ប្រជាពលរដ្ឋនៅស្រុកចំនួនពីរ គឺស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ក្នុងខេត្តកំពង់ចាម បានសម្ដែងការសោកស្ដាយចំពោះវិនាសកម្មព្រៃលិចទឹកអស់រាប់ពាន់ហិកតារ។ ប្រជាពលរដ្ឋអះអាងថា មិនមានអាជ្ញាធរណាចេញមុខដោះស្រាយឱ្យប្រជាពលរដ្ឋបានស្ងប់ចិត្តនោះទេ បន្ទាប់ពីអាជ្ញាធរចេះតែសន្យាថានឹងដោះស្រាយដដែលៗ តែមិនឃើញមានការអនុវត្តនោះឡើយ។ បញ្ហានេះ អាជ្ញាធរបញ្ជាក់ថា ក្រុមហ៊ុនដែលបានឈូសឆាយដីព្រៃលិចទឹកនោះ គឺធ្វើដោយស្របច្បាប់ ដើម្បីធ្វើទំនប់ទឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់។
ប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅតែទន្ទឹងរង់ចាំចំណាត់ការរបស់អាជ្ញាធរ ដែលពាក់ព័ន្ធក្នុងការទប់ស្កាត់ការឈូសឆាយដីព្រៃលិចទឹកអស់រាប់ពាន់ហិកតារ ពីសំណាក់អ្នកដែលមានអំណាច។ ការទន្ទឹងរបស់ពួកគាត់ តាមការសន្យារបស់អាជ្ញាធរដែលពាក់ព័ន្ធ ថានឹងទៅដោះស្រាយបញ្ហានេះ ប៉ុន្តែនៅតែមិនមានដំណឹង ចំណែកខាងក្រុមហ៊ុននៅតែបន្តយកឧបករណ៍របស់ខ្លួនឈូសឆាយជាហូរហែ។
តំណាងប្រជាពលរដ្ឋម្នាក់រស់នៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម លោក ម៉ែន វន់ មានប្រសាសន៍ថា ពួកគាត់នៅតែរង់ចាំការដោះស្រាយពីសំណាក់អាជ្ញាធរ ដើម្បីទប់ស្កាត់ការឈូសឆាយដីព្រៃលិចទឹកនោះ៖ «ចង់និយាយថា ពីដើមឡើយ គេមកផ្ដិតមេដៃដើម្បីសុំមេដៃពីប្រជាពលរដ្ឋ ថាធ្វើទំនប់ពន្លិចសណ្ដាន់ តែមិនធ្វើទំនប់ពន្លិចសណ្ដាន់ ទេ តែបែរជាឈូសឆាយដីព្រៃលិចទឹកអស់រលីងទៅហើយ។ ហើយផ្លាកដែលដាក់នៅមុខវត្តប្រផាត់ នេះហាមឈូសឆាយព្រៃលិចទឹក តើផ្លាកនោះមានអត្ថន័យយ៉ាងដូចម្តេចដែរ»។
លោកបន្តថា ពីដំបូងប្រជាពលរដ្ឋបានស្នើសុំឱ្យមានការធ្វើទំនប់ ដើម្បីរក្សាទឹកសម្រាប់ធ្វើស្រែប្រាំង ប៉ុន្តែនៅពេលដែលបុគ្គលិកក្រុមហ៊ុនចម្ការកៅស៊ូ តាប៉ាវ មកធ្វើការឈូសឆាយនោះ បែរជាខុសពីអ្វីដែលប្រជាពលរដ្ឋចង់បានទៅវិញ គឺបែរជាឈូសដីព្រៃលិចទឹកនៅក្នុងបឹង ចំណែកទំនប់នៅមិនទាន់បានធ្វើដដែល។ លោកបន្តថា ក្នុងច្បាប់ជលផលបានដាក់បម្រាមហាមឃាត់មិនឱ្យជនណាទៅកាប់ ឬឈូសឆាយដីព្រៃលិចទឹក ដែលជាជម្រកត្រីពងយ៉ាងសំខាន់ ប៉ុន្តែច្បាប់ដាក់ហាមឃាត់នោះ គឺដាក់ទោសទណ្ឌបានចំពោះតែអ្នកក្រប៉ុណ្ណោះ។
