មន្ត្រី​ឃុំ​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការ​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង​ស្ដុក​ទឹក​នៅ​ស្ទឹងត្រែង

សកម្មភាព​បោស​សម្អាត​ប្រមូល​ឈើ​ក្នុង​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ដំណើរ​ការ​បាន​ប្រមាណ ៥ ទៅ ១០% នៃ​ផ្ទៃដី ៣​ម៉ឺន ៦​ពាន់​ហិកតារ។

0:00 / 0:00

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​សហគមន៍​នៅ​តំបន់​នោះ អះអាង​ថា សកម្មភាព​លួច​កាប់​ឈើ​ពី​ព្រៃ​ក្រៅ​តំបន់​បោស​សម្អាត​អាង ក៏​កំពុង​កើត​មាន​អនាធិបតេយ្យ​ដែរ។

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន​ពីរ នៅ​ស្រុក​សេសាន នៅ​ថ្ងៃ​ពុធ ទី៥ ខែ​មិថុនា អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផែនការ​សម្អាត​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ នៅ​ខេត្ត​ស្ទឹងត្រែង បោះ​បង្គោល​កំណត់​ផ្ទៃ​អាង​ឲ្យ​បាន​រួសរាន់ និង​ចាត់​វិធាន​ការ​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​មូល​ពី​ព្រៃ​ក្រៅ​តំបន់​បោស​សម្អាត​អាង​ដោយ​បំពាន​ច្បាប់។

សេចក្តី​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​សហគមន៍​នៅ​ឃុំ​ស្រែគរ និង​ឃុំ​តាឡាត រាយការណ៍​ថា ឈើ​មូល​រាប់​ម៉ឺន​ដើម ត្រូវ​គេ​កាប់​ពី​ព្រៃ​ក្រៅ​បរិវេណ​អាង​តាំង​ពី​ខែ​មេសា រហូត​បច្ចុប្បន្ន។ ឈើ​មូល​រាប់​ម៉ឺន​ដើម​នេះ ត្រូវ​គេ​ដឹក​ជញ្ជូន​ពី​ព្រៃ​មក​ស្តុក​ទុក​នៅ​ដេប៉ូ​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​កាប់​ប្រមូល​ឈើ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​បញ្ជាក់​ថា រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ក្រុម​អាជ្ញាធរ​ជំនាញ​មិន​ទាន់​បាន​បោះ​បង្គោល​កំណត់​បរិវេណ​អាង​ស្តុក​ទឹក​នៅ​ឡើយ ហេតុ​នេះ ឈើ​មូល​ត្រូវ​គេ​សម្រុក​កាប់​ពី​ព្រៃ​ភ្នំ​ក្រឡាពស់ ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​ផ្ទៃ​អាង ហើយ​ដឹក​ជញ្ជូន​មក​ស្តុក​ទុក​នៅ​ដេប៉ូ​ប្រមូល​ឈើ​របស់​ក្រុមហ៊ុន​កាប់​ឈើ​សម្អាត​អាង​នោះ៖ «កង្វល់​ក្នុង​ឃុំ គឺ​មេ​ឃុំ​ត្រូវ​លើក​ឡើង​ព្រៃ​ឈើ គឺ​ខ្លាំង​ណាស់ ឲ្យ​ដឹង​ថា គឺ​សម្អាត​ត្រឹម​នេះ​បាញ់​ថ្នាំ​ទៅ គឺ​វា​សល់​ខ្លះ មាន​ព្រំដែន​របៀប​នេះ​ជាក់​លាក់​ពិត​ប្រាកដ។ ៣​ម៉ឺន ៦​ពាន់​ហិកតារ យើង​សម្អាត​ត្រឹម​ហ្នឹង​ចូល​មក​ទន្លេ​មក»

ចំណែក​មេ​ឃុំ​តាឡាត លោក សឿន ខង មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា លោក​ក៏​ស្នើសុំ​ឲ្យ​មាន​ការ​បោះ​បង្គោល​កំណត់​ផ្ទៃ​បោស​សម្អាត​អាង​ដូច​គ្នា ដើម្បី​ប្រជាពលរដ្ឋ​ជា​សហគមន៍​ងាយ​ស្រួល​ចូលរួម​ឃ្លាំ​មើល កុំ​ឲ្យ​មាន​សកម្មភាព​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង​បន្ថែម​ទៀត៖ «ខាង​លើ​សួរ​ខ្ញុំៗ​ក៏​មិន​ស្គាល់​ដែរ ប៉ុន្តែ​គាត់​កាប់​តាម​មាត់​អូរ​តាម​ទំនាប​មិន​ដឹង​ត្រូវ​ប្រឡោះ​គាត់ ឬ​មិន​ត្រូវ។ ចំ​អាង ឬ​ក្រៅ​អាង»

