ជាក់ស្តែង នៅក្នុងខេត្តកំពង់ចាម តំបន់ព្រៃហាមឃាត់មិនឱ្យប្រជាពលរដ្ឋកាប់បំផ្លាញព្រៃលិចទឹកពីសំណាក់អាជ្ញាធរ ប៉ុន្តែបែរជាមានអ្នកមានលុយយកគ្រឿងចក្រទៅឈូសឆាយព្រៃលិចទឹកទាំងនោះយ៉ាងអានាធិបតេយ្យទៅវិញ។ ហើយខាងសមាគមការពារសិទ្ធិមនុស្សយល់ថា ការឈូសឆាយដីព្រៃលិចទឹក គឺជារឿងខុសច្បាប់តែម្តង។
ប្រជាពលរដ្ឋបីឃុំ ក្នុងស្រុកចំនួនពីរ គឺស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានសម្ដែងអារម្មណ៍សោកស្ដាយចំពោះវិនាសកម្មព្រៃលិចទឹកនៅក្នុងតំបន់ដែលពួកគាត់រស់នៅ។ ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា កាលពីពេលដែលមិនទាន់មានការឈូសឆាយព្រៃលិចទឹក ប្រជាពលរដ្ឋអាចទាញផលប្រយោជន៍បានយ៉ាងច្រើនពីដី និងព្រៃលិចទឹកទាំងនោះ ប៉ុន្តែស្រាប់តែប៉ុន្មានឆ្នាំក្រោយមកនេះ មានអ្នកមានលុយបានយកគ្រឿងចក្រមកធ្វើការឈូសឆាយព្រៃទាំងនោះអស់រាប់ពាន់ហិកតារ ដែលធ្វើឱ្យពួកគាត់រស់នៅជុំវិញជួបការលំបាកកាន់តែខ្លាំងឡើង។
ប្រជាពលរដ្ឋម្នាក់រស់នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម លោក ឈឺន វន បានមានប្រសាសន៍ថា កន្លងមកដីព្រៃលិចទឹកនោះជាដីព្រៃសាធារណៈរបស់រដ្ឋ ហើយនៅពេលដែលមិនទាន់មានសេចក្តីជូនដំណឹងពីខាងអាជ្ញាធរ ថាជាដីព្រៃអភិរក្សនោះ ប្រជាពលរដ្ឋចំនួន ៣ឃុំ ក្នុងស្រុកពីរក្នុងខេត្តកំពង់ចាម គឺស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ក៏បានទៅកាប់រានធ្វើស្រែធ្វើចម្ការបន្តិចបន្តួចបានមួយរយៈ ប៉ុន្តែក្រោយមកក៏មានសេចក្តីជូនដំណឹងពីខាងអាជ្ញាធរ ដើម្បីហាមឃាត់ប្រជាពលរដ្ឋ និងក្រុមហ៊ុនមិនឱ្យកាប់រានដីព្រៃលិចទឹកទាំងនោះតទៅទៀត ពីព្រោះរដ្ឋាភិបាលបានចាត់ចូលថាតំបន់ព្រៃអភិរក្ស ដើម្បីទុកព្រៃលិចទឹកទាំងនោះឱ្យត្រីពង។
លោកបន្តថា ក្រោយមកប្រជាពលរដ្ឋក៏មិនបានរុករានតទៅទៀតឡើយ ប៉ុន្តែស្រាប់តែមានអ្នកធ្វើការនៅក្រុមហ៊ុនចម្ការកៅស៊ូតាប៉ាវ យកគ្រឿងចក្រទៅឈូសឆាយអស់ជាង ២ពាន់ហិកតារ ដោយយកលេសថាកសាងទំនប់ទឹកតាមការផ្ដិតមេដៃស្នើសុំពីសំណាក់ប្រជាពលរដ្ឋ៖ «ដើមឆ្នាំ២០១២ មក ប្រហែលជាថ្ងៃ២៥ ខែ១ ឆ្នាំ២០១២ យើងឃើញមានក្រុមហ៊ុន ស៊ឹម កុសល ដោយគាត់ធ្វើការនៅក្រុមហ៊ុនចម្ការកៅស៊ូតាប៉ាវ បានយកគ្រឿងអាប៊ុលជាច្រើនគ្រឿងមកធ្វើការឈូសឆាយលើដីព្រៃលិចទឹកហ្នឹងអស់ទំហំហ្នឹង ២.៥០០ហិកតារ។ ប៉ះពាល់ដីបីឃុំ គឺឃុំពាមជីលាំង ឃុំរកាពប្រាំ ក្នុងស្រុកត្បូងឃ្មុំ និងឃុំទួលស្នួល ក្នុងស្រុកក្រូចឆ្មារ»។
