ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​វៀតណាម​នៅ​រតនគិរី

មន្ត្រី​សង្គម​ស៊ីវិល អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ចំនួន​ពីរ​នៅ​ខេត្ត​រតនគិរី បាន​ប្រឹងប្រែង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ឆ្លើយ​តប​តិចតួច​ពី​ការ​គោរព​ច្បាប់​វិនិយោគ​នៃ​ប្រទេស​កម្ពុជា បន្ទាប់​ពី​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ចេញ​ផ្សាយ​នៅ​ខែ​ឧសភា នេះ​ថា​បាន​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​មនុស្ស និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា រួច​មក។

0:00 / 0:00

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ទាំង​ពីរ​ដែល​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា នោះ គឺ​ក្រុមហ៊ុន​វៀតណាម ហួង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG)

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​រតនគិរី បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​ឧសភា ឆ្នាំ​២០១៣ ថា យ៉ាង​ហោច​ណាស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ចំនួន​ពីរ​បាន​បំពេញ​លក្ខខណ្ឌ​នៃ​សំណើ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ស្ដីពី​ការ​គោរព​ច្បាប់​នៃ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ទទួល​បាន​ដី​សម្បទាន។

ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ​រួម​មាន​ក្រុមហ៊ុន ហួង អាញ់ អណ្ដូង​មាស (Hoang Anh Andong Meas) និង​ក្រុមហ៊ុន កៅស៊ូ អ៊ាលែវ (Kao Su Ea Lev)។ ក្រុមហ៊ុន កៅស៊ូ អ៊ាលែវ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៨​ពាន់​ហិកតារ នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី ក៏ប៉ុន្តែ របាយការណ៍​អង្កេត​ សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ដី​ស្រែ​ចម្ការ បឹង​ធម្មជាតិ ព្រៃ​ឈើ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ។

កាល​ពី​ខែ​មេសា កន្លង​ទៅ ប្រជាពលរដ្ឋ ៤​គ្រួសារ នៅ​ភូមិ​យ៉ាសោម ឃុំ​សឹង បាន​ប្ដឹង​ក្រុមហ៊ុន​នេះ​ពី​បទ​ឈូស​ឆាយ​រំលោភ​យក​ដី ១៤​ហិកតារ របស់​ពួក​គាត់​ដែល​ក្រុម​ការងារ និង​និស្សិត​រាជ​រដ្ឋាភិបាល​បាន​វាស់វែង​ចេញ​សលាកបត្រ​ជូន​អ្នក​ភូមិ​រួច​ហើយ។

ប្រធាន​ភូមិ​យ៉ាសោម លោក រចំ វិន មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី១៥ ខែ​ឧសភា តំណាង​ក្រុមហ៊ុន​បាន​យល់​ព្រម​ប្រគល់​ដី​ជូន​អ្នក​ភូមិ​វិញ បន្ទាប់​ពី​អ្នក​ភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ជាច្រើន​លើក កាល​ពី​ខែ​មេសា ទៅ​អាជ្ញាធរ​មូលដ្ឋាន អង្គការ​ក្រៅ​រដ្ឋាភិបាល និង​តុលាការ។ លោក​បន្ត​ថា អ្នក​ភូមិ​យល់​ព្រម​ទទួល​យក​ដី​របស់​ខ្លួន​ពី​ក្រុមហ៊ុន ហើយ​ចាត់​ទុក​ថា នេះ​គឺ​ជា​ដំណោះស្រាយ​ដែល​អ្នក​ភូមិ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​ដីធ្លី និង​ការ​រស់នៅ​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច៖ «ដី​គេ​ឈូស ហើយ​គេ​ឲ្យ​វិញ ៤​គ្រួសារ គេ​ឈូស​ហើយ​គេ​ភ្ជួរ​ហើយ។ គេ​ថា ឥឡូវ​ដី​ឲ្យ​វិញ​ឈប់​ប្ដឹង​ក្រុមហ៊ុន​ទេ? អា​ម្នាក់​ថា​បើ​ឲ្យ​វិញ ឈប់​ប្ដឹង​ហ្នឹង​ហើយ បើ​សិន​មិន​ឲ្យ​ហ្នឹង ប្ដឹង​ត​ទៅ​ទៀត»

