ប្រជាពលរដ្ឋនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ អតីតខេត្តកំពង់ចាម បារម្ភទៅនឹងការធ្វើអាជីវកម្មឈើខុសច្បាប់ ដែលដឹកចូលពីខេត្តផ្សេងៗមកទម្លាក់ទុកនៅស្រុកតំបែរ ពីសំណាក់មន្ត្រីមានឥទ្ធិពលនៅតំបន់នោះ រួចទើបដឹកចេញទៅតាមដេប៉ូផ្សេងៗ ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយ។ សមត្ថកិច្ចស្រុកតំបែរ បញ្ជាក់កាលពីមុនតំបន់មានសកម្មភាពឈើខុសច្បាប់ឆ្លងកាត់មែន ប៉ុន្តែចុងក្រោយនេះ គឺបានស្ងាត់ទៅវិញហើយ។
ប្រជាពលរដ្ឋស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលើកឡើងថា សកម្មភាពធ្វើអាជីវកម្មឈើបែបអនាធិបតេយ្យនៅស្រុកតំបែរ ពីសំណាក់អ្នកមានអំណាច និងមានខ្លះពាក់ព័ន្ធនឹងមន្ត្រីរដ្ឋបាលនៅទីនោះទៀតផង គឺមានជាច្រើនឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញ មិនឃើញមានការបង្ក្រាបឱ្យមានប្រសិទ្ធភាពឡើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំគោកស្រុក ស្រុកតំបែរ សុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា សកម្មភាពធ្វើអាជីវកម្មឈើនៅក្នុងស្រុកតំបែរ មាននៅឃុំចំនួនពីរ គឺឃុំគោកស្រុក និងឃុំចុងជៀច។ លោកបន្តថា អ្នករកស៊ីឈើ គឺអ្នកមានលុយ និងមានអំណាចនៅទីនោះ ពីព្រោះពួកគេអាចបន្តធ្វើសកម្មភាពជួញដូរឈើប្រណីតជាច្រើនឆ្នាំមកហើយ ប៉ុន្តែខាងអាជ្ញាធរ និងមន្ត្រីជំនាញវិញ គឺមិនមានវិធានការចំពោះឈ្មួញទាំងនោះឡើយ។ ចំណែកឯប្រជាពលរដ្ឋវិញ បានត្រឹមតែយកដៃរឹតទ្រូង ហើយហួសចិត្តចំពោះការធ្វើមិនដឹងមិនឮរបស់អាជ្ញាធរនៅទីនោះតែប៉ុណ្ណោះ៖ «ឱ្យអាជ្ញាធរហ្នឹងបង្ក្រាបឱ្យវាចាស់ដៃតិចមើល កុំឱ្យវាបើកចរាចរណ៍ហ្នឹងវាខ្លាំងពេក។ ចង់ថាលុបបំបាត់ចោលរឿងព្រៃឈើហ្នឹង កុំឱ្យវាកើតឡើងតទៅទៀត»។
ប្រភពដដែលបញ្ជាក់ថា ប្រភេទឈើដែលឈ្មួញកំពុងធ្វើអាជីវកម្មនៅទីនោះ រួមមាន បេង ធ្នង់ និងឈើមានតម្លៃផ្សេងទៀត ដែលបានដឹកជញ្ជូនពីខេត្តក្រចេះ ឬតំបន់ព្រៃឡង់នៃខេត្តកំពង់ធំ យកមកស្តុកទុកនៅក្នុងឃុំចុងជៀច ឃុំគោកស្រុក ដាក់ពង្រាយតាមផ្ទះ ហើយបន្តដឹកចេញតាមដេប៉ូនៅស្រុកតំបែរ ខ្លះ ទៅខេត្តព្រៃវែង ខេត្តស្វាយរៀង និងទៅប្រទេសវៀតណាម តាមច្រកទ្វារដូង៧ដើម ក្នុងស្រុកមេមត់។ ប្រជាពលរដ្ឋនាំគ្នាបារម្ភថា ប្រសិនបើរាជរដ្ឋាភិបាលមិនទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនោះទេ វាសនាព្រៃឈើនៅស្រុកខ្មែរ ច្បាស់ជាត្រូវវិនាសមិនខាន។
