ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​បារម្ភ​បាត់បង់​ធនធាន​ធម្មជាតិ

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ដា ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បាន​សម្ដែង​ក្ដី​បារម្ភ​ខ្លាច​បាត់​បង់​ធន​ធាន​រ៉ែ ព្រៃ​ឈើ និង​ទី​គោរព​សក្ការបូជា​របស់​អ្នក​ភូមិ​នៅ​ទូទាំង​ឃុំ។ ពួកគាត់​បញ្ជាក់​ថា កម្មករ​ជនជាតិ​វៀតណាម និង​ខ្មែរ ២​ក្រុម មាន​គ្នា​ជាង ២០​នាក់ ប្រដាប់​ដោយ​ឧបករណ៍​ស្ទង់​ដី​ដែក​ត្បែង និង​ចប​ជាដើម កំពុង​ធ្វើ​សកម្មភាព​ជីក និង​ស្ទង់​រក​រ៉ែ​នៅ​លើ​ភ្នំ​ដា ត្រង់​ចំណុច​ភ្នំ​ទូក មាស​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៥ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៤ ទៀត។

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ឃុំ​ដា រួម​ទាំង​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តំបន់​នោះ​ផង បាន​សម្ដែង​ក្ដី​បារម្ភ​ខ្លាច​បាត់​បង់​សម្បត្តិ​ធម្មជាតិ ក៏​ប៉ុន្តែ​មិន​ហ៊ាន​បញ្ចេញ​មតិ ឬ​ជំទាស់​ទៅ​នឹង​ការ​រុក្ខ​រក​រ៉ែ​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ សុវណ្ណ​គិរី ឡើយ ពី​ព្រោះ​ខ្លាច​មាន​ការ​គាប​សង្កត់​ពី​សំណាក់​អាជ្ញាធរ និង​អ្នក​មាន​អំណាច។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ថា ប្រជាពលរដ្ឋ​បាន​ជួប​ជុំគ្នា និង​និយាយ​តៗ​គ្នា​ពី​បញ្ហា​ធនធាន​រ៉ែ ព្រៃ​ឈើ និង​ទី​សក្ការបូជា​របស់​ពួកគាត់​មិន​ដាច់​ពី​មាត់ ក្រោយ​ពី​បាន​ឃើញ​សកម្មភាព​រុក​រក​រ៉ែ​នេះ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ទាំង ៥​ភូមិ នៃ​ឃុំ​ដា តែង​តែ​ទៅ​រក​អនុផល​ព្រៃឈើ ដូច​ជា ជ័រ វល្លិ និង​អុស​ដុត​ជា​ដើម​នៅ​លើ​ភ្នំ​នោះ៖ «ប្រជាពលរដ្ឋ​នៅ​ទូទាំង​ភូមិ​ឃុំ​នេះ មួយ​ចំនួន​ធំ​ដែល​គេ​និយាយ​ជា​មួយ​ខ្ញុំ តែ​គេ​មិន​ហ៊ាន​ចេញ​មុខ តែ​ខ្ញុំ​ហ៊ាន​ចេញ​មុខ​តែ​បី​នាក់ ឬ ៤​នាក់​ទេ។ ខ្ញុំ​ចេញ​មុខ​ខ្ញុំ​ឡើង​ទៅ​ដល់​បណ្ដោយ ដល់​ពេល​ទៅ​ដល់​ឃើញ​មាន​កញ្ច្រែង​រែង​មាស ឃើញ​ដែក​ត្បែង​ជីក​គាស់​យក​រ៉ែ​ហ្នឹង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​ដា លោក ជឹម ចុន មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ភូមិ-​ឃុំ បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ឃុំ​រួច​ហើយ មុន​នឹង​មាន​អ្នក​ជំនាញ និង​កម្មករ​ចុះ​មក​ស្រាវ​ជ្រាវ​រក​ប្រភព​រ៉ែ​នៅ​លើ​ភ្នំ​ដា​នេះ ហើយ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ប្រតិកម្ម​នឹង​គម្រោង​នេះ​ឡើយ៖ «គេ​មក​តែ​បី​មួន​ប្រាំ​នាក់។ មាន​បាត់​អី គឺ​គ្រាន់​តែ​រុក​រក។ តាម​រយៈ​មេ​ឃុំ មេ​ភូមិ​ផ្សព្វផ្សាយ​បន្ត»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក រស់ ថ្លែង​ថា ក្រុមហ៊ុន​រុក​រក​រ៉ែ​របស់​ខ្មែរ​មួយ​ឈ្មោះ សុវណ្ណគិរី បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កាល​ពី​ចុង​ឆ្នាំ​២០១៣ ដើម្បី​រុក​រក​រ៉ែ​គ្រប់​ប្រភេទ នៅ​តំបន់​ភ្នំ​ទូក​មាស ឬ​ទឹកជ្រោះ​អូរដា សាលា​ទូក​មាស។

លោក​បញ្ជាក់​ថា ដំណាក់​កាល​នេះ គឺ​គ្រាន់​តែ​ជា​ការ​សិក្សា​ស្រាវជ្រាវ​ប៉ុណ្ណោះ ហើយ​នឹង​ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ដល់​ប្រជា​ពលរដ្ឋ​ឡើយ បើ​ទោះ​បី​ជា​គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត៖ «កន្លែង​សក្ការៈ​កន្លែង​ទី​គោរព​បូជា វត្តអារាម ផ្ទះ​សម្បែង និង​ដំណាំ​កម្មសិទ្ធិ​អី​ផ្សេងៗ គឺ​ហាម​ប៉ះពាល់​ដាច់​ខាត។ ការ​ស្វែង​រុករក​នេះ​ដោយ​មាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​ដើម្បី​ស្វែង​រុក​រកៗ ឃើញ​ហើយ​ត្រូវ​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​វិញ មិន​មែន​រុក​រក​ហើយ ក្រុមហ៊ុន​ហ្នឹង​យក​ហើយ ធ្វើ​អី​ស្រេច​ចិត្ត​ទេ»

ក្រុម​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ទីតាំង​ដែល​កម្មករ​ខ្មែរ​និង​វៀតណាម កំពុង​តែ​រុក​រក​រ៉ែ​នោះ គឺ​ស្ថិត​នៅ​ក្នុង​បរិវេណ​នៃ​ទឹកជ្រោះ​អូរដា ដែល​ជា​តំបន់​ទេសចរ​ពេញ​និយម​មួយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក។ តំបន់​នេះ​ត្រូវ​បាន​គេ​ដឹង​តៗ​គ្នា​ថា ជា​តំបន់​សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ រ៉ែ​មាស និង​ត្បូង​ជា​ច្រើន​​ប្រភេទ។ ពួកគាត់​បន្ត​ថា ប្រសិន​បើ​គម្រោង​របស់​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​អនុវត្ត​ពិត​មែន​នោះ ទី​សក្ការបូជា​របស់​ពួកគាត់​អាច​នឹង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទីតាំង ឬ​មាន​ការ​ហាម​ឃាត់​លែង​ឲ្យ​អ្នក​ភូមិ​ទៅ​រក​អុស ឬ​បោច​វល្លិ​បន្ត​ទៀត​នៅ​លើ​ភ្នំ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