សង្គម​ស៊ីវិល៖ យុទ្ធសាស្ត្រ​ឆ្លើយ​តប​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​លើក​ដំបូង​បង្អស់​ដាក់​ឲ្យ​ប្រើប្រាស់​ផែន​ការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ក្នុង​វេទិកា​ជាតិ​លើក​ទី​៣ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ក្នុង​គោល​បំណង​កសាង​ភាព​ធន់​នឹង​អាកាស​ធាតុ សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​នៃ​គ្រោះ​ធម្មជាតិ​ជាច្រើន ដូច​ជា​ទឹក​ជំនន់ ភាព​រាំង​ស្ងួត ជាដើម។

0:00 / 0:00

តើ​ផែន​ការ​យុទ្ធសាស្ត្រ​ទាំង​នេះ​របស់​រដ្ឋាភិបាល អាច​នឹង​អនុវត្ត​ទៅ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

មន្ត្រី​សង្គម​ស៊ីវិល​ជាច្រើន ដែល​ការពារ​ផ្នែក​បរិស្ថាន​ព្រៃ​ឈើ និង​ដីធ្លី បាន​អះអាង​ថា ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ផែន​ការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ គឺ​ជា​ការ​សន្យា​ខ្យល់ ដែល​អនុវត្ត​ទៅ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ មន្ត្រី​ទាំង​នោះ​គូស​បញ្ជាក់​ថា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព លុះត្រា​តែ​ប្រមុខ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ត្រួត​ពិនិត្យ និង​សើរើ​ឡើង​វិញ នូវ​កិច្ច​សន្យា​ផ្តល់​ដី​សម្បទាន​ធំៗ និង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដែល​ឈាន​ដល់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏​ច្រើន​លើសលប់។

មន្ត្រី​សម្រប​សម្រួល​អង្គការ​ទន្លេ​បី ដែល​ធ្វើ​ការ​ផ្នែក​កិច្ចការ​បរិស្ថាន លោក មៀច មាន មាន​ប្រសាសន៍​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ គឺ​ជា​បញ្ហា​សកល ហើយ​ថា ប្រជាពលរដ្ឋ​ក្រីក្រ គឺ​ជា​អ្នក​រងគ្រោះ​មុន​គេ ដោយសារ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​នេះ។ លោក​បញ្ជាក់​ថា បញ្ហា​ផ្តល់​ដី​សម្បទាន​ធំៗ​ជាច្រើន​កន្លែង និង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទាំង​នោះ​ហើយ ដែល​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​លើ​ផ្ទៃ​ដី​ព្រៃ​ជាច្រើន។

លោក មៀច មាន៖ «ការ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ពេល​បច្ចុប្បន្ន ក្នុង​រយៈពេល ៥​ឆ្នាំ​ទៀត ខ្ញុំ​មិន​ដឹង​ជា​យុទ្ធសាស្ត្រ​អី​ទេ ពីព្រោះ​ផែន​ការ​អភិវឌ្ឍន៍​ដែល​រដ្ឋាភិបាល​បាន​អនុម័ត​មក ដី​សម្បទាន និង​ដី​ព្រៃ​រាប់​ម៉ឺន​ហិកតារ ត្រូវ​បាន​កាប់​ចោល​អស់ និង​អនុម័ត​គម្រោង​សាងសង់​វារីអគ្គិសនី​ខ្នាត​ធំ កាប់​ព្រៃ​ឈើ​រាប់​ម៉ឺន​ហិកតារ​នៅ​តំបន់​ទន្លេ​បី។ អ៊ីចឹង ចង់​ធ្វើ​ការ​កែ​ទម្រង់​ពិត​ប្រាកដ​លើ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ រដ្ឋាភិបាល​ត្រូវ​លុប​ចោល​គម្រោង​ទាំង​នោះ»

ប្រតិកម្ម​របស់​មន្ត្រី​នៃ​អង្គការ​ពុំ​មែន​រដ្ឋាភិបាល​ទាំង​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ផែន​ការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២៣ ជា​ផ្លូវ​ការ​នៅ​ក្នុង​ពិធី​បើក​វេទិកា​ជាតិ​លើក​ទី​៣ ស្ដីពី​ការ​ប្រែប្រួល​អាកាស​ធាតុ នៅ​អគារ​សន្តិភាព​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែ​វិច្ឆិកា។