អធិការនគរបាលស្រុកតំបែរ លោក ហុង គឹមហឿន មានប្រសាសន៍នៅថ្ងៃទី២៣ មិថុនា ថា កន្លងមកនៅកន្លែងដែលប្រជាពលរដ្ឋរាយការណ៍នោះ ពិតជាមានការធ្វើអាជីវកម្មឈើខុសច្បាប់មែន ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ សកម្មភាពទាំងនោះ គឺស្ងប់ស្ងាត់ទៅវិញហើយ។ លោកបន្តថា អាជ្ញាធរ និងមន្ត្រីជំនាញ ក៏ធ្លាប់បានចុះបង្ក្រាបបទល្មើសទាំងនោះដែរ ប៉ុន្តែនៅមានកើតឡើងដដែល៖ «មានបង ប៉ុន្តែឥឡូវហ្នឹងដូចជាបាត់អស់ទៅវិញហើយ។ លែងមានហើយ ពីមុនមកមានឆ្លងកាត់ពីតំបែរ អ៊ីចឹងទៅ គេមិនដែរ។ អាខ្លះនៅក្រោយមូលដ្ឋានគេកាត់នៅក្រោយផ្ទះ ក្រោយចង្ក្រាន ក្បាលទឹក ក្បាលស្រែអ៊ីចឹងទៅបង។ បាទ! មានអ៊ីចឹងមែន ប៉ុន្តែឥឡូវដូចជាអស់ហើយ ដូចជាលែងសូវមាន»។
អធិការដដែលបញ្ជាក់ទៀតថា ពេលខ្លះឃើញមានរថយន្តដឹកឈើនៅទីនោះចេញចូលជាប្រចាំ ប៉ុន្តែខាងសមត្ថកិច្ចលោកមិនហ៊ានប៉ះពាល់នោះទេ ពីព្រោះខ្លាចប៉ះចំលើឈើអ្នកមានអំណាច ធ្វើឱ្យមានបញ្ហាដល់ខ្លួន ហើយរឹតតែមិនហ៊ានប៉ះពាល់ទៅទៀតនោះ កាលណាបើគ្មានការសហការណាមួយពីមន្ត្រីជំនាញនោះទេ។ លោកបញ្ជាក់ថា ខាងសមត្ថកិច្ច គឺមិនបានពាក់ព័ន្ធក្នុងរឿងទទួលលាភសក្ការៈពីឈ្មួញទាំងនោះឡើយ។
បញ្ហានេះ នាយកអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ មានប្រសាសន៍ថា ភាគច្រើននៃឈើដែលមាននៅស្រុកតំបែរ គឺជាឈើដែលត្រូវបានដឹកជញ្ជូនពីស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ កាត់ស្រុកឆ្លូង តាមទន្លេឆ្ពោះមកស្រុកតំបែរ៖ «ដែលគេកាប់ចេញពីព្រៃឡង់ ចេញពីស្ទឹងត្រែង ចេញពីខេត្តក្រចេះ ចេញពីកំពង់ធំ យកមកគរនៅហ្នឹង។ ហើយដល់ពេលយប់ គេលួចដឹកឆ្លងទន្លេហ្នឹងឡើងមកឆ្លូង ហើយគេដឹកមកតាមផ្លូវតំបែរ ព្រោះខ្ញុំតាមប៉ុន្មានថ្ងៃជាប់គ្នាមកហើយ ឈើហ្នឹងរបស់ឧកញ៉ា លឹម ប៉ុណ្ណា ទាំងអស់»។
លោកបញ្ជាក់ថា សកម្មភាពកាប់បំផ្លាញ និងធ្វើអាជីវកម្មឈើខុសច្បាប់ដូចបច្ចុប្បន្ននេះ គឺជាបទឧក្រិដ្ឋកម្មព្រៃឈើតែម្តង។ ប្រសិនបើរាជរដ្ឋាភិបាលយកច្បាប់ព្រៃឈើកាលពីឆ្នាំ២០០១ ដែលនិយាយពីការផាកពិន័យ និងការដាក់ទោសទណ្ឌដល់ជនប្រព្រឹត្តិផ្ទាល់ និងដោយប្រយោល រួមនិងជនដែលបានសមគំនិតគ្នាមកអនុវត្តនោះ ទើបអាចធានាបានថា បទល្មើសព្រៃនឹងត្រូវថយចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
