ឈើ​ហ៊ុប​១៥​ឡាន​ត្រូវ​គេ​ដឹក​ចេញ​ពី​ដេប៉ូ​ក្រុម​ម៉ៅការ​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក

ឈើ​ប្រណិត និង​ឈើ​ប្រភេទ​លេខ​១ ដែល​គេ​លួច​កាប់​ពី​ក្រៅ​តំបន់​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ និង​បន្ត​ដឹក​ជញ្ជូន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។

0:00 / 0:00

ឈើ​ហ៊ុប​ជ្រុង​យ៉ាង​តិច ១៥​រថយន្ត ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ពី​ដេប៉ូ​ស្តុក​ឈើ​របស់​ក្រុម​ម៉ៅការ​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៅ​ចំណុច​ញឺន ក្នុង​ឃុំ​ស្រែគរ២ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

អ្នក​ដឹង​ពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៣ ថា ឈើ​ប្រណិត​ប្រភេទ​ធ្នង់ និង​ឈើ​ប្រភេទ​លេខ​១ មាន​ឈើ​ក្រំ ផ្ចឹក ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ទូក និង​សាឡង់​ពី​ត្រើយ​ម្ខាង​ទន្លេ​ក្នុង​ភូមិ​ស្រែគរ២ ហើយ​រថយន្ត​រង់ចាំ​ដឹក​ជញ្ជូន​ចេញ​ពី​ត្រើយ​ម្ខាង​ទន្លេ​ក្នុង​ភូមិ​ស្រែគរ១ កាល​ពី​រាត្រី​ថ្ងៃ​ពុធ ទី​២២ ខែ​ឧសភា និង​ចេញ​តាម​ផ្លូវ​ភូមិ​ស្រែគរ១ មក​ផ្លូវ​ជាតិ​លេខ​៧៨ និង​បន្ត​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។

ប្រជាពលរដ្ឋ​ដដែល​ឲ្យ​ដឹង​ថា ឈើ​ទាំងអស់​នោះ​មួយ​ចំណែក​ធំ​កាប់​ចេញ​ពី​តំបន់​ភ្នំ​ក្រឡាពស់ ក្រៅ​ផ្ទៃ​សម្អាត​អាង​ស្តុក​ទឹក​ដោយ​ខុស​ច្បាប់។ បច្ចុប្បន្ន ឈើ​ប្រមាណ ១​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​ដឹក​មក​ស្តុក​ទុក​នៅ​ដេប៉ូ​ស្តុក​ឈើ​នោះ និង​មួយ​ចំណែក​ធំ​លាក់​ទុក​នៅ​ព្រៃ៖ «គេ​ចាប់​ផ្ដើម​សម្រុក​ប្រមូល​ប្រហែល​ជា​កន្លះ​ខែ​នេះ សម្រុក​ប្រមូល​ខ្លាំង។ ហើយ​បួន​ប្រាំ​ថ្ងៃ​នេះ សម្រុក​ដឹក​ចេញ​ច្រើន ហើយ​ឡាន​នៅ​ក្នុង​ហ្នឹង​សរុប​ជិត ១០០​គ្រឿង ចាំ​ដឹក​ឈើ​នៅ​ក្នុង​ព្រៃ​ហ្នឹង ទើប​ចាប់​ផ្ដើម​សម្រុក​ដឹក​ចូល ហើយ​យប់​មិញ​សម្រុក​ដឹក​ចេញ​ប្រហែង ១៥​ឡាន»

កាល​ពី​សប្ដាហ៍​មុន ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង រាយការណ៍​ថា ឈើ​មូល​ប្រមាណ ៤​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​គេ​កាប់​នៅ​ក្នុង​ព្រៃ​ក្រៅ​តំបន់​បោស​សម្អាត​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។ ក្រុម​អ្នក​កាប់​ឈើ​ដឹកនាំ​ដោយ​ឧកញ៉ា​ឈ្មោះ លឹម ប៊ុនណា ហៅ ខ្នារ និង​មេការ​ពីរ​នាក់​មាន​ឈ្មោះ សាន ចយ និង​ឈ្មោះ ធន។

