អ្នក​ខេត្ត​កំពង់ឆ្នាំង​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់

0:00 / 0:00

អាកាស​ធាតុ​ក្ដៅ​ខ្លាំង និង​គ្មាន​ភ្លៀង​ធ្លាក់​កក់ខែ​នៅ​ឆ្នាំ​នេះ កំពុង​បង្ក​ការ​លំបាក​កាន់តែខ្លាំង​ដល់​ការ​រស់​នៅ​របស់​មនុស្ស និង​សត្វ។ ប្រភព​ទឹក​បឹង អូរ ព្រែក និង​អណ្ដូង​លូ ដែល​ពលរដ្ឋ​រស់នៅ​តាម​ជនបទ​ធ្លាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ត្រូវ​រីង​ស្ងួត​ដោយសារ​បញ្ហា​អាកាសធាតុ​នេះ។ នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង មាន​ពលរដ្ឋ​ជា​ច្រើន​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​សម្រាប់​គោក្របី​ផឹក។

ពលរដ្ឋ​ស្ទើរ​គ្រប់​ឃុំ នៃ​ស្រុក​បរិបូរណ៍ ខ្វះ​ទឹក​ប្រើប្រាស់​តាំង​ពី​អំឡុង​ខែ​មីនា ឆ្នាំ​២០១៦ បន្ទាប់​ពី​ទឹក​ស្ទឹង​បរិបូរណ៍​រីង​រាក់ និង​ទឹក​អណ្ដូង​ស្នប់ ឬ​ដាក់​លូ​លែង​ចេញ​ទឹក។ បច្ចុប្បន្ន​អ្នក​ភូមិ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង ហើយ​បង្ខំ​ចិត្ត​ទិញ​ទឹក​មិន​សូវ​មាន​អនាម័យ​ដែល​គេ​ដឹក​លក់​តាម​ឡាន ឬ​គោយន្ត​ដែល​បូម​ចេញ​ពី​បឹង ឬ​ត្រពាំង​តាម​តំបន់​ទំនាប​នៃ​ស្រុក​នេះ ដើម្បី​យក​មក​ប្រើ​ប្រាស់​ដោយ​សន្សំសំចៃ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ក្បាលថ្នល់ នៃ​ឃុំ​ផ្សារ គឺ​លោកស្រី ប៊ិន ហឹម មាន​ប្រសាសន៍​ថា អណ្ដូង​យោង​ជម្រៅ ១២​លូ ដែល​គាត់​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៩២ ហើយ​ធ្លាប់​ប្រើ​ប្រាស់​ពេញ​មួយ​ឆ្នាំៗ​នោះ ទើប​រីង​ឃើញ​បាត​ដី​នៅ​រដូវ​ប្រាំង​ឆ្នាំ​នេះ។ សព្វ​ថ្ងៃ​លោកស្រី​ទិញ​ទឹក​ដែល​គេ​ដឹក​លក់​តាម​ឡាន និង​សម្រេង​ទឹក​ពី​ក្នុង​អណ្ដូង​ខ្លះ​ដើម្បី​ប្រើ​ផ្សំ​គ្នា ប៉ុន្តែ​មិន​ដែល​បោក​ខោអាវ ឬ​ងូត​ទឹក​ខ្ជះខ្ជាយ​នោះ​ឡើយ៖ «...ទើប​មក​ពី​ដង​ទឹក​នៅ​អណ្ដូង​ផ្ទះ​ប្អូន ព្រោះ​អណ្ដូង​ខ្លួន​ឯង​រីង។ ខំ​សន្សំសំចៃ​អត់​ហ៊ាន​ប្រើ​ច្រើន គ្រាប់​តែ​សម្រាប់​ងូត និង​ដាំ​បាយ»