ចំណែកប្រជាពលរដ្ឋនៅឃុំទួលស្នួល ក្នុងស្រុកក្រូចឆ្មារ វិញ លោក ឈឺន វន់ បានមានប្រសាសន៍ថា ខាងលោកបានដាក់ពាក្យបណ្ដឹងមកអាជ្ញាធរឃុំជាច្រើនលើកច្រើនសា ប៉ុន្តែមិនមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ដំណឹងនៃការឈូសឆាយនេះ ក៏បានឮដល់ថ្នាក់ដឹកនាំខេត្ត ប៉ុន្តែបានត្រឹមតែជាការសន្យាខ្យល់ក្នុងការដោះស្រាយ៖ «ការសន្យានេះ សន្យាហើយ អត់មានប្រសិទ្ធភាពអីសោះ ហើយពួកខ្ញុំមិនដឹងថាទៅណាទៀតដែរ។ ហើយរឿងរ៉ាវហ្នឹង ខ្ញុំមើលឃើញថា ព្រៃកាន់តែបាត់ទៅៗ ហើយការឈូសឆាយកាប់បំផ្លាញព្រៃឈើដូចមិត្តម្នាក់គាត់បានមានប្រសាសន៍មិញហើយ មិនត្រឹមតែប៉ះពាល់ព្រៃធំធេងល្ហល្ហេវទេ។ ធម្មតាការឈូសឆាយហ្នឹងវាលុបបឹងខ្ទេចខ្ទីអស់ហើយ បឹងបាក់អង្រុត បឹងពន្លិចសណ្ដាន់ លុបខ្ទេចខ្ទី អានេះវាបាត់បង់ដល់មុខរបរនេសាទប្រចាំគ្រួសារ»។
ការឈូសឆាយនេះ មានលក្ខណៈធំធេង ទើបលោកយល់ថា នឹងអាចធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនេសាទនៅទីនោះមិនខាន ហើយម្យ៉ាង គឺមានការប៉ះពាល់ដល់សត្វគោក្របីរបស់ពួកគាត់ ដែលតែងតែលែងពាសវាលពាសកាលនៅក្នុងរដូវប្រាំងនោះ។
វិទ្យុអាស៊ីសេរី មិនទាន់អាចស្វែងរកប្រភពដើម្បីទាក់ទងទៅភាគីក្រុមហ៊ុន ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់នេះបានទេនៅថ្ងៃទី៤ មីនា។
ប៉ុន្តែ អភិបាលស្រុកត្បូងឃ្មុំ លោក កេង ប៊ុណ្ណា បានមានប្រសាសន៍នៅថ្ងៃទី៤ មីនា ថា តាមពិតក្រុមហ៊ុនដែលបានឈូសឆាយនោះ គឺធ្វើឡើងដោយស្របច្បាប់ ពោល គឺមានលិខិតយល់ព្រមពីមន្ត្រីគ្រប់លំដាប់ថ្នាក់ រហូតដល់អភិបាលខេត្តកំពង់ចាម ទៀតផង ដើម្បីធ្វើការឈូសឆាយធ្វើទំនប់ទឹកនោះ។ លោកបន្តថា ឈូសឆាយនោះ គឺមិនដូចអ្វីដែលប្រជាពលរដ្ឋអះអាងថា មានទំហំរាប់ពាន់ហិកតារនោះទេ គឺត្រឹមប្រមាណ ២០០ហិកតារប៉ុណ្ណោះ។
លោក គេង ប៊ុណ្ណា៖ «ខ្ញុំនៅហ្នឹងបានជ្រាបខ្លះដែរបង មិនមែនចូលដល់ថ្នាក់ពាន់ហិកតារដូចអ្វីដែលគេនិយាយហ្នឹងទេ។ តាមពិតទៅ ដីហ្នឹងមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរត្រឹមត្រូវគ្រប់លំដាប់ថ្នាក់ដែរបង! ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍនៅតំបន់នោះ ដើម្បីយកទឹកទៅធ្វើស្រែ ពាក់ព័ន្ធនឹងពីរស្រុក គឺត្បូងឃ្មុំ និងក្រូចឆ្មារ តំបន់ប្រផាត់។ ហើយគេធ្វើជាហេដ្ឋារចនាសម្ព័ន្ធ និយាយរួមទៅ គេធ្វើជាទំនប់ ដើម្បីយកទឹកទៅប្រើប្រាស់ដំណាំកសិកម្មហ្នឹង។ ប្រៀបដូចជាដំណាំប្រដេញទឹក ឬក៏ដំណាំដែលដាំនៅរដូវប្រាំង ហើយយកផលទៅលក់នៅទីផ្សារ ហើយគេក៏សុំធ្វើជាទំនប់ឆ្លងកាត់ហ្នឹងទេ មិនមែនរុញដល់ពាន់ហិកតារ ដីហ្នឹងណាដល់ពាន់ហិកតារ»។
