សហគមន៍​នៅ​រតនគិរី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​កាប់​រាន​ព្រៃ​យក​ដី​លក់

ព្រៃ​ឈើ​ប្រមាណ ២០​ហិកតារ ថ្មី​ទៀត ក្នុង​តំបន់​ព្រៃ​សហគមន៍​ការពារ​នៅ​ខេត្ត​រតនគិរី ត្រូវ​បាន​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​នាំ​គ្នា​កាប់​រាន​ដើម្បី​យក​ដី។ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (ADHOC) ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​កាប់​រាន​ព្រៃ ដោយសារ​តែ​មាន​ឈ្មួញ​ចូល​ទៅ​ទិញ​ដី​ចម្ការ​ពួក​គាត់​រាប់​រយ​ហិកតារ ដាំ​កៅស៊ូ ទើប​អ្នក​ភូមិ​ផ្អើល​នាំ​គ្នា​កាប់​រាន​ព្រៃ​បន្ថែម​ពង្រីក​ដី​លក់​ឲ្យ​ឈ្មួញ។

0:00 / 0:00

ក្រុម​សហគមន៍​អ្នក​ការពារ​ព្រៃ​ឈើ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​តុលា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចាត់​វិធាន​ការ​បន្ទាន់ ទប់ស្កាត់​ចលនា​កាប់​រាន​ព្រៃ​ឈើ​ហើយ​យក​ដី​លក់​អនាធិបតេយ្យ។

តំណាង​សហគមន៍ លោក រម៉ាស ស្វាន មាន​ប្រសាសន៍​បញ្ជាក់​ថា ព្រៃ​ឈើ​សហគមន៍​ការពារ​បានភ្លូ និង​ព្រៃមួងតូ នឹង​ត្រូវ​គេ​កាប់​រាន​អស់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប្រសិន​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា​ទេ។ លោក​បន្ត​ថា អ្នក​កាប់​រាន​ព្រៃ​មួយ​ផ្នែក គឺ​ជា​សមាជិក​សហគមន៍ ៥០​គ្រួសារ និង​មួយ​ផ្នែក​ទៀត គឺ​ជា​ឈ្មួញ​អ្នក​ទិញ​ដី បាន​ជួល​កម្មករ​កាប់​រាន​ព្រៃ​ឈើ​នៅ​ជាប់​នឹង​ព្រំ​ដី​ដែល​ទិញ ពង្រីក​យក​ដី​លក់​បន្ថែម​ទៀត៖ «ហ្នឹង​ហើយ ពួក​ខ្ញុំ​ទៅ​មើល​ជាក់ស្តែង គេ​កាប់​រាន​គេ​ពង្រីក​ទៅ​ទៀត។ ហ្នឹង​ឃាត់​ហើយ ពី​មុន​ថា​ឃាត់ៗ​ហើយ ប៉ុន្តែ​គេ​សំអាង​ដី​វាស់ ហើយ​គេ​មាន​សិទ្ធិ​គេ ហើយ​ខ្ញុំ​ទប់ស្កាត់​អត់​ឈ្នះ»

កាល​ពី​ថ្ងៃ​អាទិត្យ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់​នៅ​ភូមិ​ឡំ រួម​នឹង​មន្ត្រី​អាជ្ញាធរ​ភូមិ បាន​ប្រជុំ​គ្នា និង​រាយការណ៍​ថា ប្រធាន​ភូមិបាល​ស្រុក​អូរយ៉ាដាវ លោក ឃិន សុផល គឺ​ជា​អ្នក​រត់​ការ​ប្រមូល​ទិញ​ដី​ទាំងអស់​នោះ ប្រគល់​ទៅ​ឲ្យ​លោក​ជំទាវ​មួយ​រូប​ក្នុង​តម្លៃ​ជាង ១​ពាន់​ដុល្លារ​ក្នុង​ដី​មួយ​ហិកតារ។

ឆ្លើយ​តប​សេចក្តី​អះអាង​នេះ លោក ឃិន សុផល មាន​ប្រសាសន៍​បដិសេធ​ថា លោក​មិន​បាន​ទិញ​ដី​ដែល​បាន​ពី​ការ​កាប់​រាន​ព្រៃ​នោះ​ទេ គឺ​លោក​បាន​ទិញ​ដី​ជាង ១០០​ហិកតារ ពី​អ្នក​ភូមិ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។ លោក​បន្ត​ថា ការ​ទិញ​លក់​ដី​នេះ មាន​លិខិត​ស្នាម​បញ្ជាក់ និង​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ដែន​ដី​ត្រឹមត្រូវ។