លោកស្រី​បញ្ជាក់​ថា ទឹក​សម្រាប់​ងូត បោក​ខោអាវ គោ​ផឹក និង​ដាំ​ស្ល​ជាដើម កំពុង​ខ្វះខាត​ខ្លាំង ប៉ុន្តែ​ចំពោះ​ទឹក​ផឹក​វិញ​មិន​សូវ​លំបាក​ចំពោះ​ពលរដ្ឋ​ទេ ព្រោះ​នៅ​តាម​ផ្ទះ​ភាគ​ច្រើន​មាន​ធុង​ចម្រោះ។ ត្បិត​នៅ​ក្នុង​មូលដ្ឋាន​គាត់​មិន​ទាន់​មាន​បណ្ដាញ​ទឹក​ស្អាត​ប្រើប្រាស់ ប៉ុន្តែ​គ្រួសារ​គាត់​បាន​យក​ទឹក​ដែល​ទិញ​តាម​ឡាន ឬ​ទឹក​ដែល​សម្រេង​ចេញ​ពី​អណ្ដូង​នោះ​មក​ចាក់​ចូល​ធុង​សម្រោះ ឬ​ដាំ​ឲ្យ​ពុះ​ទើប​ផឹក។

ចំណែក​ពលរដ្ឋ​ទៀត​ម្នាក់​រស់​នៅ​ភូមិ​ស្រះកែវ ឃុំ​មេលំ លោក ប៊ន សុភាព ឲ្យ​ដឹង​ថា លោក និង​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ទៀត ប្រើ​ទឹក​ទិញ​ពី​តាម​ឡាន ឬ​គោយន្ត​អស់​រយៈ​ពេល​ជាង ១​ខែ​ហើយ។ ទឹក​ដែល​មាន​ចំណុះ​ប្រហែល ១២០​លីត្រ តម្លៃ ១​ម៉ឺន​រៀល ហើយ​ក្នុង​មួយ​ខែៗ​លោក​ចំណាយ​លុយ​ទិញ​ទឹក​ជាង ១០​ម៉ឺន​រៀល។ ខែ​ខ្លះ​លោក​ទៅ​ដងទឹក​ពី​រណ្ដៅ​គ្រឿង​ចក្រ​កាយ​នៅ​ក្បែរ​ភូមិ​មក​ប្រើ​ដែរ៖ «ខ្វះ​ខាត​ទឹក​ច្រើន សម្រាប់​ប្រើប្រាស់​ដូច​ជា ងូត​អី​ហ្នឹង! ជួនកាល​យើង​អាច​ទៅ​ដង​ទឹក​ស្រះ (មក​ប្រើ​បន្ថែម) តែ​ទឹក​ស្រះ​មិន​សូវ​ល្អ។ យើង​ប្រើ​ប្រាស់​សន្សំសំចៃ​ដូច​ងូត​មិន​បាន​បរិបូរណ៍ ងូត​ចាក់​តែ​ពីរ ឬ​បី​ផ្តិល​ទៅ»

អណ្ដូង​ទឹក​របស់​អ្នក​ភូមិ​ក្បាលថ្នល់ ក្នុង​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦
អណ្ដូង​ទឹក​របស់​អ្នក​ភូមិ​ក្បាលថ្នល់ ក្នុង​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦ (RFA/Chin Chetha)

