អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសង្គមស៊ីវិលនៅខេត្តត្បូងឃ្មុំ លើកឡើងថា ករណីស្តុកឈើខុសច្បាប់ពាក់ព័ន្ធកូនមេឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នៅមិនទាន់ចេញជាលទ្ធផលនៅឡើយ។ ពួកគេយល់ថា បញ្ហានេះ តុលាការអាចធ្វើឡើងគ្រាន់តែដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ។ ចំណែកមន្ត្រីតុលាការខេត្តត្បូងឃ្មុំ បញ្ជាក់ថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត។
អស់រយៈពេលជិតពីរខែមកហើយ សំណុំរឿងរកស៊ី និងស្តុកឈើខុសច្បាប់ពាក់ព័ន្ធកូនមេឃុំត្រពាំងផ្លុង មកពីគណបក្សប្រជាជនកម្ពុជា នៅមិនទាន់មានចេញជាលទ្ធផល បើទោះបីជាមានភស្តុតាងយ៉ាងណាក៏ដោយ។ មកទល់ពេលនេះ កូនប្រសា និងកូនបង្កើត ព្រមទាំងអ្នកពាក់ព័ន្ធករណីស្តុកឈើគ្រញូងជិត ២០តោននៅមិនទាន់ត្រូវបានចាប់ខ្លួន។
មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំត្រពាំងផ្លុង មួយរូបសុំមិនបញ្ចេញឈ្មោះ និងសំឡេង លើកឡើងថា ការរកស៊ីឈើប្រណិត គឺជាមុខរបរខុសច្បាប់ ប៉ុន្តែករណីឈើប្រណិតរកឃើញនៅក្នុងដីកូនលោកមេឃុំត្រពាំងផ្លុង គឺស្ងាត់សូន្យ ហើយជនពាក់ព័ន្ធនៅមានសេរីភាពនៅឡើយ។ ចំណាត់ការបែបនេះ ធ្វើឲ្យពលរដ្ឋខ្លះនៅឃុំត្រពាំងផ្លុង យល់ថា តុលាការធ្វើដើម្បីបំពេញកិច្ចប៉ុណ្ណោះ។ ជាមួយគ្នានេះ ប្រភពដដែលចង់ឲ្យតុលាការវែកមុខជនដែលពាក់ព័ន្ធ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
កាលពីថ្ងៃទី២៦ មីនា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងកម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបកន្លែងស្តុកឈើគ្រញូងមួយកន្លែងដែលស្ថិតនៅក្នុងដីភូមិរបស់កូនលោក ហែម យៀប ជាមេឃុំត្រពាំងផ្លុង។ ការចុះបង្ក្រាបនោះ រកឃើញឈើប្រណិតប្រភេទគ្រញូងជិត ២០តោន ដែលគេសង្ស័យថា ពាក់ព័ន្ធមេឃុំត្រពាំងផ្លុង មកពីគណបក្សប្រជាជនកម្ពុជា ព្រមទាំងកូនរបស់លោកផង។ ក្រោយមក លោក ហែម យៀប បានបដិសេធចំពោះការចោទប្រកាន់ ដោយលើកឡើងថា ឈើទាំងនោះជារបស់មិត្តភ័ក្ដិកូនលោកមេឃុំទៅវិញ។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យអយ្យការ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហាក់ សៀកលីម មានប្រសាសន៍ថា សំណុំរឿងនេះ គឺស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត។ ដូចនេះ លោកមិនអាចជម្រាបជូនព័ត៌មានលម្អិតបានទេ។ លោកបញ្ជាក់ថា ខាងតំណាងអយ្យការសម្រេចថា នឹងប្រគល់វត្ថុតាងទៅឲ្យមន្ត្រីជំនាញ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន។ ក្រៅពីនេះ លោកមិនបកស្រាយអ្វីឡើយ៖« ចំណាត់ការរបស់ព្រះរាជអាជ្ញាគាត់នៅតែបន្តស៊ើបអង្កេត ធ្វើម៉េចដើម្បីប្រមែប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ទៅលើបុគ្គលណាដែលបានប្រព្រឹត្ត ល្មើស ដែលបានរក្សាទុក នូវឈើខុសច្បាប់ហ្នឹង »។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះការបង្ក្រាបបទល្មើសព្រៃឈើមានទំហំធំធេង ប៉ុន្តែប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺមិនសូវមានទេ។ ជាក់ស្តែង ទាក់ទិនករណីកូនមេឃុំត្រពាំងផ្លុង ជុំវិញរឿងស្តុកទុកឈើខុសច្បាប់ពេលនេះ លោកមិនសូវមានសង្ឃឹមចំពោះវិធានការរបស់តុលាការឡើយ៖ « យើងនៅតែគិតថា តុលាការគាត់ធ្វើ ប៉ុន្តែមិនដឹងថា ជាតិណាគាត់ធ្វើ ? យើងមិនដឹង »។
មន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា បទល្មើសឧក្រិដ្ឋកម្មឈើទាំងនេះ គឺជាការជញ្ជក់ឈាមប្រជាពលរដ្ឋក្រីក្រ ពីព្រោះប្រជាពលរដ្ឋក្រីក្រទាំងនោះជាអ្នករងគ្រោះ នៅពេលធនធានធម្មជាតិត្រូវវិនាស។ លោកលើកឡើងទៀតថា នៅពេលស្ថាប័នតុលាការមិនអាចចាត់វិធានការចំពោះអ្នកជួញដូរឈើខុសច្បាប់ទាំងអស់នោះបាន កាន់តែធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើការអនុវត្តច្បាប់របស់មន្ត្រីតុលាការ និងបង្ហាញថា ស្ថាប័នមួយនេះមានឥទ្ធិពលចំពោះតែពលរដ្ឋក្រីក្រប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