ទាក់ទិន​ទៅ​នឹង​ករណី​នេះ​ដែរ នាយ​សង្កាត់​ព្រៃ​ឈើ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​រតនគិរី លោក ជា កុលណារ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ពី​ករណី​កាប់​រាន​ព្រៃ​ឈើ​ថ្មី​នេះ​ទេ។ លោក​អះអាង​ថា នឹង​ចុះ​ទៅ​ពិនិត្យ​សេចក្តី​រាយការណ៍​នេះ៖ «នៅ​ភូមិ​ឡំ បាទ! ខ្ញុំ​ចុះ​ទៅ​មើល។ ម៉េច​ត្រូវ​ទៅ​កាប់​ម៉េច អា​ហ្នឹង​ខុសៗ​អត់​ត្រូវ​ទេ»

ព្រៃ​ឈើ​ការពារ​សហគមន៍​ភូមិ​ឡំ មាន​ទំហំ​ប្រមាណ ៦​គីឡូ​ម៉ែត្រ​ការ៉េ កាល​ពី​ឆ្នាំ​២០១២ ព្រៃ​ឈើ​នៅ​តំបន់​នោះ​ត្រូវ​ក្រុមហ៊ុន​សម្បទាន​រំលោភ​ឈូស​ឆាយ​អស់​រាប់​រយ​ហិកតារ។ ចំណែក​សមាជិក​សហគមន៍​ខ្លះ ក៏​បាន​ឆ្លៀត​ឱកាស​ដណ្ដើម​កាប់​រាន​ព្រៃ​នោះ​យក​ដី​ធ្វើ​ចម្ការ អស់​មួយ​ចំណែក​ទៀត ដោយ​ខ្លាច​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ដី​អស់។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​កត់​សម្គាល់​ថា អំពើ​ពុក​រលួយ​ទាក់ទិន​ការ​ទិញ​លក់​ដី​ព្រៃ​ខុស​ច្បាប់ ហើយ​ពុំ​មាន​ការ​ផ្ដន្ទាទោស​ជាក់​លាក់​ដល់​អ្នក​ប្រព្រឹត្តិ គឺ​ជា​ហេតុផល​នាំ​ឲ្យ​មាន​អំពើ​អនាធិបតេយ្យ​កាប់​រាន​ព្រៃ​ឈើ។ កន្លង​ទៅ​នេះ ជន​ឆ្លៀត​ឱកាស​បាន​បំភិតបំភ័យ​ឲ្យ​សហគមន៍ ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​ឯកជន​លើ​ដី​ដែល​បាន​កាប់​រាន ដើម្បី​ងាយ​យក​ដី​នោះ​លក់​ដូរ។ លោក​បន្ត​ថា ការ​លក់​ដូរ​ដី​សហគមន៍ គឺ​ជា​កត្តា​ចម្បង​នាំ​ឲ្យ​អ្នក​ភូមិ​អស់​ដី ហើយ​សកម្មភាព​អនាធិបតេយ្យ​កាប់​រាន​ព្រៃ​ឈើ ដើម្បី​យក​ដី​របស់​អ្នក​ភូមិ​នៅ​តែ​កើត​មាន​បន្ត៖ «នៅ​សល់​ក្បាល​ដី​ដែល​បុក​ទៅ​ព្រៃ និស្សិត​អត់​ព្រម​វាស់​ឲ្យ​ហ្នឹង មាន​ការ​កាប់​រាន​កាប់​ហើយ​បាន​គេ​ទិញ។ មេ​ភូមិ​បាន​បញ្ជាក់​ហើយ គាត់​ថា​ខ្លួន​គាត់​ផ្ទាល់​បាន​សុំ​និស្សិត​វាស់​បន្ថែម និស្សិត​អត់​វាស់​ឲ្យ​ទេ ឲ្យ​តែ​ជាន់​លើ​ដី​ព្រៃ។ អ៊ីចឹង អា​កន្លែង​ហ្នឹង​ហើយ​រង​ការ​កាប់»

របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ឡំ មាន​សមាជិក​ជិត ២០០​គ្រួសារ ក្នុង​នោះ​សមាជិក​សហគមន៍​ជាង ១០០​គ្រួសារ បាន​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​ឯកជន​ពី​គោល​នយោបាយ​ចាស់ សកម្មភាព​ថ្មី​របស់​រាជ​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០១២ និង​ជាង ៧៩​គ្រួសារ រង់ចាំ​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព។ ហើយ​មក​ទល់​នឹង​បច្ចុប្បន្ន សមាជិក​សហគមន៍​អ្នក​បាន​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​ឯកជន ៥០​គ្រួសារ បាន​លក់​ដី​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។