មន្ត្រី​អាដហុក​អំពាវនាវ​អាជ្ញាធរ​ខេត្ត​រតនគិរី​បង្ក្រាប​ការ​ជីក​រ៉ែ​ត្បូង​ខុស​ច្បាប់

0:00 / 0:00

ការ​ជីក​យក​ត្បូង​មាន​តម្លៃ​អនាធិបតេយ្យ​នៅ​ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ និង​ដី​ចម្ការ​កៅស៊ូ​ឯកជន​មួយ​កន្លែង នៅ​ភូមិ​ត្រុំ ឃុំ​ឡាមីញ ស្រុក​បរកែវ ខេត្ត​រតនគិរី កើត​មាន​ឡើង​វិញ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​បាន​ចាត់​វិធានការ​បង្ក្រាប​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

ការ​ជីក​យក​ត្បូង​ធម្មជាតិ​នេះ ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​អះអាង​ថា ពិបាក​បង្ក្រាប​ដោយសារ​តែ​ក្រុម​ជនល្មើស​លួច​ជីក​នៅ​ពេល​យប់។

មន្ត្រី​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ចាត់​វិធានការ​បង្ក្រាប​ជា​ថ្មី​ទៅ​លើ​សកម្មភាព​ជីក​រ៉ែ​ត្បូង​អនាធិបតេយ្យ ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ (Swift Rubber Plantation) និង​ដី​ចម្ការ​កៅស៊ូ​គ្រួសារ ឋិត​ក្នុង​ភូមិ​ត្រុំ ឃុំ​ឡាមីញ ស្រុក​បរកែវ។

ការ​អំពាវនាវ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​កម្មករ​រាប់​សិប​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើ​រោង​ស្នាក់នៅ និង​ជីក​រ៉ែ​ត្បូង​អនាធិបតេយ្យ​នៅ​តំបន់​នោះ​ប្រមាណ​មួយ​ខែ​កន្លង​ទៅ ដោយ​មិន​មាន​សមត្ថកិច្ច​បង្ក្រាប។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី បាន​បង្ហោះ​រូបភាព​ទីតាំង និង​សកម្មភាព​ជីក​រក​រ៉ែ​នៅ​ក្នុង​បណ្ដាញ​ព័ត៌មាន​សង្គម​ដែល​បង្ហាញ​ថា កន្លែង​ជីក​ត្បូង​ត្រូវ​បាន​កម្មករ​ជា​ក្រុមៗ​រាប់​សិប​នាក់ មាន​ខ្មែរ និង​វៀតណាម ចូល​ទៅ​ជីក​ជា​ថ្មី បន្ទាប់​ពី​ទីនោះ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ដូច​លេង​បិទ​ពួន ម្តង​បិទ​ម្តង​បើក។ ការ​អង្កេត​បឋម​របស់ លោក ឆាយ ធី រក​ឃើញ​ថា មាន​ថៅកែ​ជា​ឈ្មួញ​ត្បូង ឬ​កុងសែ​ត្បូង​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ជីក​រក​ត្បូង​នេះ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ខ្លះ ត្រូវ​គេ​សង្ស័យ​ថា បាន​ឃុបឃិត​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​អ្នក​ជីក​ត្បូង​គេច​ខ្លួន ខណៈ​មាន​សមត្ថកិច្ច​ចុះ​ទៅ​កាន់​ទីនោះ៖ «មាន​កុងសែ​នៅ​ពី​ក្រោយ​ខ្នង ហើយ​ជីក​ទៅ​លើ​ដី​ក្រុមហ៊ុន​ប្រហែល ៣០​ហិកតារ។ ការ​ជីក​នេះ​មាន​ប្រក់​តង់​កៅស៊ូ មាន​ជីក​ជា​រណ្ដៅ​រាប់​រយ​រណ្ដៅ​ក្នុង​ការ​ជីក​ខែ​វស្សា​នេះ»

ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ លោក ងិន បូរិន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​ដក​កង​សន្តិសុខ​ការពារ​ចេញ​ពី​តំបន់​នោះ​ហើយ ដោយសារ​ចម្ការ​កៅស៊ូ​តំបន់​នោះ​ឋិត​ក្នុង​ជម្លោះ​ជាមួយ​ក្រុម​សាមគ្គី ហេតុ​នេះ​ក្រុមហ៊ុន​មិន​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​ឡើយ។