លោកបន្តថា បច្ចុប្បន្នខាងក្រុមហ៊ុនបានផ្អាកការឈូសឆាយហើយ រីឯទំនប់ទឹកដែលប្រជាពលរដ្ឋអះអាងថា មិនបានធ្វើ លោកបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើរួចហើយដែរ។ លោកបន្ថែមទៀតថា ខាងភាគីក្រុមហ៊ុនដែលធ្វើនោះ ក៏ជាប្រយោជន៍របស់ប្រជាពលរដ្ឋ ៣ឃុំ ដែលនៅទីនោះ ប៉ុន្តែលោកលើកឡើងថា ប្រជាពលរដ្ឋដែលជំទាស់នោះ គឺជាអ្នកដែលមិនបានទទួលផលប្រយោជន៍ពីការឈូសឆាយនោះទៅវិញ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តកំពង់ចាម លោក នាង សាវ៉ាត បានលើកឡើងថា លោកបានចុះទៅពិនិត្យជាក់ស្តែងឃើញថា ទំហំនៃការឈូសឆាយនោះ ពិតមានធំធេងមែន ដែលលោកហៅថា វាជាឧក្រិដ្ឋកម្មព្រៃលិចទឹកទៀងផង ហើយលោកក៏ធ្លាប់យករបាយការណ៍នៃការឈូសឆាយដីនោះទៅជម្រាបជូនមន្ត្រីខេត្ត និងមន្ត្រីដែលពាក់ព័ន្ធផ្សេងទៀត ក្នុងវេទិកាសាធារណៈមួយ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។ លោកបន្តថា មន្ត្រីដែលពាក់ព័ន្ធទាំងនោះ ពិសេសមន្ត្រីជលផលខេត្តបានសន្យាថានឹងមានការដោះស្រាយ ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការដោះស្រាយយ៉ាងណានោះឡើយ ហើយប្រសិនបើអាជ្ញាធរនៅតែមិនមានចំណាត់ការទៀតនោះ ផលប៉ះពាល់ផ្សេងៗនឹងអាចកើតមានឡើងចំពោះប្រជាពលរដ្ឋមិនខាន។
លោក នាង សាវ៉ាត៖ «ប៉ុន្តែអានេះជាព្រៃលិចទឹកខែវស្សាមានជម្រៅ ៣ម៉ែត្រ ៤ម៉ែត្រ ៥ម៉ែត្រ ហើយក្រុមហ៊ុនទៅរុញអស់អាលីងឆេញ។ ខ្ញុំស្មានថាប្រហែលជាអស់រាប់ពាន់ហិកតារ ខ្ញុំគ្មានអីវាស់ទេ តែខ្ញុំឈរកណ្ដាលមើលដាច់កន្ទុយភ្នែក។ ហើយប្រសិនបើជាយកទៅធ្វើទំនប់នោះ មិនដឹងជាទំនប់នោះប៉ុន្មានរយគីឡូដីទេ? ប្រសិនបើជីកដីហ្នឹងយកទៅធ្វើ។ អ្វីដែលប៉ះពាល់នោះ គឺចាប់ពីពេលហ្នឹងទៅ ប្រសិនបើជារដ្ឋាភិបាលប្រសិនបើជាសមត្ថកិច្ចលោកមិនព្រមទៅបញ្ឈប់ក្រុមហ៊ុនមិនឱ្យធ្វើទេ បឹងនៅទីនោះប៉ុន្មាន លែងមានបឹងហើយ ព្រោះអីក្រុមហ៊ុនបានរុញដីដល់មាត់បឹង ដូចនេះល្បាប់ពេលទឹកឡើងមក វានឹងទៅចាក់លិចបឹងលិចព្រែកហ្នឹង»។
លោកបន្តថា ដីព្រៃលិចទឹក គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមិនអាចមានជនណាម្នាក់ទៅរំលោភបំពានធ្វើជាទ្រព្យកម្មសិទ្ធិឯកជនបានឡើយ លុះណាតែមានការធ្វើអនុបយោគដីនោះឱ្យក្លាយទៅជាដីសម្បទាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពីសំណាក់រដ្ឋាភិបាល។
តាមច្បាប់ជលផលមាត្រា៩៨ ដែលចែងពីការផ្ដន្ទាទោសក្រោមបទល្មើសថ្នាក់ទី១ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសកាប់ឆ្ការគាស់រានឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក និងព្រៃកោងកាង ឬក៏បង្កឱ្យភ្លើងឆេះ ឬដុតព្រៃលិចទឹក និងព្រៃកោងកាង ទាំងនោះ គឺត្រូវដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ ៥ឆ្នាំ ចំណែកវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល និងដកហូតរាល់កិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាតទាំងអស់ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
