ក្រុមល្បាតតំបន់ព្រៃឈើសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រកឃើញគំនរឈើពីរគំនរ ដែលគេគ្រោងដឹកជញ្ជូនឆ្លងដែនលួចលាក់ទៅលក់ឲ្យឈ្មួញវៀតណាម។ មន្ត្រីឃ្លាំមើលបទល្មើសព្រៃឈើនៃសមាគមអាដហុក (ADHOC) ចាត់ទុកថានេះជាសញ្ញាបញ្ជាក់ថា បទល្មើសដឹកជញ្ជូនឈើឆ្លងដែននៅតែបន្តកើតមាន។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ឲ្យដឹងថា សមត្ថកិច្ចរឹបអូសឈើជ្រុងចំនួនជិត ៤០កំណាត់ ដែលគេទុកចោលនៅក្នុងព្រៃចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីប៉ុស្តិ៍ការពារព្រំដែនថ្មដា ក្នុងស្រុកអូរយ៉ាដាវ។
ការរកឃើញនេះ បន្ទាប់ពីក្រុមល្បាតព្រៃសហគមន៍ភូមិឡំ បានប្រទះឃើញឈើនោះកាលពីថ្ងៃទី១៥ ខែមិថុនា ហើយរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីរឹបអូសឈើនោះ និងស្វែងរកអ្នកពាក់ព័ន្ធឲ្យទទួលខុសត្រូវពីបទល្មើសព្រៃឈើនេះ។
សមាជិកសហគមន៍ការពារព្រៃឈើភូមិឡំ លោក រចំ ខាំ បញ្ជាក់ថា ឈើទាំងអស់នោះជាប្រភេទឈើក្រំទំហំពីរតឹកបួនជ្រុង ប្រវែង ៣ម៉ែត្រ។ លោកថា ឈើនោះក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្ត បំណងឆ្លងទៅប្រទេសវៀតណាម ប៉ុន្តែទំនងខ្លាចក្រុមសមត្ថកិច្ចស្ទាក់ចាប់ ទើបយកឈើទាំងនោះទៅលាក់ទុកក្នុងព្រៃជាបណ្ដោះអាសន្ន៖ « មេព្រៃគេមកតើ ! ខ្ញុំទៅមើលរដ្ឋបាលព្រៃឈើ។ មិនមែនព្រៃសហគមន៍ទេ ឈើហ្នឹងគេដឹកមកពីព្រៃខ្លះភូមិដរ និងកុកព្នង។ គេដឹកទៅលក់នៅវៀតណាម »។
កាលពីខែឧសភា ប្រជាពលរដ្ឋរស់នៅភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ រាយការណ៍ថា ឈើជ្រុងរាប់សិបឡានក្នុងមួយថ្ងៃៗ ត្រូវបានគេដឹកជញ្ជូនដោយរថយន្តចេញពីព្រៃក្បែរការដ្ឋានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ចាង លី និងក្រុមហ៊ុន ជា ច័ន្ទរិទ្ធ នៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីតំបន់ព្រំដែន តាមផ្លូវលំដែលក្រុមហ៊ុនបានធ្វើ ហើយឆ្លងតាមច្រករបៀងព្រំដែនចំណុចភូមិភិ ចូលទៅប្រទេសវៀតណាម ស្ទើររៀងរាល់យប់។
នាយផ្នែករដ្ឋបាលព្រៃឈើអូរយ៉ាដាវ លោក ឡេង យុគ បញ្ជាក់ថា សមត្ថកិច្ចរកមិនឃើញអត្តសញ្ញាណម្ចាស់ឈើនោះនៅឡើយ។ ដោយឡែកប្រភពដើមនៃឈើទាំងនោះ មិនមាននៅតំបន់នោះទេ។ លោកថា វត្ថុតាងឈើទាំងនោះ នឹងត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ៖ « កណ្ដាលព្រៃមិនដឹងទៅរកឯណា ? គ្មានមនុស្សផង។ មិនដឹងយកចេញពីច្រកណា ? ឈើហ្នឹងនោះ តំបន់ហ្នឹងអត់ដែលមានឈើក្រំណា មិនដឹងយកចេញពីច្រកណាមក »។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា អាជ្ញាធរខេត្តបានទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើឆ្លងដែនទ្រង់ទ្រាយធំបានប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាល ដាក់បទបញ្ជាទប់ស្កាត់បទល្មើសព្រៃឈើចាប់ពីចុងឆ្នាំ២០១៥ រហូតមក។ ទោះយ៉ាងនេះក្តី លោកសង្កេតឃើញថា បទល្មើសដឹកជញ្ជូនឈើតាមរថយន្តទេសចរណ៍ខ្នាតតូច នៅតែបន្តកើតមាន ដោយសារតែមន្ត្រីពាក់ព័ន្ធខ្លះឃុបឃិតបើកច្រករបៀងព្រំដែន ឲ្យឈ្មួញដឹកជញ្ជូនឈើនៅវេលាយប់៖ « មានភាពប្រសើរជាងឆ្នាំមុនៗ ទោះបីមានការដឹកជញ្ជូនដោយលួចលាក់ពីសំណាក់ឈ្មួញតូចតាច ក៏ប៉ុន្តែនៅតែមានការចុះបង្ក្រាបញឹកញាប់ជាងមុន »។
យ៉ាងណាក៏ដោយ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ បញ្ជាក់ថា សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើ បានចាត់មន្ត្រីចុះទៅឃ្លាំមើលតាមច្រករបៀងព្រំដែនដែលមានសេចក្តីរាយការណ៍ថា មានការដឹកជញ្ជូនឈើឆ្លងដែននោះហើយ។ លោកថា មន្ត្រីព្រៃឈើចាត់វិធានការម៉ឺងម៉ាត់ចំពោះជនទាំងឡាយណា ដែលពាក់ព័ន្ធដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
