ទាក់ទងបញ្ហាខាងលើនេះ បានធ្វើឲ្យអង្គការអភិរក្សព្រៃឈើឈ្មោះ ម៉ាដក្ស ចូលី ភីត (Maddox Jolie-Pitt=MJP) ប្រតិកម្មជំទាស់ ដោយចាត់ទុកថា គម្រោងនេះនឹងនាំទៅរកការបំផ្លាញព្រៃធម្មជាតិ និងអាចប៉ះពាល់បរិស្ថានធ្ងន់ធ្ងរថែមទៀត។
លោក សួន សុផលមុន្នី អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ជួបសម្ភាសជាមួយអគ្គនាយកនៃអង្គការនេះ គឺលោក ស្តេហ្វាន បក់ណា (Stephan Bognar)៖
សំណួរ៖ បាទ! ជម្រាបសួរ លោក ស្តេហ្វាន បក់ណា! អង្គការ MJP បានទទួលលិខិតមួយច្បាប់ របស់មន្ទីរបរិស្ថានខេត្តប៉ៃលិន។ តើលិខិតនោះ លោកបានអានហើយមានខ្លឹមសារដូចម្ដេចដែរ?
ចម្លើយ៖ បាទ! យើងបានទទួលលិខិតនោះ ហើយក្រុមការងាររបស់អង្គការ MJP បានអានឲ្យខ្ញុំស្ដាប់។ ពេលដែលខ្ញុំស្ដាប់ទៅមានការច្របូកច្របល់អត់យល់តែម្ដង។ លិខិតដែលយើងបានទទួលនោះ គឺយោងទៅលើលិខិតមួយផ្សេងទៀតកាលពី ៧ឆ្នាំមុន។ លិខិតតាំងពីឆ្នាំ២០០៦ នោះ មិនទាន់ទទួលបានការយល់ព្រមពីក្រុមប្រឹក្សារដ្ឋមន្ត្រី ឬក្រសួងបរិស្ថាននោះទេ។
យើងទាំងអស់គ្នាដឹងច្បាស់ហើយថា តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតដែលហៅថា តំបន់ការពារសំឡូតនេះ គឺជាតំបន់ដែលគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា ហើយមានព្រះរាជក្រឹត្យត្រឹមត្រូវ។ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំច្រឡំមិនយល់ទាល់តែសោះនោះ គឺថា លិខិតនោះមានខ្លឹមសារប្រាសចាកពីតំបន់ការពារព្រៃឈើ។
អង្គការ MJP តែងតែឈរលើគោលការណ៍រីកចម្រើន និងគាំទ្រការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ប៉ុន្តែពួកគេបែរជាសុំបង្កើតសួនសត្វ និងថ្នាលបណ្ដុះកូនឈើទៅវិញ។ យើងដឹងហើយថា កន្លែងនោះឋិតនៅតំបន់ដែលជាបេះដូងការពារព្រៃឈើតែម្ដង។ បញ្ហានេះវាមិនសមទៅនឹងអត្ថន័យនៃតំបន់ការពារធម្មជាតិទេ។
ម្យ៉ាងវិញទៀត តាមលក្ខខណ្ឌបច្ចេកទេស គឺត្រូវការធនធានច្រើនណាស់ ត្រូវមានអ្នកបច្ចេកទេស ថ្នាំសង្កូវក្នុងការចិញ្ចឹមសត្វ ត្រូវមានអ្នកជំនាញច្បាស់លាស់។ ខ្ញុំយល់ថា រដ្ឋអំណាចខេត្តប៉ៃលិន ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងបង្កើតកម្មវិធីនេះទេ។ បញ្ហាហួសចិត្តមួយទៀត ត្រង់ថា តើហេតុអ្វីបានជាគេទៅកាប់ឈើនៅតំបន់ព្រៃឈើដែលមានព្រះរាជក្រឹត្យការពារនោះ ទៅបង្កើតថ្នាលបណ្ដុះកូនឈើ? ហេតុអីបានជាគេចង់បង្កើតកន្លែងកសិកម្មនៅក្នុងព្រៃដែលជាកន្លែងពិបាកឆ្លងកាត់ធ្វើដំណើរទៅ? តើពួកគេបានសិក្សាលំអិតហើយឬនៅ ថាត្រូវធ្វើផែនការដូចម្ដេច? មានប្លង់បច្ចេកទេសយ៉ាងម៉េច? មានជំនួយ គាំទ្រពីសកលវិទ្យាល័យណាមួយ និងពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមស្តង់ដារ។

សំណួរ៖ ក្រោយពីដឹងថា មន្ទីរបរិស្ថានខេត្តប៉ៃលិន ស្នើសុំដី ៣០ហិកតារ ដើម្បីបង្កើតថ្នាលបណ្ដុះកូនឈើ និងសួនសត្វនៅទីនោះ តើរូបលោក និងក្រុមការងាររបស់អង្គការ MJP មានបានចុះទៅពិនិត្យ ហើយមានសកម្មភាពអ្វីខ្លះទាក់ទិនទៅនឹងការកាប់ព្រៃនៅតំបន់ការពារសំឡូតនោះ?
