តុលាការខេត្តកោះកុង បានបញ្ជូនខ្លួន លោក វ៉ែន វ៉ន តំណាងសហគមន៍តំបន់អារ៉ែង ឃុំជំនាប់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីតុលាការខេត្តនេះបានកោះឲ្យចូលខ្លួនមកបំភ្លឺលើបទចោទចំនួនពីរករណី កាលពីព្រឹកថ្ងៃពុធ ទី៧ ខែតុលា។
មន្ត្រីសង្គមស៊ីវិល បានចាត់ទុកការឃុំខ្លួនតំណាងសហគមន៍តំបន់អារ៉ែង របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង ពេលនេះ ថាមានភាពអយុត្តិធម៌ និងជាសារគំរាមកំហែង។
ប្រជាពលរដ្ឋខេត្តកោះកុង មានគ្នាប្រមាណជិត ៥០នាក់ ដែលឈររង់ចាំស្ដាប់លទ្ធផលនៃការចូលបំភ្លឺរបស់លោក វ៉ែន វ៉ន តំណាងសហគមន៍តំបន់អារ៉ែង ទៅតាមដីកាបង្គាប់របស់តុលាការ បានស្រែកទ្រហោយំនៅពីមុខបរិវេណតុលាការ នៅពេលរថយន្តប៉ូលិសដឹកលោក វ៉ែន វ៉ន ចេញពីសាលាដំបូងខេត្តកោះកុង ទៅឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តនេះ នៅម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃពុធ ទី៧ ខែតុលា។
ក្រុមប្រជាពលរដ្ឋដែលភាគច្រើនមានដើមកំណើតជនជាតិជង បាននិយាយរៀបរាប់ក្នុងសំឡេងយំខ្សឹកខ្សួលដោយចាត់ទុកការឃុំខ្លួនតំណាងពួកគេ គឺលោក វ៉ែន វ៉ន របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង ថាមានភាពអយុត្តិធម៌បំផុត ព្រោះតំណាងពួកគាត់ជាមនុស្សស្លូតត្រង់ និងមិនបានប្រព្រឹត្តល្មើសដូចតុលាការចោទទេ។ ផ្ទុយទៅវិញ លោក វ៉ែន វ៉ន គឺជាតំណាងឲ្យជនជាតិជង នៅតំបន់អារ៉ែង ដែលចេញមុខការពារបរិស្ថាន ព្រៃឈើ មិនឲ្យជនល្មើស បំផ្លាញ និងប្រឆាំងផែនការអភិវឌ្ឍន៍វារីអគ្គិសនីតំបន់ជ្រលងភ្នំតំបន់អារ៉ែង របស់រដ្ឋាភិបាលកន្លងមក៖ «ជួយរកយុត្តិធម៌ដល់ពួកខ្ញុំផង»។
ទាក់ទិនបញ្ហានេះ លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តកោះកុង ឲ្យដឹងថា តុលាការបានចោទលោក វ៉ែន វ៉ន ចំនួនពីរបទល្មើស គឺទាក់ទងប្រមូលផលអនុផលព្រៃឈើ គ្មានការអនុញ្ញាត និងលុបបំបាត់វត្ថុតាង៖ «តាមពិត លោក វ៉ែន វ៉ន ហ្នឹង គាត់បានទិញឈើមកសង់ទីស្នាក់ការសហគមន៍ក្នុងមូលដ្ឋានគាត់សម្រាប់ធ្វើការងារ ហើយឈើ ឬទីស្នាក់ការដែលសាងសង់ឡើងនេះ គឺនៅទីតាំងដើមហ្នឹងទេ មានអ្នកណាទៅលុបបំបាត់ភស្តុតាងដូចតុលាការចោទទេ»។
បន្ថែមលើនេះ លោក អ៊ិន គង់ជិត បានចាត់ទុកការសម្រេចឃុំខ្លួន លោក វ៉ែន វ៉ន តំណាងសហគមន៍អារ៉ែង ដែលមានដើមកំណើតជាជនជាតិជង និងជាតំណាងឲ្យជនជាដើមភាគតិចជង នៅឃុំជំនាប់ ស្រុកថ្មបាំង របស់តុលាការខេត្តកោះកុង ថាជាការគំរាមកំហែង៖ «លោក វ៉ែន វ៉ន កន្លងមកតែងតែបានដឹកនាំសហគមន៍រួមគ្នាជាមួយ លោក អាឡិច ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ ដើម្បីការពារតំបន់ជ្រលងភ្នំអារ៉ែង ឲ្យជៀសផុតពីគម្រោងស្ថាបនាទំនប់វារីអគ្គិសនីដែលរដ្ឋាភិបាលប៉ុនប៉ងស្ថាបនាកន្លងមក ប៉ុន្តែមិនបានសម្រេច»។
