មាន សំណង់​រោង​ម៉ាស៊ីន​ត្រូវ​រៀប​ចំ​ឲ្យ​បាន​សមរម្យ តាម​នីតិវិធី​រដ្ឋបាល​ព្រៃ​ឈើ ត្រូវ​ធ្វើ​របង​ហ៊ុមព័ទ្ធ​ជុំវិញ​បរិវេណ​រោង​ម៉ាស៊ីន ឈើ​ដែល​ដឹក​ជញ្ជូន​ចូល​បរិវេណ​រោង​ម៉ាស៊ីន ត្រូវ​មាន​ការ​អនុញ្ញាត​ចេញ​ដោយ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃ​ឈើ ផលិតផល​ឈើ​កែច្នៃ​ដឹក​ជញ្ជូន​ចេញ​ពី​បរិវេណ​រោង​ម៉ាស៊ីន ត្រូវ​មាន​លិខិត​អនុញ្ញាត​ចេញ​ដោយ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃ​ឈើ ជាដើម។

ទាក់ទង​បញ្ហា​នេះ​ដែរ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភឺន ទទួល​ស្គាល់​ថា លោក​មិន​ទាន់​ត្រួត​ពិនិត្យ​សេចក្តី​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។