ចម្លើយ៖ បាទ! ខ្ញុំបានចុះទៅមើលនៅតំបន់នោះ មើលផ្ទាល់ភ្នែក ឃើញកម្មករទាំងអស់ប្រព្រឹត្តបទល្មើស ដាក់អន្ទាក់ចាប់សត្វព្រៃថែមទៀត។ នៅកន្លែងដែលពួកគេកំពុងកាប់ព្រៃ ខ្ញុំបានឃើញសត្វស្លាបជាប់អន្ទាក់ ហើយខ្ញុំនិងក្រុមការងារបានចូលទៅដោះលែងសត្វនោះចេញពីអន្ទាក់សំណាញ់។ នៅទីនោះជាតំបន់ការពារព្រៃធម្មជាតិ ហេតុអីបានគេកាប់ព្រៃធម្មជាតិយកដីទៅបង្កើតជាថ្នាលបណ្ដុះកូនឈើ និងធ្វើសួនចិញ្ចឹមសត្វ ព្រោះតំបន់ព្រៃនោះ ជាតំបន់មានសត្វព្រៃស្រាប់ទៅហើយ។
ថ្មីៗនេះខ្ញុំបានជួបជាមួយអាជ្ញាធរមូលដ្ឋានខេត្តប៉ៃលិន ខ្ញុំបានសុំឲ្យពួកគេឈប់ការកាប់ព្រៃនោះជាបន្តទៀត។ ខ្ញុំបានសុំឲ្យប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បើកសិក្ខាសាលាមួយដើម្បីធ្វើបទបង្ហាញឲ្យបានច្បាស់លាស់ជុំវិញបញ្ហានេះ។ ខ្ញុំយល់ថា រដ្ឋអំណាចមូលដ្ឋាន ពួកគេពុំបានចុះទៅត្រួតពិនិត្យ តំបន់ដែលគេអភិវឌ្ឍន៍នោះទេ។
ឈរលើស្មារតីនៃកិច្ចប្រជុំមួយរវាងរូបខ្ញុំនិងមន្ត្រីបរិស្ថានខេត្តប៉ៃលិន គឺបានព្រមព្រៀងគ្នាថា នឹងបញ្ឈប់ការកាប់ព្រៃឈើនោះ ហើយងាកទៅធ្វើបទបង្ហាញជាលក្ខណៈផ្លូវការ ដើម្បីឲ្យដឹងថា ការងារនោះត្រូវធ្វើយ៉ាងម៉េច ប៉ុន្តែពួកគេនៅតែបន្តកាប់ព្រៃឈើនៅទីនោះដដែល។ រូបខ្ញុំផ្ទាល់មានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់លើក្រសួងបរិស្ថាន ខ្ញុំនឹងយកបញ្ហានេះទៅជួបពិភាក្សារកដំណោះស្រាយរឿងនេះ ដើម្បី យកកន្លែងដែលពួកគេកំពុងអភិវឌ្ឍន៍ក្នុងតំបន់ការពារនេះចេញពីតំបន់ព្រៃការពារសំឡូត។
កន្លងមកនេះខ្ញុំធ្លាប់បានដឹងថា ឯកឧត្ដម ស ខេង លោកបានជួយទៅដល់សកលវិទ្យាល័យបាត់ដំបង បង្កើតមន្ទីរពិសោធន៍លើការងារកសិកម្ម។ ពួកគេធ្វើបានល្អណាស់! ហើយពុំបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិទេ ព្រោះគេធ្វើកសិកម្មនៅតំបន់ផ្សេងដែលពុំមែនជាតំបន់ព្រៃការពារ។ អង្គការ MJP តែងតែមានផែនការក្នុងការជួយខាងទឹកដីខេត្តប៉ៃលិន ក្នុងការបង្កើតតំបន់កសិកម្មនេះ។
សំណួរ៖ តាមការដឹងឮចំពោះលិខិតស្នើសុំដី ៣០ហិកតារ របស់មន្ទីរបរិស្ថានខេត្តប៉ៃលិននេះ តើរូបលោក ក៏ដូចជា MJP មានបានផ្ដល់ដំណឹងទៅខាងរដ្ឋមន្ត្រីបរិស្ថានហើយឬនៅ? បើបានផ្ដល់ហើយ តើខាងក្រសួងបរិស្ថានមានការឆ្លើយតបយ៉ាងម៉េចដែរ?