បញ្ហានេះដែរ លោក គឹម រី ស្ថាបនិកនៃអង្គការចលនាមាតាធម្មជាតិ មានការសោកស្ដាយដែលតុលាការខេត្តកោះកុង សម្រេចឃុំខ្លួនលោក វ៉ែន វ៉ន តំណាងសហគមន៍តំបន់អារ៉ែង ដោយសារទិញឈើមកសាងសង់ទីស្នាក់ការធ្វើការរបស់ខ្លួនក្នុងមូលដ្ឋាន។ លោកមានចម្ងល់ថា បទល្មើសព្រៃឈើដែលកំពុងកើតឡើងស្ទើរជារៀងរាល់ថ្ងៃ នៅខេត្តកោះកុង ហេតុអ្វីបានជាអាជ្ញាធរ ឬតុលាការមិនចាប់ជនប្រព្រឹត្តល្មើសមកផ្ដន្ទាទោស ប៉ុន្តែបែរជាទៅចាប់អ្នកហ៊ានចេញមុខតវ៉ា ឬការពារធនធានធម្មជាតិ និងបរិស្ថានមិនឲ្យបាត់បង់ទៅវិញ។
លោក វ៉ែន វ៉ន មានអាយុ ៣៦ឆ្នាំ រស់នៅភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ត្រូវតុលាការសាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តនេះ ក្រោយពេលរូបលោកបានចូលខ្លួនមកបំភ្លឺទៅតាមដីកាបង្គាប់របស់តុលាការ កាលពីព្រឹកថ្ងៃទី៧ ខែតុលា។ ដីកាបង្គាប់មានបោះត្រា និងចុះហត្ថលេខា លោក មីន មករា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង បានចោទលោក វ៉ែន វ៉ន ពីបទប្រមូលផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតតាមបញ្ញត្តិមាត្រា ៩៨ នៃច្បាប់ស្ដីពីព្រៃឈើ និងបទលុបបំបាត់វត្ថុតាងតាមបញ្ញត្តិមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពេលសាកសួរពេញមួយព្រឹក លោក វ៉ែន វ៉ន ត្រូវលោក មីន មករា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តកោះកុង នៅម៉ោងជិត ១២ថ្ងៃត្រង់ ទី៧ ខែតុលា។
បញ្ហាស្រដៀងគ្នានេះ កាលពីថ្ងៃទី១៧ ខែសីហា តុលាការខេត្តកោះកុង ក៏បានចាប់ខ្លួនសមាជិកអង្គការចលនាមាតាធម្មជាតិចំនួន ៣នាក់ ដាក់ពន្ធនាគារ ដោយចោទពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ ខណៈពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋក្នុងឃុំកណ្ដោល និងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ កាលពីថ្ងៃទី១៧ ខែសីហា ដើម្បីប្រឆាំងសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន។ យុវជនទាំង ៣នាក់មានឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ឹម សំណាង ត្រូវបានតុលាការបញ្ជូនដាក់ពន្ធនាគាររហូតដល់សព្វថ្ងៃមិនទាន់ដោះលែងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។