សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ អះអាងថា បានប្រទះឃើញឈើមូលប្រមាណ ១០០ដើម ត្រូវគេកាប់ទុកនៅរាយប៉ាយក្នុងព្រៃសហគមន៍ជាប់នឹងតំបន់ព្រំដែនប្រទេសវៀតណាម។ អ្នកភូមិដាក់ការសង្ស័យទៅលើពលរដ្ឋវៀតណាម និងតម្រួតព្រំដែននៅតំបន់នោះ គឺជាអ្នកពាក់ព័ន្ធកាប់យកឈើក្នុងព្រៃអភិរក្ស។
ប្រជាពលរដ្ឋរស់នៅភូមិភិ នៅថ្ងៃទី៧ ខែមេសា អំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរី ទប់ស្កាត់ជាបន្ទាន់ករណីលួចកាប់ឈើមូលរាប់រយកំណាត់នៅក្នុងតំបន់ព្រៃសហគមន៍ភូមិភិ ចំណុចខាងក្រោមប៉ុស្តិ៍ការពារព្រំដែនណងដា ឋិតក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ជាប់នឹងប្រទេសវៀតណាម។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ភូមិភិ នាំគ្នាល្បាតព្រៃ ហើយប្រទះឃើញឈើមូលត្រូវគេលួចអាររំលំកាត់ចុង និងគល់ បន្សល់ទុកនៅក្នុងព្រៃ។
ប្រជាពលរដ្ឋរស់នៅភូមិភិ លោក សេវ ទូច មានប្រសាសន៍ថា ឈើដែលគេអាររំលំមានមុខកាត់ពី ៥ ទៅ ៦តឹកប្រវែង ២,៥ម៉ែត្រទៅ ៣ម៉ែត្រ។ ឈើនេះទំនងជាពលរដ្ឋវៀតណាម ឬតម្រួតព្រំដែនខ្មែរនៅតំបន់នោះ លួចកាប់ ហើយលួចដឹកជញ្ជូនឆ្លងទឹកទន្លេជាតំបន់ព្រំដែនចូលទៅប្រទេសវៀតណាម។ លោកថា ព្រៃឈើសហគមន៍នៅតំបន់នោះ ជាញឹកញាប់ត្រូវបានគេលួចកាប់នៅវេលាយប់៖ « គេលក់ទៅវៀតណាម ឈើច្រើនគេមិនទាន់ដឹកចេញទេ នៅក្នុងព្រៃបម្រុងទុកសហគមន៍។ គេកាប់នោះមួយដើម នេះមួយដើម ខាងលើប៉ុស្តិ៍ក៏មាន ក្រោមប៉ុស្តិ៍ក៏មាន »។
សហគមន៍ភូមិភិ កាលពីខែធ្នូ ឆ្នាំ២០១៥ បានរកឃើញឈើមូលដែលគេកាត់គល់ និងចុង ហើយអារជាឈើជ្រុង ២៥ដើមក្នុងចំណោមឈើច្រើនដើមផ្សេងទៀត ត្រូវបានគេយកទៅទម្លាក់ក្នុងទឹកទន្លេមុខប៉ុស្តិ៍តម្រួតការពារព្រំដែន៧០៩។ ការរកឃើញឈើក្នុងទឹកនេះ មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែន គំរាមមិនឲ្យសហគមន៍រឹបអូសឈើនោះទេ ដោយសំអាងថា សហគមន៍គ្មានសិទ្ធិបង្ក្រាបបទល្មើសព្រៃឈើនោះឡើយ។
ចំណែកស្នងការរងទទួលបន្ទុកកិច្ចការព្រំដែន នៃស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី លោក ហេង រតនា អះអាងដែរថា បានឃើញរូបភាពនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ ត្រូវគេបង្ហោះតាមបណ្ដាញព័ត៌មានសង្គម។
ទាក់ទិនការរកឃើញឈើមូលថ្មីៗត្រូវគេលួចកាប់នេះ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា អាជ្ញាធរខេត្តបានស្រាវជ្រាវរកឃើញថា អ្នកពាក់ព័ន្ធកាប់ឈើមួយផ្នែក គឺប្រជាពលរដ្ឋតំបន់នោះដែលបានស្នើសុំអាជ្ញាធរមូលដ្ឋានកាប់ឈើសាងសង់លំនៅឋាន និងដោយឡែកសកម្មភាពលួចកាប់ឈើនេះ ក៏ទាក់ទិនទៅនឹងជនល្មើសដែលសមត្ថកិច្ចកំពុងស្រាវជ្រាវមុខសញ្ញា៖ « ក្នុងហ្នឹងក៏មានផ្នែកមួយដែរដែលយើងកំពុងតាមរកមុខ ខ្ញុំឲ្យនគរបាលព្រំដែនត្រួតពិនិត្យឲ្យមែនទែនបទល្មើសដែលយើងឃើញមានក្រៅពីសហគមន៍ ដែលគាត់កាប់ »។
ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ មានប្រសាសន៍ដែរថា សហគមន៍មិនបានផ្តល់ព័ត៌មាននេះមកមន្ត្រីព្រៃឈើនៅឡើយ។ យ៉ាងណា លោកថានឹងចាត់មន្ត្រីចុះទៅពិនិត្យនៅតំបន់នោះ៖ « ចាំខ្ញុំចាត់មន្ត្រីចុះទៅមើលណងដា គ្មានបានទទួលរបាយការណ៍ពីគាត់សោះ »។
កាលពីឆ្នាំ២០១៣ សហគមន៍ភូមិភិ ឲ្យដឹងថា ពលរដ្ឋវៀតណាម បីនាក់បានឆ្លងដែនចូលកាប់ឈើក្នុងព្រៃជាប់ព្រំដែន ដោយមានការការពារពីតម្រួតព្រំដែនខ្មែរនៅតំបន់នោះ។ ករណីនេះ អ្នកភូមិចាប់បានជនជាតិវៀតណាម បីនាក់ និងបានពិន័យជាប្រាក់ ២ពាន់ដុល្លារជាសំណងសែនព្រេនបែបប្រពៃណីជនជាតិដើមភាគតិច។
ទោះបីជាយ៉ាងណាក៏ដោយ សហគមន៍ភូមិភិ ឲ្យដឹងថា ឈើថ្មីៗដែលគេកាប់នៅតំបន់ខាងក្រោមប៉ុស្តិ៍ការពារព្រំដែនណងដា ត្រូវគេដឹកជញ្ជូនទៅប្រទេសវៀតណាម ប្រសិនអាជ្ញាធរខេត្តយឺតយ៉ាវមិនទប់ស្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
