ពលរដ្ឋ​ចោទ​មន្ត្រី​អនុរក្ស​ឧទ្យាន​ជាតិ​វីរៈជ័យ​២​នាក់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កាប់​ឈើ

0:00 / 0:00

តំបន់​ព្រៃ​ការពារ​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ខេត្ត​រតនគិរី បន្ត​រង​ការ​កាប់​យក​ឈើ​ប្រណីត​ធ្វើ​អាជីវកម្ម បើ​ទោះ​បី​ក្រសួង​បរិស្ថាន បាន​បង្កើត​សហគមន៍​ការពារ​ធម្មជាតិ និង​មាន​ឆ្មាំ​អនុរក្ស​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ក្តី។ តើ​ជន​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​នរណា? ហេតុ​អ្វី​បាន​ជា​ក្រុម​អនុរក្ស​មិន​អាច​ការពារ​ព្រៃ​បាន?

តំណាង​សហគមន៍​ការពារ​ធម្មជាតិ​អូរទុង ក្នុង​ស្រុក​វ៉ឺនសៃ ចោទ​ប្រកាន់​មន្ត្រី​អនុរក្ស​ឧទ្យាន​ជាតិ​វីរៈជ័យ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ចំនួន​ពីរ​នាក់ ថា​បាន​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ឃុបឃិត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​ប្រណីត ហើយ​បង់​ប្រាក់​ទៅ​ឲ្យ​ពួក​គេ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​ឃុំ​កុកឡាក់ រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ស្រុក​វ៉ឺនសៃ នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​សីហា។ ចំណែក​មន្ត្រី​អនុរក្ស​ដែល​រង​ការ​ចោទ​មាន​ឈ្មោះ លោក ណាយ ប៊ុនហឿង និង​លោក ជឿត ផម មិន​មាន​វត្តមាន​ក្នុង​វេទិកា​នោះ​ទេ។

ចាស់​ទុំ​ភូមិ​អូរទុង លោក ក្រឿច ម៉ូច អះអាង​ថា មន្ត្រី​អនុរក្ស​ទាំង​ពីរ​នាក់​បាន​បោះ​ទីតាំង​ឈរ​ជើង​នៅ​ចំណុច​ពាមអូរទុង ចាំ​យក​ប្រាក់​ពី​អ្នក​ដឹក​ជញ្ជូន​ឈើ​ពី​ព្រៃ​ក្នុង​ម្នាក់​ពី ១០ ទៅ ២០​ម៉ឺន​រៀល ហើយ​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​កាត់​តំបន់​នោះ។ លោក​បន្ត​ថា មន្ត្រី​អនុរក្ស​នៅ​តំបន់​នោះ​មិន​បាន​សហការ​ជាមួយ​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​នោះ តាម​កិច្ច​ព្រមព្រៀង​បង្កើត​សហគមន៍​អភិរក្ស​ធម្មជាតិ ដែល​ក្រសួង​បរិស្ថាន បាន​បង្កើត​ឡើង​នោះ​ឡើយ៖ «កន្លះ​ខែ​ហើយ​វា​នៅ​ហ្នឹង ពី​ពាមអូរ ១០០​ម៉ែត្រ​ចុះ​ក្រោម។ គេ​ចូល​ទៅ​កាប់​ឈើ​គេ​យក​លុយ​នៅ​ហ្នឹង​តែ​ម្តង ហើយ​ឲ្យ​ចូល​កាប់​ឈើ។ ស្អែក​ខ្ញុំ​រក​មន្ទីរ​បរិស្ថាន ខ្ញុំ​ឡើង​ជួប​តែ​ម្តង»

កាល​ពី​ដើម​ខែ​កក្កដា ក្រសួង​បរិស្ថាន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រវាង​សហគមន៍​ជនជាតិ​ភាគ​តិច ៥​ភូមិ នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង ជាមួយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នា​សាល​ប្រជុំ​សណ្ឋាគារ រតនៈ ស៊ីធី ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី ដើម្បី​បង្កើត​សហគមន៍​អភិរក្ស​ធម្មជាតិ​ចំនួន​៥ ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ។

ឈើ​ដែល​គេ​លួច​កាប់​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ តំបន់​សហគមន៍​ការពារ​អូរទុង ខេត្ត​រតនគិរី។ រូបថត​ដើម​ខែ​កក្កដា ឆ្នាំ​២០១៤
ឈើ​ដែល​គេ​លួច​កាប់​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ តំបន់​សហគមន៍​ការពារ​អូរទុង ខេត្ត​រតនគិរី។ រូបថត​ដើម​ខែ​កក្កដា ឆ្នាំ​២០១៤ (ផ្ដល់​ដោយ​សហគមន៍​អូរទុង)