ចំណែក​ក្រុមហ៊ុន ហួង អាញ់ អណ្ដូង​មាស ទទួល​បាន​ដី​សម្បទាន​ជាង ៩​ពាន់​ហិកតារ នៅ​ស្រុក​កូនមុំ ខេត្ត​រតនគិរី ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃុំ​ស្រែអង្គ្រង ១៤​គ្រួសារ និង​អាជ្ញាធរ​ឃុំ រាយការណ៍​ថា ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​យក​ដី​ស្រែ​អ្នក​ភូមិ​អស់ ៣៤​ហិកតារ តាំង​ពី​ដើម​ឆ្នាំ​២០១៣។ បន្ទាប់​មក ប្រជាពលរដ្ឋ​បាន​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​មិន​បាន​លទ្ធផល ទើប​អ្នក​ភូមិ​បាន​ធ្វើ​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​អាដហុក ដោយ​មាន​អាជ្ញាធរ​ឃុំ​បោះ​ត្រា​ទទួល​ស្គាល់​ពាក្យ​ប្ដឹង​ពលរដ្ឋ​ទៀត​ផង។

ប្រជាពលរដ្ឋ​ឃុំ​ស្រែអង្គ្រង លោក ធុយ អេង មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា តំណាង​ក្រុមហ៊ុន​បាន​ផ្តល់​ប្រាក់​ជា​សំណង​ថ្លៃ​ដី​ស្រែ​មក​អ្នក​ភូមិ ក្នុង​នោះ​អ្នក​ភូមិ ៦​គ្រួសារ ទទួល​បាន​ថ្លៃ​ដី ១០០​ដុល្លារ​ក្នុង​ដី​មួយ​ហិកតារ និង ៨​គ្រួសារ​ទៀត ទទួល​បាន​ប្រាក់ ៥០​ដុល្លារ​ក្នុង​មួយ​ហិកតារ។ លោក​បន្ត​ថា អ្នក​ភូមិ​មិន​ពេញ​ចិត្ត​ទទួល​យក​ប្រាក់​នេះ​ទេ ក៏ប៉ុន្តែ​អ្នក​ភូមិ​គ្មាន​ជម្រើស ពីព្រោះ​ដី​ស្រែ​អ្នក​ភូមិ​ត្រូវ​ក្រុមហ៊ុន​ដាំដុះ​អស់​ហើយ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ដំណោះស្រាយ​អ្វី​ប្រសើរ​ជាង​នេះ​ទេ៖ «ក្រុមហ៊ុន​ហ្នឹង​វា​ឈូស​ឆាយ​ណាស់ ឥឡូវ​គេ​មក​សម្រួល ឥឡូវ​ប្រជាជន​ខ្លះ​បាន​មួយ​ហិកតារ ១០០ ខ្លះ​បាន​មួយ​ហិកតារ ៥០។ គេ​ឲ្យ​ផ្ទាល់​អត់​មាន​ជួប​ជុំ​ទេ ប្រធាន​ភូមិ​គេ​អត់​ឲ្យ​ដឹង​ផង។ មិន​ពេញ​ចិត្ត​ទេ ធ្វើ​ម៉េច​បើ​មិន​យក​ខ្លាច​មិន​បាន។ គេ​ហៅ​ប្រជាជន​ខ្លាច​មិន​បាន​ឲ្យ​ប៉ុន្មាន​យក ហើយ​ខ្លាច​គេ​មិន​ឲ្យ។ វា​ធ្វើ​ក្រដាស​ស្នាម​សរសេរ​ដោយ​ដៃ​ឲ្យ​ផ្ដិត​មេ​ដៃ​ឲ្យ​វា»