ទាក់ទិន​សេចក្តី​រាយការណ៍​នេះ លោក សាន ចយ បាន​ឆ្លើយ​បដិសេធ​ថា ក្រុមហ៊ុន​បោស​សម្អាត​អាង​មិន​បាន​ដឹក​ជញ្ជូន​ឈើ​នាំ​ចេញ​អ្វី​នោះ​ទេ។ ចំណែក​ឈើ​ដែល​ស្តុក​ទុក​ក្នុង​ដេប៉ូ គឺ​ជា​ឈើ​កាប់​ក្នុង​ផ្ទៃ​អាង​បាន​ប្រមាណ ៦០០ ទៅ ៨០០​ម៉ែត្រ​គូប រង់ចាំ​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​វាស់វែង​បង់​ពន្ធ​ចូល​រដ្ឋ។ លោក​ទទួល​ស្គាល់​ថា មាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ខ្លះ​កាប់​ឈើ​នៅ​ក្រៅ​ផ្ទៃ​អាង ប៉ុន្តែ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ក្រុមហ៊ុន​បោស​សម្អាត​អាង​នោះ​ទេ៖ «ពាក្យ​ចចាមអារ៉ាម​ទេ កន្លែង​អាង​នេះ​មាន​ដឹក​ឈើ​ឯណា​ចេញ កំពុង​តែ​ប្រមូល​រៀបចំ​បង់​ពន្ធ​ជូន​រដ្ឋ។ មិន​ទាន់​បាន​ស្អីៗ​ទេ អ្នក​ណា​និយាយ​នេះ​ភូត​ទាំងអស់»

ក្រសួង​កសិកម្ម​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ឈ្មោះ អាំង អេន អាសូស៊ីអេត ឡយ័រ (ANG & ASSOCIATES LAWYER) កាប់​ឈើ​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង មាន​ផ្ទៃដី ៣​ម៉ឺន ៦​ពាន់​ហិកតារ។ កាល​ពី​ខែ​មករា ឆ្នាំ​២០១៣ ប្រធាន​ក្រុមហ៊ុន​លោក​ឧកញ៉ា គិត ម៉េង ចេញ​លិខិត​ឲ្យ​លោក លឹម ប៊ុណ្ណា និង​លោក ហាស វិបុល ចាត់​ចែង​តំបន់​ព្រៃ​ឈើ​ក្នុង​អាង​ស្តុក​ទឹក​នោះ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​ក៏​បាន​រាយការណ៍​ពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ច្រាំង​ទន្លេ​នៅ​វេលា​យប់។ លោក​បន្ត​ថា ក្រុម​អ្នក​ម៉ៅការ​បោស​សម្អាត​អាង បាន​បង្កើត​ទីតាំង​ស្តុក​ឈើ​ពីរ​កន្លែង​នៅ​ចំណុច​ពោន និង​មួយ​កន្លែង​ទៀត​នៅ​ចំណុច​ខ្ទម​អ្នក​តា​ការ៉ាកាន់ ផ្លូវ​ចូល​ទៅ​ភូមិ​ស្រែគរ១ និង​មាន​សមត្ថកិច្ច​នគរបាល​ដាក់​ប៉ុស្តិ៍​ឃ្លាំ​មើល​នៅ​ទីនោះ៖ «ដក​កម្លាំង​ប៉ុស្តិ៍​ម្នាក់​ពីរ​នាក់​ទៅ​យាម​ក្រុមហ៊ុន អត់​រាយការណ៍​ខ្ញុំ​ផង។ គេ​យាម​ហ្នឹង​មាន​ន័យ​ថា ខ្លាច​មាន​ក្រុម​អ្នក​ផ្សេងៗ​ប្លែកៗ​ចូល គេ​រឹត​បន្តឹង​ហើយ​មាន​អ្នក​សារព័ត៌មាន​ចូល​មក​គេ​វាយ»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង លោក អ៊ីឯក សាវត្តី មាន​ប្រសាសន៍​បញ្ជាក់​ថា សមត្ថកិច្ច​ព្រៃ​ឈើ​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បោះ​សម្អាត​អាង​នាំ​ឈើ​ចេញ​នៅ​ឡើយ។ លោក​បដិសេធ​ថា សេចក្តី​រាយការណ៍​ខាង​លើ​ជា​ការ​មិន​ពិត៖ «អត់​មាន​ទេ​នៅ​ពេល​គេ​ប្រមូល ហើយ​បាន​ទៅ​វាស់វែង​បង់​ពន្ធ»

យ៉ាង​នេះ​ក្តី អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា អ្នក​ភូមិ​បាន​ផ្តល់​ព័ត៌មាន​ជាច្រើន​ស្ដីពី​ការ​កាប់​ឈើ​ខុស​ច្បាប់ ដោយ​ក្រុមហ៊ុន​បោស​សម្អាត​អាង។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ស៊ើប​អង្កេត​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។