ក្រសួង​កសិកម្ម កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ (ANG & Associates Lawyer) កាប់​ឈើ​សម្អាត​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។

មេការ​ទទួល​ខុស​ត្រូវ​កាប់​ឈើ​សម្អាត​អាង លោក សាន ចយ បដិសេធ​ថា ក្រុមហ៊ុន​មិន​ជាប់​ពាក់ព័ន្ធ​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង​នោះ​ទេ។ លោក​បន្ត​ថា ឈើ​ដែល​ប្រមូល​បាន​ក្នុង​អាង ត្រូវ​រក្សា​ទុក​នៅ​ដេប៉ូ​ស្តុក​ឈើ​ក្រុមហ៊ុន ទុក​ឲ្យ​គណៈកម្មការ​ជំនាញ​ត្រួត​ពិនិត្យ​កំណត់​វាយ​តម្លៃ ដើម្បី​វាស់វែង​បង់​ពន្ធ​មុន​នឹង​អនុញ្ញាត​ឲ្យ​នាំ​ចេញ៖ «រដ្ឋបាល​ព្រៃ​ឈើ​ពី​លើ​មក គេ​កំណត់​មាន​ផែនទី​រួច​ហើយ ប៉ុន្តែ​គេ​កំណត់​ព្រំ​ឲ្យ​យើង​ធ្វើ។ ក្រុមហ៊ុន​ខ្ញុំ​ប្រមូល​តែ​ក្នុង​អាង​នេះ មិន​ទាន់​ដល់ ១០% ផង»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​ស្ទឹងត្រែង លោក អ៊ី ឯកសាវត្តី មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​នៃ​ក្រសួង​ឧស្សាហកម្ម មាន​តួនាទី​បោះ​បង្គោល​កំណត់​ផ្ទៃ​អាង។ ចំណែក​មន្ត្រី​ជំនាញ​ព្រៃ​ឈើ មាន​តួនាទី​ត្រួត​ពិនិត្យ​ការ​ប្រមូល​ផល​ព្រៃ​ឈើ​ក្នុង​ផ្ទៃ​អាង ដើម្បី​កំណត់​ឲ្យ​ក្រុមហ៊ុន​កាប់ និង​បង់​ពន្ធ​ចូល​ថវិកា​ជាតិ។

ចំណែក​នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ដូង ពៅ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា សកម្មភាព​កាប់​ឈើ​ក្រៅ​បរិវេណ​សម្អាត​អាង​ពិត​ជា​កើត​មាន។ លោក​មិន​ប្រាកដ​ថា តើ​ក្រុម​ជំនាញ​បាន​បោះ​បង្គោល​កំណត់​បរិវេណ​អាង ឬ​យ៉ាង​ណា​ទេ? ប៉ុន្តែ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​ចាត់​វិធាន​ការ​បង្ក្រាប​ករណី​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង​ជា​បន្តបន្ទាប់​ហើយ៖ «ពិត​ជា​មាន​ការ​លួច​ពី​ណា​ពី​ណី​មក​ដាក់​ចូល យក​លេស​ថា​ជា​ឈើ​សម្អាត​ពី​បាត​អាង។ យើង​បាន​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​លើ​សមត្ថកិច្ច​គេៗ​ចាប់​បង្ក្រាប​បាន​ជន​ខិល​ខូច ដែល​បាន​យក​ភូមិសាស្ត្រ​ក្បែរៗ​ហ្នឹង ទៅ​ធ្វើ​ជា​លេស​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ»

យ៉ាង​នេះ​ក្តី មេការ​ក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ លោក សាន ចយ ឲ្យ​ដឹង​ថា មន្ត្រី​ព្រៃ​ឈើ​បាន​វាយ​តម្លៃ​បរិមាណ​ផល​ព្រៃ​ឈើ ដែល​ត្រូវ​ប្រមូល​ក្នុង​ផ្ទៃ​អាង​មាន​ចំនួន ៦៥​ម៉ឺន​ម៉ែត្រ​គូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។