ទាក់ទង​បញ្ហា​នេះ​អភិបាល​ស្រុក​បរិបូរណ៍​លោក ឃួន សៅរុំ ថ្លែង​ថា ឃុំ​ចំនួន ១១ នៃ​ស្រុក​បរិបូរណ៍ ស្ទើរ​ខ្វះខាត​ទឹក​ប្រើប្រាស់​ទឹក​ទាំង​អស់ ប៉ុន្តែ​ពុំ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​អណ្ដូង​នៅ​តាម​ផ្ទះ​មួយ​ចំនួន​នៅ​អាច​ប្រើ​កើត។ លោក​ថា បច្ចុប្បន្ន​នៅ​ស្រុក​បរិបូរណ៍ មិន​ទាន់​មាន​បណ្ដាញ​ទឹក​ស្អាត​ប្រើ​នោះ​ទេ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​គ្រប់​ផ្ទះ​មាន​ធុង​ចម្រោះ​ទឹក​ស្អាត​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា៖ «ក្នុង​រដូវ​ប្រាំង​នេះ​បងប្អូន​យើង​មាន​ការ​ខ្វះ​ខាត ប៉ុន្តែ​យើង​បាន​ជួយ​រំលែក​ទុក្ខ ឬ​ចលនា​ឲ្យ​ក្រុម​ការងារ​យើង​ដឹក​ទឹក​ពី​កន្លែង​ដែល​មាន​ទៅ​ជួយ​គាត់​សម្រាប់​ប្រើប្រាស់។ គាត់​មាន​អណ្ដូង​គ្រប់ៗ ផ្ទះ​ហើយ តែ​អណ្ដូង​ហ្នឹង​វា​រីង​ហ្មង ហើយ​មាន​ចំនួន​តូច​អាច​ប្រើ​ប្រាស់​បាន។ នៅ​ក្នុង​ភូមិ​គាត់​នីមួយៗ មាន​អ្នក​បង្កើត​មុខរបរ​លក់​ទឹក ប៉ុន្តែ​មិន​ថ្លៃ​ធូរ​ថ្លៃ​ល្មម​អាច​យក​បាន​ទាំង​អស់​គ្នា»

ពលរដ្ឋ​រស់នៅ​តំបន់​ខ្ពង់រាប នៃ​ស្រុក​ទឹកផុស ស្រុក​សាមគ្គីមានជ័យ និង​ស្រុក​បរិបូរណ៍ ក្នុង​ខេត្ត​កំពង់ឆ្នាំង កំពុង​ខ្វះ​ទឹក​ប្រើប្រាស់​ដែរ ហើយ​សត្វ​ក្របី​ខ្លះ​បាន​ឈឺ​ងាប់ បន្ទាប់​ពី​លែង​ចូល​ព្រៃ​អត់​ទឹក​ផឹក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ប្រកាស​បើក​យុទ្ធនាការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់ ដោយ​ប្រើ​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​បើក​ឡាន​ទឹក និង​ឡាន​ពន្លត់​អគ្គីភ័យ​គ្រប់​ប្រភេទ ដើម្បី​យក​ទឹក​ទៅ​ចែក​ជូន​ពលរដ្ឋ។ លោក​ក៏​អំពាវនាវ​ដល់​សប្បុរសជន ឬ​ស្ថាប័ន​ឯកជន​ជួយ​លើ​ការងារ​សង្គ្រោះ​នេះ។

លោក ហ៊ុន សែន បន្ថែម​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ទម្លាក់​កញ្ចប់​ថវិកា​បន្ថែម​ដល់​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ក្នុង​ស្ថានភាព​ពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ លោក​ថា តាម​ការ​ព្យាករ ទាល់តែ​ដល់​ខែ​មិថុនា ឆ្នាំ​២០១៦ ទើប​មាន​ភ្លៀង​ធ្លាក់ ដូច្នេះ​នេះ​ពេល​វេលា​មួយ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ត្រូវ​ជួយ​ពលរដ្ឋ៖ «សូម​យក​ចិត្ត​ទុកដាក់ ជា​ពិសេស​ទៅ​លើ​ស្ត្រី​មេម៉ាយ ចាស់​ជរា និង​ជន​ពិការ ​ដែល​គាត់​អត់​មាន​លទ្ធភាព​មក​ទទួល​ទឹក​ពី​យើង ត្រូវ​នាំ​ទឹក​នេះ​ទៅ​ផ្ទះ​របស់​គាត់ បើ​គាត់​ខ្វះ​ពាង​យើង​ជួយ​ទិញ​ពាង​ឲ្យ​គាត់​ដើម្បី​ស្ដុក​ទឹក»

បញ្ហា​គ្រោះ​រាំង​ស្ងួត ឬ​ការ​ប្រែប្រួល​អាកាសធាតុ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បណ្ដាល​មក​ពី​អស់​ព្រៃ​ឈើ កំណើន​ចំនួន​មនុស្ស និង​ការ​សាយភាយ​ជាតិ​ពុល​ពី​យានយន្ត​ទៅ​លើ​អាកាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។