ក៏ប៉ុន្តែ នាយ​នគរបាល​ប៉ុស្តិ៍​ឡាមីញ លោក មិន រ៉េន ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ចំណាក​ស្រុក និង​ជនជាតិ​វៀតណាម រស់នៅ​ស្រុក​បរកែវ ពិត​ជា​បាន​ចូល​មក​ជីក​យក​ត្បូង​បន្ត​ទៀត ប៉ុន្តែ​ជា​ក្រុម​តូចៗ និង​ជាពិសេស ពួក​គេ​លួច​ធ្វើ​នៅ​ពេល​យប់ សមត្ថកិច្ច​ពិបាក​ចុះ​បង្ក្រាប។ លោក​កត់​សម្គាល់​ថា កន្លែង​ជីក​ត្បូង​នោះ​មាន​រណ្ដៅ​ត្បូង​ចាស់​ត្រូវ​បាន​គេ​ជីក​កាល​ពី​ឆ្នាំ​កន្លង​ទៅ ហេតុ​នេះ​ក្រុម​អនាធិបតេយ្យ​ចូល​មក​ជីក​ក្នុង​រណ្ដៅ​ចាស់​ឡើង​វិញ៖ «ខ្ញុំ​និយាយ​អស់​អត់​មាន​លាក់​បាំង​ទេ វា​មាន​អ្នក​លួច​ជីក​មួយៗ​ជីក​រណ្តៅ​ចាស់​គេ​អ៊ីចឹង​ណា បង្ក្រាប​ខ្លះ​ដែរ ទៅ​ដេញ​វា​រត់​អ៊ីចឹង​ដែរ បើ​ថ្ងៃ​អត់​សូវ​មាន​ទេ ច្រើន​លួច​យប់​ខ្លះ»

យ៉ាង​នេះ​ក្តី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន អះអាង​ថា លោក​បាន​ចុះ​ទៅ​កាន់​តំបន់​នោះ​រួច​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​រក​ឃើញ​ថា មាន​អ្នក​ជីក​ត្បូង​ប្រមាណ ២០​នាក់ បាន​លួច​ជីក​ត្បូង​នៅ​តំបន់​នោះ​ឡើង​វិញ។ លោក​ថា កំពុង​សុំ​គោលការណ៍​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​បង្ក្រាប​សកម្មភាព​ល្មើស​ច្បាប់​នេះ៖ «យើង​ដឹង​តើ! យើង​កំពុង​តែ​ជជែក​គ្នា​ថា ធ្វើ​ម៉េច​បើ​ប៉ូលិស​ចាប់​ដេញ​អ៊ីចឹង​ទៅ ចូល​មក​វិញ។ និយាយ​ពី​ការ​ឃុបឃិត​អត់​មាន​ទេ ខ្ញុំ​ពិនិត្យ​ហើយ​តែ​ទិសដៅ​របស់​យើង​គឺ​ចាប់​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ»

កាល​ពី​ខែ​កក្កដា ប្រជាពលរដ្ឋ​រស់នៅ​ជិត​តំបន់​ជីក​ត្បូង​អនាធិបតេយ្យ​នេះ បាន​ចោទ​ប្រកាន់​មេការ​ក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ ពីរ​នាក់ ថា​បាន​ឃុបឃិត​ជាមួយ​ដង្ខៅ​ត្បូង​ម្នាក់​រស់នៅ​ភូមិ​ត្រុំ គឺ​ជា​អ្នក​ចលនា​ឲ្យ​កម្មករ​ទៅ​ជីក​ត្បូង។ ដង្ខៅ​ត្បូង​នោះ ក៏​ជា​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​រក​ត្បូង​ទៅ​ឲ្យ​កម្មករ ហើយ​ពួក​គេ​ចាំ​ប្រមូល​ទិញ​ត្បូង​នោះ​វិញ។ ចំណែក​មន្ត្រី​មូលដ្ឋាន ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ទទួល​ប្រាក់​សំណូក​ពី​ការ​ជីក​យក​ត្បូង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។