អាជ្ញាធរ​និង​ពលរដ្ឋ​នៅ​រតនគិរី​ចុះ​បង្ក្រាប​ជនជាតិ​វៀតណាម​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ

0:00 / 0:00

អាជ្ញាធរ​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី រួម​ជាមួយ​ពលរដ្ឋ​សហគមន៍​ការពារ​ព្រៃ​ឈើ បាន​ចុះ​បង្ក្រាប​កន្លែង​កាប់​ឈើ​ខុស​ច្បាប់​លើ​ដី​ខ្មែរ បង្ក​ឡើង​ដោយ​ពលរដ្ឋ​វៀតណាម រួម​ទាំង​ប្រើប្រាស់​អាវុធ​សម្រាប់​ការពារ​បទល្មើស​ឆ្លង​ដែន​ទៀត​ផង។

អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា កង​កម្លាំង​មួយ​ក្រុម រួម​ជាមួយ​សហគមន៍ នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា កំពុង​ធ្វើ​ដំណើរ​ចូល​ព្រៃ​បង្ក្រាប​សកម្មភាព​លួច​កាប់​ឈើ​របស់​ពលរដ្ឋ​វៀតណាម និង​ស្រាវជ្រាវ​រក​ជន​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ។ លោក​បន្ត​ថា ពលរដ្ឋ​វៀតណាម ប្រើប្រាស់​អាវុធ ហើយ​គំរាម​ត​ដៃ​ជាមួយ​ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​ថែម​ទៀត៖ «ត្រូវ​ការ​ចាប់​មនុស្ស បើ​ខ្មោច​ក្នុង​មិន​ឲ្យ​ដៃ ខ្មោច​ក្រៅ​ចេញ​មិន​បាន ចូល​មិន​បាន​ទេ​ណា! ទាំង​ក្នុង​ទាំង​ក្រៅ​ហ្នឹង។ ហើយ​ឥឡូវ​តាម​ស្តាប់​ទៅ មិន​មែន​ធម្មតា​ឯណា! មាន​កាំភ្លើង​កែច្នៃ​មាន​កាំបិត​មាន​ផ្គាក់»

កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​កែត ស្នើសុំ​ទៅ​អាជ្ញាធរ​ឃុំ​ញ៉ាង ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​ពលរដ្ឋ​វៀតណាម មួយ​ក្រុម​មាន​គ្នា ៨​នាក់ ប្រដាប់​ដោយ​អាវុធ​វែង​មួយ​ដើម ម៉ាស៊ីន​កាត់​ឈើ ៦​គ្រឿង អម​ដោយ​រថយន្ត​ពីរ​គ្រឿង បាន​ចូល​មក​កាប់​ឈើ​មូល​ក្នុង​ដី​ខ្មែរ ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ដី​វៀតណាម តាំង​ពី​ដើម​ខែ​វិច្ឆិកា រហូត​មក។ ក្រុម​ពលរដ្ឋ​វៀតណាម ទាំង​នោះ បាន​គំរាម​តតាំង​ជាមួយ​ក្រុម​ល្បាត​សហគមន៍​ការពារ​ព្រៃ​ឈើ បន្ទាប់​ពី​សហគមន៍​ចាប់​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ​ពួក​គេ​ចំនួន​ពីរ​គ្រឿង។ ដោយ​ឡែក​ទាក់ទិន​បទល្មើស​ឆ្លង​ដែន​នេះ ក្រុម​សហគមន៍​សង្ស័យ​ទៅ​លើ​សមត្ថកិច្ច​ប៉ូលិស​ការពារ​ព្រំដែន​នៅ​តំបន់​នោះ ជា​អ្នក​ឃុបឃិត​ជាមួយ​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ទៀត​ផង។

ឆ្លើយ​តប​ការ​អះអាង​នេះ មេបញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​វរៈ​២០៣ លោក បុត្រ ពីលី បញ្ជាក់​ថា លោក​ទើប​ចុះ​ត្រួត​ពិនិត្យ​នៅ​តំបន់​ផ្សេង មិន​បាន​ដឹង​រឿង​នេះ​ទេ។ ទោះ​យ៉ាង​នេះ​ក៏ដោយ លោក​អះអាង​ថា នឹង​ត្រួត​ពិនិត្យ​ករណី​នេះ​ឡើង​វិញ៖ «ខ្ញុំ​ទើប​មក​ពី​ល្បាត​ខាង​បាក់​កែ ខ្ញុំ​ទើប​មក​ពី​ព្រៃ​ដែរ ចាំ​មើល​ខ្ញុំ​ទូរស័ព្ទ​ទៅ​វិញ។ អា​ហ្នឹង​អូរ​សេដ្ឋី​មាន​ពីរ»

ចំណែក​មេបញ្ជាការ​យោធា​ការពារ​ព្រំដែន លោក លី សុវណ្ណារ៉ា បញ្ជាក់​ដូច​គ្នា​ថា លោក​មិន​ទាន់​ទទួល​បាន​សេចក្តី​រាយការណ៍​ករណី​នេះ​នៅ​ឡើយ។ លោក​អះអាង​ដូច​គ្នា​ថា នឹង​ចាត់​កង​យោធា​ប៉ុស្តិ៍​ការពារ​ព្រំដែន​នៅ​តំបន់​នោះ ត្រួត​ពិនិត្យ​សេចក្តី​រាយការណ៍​នេះ៖ «មាន​កម្លាំង​ពីរ​នាក់​នៅ​ហ្នឹង អត់​ឮ​ផង។ ព្រៃ​ហ្នឹង​អូរ​សេដ្ឋី​ហ្នឹង វា​មាន​កន្លែង​គេ​ហៅ​បង្គោល​បី​អា​ហ្នឹង ២៥​មួយ ២៥​ពីរ ២៥​បី អ៊ីចឹង​ចាំ​មើល​ចាំ​ខ្ញុំ​បញ្ជា​ឲ្យ​កម្លាំង គេ​ចុះ​ទៅ​មើល​កន្លែង​ហ្នឹង»

រហូត​មក​ទល់​នឹង​រសៀល​ម៉ោង​៤​ថ្ងៃ​ដដែល វិទ្យុ​អាស៊ីសេរី មិន​ទាន់​ទទួល​ព័ត៌មាន​ពី​លទ្ធផល​ចុះ​បង្ក្រាប​ករណី​នេះ​នៅ​ឡើយ។ មន្ត្រី​អភិបាល​ស្រុក និង​តំណាង​សហគមន៍​ភូមិ​កែត បញ្ជាក់​ថា ក្រុម​បង្ក្រាប​មិន​ទាន់​ត្រឡប់​មក​វិញ​ទេ ដោយសារ​កន្លែង​កាប់​ឈើ​នៅ​ឆ្ងាយ​ផ្លូវ ពិបាក​ធ្វើ​ដំណើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។