សកម្មភាពចរាចរណ៍ប្រភេទឈើប្រណីត និងការកាប់បំផ្លាញព្រៃឈើនៅតាមជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានកើតមានតាំងពីអំឡុងខែឧសភា ឆ្នាំ២០១៣។ រហូតមកដល់បច្ចុប្បន្ន សកម្មភាពនេះកាន់តែមានរូបភាពធំឡើង។
ក្រុមប្រជាពលរដ្ឋរិះគន់ថា អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មិនសូវអើពើពីបញ្ហានេះទេ។ ករណីនេះ ធ្វើឲ្យមានក្ដីបារម្ភថា សម្បត្តិធម្មជាតិ និងឈើប្រណីតគ្រប់ប្រភេទ នឹងត្រូវវិនាសហិនហោចអស់គ្មានសល់ ប្រសិនបើសកម្មភាពនេះនៅតែបន្តប្រហែលជា១ឆ្នាំទៀត។
ប្រជាពលរដ្ឋរស់នៅឃុំសំរោង និងឃុំរកាត នៃស្រុកភ្នំក្រវាញ អះអាងថា ប្រភេទឈើធ្នង់ នាងនួន និងប្រភេទឈើបេង ត្រូវបានក្រុមឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនតាមរទេះគោ ត្រាក់ទ័រ និងឡានប្រភេទយីឌុប ចេញពីតំបន់ស្ទឹងទីបី អូរដា និងតំបន់ក្រសាំង នៃជួរភ្នំក្រវាញជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ថា ក្រុមឈ្មួញដែលលោកដឹងច្បាស់ថា អ្នកធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព បានប្រើរូបភាពដើរជួលប្រជាពលរដ្ឋរាប់រយគ្រួសារមកពីខេត្តតាកែវ កំពង់ស្ពឺ និងពោធិ៍សាត់ ជាដើម ដើម្បីឡើងកាប់ឈើប្រណីតមកឲ្យខ្លួនជារៀងរាល់ថ្ងៃ៖ «កូនដៃ (អ្នកស៊ីឈ្នួល) តាមវាយថាតិចបំផុតក៏ ៣០០រទេះ ហើយអាត្រាក់ទ័រ ៤គ្រឿង ឡានច្នៃ ៦គ្រឿង ឡានស្ទូច ១គ្រឿង ឡានយីឌុប ៣គ្រឿងក្នុង១ថ្ងៃ។ និយាយឲ្យចំទៅ តាំងពីត្រឹមខេត្តមកនេះ ដូចអត់មានពីណាអើពើទេ ក្រឡេកឃើញសុទ្ធតែបែរខ្នងណោះបង»។
ប្រជាពលរដ្ឋឲ្យដឹងទៀតថា គោក្របីរបស់ក្រុមអ្នកស៊ីឈ្នួលដឹកឈើឲ្យក្រុមហ៊ុនជាច្រើនក្បាល បានប្រលែងពាសវាលពាសកាល និងបំផ្លាញផលដំណាំអ្នកភូមិស្ទើររៀងរាល់ថ្ងៃ។ សកម្មភាពកាប់ និងជញ្ជូនឈើទាំងនោះ គឺធ្វើឡើងយ៉ាងអនាធិបតេយ្យ ដោយគ្មានខ្លាចញញើតពីការបង្ក្រាបនោះទេ។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកភ្នំក្រវាញ លោក សូរ សាហុង ថ្លែងទទួលស្គាល់ថា បទល្មើសព្រៃឈើពិតជាកើតមានខ្លះមែន ប៉ុន្តែខាងអាជ្ញាធរ និងមន្ត្រីជំនាញ បានចុះបង្ក្រាបជាប្រចាំ ហើយបញ្ហាដែលបង្ក្រាបមិនអស់ទាំងស្រុងនោះ គឺដោយសារតែប្រជាពលរដ្ឋនៅតំបន់នោះភាគច្រើនប្រកបរបរឡើងភ្នំកាប់ឈើ ក្រៅពីការធ្វើស្រែចម្ការ។ យ៉ាងណា លោកមិនដឹងច្បាស់ថា នៅចំណុចដែលមានបទល្មើស គឺស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អិម.ឌី.អែស (MDS) ឬអត់នោះទេ៖ «អាហ្នឹងខ្ញុំអត់ដឹងទេ ប៉ុន្តែប្រជាពលរដ្ឋគាត់ចេះតែថាគាត់ចេះតែយល់ឃើញយ៉ាងម៉េច អាហ្នឹងខ្ញុំអត់ដឹងទេ។ ធម្មតាប្រជាពលរដ្ឋដែលរស់នៅតាមអស់ហ្នឹង មុខរបររបស់គាត់មានបន្តិចបន្តួចជៀសមិនផុតទេ គាត់ចេញចូលតំបន់ព្រៃឈើ»។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកប្រភពទាក់ទងតំណាងក្រុមហ៊ុន អិម.ឌី.អែស និងក្រុមឈ្មួញទិញឈើ ដើម្បីសុំការពន្យល់ចំពោះការលើកឡើងរបស់ក្រុមប្រជាពលរដ្ឋនេះបានទេ នៅថ្ងៃទី២៥ ខែមិថុនា។ ប៉ុន្តែ លោក សូរ សាហុង ធ្លាប់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថា សកម្មភាពទិញឈើពីប្រជាពលរដ្ឋនោះ គឺមិនប្រាកដថាជាក្រុមហ៊ុន អិម.ឌី.អែស របស់លោកឧកញ៉ា ទ្រី ភាព នោះទេ ដោយសារតែក្រុមឈ្មួញទាំងនោះឆ្លៀតឱកាស និងមិនចេញមុខជាចំហ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា ដែលបានចុះស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់នេះ ថ្លែងថា ក្រុមឈ្មួញដែលទទួលទិញឈើប្រណីតនោះ គឺជាក្រុមហ៊ុន អិម.ឌី.អែស របស់លោកឧកញ៉ា ទ្រី ភាព ពីព្រោះប្រជាពលរដ្ឋឡើងកាប់ឈើស៊ីឈ្នួលទាំងនោះបានបញ្ជាក់ប្រាប់លោក នៅអំឡុងពេលដែលលោកចុះស៊ើបអង្កេតករណីនេះ៖ «អ្នកកាប់ទាំងអស់ហ្នឹង គឺប្រមូលលក់ឲ្យខាងក្រុមហ៊ុន អិម.ឌី.អែស ដោយមានមន្ត្រីរបស់ខាងក្រុមហ៊ុន អិម.ឌី.អែស ហ្នឹង មានរថយន្តមួយនៅខាងច្រកការដ្ឋានទី៣ ប្រសិនជាមានអ្នកណាមួយមិនលក់ឲ្យទៅខាងក្រុមហ៊ុនទេ គឺខាងគេនឹងចាប់ឈើហ្នឹងតែម្ដង»។
លោកបន្ថែមថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតាមតំបន់មួយចំនួន នៃស្រុកភ្នំក្រវាញ នៅតែបន្តកើតមាន។ លោកថា ក្រុមហ៊ុន អិម.ឌី.អែស គឺជាក្រុមហ៊ុនមួយដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល។ ដូច្នេះ ក្រុមហ៊ុនគប្បីបង្ហាញអាជ្ញាប័ណ្ណ និងកំណត់ទំហំដីសម្បទានច្បាស់លាស់ ដើម្បីទប់ស្កាត់សកម្មភាពកាប់ឈើខុសច្បាប់ ដែលមើលឃើញថា មានវិសាលភាពធំធេងពេក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