ទាក់ទិន​ករណី​នេះ​ដែរ មេ​ឃុំ​ស្រែអង្គ្រង លោក ឈឹម សុឃឹម មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន ហួង អាញ់ អណ្ដូង​មាស ក៏​កំពុង​អនុវត្ត​គោលការណ៍​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​មនុស្ស​ចាស់​ជរា​រស់នៅ​ភូមិ​ជាប់​នឹង​ក្រុមហ៊ុន​សម្បទាន ហើយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គោលការណ៍​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល ស្ដីពី​សម្បទាន​សេដ្ឋកិច្ច៖ «ខាង​ក្រុមហ៊ុន​គេ​ឲ្យ​ពួក​ខ្ញុំ​កំពុង​ស្រង់​ជូន។ គេ​ចែក​ទូទៅ​ផ្សេង ក្រីក្រ​ផ្សេង មាន​អង្ករ​មាន​ប៊ីចេង មាន​អំបិល អ្នក​ក្រីក្រ និង​ចាស់​ជរា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ ជុំវិញ​លក្ខខណ្ឌ​នៃ​ការ​គោរព​ច្បាប់​ស្ដីពី​សម្បទាន​បាន​ទេ ក៏ប៉ុន្តែ​អ្នក​បក​ប្រែ​នៃ​ក្រុមហ៊ុន ហួង អាញ់ អណ្ដូង​មាស លោក ថាច់ ភៀន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​នឹង​សំណង​របស់​ក្រុមហ៊ុន លើ​បញ្ហា​ដីធ្លី​ប្រជាពលរដ្ឋ​នោះ​ឡើយ។ លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី២ ខែ​មិថុនា ខាង​មុខ​នេះ ក្រុមហ៊ុន និង​រៀបចំ​ពិធី​ចែក​អំណោយ និង​មាន​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​នានា ក្នុង​ឃុំ​ស្រែអង្គ្រង ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​ជីវភាព​ជូន​ប្រជាពលរដ្ឋ៖ «គាត់​មាន​គម្រោង​ជូន​អង្ករ ជូន​ស្ករស ថ្ងៃ​ទី២ ហ្នឹង ខែ​ក្រោយ​ហ្នឹង ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ហើយ។ ធ្វើ​ភូមិ​មួយ ភូមិ​ពីរ ភូមិ​បី ស្រែអង្គ្រង ហ្នឹង។ ធម្មតា វា​មាន​ប៉ះពាល់​ហើយ​ការ​ធ្វើ ប៉ុន្តែ​យើង​ចង់​ឲ្យ​មាន​ការ​ពិត។ យើង​ធ្វើៗ​ល្អ ប៉ុន្តែ​វា​មាន​ការ​ប៉ះពាល់​ចៀស​មិន​ផុត អភិវឌ្ឍ​ចង់​បាន​សុខសាន្ត​ណាស់ ចង់​បាន​ប្រជាពលរដ្ឋ​ចូលរួម»

