អង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធ និងបណ្ដាញសហគមន៍ការពារធម្មជាតិ មានក្ដីព្រួយបារម្ភថា ព្រៃឈើនៅខេត្តព្រះវិហារ អាចនឹងបាត់បង់យ៉ាងធំធេងនៅពេលខាងមុខមិនយូរប៉ុន្មានទៀតទេ។ ក្ដីព្រួយបារម្ភ គឺនៅស្របពេលដែលគេដឹងថា បច្ចុប្បន្នធនធានព្រៃឈើជាច្រើនកន្លែងរបស់ខេត្តនេះ កំពុងត្រូវបានក្រុមហ៊ុនខ្លះជួលអ្នកភូមិឱ្យកាប់ដឹកជញ្ជូនយកទៅលក់ដូរខុសច្បាប់ និងតំបន់ខ្លះទៀត ត្រូវក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈូសបំផ្លាញដើម្បីពង្រីកផ្ទៃដី។
ប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកចំនួន៣ របស់ខេត្តព្រះវិហារ បានឱ្យដឹងថា ការកាប់បំផ្លាញព្រៃ ដើម្បីយកទៅជួញដូរខុសច្បាប់ កំពុងកើតមានយ៉ាងខ្លាំងនៅជិតតំបន់ពួកគេរស់នៅ។
បុរសម្នាក់ជាប្រជាពលរដ្ឋនៅស្រុកសង្គមថ្មី។ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១៥ ខែមីនា ថា សកម្មភាពកាប់ឈើខុសច្បាប់យកទៅលក់ឱ្យក្រុមឈ្មួញ កំពុងកើតមានយ៉ាងខ្លាំងនៅទឹកដីឃុំល្អាង នៃខ្នងភ្នំត្បែង។ បុរសដដែលបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មានក្រុមឈ្មួញនៅចាំទទួលទិញឈើប្រណីតប្រភេទធ្នង់ និងនាងនួន រួចហើយដឹកជញ្ជូនតាមរថយន្តធំៗយកទៅទុកនៅកន្លែងក្រុមហ៊ុនឯស្រុករវៀង៖ «របស់ក្រុមហ៊ុន ទ្រី ភាព! ដឹកតាមឡានយីដុប មកកាន់ក្រុមហ៊ុន ទ្រី ភាព នៅកន្លែងអូរពោធិ។ ចេញរាល់តែថ្ងៃហ្នឹង អនាធិបតេយ្យជាងអីទៅទៀត។ មានឈ្មួញនៅហ្នឹងចាំទិញឱ្យគគោក កូនចៅគេហ្នឹង។ នៅតែកាប់ ក្រុមហ៊ុនចាប់គេតូចតាច ប៉ុន្តែខ្លួនឯងដឹករាល់តែថ្ងៃ»។
បុរសម្នាក់ទៀតនៅស្រុកឆែប ខេត្តព្រះវិហារ បានអះអាងប្រហាក់ប្រហែលគ្នាថា ជារៀងរាល់ថ្ងៃ គាត់តែងឃើញរថយន្តធំៗជាច្រើនគ្រឿងបានបើកទៅតម្រៀបជួរគ្នា រង់ចាំដឹកឈើដែលគេទិញពីប្រជាពលរដ្ឋ។ បុរសដដែលបានបញ្ជាក់ថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋជាច្រើនបានក្លាយទៅជាអ្នកកាប់ឈើធ្នង់ និងនាងនួន ដើម្បីយកទៅលក់ឱ្យក្រុមហ៊ុន ដោយមិនឃើញសមត្ថកិច្ចណាចេញមុខបង្ក្រាបទេ៖ «ឡានកុងតឺន័រធំៗជាង ១០គ្រឿង គេបញ្ឈរទាំងថ្ងៃទាំងយប់នៅផ្លូវបំបែកដេប៉ូ ចូលទៅផ្លូវកំពង់ស្រឡៅ មកថ្ងៃណាក៏ឃើញដែរ ឡានគេទុកតម្រៀបតាមដងផ្លូវ ចេញច្រកទៅផ្លូវកាត់ស្រុកជ័យសែន រវៀង ទៅខាងកំពង់ធំ។ ឈើនោះ គឺនាងនួន និងធ្នង់ គិតទៅក្មេងៗឱ្យតែមានគោយន្ត គឺភ្លូកទៅកាប់ឈើទាំងអស់តែគ្នា»។
ចំណែកនៅឧទ្យានជាតិដែនជម្រកសត្វព្រៃបឹងពែរ៍ ក្នុងទឹកដីឃុំរមណី នៃស្រុករវៀង ក៏មានសេចក្តីរាយការណ៍ជុំវិញសកម្មភាពកាប់ឈើខុសច្បាប់នោះដែរ។
ប្រភពពីកម្មករដែលធ្វើការឱ្យក្រុមហ៊ុនវៀតណាម មួយនៅជិតឧទ្យានជាតិជម្រកសត្វព្រៃបឹងពែរ៍ បានឱ្យដឹងថា ព្រៃឈើរបស់ដែនជម្រកសត្វព្រៃបឹងពែរ៍ ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាននៅចន្លោះព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនមេគង្គ និងក្រុមហ៊ុន អាន ម៉ារ៉ាឌី កំពុងទទួលរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ៖ «រាល់ថ្ងៃហ្នឹងមកដូចយើងកន្លែងហ្នឹងជាអនាធិបតេយ្យអ៊ីចឹង។ គោយន្តចូលម្ដង៤-៥ បើកបន្តគ្នា ហើយនៅក្នុងនេះ កម្លាំងសមត្ថកិច្ចមានទាំងទាហាន ប៉េអិម មានទាំងបរិស្ថាន ប៉ូលិស គឺគ្រាន់តែគេបង់លុយឱ្យខាងប៉ុន្មានអ៊ីចឹងទៅ»។

ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយកផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង លោក ស៊ឹម សុវត្ថា និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោក អ៊ិត ភូមិរ៉ា ដើម្បីសុំការអធិប្បាយជុំវិញការអះអាងរបស់ក្រុមអ្នកភូមិបានថាយ៉ាងណានៅឡើយ ដោយសារតែលោកទាំងពីរមិនទទួលទូរស័ព្ទ។
អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធនឹងកិច្ចការការពារព្រៃឈើ បានឱ្យដឹងថា ចាប់តាំងពីពេលយុទ្ធនាការឃោសនាបោះឆ្នោត តំណាងរាស្ត្រអាណត្តិទី៥ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៣ រហូតមកដល់ពេលនេះ សកម្មភាពកាប់ឈើខុសច្បាប់នៅខេត្តព្រះវិហារ បានកើតឡើងយ៉ាងខ្លាំង ដោយមានការបង្ក្រាបតិចតួច។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ បានមានប្រសាសន៍ថា ព្រៃឈើនៅតាមបណ្ដាស្រុកមួយចំនួន ដូចជាស្រុកឆែប ស្រុកជាំក្សាន្ត ស្រុករវៀង ស្រុកសង្គមថ្មី និងស្រុកគូលែន នៃខេត្តព្រះវិហារ កំពុងរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ និងតំបន់ខ្លះទៀត ប្រឈមនឹងការឈូសឆាយពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។