ប្រធាន​សហគមន៍​អូរទុង លោក ភៃ ពើក កត់​សម្គាល់​ថា កាល​ពី​ដើម​ខែ​សីហា ក្រុម​ល្បាត​សហគមន៍​បាន​រក​ឃើញ​ឈើ​ធ្នង់ ជាង ១០០​ម៉ែត្រ​គូប ដែល​គេ​អារ​ជា​ឈើ​ជ្រុង​ក្នុង​ព្រៃ​សហគមន៍ ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន ជនល្មើស​មិន​អាច​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ​បាន។ លោក​ថា នេះ​គឺ​ជា​បទល្មើស​ព្រៃ​ឈើ​ថ្មី​បន្ថែម​ទៀត ដែល​សហគមន៍​រក​ឃើញ​ក្រោយ​ពេល​បង្កើត​សហគមន៍​ការពារ​ផ្លូវ​ការ​នៅ​តំបន់​នោះ៖ «ថ្ងៃ​មុន​ទឹក​វា​ជន់ យើង​ធ្វើ​ដំណើរ​អត់​បាន អ៊ីចឹង​ទៅ ល្មម​ខ្ញុំ​ចាត់​កម្លាំង​ទៅ​វា​គគ្រឹកគគ្រេង​បាត់​ទៅ​ហើយ។ ថ្ងៃ​ទី​១៦ ដល់​ទី​១៧ ខ្ញុំ​ទៅ​ល្បាត​ហ្នឹង​ដល់​ជួប​បញ្ហា​អ៊ីចឹង វា​ពិបាក។ ឥឡូវ​គេ​កំពុង​រក​មធ្យោបាយ​រក​ក្របី​ទៅ​ដឹក​ណា!»

ទាក់ទង​ករណី​នេះ​ដែរ មេ​ឃុំ​កុកឡាក់ លោក ផុន សឿន ទទួល​ស្គាល់​ថា សមត្ថកិច្ច​នៅ​តំបន់​នោះ​មាន​កង​រាជ​អាវុធហត្ថ មន្ត្រី​បរិស្ថាន រួម​ទាំង​ប្រជាពលរដ្ឋ សុទ្ធ​សឹង​ជា​អ្នក​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើ​នេះ៖ «គេ​ប្ដឹង​ពី​កន្លែង​វេទិកា​សាធារណៈ​មិញ​ហ្នឹង គេ​ថា​ប៉េអិម​ខាង​ប៉េអិម​ហ្នឹង សំបុត្រ​ស្នាម​អត់​មាន​កាន់​កាំភ្លើង ពួក​បរិស្ថាន​ទៀត​នៅ​ប៉ុស្តិ៍​បណ្ដោះអាសន្ន​ចាប់​ទទឹងទទែង»

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ធ្លាប់​ទទួល​ស្គាល់​ដូច​គ្នា​ពី​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តំបន់​ឧទ្យាន​ជាតិ។ លោក​អះអាង​ថា វិធានការ​ច្បាប់ នឹង​ត្រូវ​យក​មក​អនុវត្ត​ចំពោះ​អ្នក​ប្រព្រឹត្តិ​ល្មើស ដើម្បី​កាត់​បន្ថយ​ការ​បំផ្លាញ​ធម្មជាតិ​ក្នុង​តំបន់​អភិរក្ស​ទាំង​ឧទ្យាន​ជាតិ និង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​ស្វែងរក​ជន​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស៖ «អ្វី​ដែល​សហគមន៍​បាន​ធ្វើ​កន្លង​មក ពុំ​ដែល​ឃើញ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​នៅ​តំបន់​នោះ លើក​ទឹក​ចិត្ត ឬ​ចូលរួម​ជាមួយ​សហគមន៍​ទេ។ យើង​ឃើញ​តែ​ការ​បណ្តែតបណ្តោយ​ការ​ឃុបឃិត»

ឧទ្យាន​ជាតិ​វីរៈជ័យ មាន​ផ្ទៃ​ដី​ជាង ៣៣​ម៉ឺន​ហិកតារ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ ១០​ក្រុមហ៊ុន លើ​ផ្ទៃ​ដី​ប្រមាណ ១០​ម៉ឺន​ហិកតារ និង​បង្កើត​តំបន់​ការពារ​ទាំង​ប្រាំ​លើ​ផ្ទៃ​ដី​ជិត ២​ម៉ឺន​ហិកតារ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​សហគមន៍​ជាង ១.៣០០​គ្រួសារ​អភិរក្ស។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២០ ខែ​សីហា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​អនុរក្ស​ទាំង​ពីរ​នាក់ សុំ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​ពី​ប្រជា​សហគមន៍​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។