ចម្លើយ៖ ប្រាកដណាស់! តាំងពីខ្ញុំទទួលបានលិខិតនោះមក ខ្ញុំបានទាក់ទងទៅលោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថានភ្លាមៗនៅពេលនោះ។ លោក ម៉ុក ម៉ារ៉េត បានឆ្លើយតបថា ក្រសួងបរិស្ថានពុំទាន់បានផ្ដល់ការយល់ព្រមលើគម្រោងនោះទេ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធទាំងអស់គួរតែមកជួបគ្នាដើម្បីដោះស្រាយបញ្ហានេះ។
សំណួរ៖ ដោយឡែកខាងអង្គការ MJP វិញ រហូតមកដល់ពេលនេះ តើមានគម្រោងដោះស្រាយបញ្ហានេះយ៉ាងម៉េចដែរ?
ចម្លើយ៖ បាទ! បញ្ហានេះ MJP មានដំណើរការហើយ។ ទី១ យើងនឹងអញ្ជើញខាងមន្ត្រីបច្ចេកទេសក្រសួងបរិស្ថាន ចុះទៅត្រួតពិនិត្យផ្ទាល់នៅតំបន់នោះ បន្ទាប់មកអាចជជែកគ្នាជាបច្ចេកទេស ថាតើយើងត្រូវជួយរំដោះកម្មវិធីដែលធ្វើនៅក្នុងតំបន់ការពារនោះចេញពីតំបន់ការពារយ៉ាងម៉េច? ពីព្រោះយើងដឹងថា មានតំបន់ជាច្រើនទៀតក្រៅពីតំបន់ព្រៃការពារដែលគេអាចផ្លាស់ប្ដូរទៅទីនោះបាន។
យើងដឹងស្រាប់ហើយ ខេត្តប៉ៃលិន មានតែព្រៃឈើ ឋិតនៅតំបន់ការពារសំឡូតហ្នឹងប៉ុណ្ណោះ តែបើអស់ព្រៃហ្នឹង ខេត្តប៉ៃលិនពុំសល់ព្រៃទៀតទេ។ ដូច្នេះយើងខិតខំធ្វើយ៉ាងណាដើម្បីជួយរំដោះគម្រោងនេះអោយចេញផុតពីព្រៃការពារ។ អង្គការ MJP បានធ្វើការអភិរក្សព្រៃឈើនេះ ១០ឆ្នាំមកហើយ ដូច្នេះយើងមានបទពិសោធន៍គ្រប់គ្រាន់ទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើ។ យើងអាចមានជំនួយបច្ចេកទេសជួយដល់ពួកគេជុំវិញបញ្ហានេះ។
សំណួរ៖ ខាងអង្គការ MJP ចង់ឲ្យមានការផ្លាស់ទីតាំងគម្រោងទៅកន្លែងផ្សេង ចុះបើសិនពុំអាចរកទីតាំងថ្មីនោះបាន ហើយខាងមន្ទីរបរិស្ថាននៅតែជម្នះយកដី ៣០ហិកតារនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតនោះដដែល តើអង្គការអាចបញ្ឈប់គម្រោងនេះ ឬនៅបន្ត?
ចម្លើយ៖ សំណួរនេះជាសំណួរដ៏ល្អមួយ។ ខ្ញុំគិតថា បើសិនគេនៅតែធ្វើនៅតំបន់ហ្នឹងទៀត ខ្ញុំមានអារម្មណ៍ថា គេពិតជាបានធ្វើនូវគម្រោងមួយដែលប្រកបទៅដោយការបំផ្លាញបរិស្ថាន ពីព្រោះសកម្មភាពទាំងនោះផ្ទុយទៅនឹងច្បាប់បរិស្ថាន ហើយខុសទីតាំងទាំងស្រុង។ ព្រៃមួយចំនួនតួចដែលនៅសល់ហ្នឹងហើយដែលជាតំបន់ព្រៃការពារ ជាទ្រព្យសម្បត្តិព្រៃឈើចុងក្រោយរបស់ខេត្តប៉ៃលិន។ ខ្ញុំបានដឹងថា នៅមានតំបន់ដែលអស់ព្រៃជាច្រើនទៀត ឋិតនៅក្រៅតំបន់ការពារដែលគេអាចអនុវត្តគម្រោងបាន។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានសង្ឃឹមជឿជាក់នៅពេលដែលភាគីពាក់ព័ន្ធទាំងអស់មកជួបជុំធ្វើការជាមួយគ្នា ទៅពិនិត្យដល់កន្លែង។ ខ្ញុំគិតថា ដំណោះស្រាយដ៏ល្អមួយនឹងកើតមានឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