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​វៀតណាម នៅ​ខេត្ត​រតនគិរី រួម​មាន​ក្រុមហ៊ុន ហួង អាញ់ អណ្ដូង​មាស ក្រុមហ៊ុន ហួង អាញ់ អូរយ៉ាដាវ ក្រុមហ៊ុន ហួង អាញ់ លំផាត់ ក្រុមហ៊ុន ហេង ប្រាឌ័រ (Heng Brother) ក្រុមហ៊ុន ស៊ី.អ.ឌី (CRD) ក្រុមហ៊ុន យ៉ាឡាយនី ក្រុមហ៊ុន ហួង អាញ់ ម៉ាងយ៉ាងខេ ក្រុមហ៊ុន កៅស៊ូ អ៊ាលែវ ក្រុមហ៊ុន ក្រុងប៉ុក។ ក្រុមហ៊ុន​ទាំងអស់​នេះ​មាន​ផ្ទៃដី​សម្បទាន​ជិត ៥​ម៉ឺន​ហិកតារ នេះ​មិន​រាប់​បញ្ចូល​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត ដែល​បាន​ផ្ទេរ​សិទ្ធិ​ធ្វើ​អាជីវកម្ម​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ផ្សេង​ទៀត ដូចជា​ក្រុមហ៊ុន គិរី​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន ម៉ែន សារុន ជាដើម។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា ការ​ឆ្លើយ​តប​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ ទាក់ទិន​ការ​គោរព​ច្បាប់​សម្បទាន​នៅ​កម្ពុជា នៅ​មាន​កម្រិត​ទាប ប្រៀបធៀប​ទៅ​លើ​ផល​ប៉ះពាល់​បញ្ហា​សិទ្ធិ​មនុស្ស ជា​ពិសេស​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ លោក​អះអាង​ថា សកម្មភាព​បង្ក​ផល​ប៉ះពាល់​ធនធាន​ធម្មជាតិ រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស​របស់​ក្រុមហ៊ុន​សម្បទាន​វៀតណាម នៅ​ខេត្ត​រតនគិរី មាន​សភាព​ធ្ងន់ធ្ងរ និង​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ៖ «ការ​កែ​ទម្រង់​នេះ ហាក់​បី​ដូច​មាន​ភាព​យឺតយ៉ាវ។ កន្លង​មក ក្រុមហ៊ុន​សម្បទាន​ទាំង​ឡាយ ជា​ពិសេស​ក្រុមហ៊ុន​សម្បទាន​វៀតណាម បាន​ឈូស​ឆាយ​ប៉ះពាល់​ដី​ព្រៃ​ស្រោង ដី​ចម្ការ​ចាស់ ដី​ព្រៃ​អារក្ស ហើយ​ដី​កប់​ខ្មោច​ផង។ គេ​សម្អាង​លើ​ច្បាប់​សម្បទាន​ពី​រដ្ឋាភិបាល ហើយ​សម្អាង​លើ​ជំនាញ និង​អាជ្ញាធរ ដែល​ចុះ​ធ្វើ​ការ​ដោះស្រាយ​ហ្នឹង ភាគ​ច្រើន​គឺ​កាន់​ខាង​ក្រុមហ៊ុន»

លទ្ធផល​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក បង្ហាញ​ថា ក្រុមហ៊ុន ហួង អាញ់ យ៉ាឡាយ គឺ​ជា​ក្រុមហ៊ុន​មេ ដែល​មាន​ក្រុមហ៊ុន​តូចៗ ឬ​ក្រុមហ៊ុន​សាខា​របស់​ខ្លួន​ចំនួន​យ៉ាង​តិច ៦ នៅ​កម្ពុជា។ ប៉ុន្តែ ក្រុមហ៊ុន ហួង អាញ់ យ៉ាឡាយ អះអាង​ប្រាប់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ថា មាន​ក្រុមហ៊ុន​សាខា​ត្រឹម​តែ​បី​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន ហួង អាញ់ អូរយ៉ាដាវ ក្រុមហ៊ុន ស៊ី.អ.ឌី និង​ក្រុមហ៊ុន ហេង ប្រាឌ័រ។

កាសែត​វៀតណាម​មួយ​ឈ្មោះ វៀតស្តុក (Vietstock) បាន​ដកស្រង់​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន ហួង អាញ់ យ៉ាឡាយ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ឧសភា ទទូច​ឲ្យ​អង្គការ​ឃ្លាំ​មើល​ពិភពលោក បង្ហាញ​ភស្តុតាង​ពី​ការ​រក​ឃើញ​របស់​ខ្លួន ហើយ​ក្រុមហ៊ុន​នេះ​នឹង​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់​ដែល​កើត​មាន​នៅ​កម្ពុជា។ ក្រុមហ៊ុន ហួង អាញ់ យ៉ាឡាយ ក៏​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​នេះ​បាន​អភិវឌ្ឍ​ក្នុង​តំបន់​ដែល​វិនិយោគ​នៅ​កម្ពុជា រួម​មាន​ការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ មាន​ថ្នល់ សង់​ស្ពាន​ជាដើម។

ក៏ប៉ុន្តែ មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ជាង​មួយ​ឆ្នាំ​នៃ​ការ​ចុះ​អង្កេត​ស្រាវជ្រាវ​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន ហួង អាញ់ យ៉ាឡាយ និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប អង្គការ​ឃ្លាំ​មើល​ពិភពលោក មិន​បាន​ប្រទះ​ឃើញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​ទេ គឺ​បាន​ត្រឹម​តែ​ឮ​គេ​និយាយ​ថា ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ​បាន​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ​លំ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​ចេញ​ពី​ព្រៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។