ប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៣ អំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការទប់ស្កាត់ជាបន្ទាន់សកម្មភាពកាប់ឈើអនាធិបតេយ្យ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ សុំមិនឲ្យបញ្ចេញឈ្មោះ រាយការណ៍ថា ម៉ាស៊ីនកាត់ឈើស្វ័យប្រវត្តិរាប់សិបគ្រឿង អមដោយកម្មករស៊ីឈ្នួលច្រើនក្រុម ក្នុងនោះក៏មានក្រុមប្រដាប់អាវុធ និងមន្ត្រីការពារដែនជម្រកសត្វព្រៃ ប្រើប្រាស់រថយន្តឆ្នៃស្ទូចឈើដែលគេនិយមហៅថាឡានរ៉េវ អាររំលំឈើមូល ដឹកជញ្ជូនចូលរោងអារឈើនៅក្នុងដែនជម្រកសត្វព្រៃ ហើយអារច្រៀកនាំចេញចាប់តាំងពីដើមឆ្នាំ២០១៣ រហូតបច្ចុប្បន្ន។
ប្រជាពលរដ្ឋឃើញហេតុការណ៍ដដែលបន្តថា ក្រុមហ៊ុនពាក់ព័ន្ធកាប់ឈើនេះ មានក្រុមហ៊ុនហងអាញ់ លំផាត់ ក្រុមហ៊ុនវិនម៉ាដេត និងក្រុមកម្មករឧកញ៉ាថៃ៖ «គេយកឈើប្រភេទផ្ដៀក ប្រភេទឈើទាល ចាប់ពីមុខហាឡើងដល់មុខមួយរយ មួយរយម្ភៃ មួយរយហាសិបឡើង គេយកទាំងអស់។ ត្រង់ស៊ីន័រប្រហែល ២៥គ្រឿង ចូលកាត់ឈើហ្នឹង។ គេថាឧកញ៉ាថៃ។ អ្នកដែលចុះមក ប្អូនឧកញ៉ា ថាគេចុះមកមើលកូនចៅកាប់ឈើ។ ខ្ញុំឃើញកាំភ្លើងហ្នឹងពីរដើម អាមួយកាំភ្លើងស្វ័យបត់ អាមួយកាំភ្លើងវែង មិនដឹងកាំភ្លើងស្អី គេមើលកូនចៅធ្វើស្ពាន គេកាត់គេដឹកស្អីហ្នឹងណា!»។
ប្រជាពលរដ្ឋរស់នៅឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី អ្នកប្រកបរបរផលិតជ័រទឹកពីដើមឈើក្នុងព្រៃជម្រកសត្វព្រៃលំផាត់ ប្រមាណ ២០គ្រួសារ ឲ្យដឹងថា ពួកអ្នកកាប់ឈើបានបង់ប្រាក់ទៅប្រជាពលរដ្ឋម្ចាស់ដើមឈើផលិតជ័រ ឬដើមច្បោះណាដែលបានទៅទាន់ឃើញសកម្មភាពកាប់ដើមឈើរបស់អ្នកភូមិក្នុងមួយដើម ៨ពាន់រៀល។ ប្រជាពលរដ្ឋទាំងនោះឲ្យដឹងថា ដើមច្បោះ អ្នកភូមិ រួមទាំងឈើមូលមានតម្លៃផ្សេងទៀតរាប់ម៉ឺនដើម នៅចំណុចគុម្ពោតដាច់អន្លង់ទូក គុម្ពោតឃ្លៃលើ គុម្ពោតតានវ៉ាន អូរខ្សាច់ គុម្ពោតឈើធំ ក្នុងដែនជម្រកសត្វព្រៃ ត្រូវបានកាប់យកអស់គ្មានសល់ និងកំពុងបន្តអាររំលំឈើទ្រហឹងពេញព្រៃរហូតបច្ចុប្បន្ន៖ «ខ្ញុំធ្វើដំណើរទៅដងទៅ ខ្ញុំទាន់។ ដល់នេះ ឈើហ្នឹងកាត់ទៅខាងណា អស់លោកអត់សុំខ្ញុំរណ្ដៅជ័រ។ ថាខ្ញុំកាត់ចូលក្រុមហ៊ុនហងអាញ់ (Hong Anh) គេថាខ្ញុំកាប់ហើយ អ៊ំឯងរាប់រណ្ដៅជ័រហ្នឹង ហើយអ៊ំឯងទៅយកលុយជាមួយខ្ញុំ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ ទី១០ ខែមេសា មិនអាចទាក់ទងប្រធានផ្នែកការពារតំបន់ដែនជម្រកសត្វព្រៃលំផាត់ លោក សន សុវណ្ណសុង បំភ្លឺករណីនេះបានទេ ពីព្រោះលោកមិនទទួលទូរស័ព្ទហៅចូល។
ចំណែកប្រធានមន្ទីរបរិស្ថាន ខេត្តរតនគិរី លោក ជូ សុភ័ក្រ បដិសេធមិនអធិប្បាយពីករណីនេះ៖ «អាហ្នឹងបងឯងដាក់ម៉េចដាក់ទៅ សហគមន៍រាយការណ៍ម៉េចខ្ញុំមិនដឹងទេ ឲ្យតែជាការពិត។ បានហើយអ៊ីចឹង»។
យ៉ាងនេះក្តី មន្ត្រីខេត្តមួយរូបសុំមិនបញ្ចេញឈ្មោះ ទទួលស្គាល់ថា ពិតជាមានករណីកាប់យកឈើពីក្នុងដែនជម្រកសត្វក្រៅតំបន់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុននោះមែន។ មន្ត្រីជំនាញដដែល ឲ្យដឹងថា មន្ត្រីបរិស្ថានការពារដែនជម្រកសត្វព្រៃ បានដឹង និងចូលរួមសកម្មភាពកាប់ឈើមូលនេះទៀតផង។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើ លោក ឆាយ ធី មានប្រសាសន៍ថា សាក្សីអ្នកឃើញហេតុការណ៍កាប់ឈើ ផ្តល់ព័ត៌មាន និងសុំឲ្យសមាគមលោកជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ឲ្យចុះស៊ើបអង្កេតករណីនេះ៖ «ករណីនេះ គឺជាបទល្មើសព្រៃឈើយ៉ាងធ្ងន់ធ្ងរ នេះជាការបើកដៃដើម្បីឲ្យក្រុមហ៊ុនសម្បទាននៅក្បែរនោះ កាប់យកឈើពីព្រៃដែនជម្រកសត្វព្រៃហ្នឹង»។
ជំទប់ទី១ ឃុំស្រែអង្គ្រង លោក ភិន សុង មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរឃុំបានរាយការណ៍ករណីនេះជូនអាជ្ញាធរស្រុករួចហើយ។ លោកបន្តថា សកម្មភាពកាប់ឈើក្នុងដែនជម្រកសត្វព្រៃ នឹងបន្តទៅកាប់នៅតំបន់អូរល្ហារ ស្ទឹងរាំង និងអូររ៉ៃ នៅពេលខាងមុខ ប្រសិនគ្មានវិធានការទប់ស្កាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