លោក ហ៊ុន សែន បាន​បញ្ជាក់​អំពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កសាង​សង្គម​បៃតង​មួយ ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច ធន់​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ សមធម៌​សង្គម និង​ប្រជាជន​រស់​នៅ​ក្នុង​ភាព​វិបុល​សុខ។ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​ផែន​ការ​អភិវឌ្ឍន៍ ៤​ធំៗ ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥ នេះ៖ «រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​កិច្ច​ការពារ​បរិស្ថាន ដែល​ជា​វិធាន​ការ​ចាំបាច់​បំផុត ហើយ​ចាត់​ទុក​និរន្តរភាព​បរិស្ថាន​ជា​អាទិភាព នាំ​ផ្លូវ​ដ៏​ល្អ​ត្រឹមត្រូវ​សម្រាប់​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ។ រាជ​រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​បៃតង​ជាតិ»

ចំពោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​នេះ លោក មៀច មាន មន្ត្រី​សម្រប​សម្រួល​អង្គការ​ទន្លេ​បី បាន​បញ្ជាក់​បន្ថែម​ថា ប្រការ​ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ​ហើយ គឺ​ជា​ចំណែក​មួយ​ដ៏​ធំ ដែល​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ខាត​បង់​ទ្រព្យ​សម្បត្តិ ផ្ទះ​សម្បែង​របស់​ពលរដ្ឋ បំផ្លាញ​ផល​ដំណាំ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ផ្លូវ​ថ្នល់ ទំនប់​ទឹក ព្រម​ទាំង​សម្លាប់​មនុស្ស​អស់​រាប់​រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ។

ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​ដែរ មន្ត្រី​អង្គការ​សកម្មភាព​ដើម្បី​បរិស្ថាន និង​សហគមន៍ (AEC = Actions for Environment and Communities) លោក ហ៊ាង សុគុណ ទទួល​ស្គាល់​ថា បញ្ហា​រិចរិល​ព្រៃ​ឈើ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​កម្ពុជា នេះ​ហើយ គឺ​ជា​កត្តា​ចម្បង​ដែល​ជំរុញ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ ដូច​ជា​ទឹក​ជំនន់​នៅ​កម្ពុជា រៀង​រាល់​ឆ្នាំ។

បន្ថែម​ពី​នេះ លោក ហ៊ាង សុគុណ ឱ្យ​ដឹង​ថា អង្គការ​របស់​លោក​មាន​បេសកកម្ម​ពិសេស ចុះ​អប់រំ​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង ឲ្យ​យល់​ដឹង​អំពី​សារប្រយោជន៍​ព្រៃ​ឈើ និង​ផល​វិបាក​នានា បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ។ លោក​ថា រដ្ឋាភិបាល​ត្រូវ​មាន​ផែន​ការ​ច្បាស់​លាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​រយៈពេល​ខ្លី និង​រយៈពេល​វែង ដោយ​បង្កើត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ រួម​មាន​ព្រៃ​ឈើ​ជាដើម ពីព្រោះ​ព្រៃ​ឈើ​ផ្តល់​សារសំខាន់​ច្រើន​សម្រាប់​មនុស្ស​ជាតិ និង​សត្វ​ទាំង​ពួង​ផង​ដែរ។

ទោះ​បី​ជា​មាន​ការ​ប្រកាស​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​៣ ស្ដីពី​វិធាន​ការ​មួយ​ចំនួន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ក៏ដោយ ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ជាច្រើន មិន​មាន​ជំនឿ​ទៅ​លើ​ការ​សន្យា​របស់​រដ្ឋាភិបាល​ទេ ព្រម​ទាំង​បាន​បន្ទោស​ថា ការ​កើន​ឡើង​នៃ​កម្តៅ និង​គ្រោះ​ទឹក​ជំនន់​ខ្លាំង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​បណ្ដាល​មក​ពី​ការ​វិនាស​ហិនហោច​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស។

សង្គម​ស៊ីវិល​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​លើ​ផ្ទៃ​ដី​ចំនួន​ជាង ២​លាន​ហិកតារ ដែល​ដី​ភាគ​ច្រើន​ជា​ដី​គម្រប​ព្រៃ​ឈើ ក្នុង​នោះ​រួម​មាន ដី​ព្រៃ​ឡង់​ទំហំ​ជាង ១​សែន​ហិកតារ។ បន្ថែម​ពី​នេះ ដី​ព្រៃ​ឈើ​នៅ​តំបន់​ភូមិភាគ​ឥសាន ឬ​តំបន់​ទន្លេ​បី រួម​មាន​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង ដែល​មាន​ព្រៃ​ឈើ​ធម្មជាតិ​ជាង ១​លាន​ហិកតារ គឺ​ក្រុមហ៊ុន​ឯកជន កំពុង​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​អាង​ស្តុក​ទឹក​សម្រាប់​ទំនប់​វារីអគ្គិសនី និង​ដំណាំ​កសិឧស្សាហកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។