លោកបញ្ជាក់ថា កន្លងមកធ្លាប់មានការស្នើសុំពីសំណាក់ប្រជាពលរដ្ឋ ដើម្បីធ្វើទំនប់មែន ប៉ុន្តែការឈូសឆាយនោះមិនបានធ្វើទំនប់តាមការស្នើសុំនោះទេ តែបែរជាយកគ្រឿងចក្រទៅឈូសឆាយក្នុងព្រៃលិចទឹកនៅក្នុងបឹងទៅវិញ។ លោកបន្ថែមថា ករណីឈូសឆាយដីព្រៃលិចទឹកទាំងនោះ វាធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ទីមួយ ធ្វើឱ្យទិន្នផលត្រីត្រូវថយចុះ ដោយអស់ជម្រកសម្រាប់ត្រីពង។ ទីពីរ នៅពេលរដូវទឹកឡើង ធ្វើឱ្យមានខ្យល់បក់ធំៗ បណ្ដាលឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់ និងម្យ៉ាងនៅរដូវប្រាំង គោ ក្របីប្រជាពលរដ្ឋដែលធ្លាប់តែលេងពាសវាលពាសកាលនោះ គឺត្រូវជួបការលំបាកវិញ ដោយសារក្រុមហ៊ុនដែលឈូសឆាយនោះ ដាំសណ្ដែក ដាំពោត ហើយគោក្របីប្រជាពលរដ្ឋចូលស៊ីលើសណ្ដែកនោះ នឹងត្រូវចាប់ផាកពិន័យទៀតផង។
រីឯជំទប់ទី១ ឃុំទួលស្នួល លោក ឌុល ឈៀង ក៏បានសម្ដែងអារម្មណ៍សោកស្ដាយចំពោះការឈូសឆាយដីព្រៃលិចទឹកអស់ជាច្រើនពាន់ហិកតារនោះ។ លោកបន្តថា នៅពេលដែលក្រុមហ៊ុនចុះមកឈូសឆាយនោះ គឺមិនបានសហការជាមួយអាជ្ញាធរឃុំនោះទេ ហើយការដែលឈូសឆាយនោះ វាពិតជាធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋមែន៖ «បាទ! អាហ្នឹងម្យ៉ាងប៉ះពាល់ដល់ដីប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិប្រជាពលរដ្ឋពីដើមមក តែដោយសារតែរដ្ឋាភិបាលយើងមានគម្រោងផែនការអភិរក្សព្រៃហ្នឹង មិនឱ្យប្រជាពលរដ្ឋកាប់តែណា។ អ៊ីចឹង គាត់ក៏ឈប់ធ្វើទៅពីហ្នឹងរហូតមកដល់ឥឡូវហ្នឹង ទើបតែមានក្រុមហ៊ុនគេមករុញ ទើបធ្វើឱ្យប្រជាពលរដ្ឋគាត់ងើបឈរឡើងថា ជាដីកេរអាករគាត់ ហេតុអីបានជារុញរដ្ឋាភិបាលថាមិនឱ្យរុញទេ»។
លោកបន្ថែមថា ប្រសិនបើជារដ្ឋាភិបាលមិនមានសមត្ថភាពក្នុងការគ្រប់គ្រងដីព្រៃលិចទឹកនៅតំបន់នោះទេ គប្បីរដ្ឋាភិបាលបង្វែរផលប្រយោជន៍ដីនោះទៅជារបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញ ទើបជាការប្រសើរ ជាជាងបានទៅលើបុគ្គលតែម្នាក់ ឬក្រុមហ៊ុននោះ។
ចំណែកប្រជាពលរដ្ឋដែលរស់នៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដោយថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះម្នាក់ បានឱ្យដឹងថា ប្រជានេសាទច្បាស់ជាត្រូវជួបការលំបាកជាក់ជាមិនខាន ពីព្រោះបរិមាណត្រីត្រូវថយចុះ ហើយថ្លុកត្រពាំងមួយចំនួនក៏ត្រូវរីងហួតហែងនៅរដូវប្រាំង ដោយសារការឈូសលុបយ៉ាងអានាធិបតេយ្យនោះ។
ទាក់ទងទៅនឹងដែនព្រៃលិចទឹកដែលជាតួនាទីរបស់មន្ត្រីផ្នែកជលផលនោះ ត្រូវបាននាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម លោក គង់ ពុទ្ធារិទ្ធ បានមានប្រសាសន៍ថា ការឈូសឆាយដីព្រៃលិចទឹកនៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ នោះ គឺមានការស្នើសុំពីប្រជាពលរដ្ឋ ដើម្បីធ្វើទំនប់ទើបមានការអនុញ្ញាតខ្លះដើម្បីឈូសឆាយ ប៉ុន្តែបើតាមច្បាប់ជលផល គឺមិនត្រឹមត្រូវនោះទេ។ លោកបន្តថា ខាងលោកនឹងដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងដោះស្រាយក្នុងពេលឆាប់ៗខាងមុខនេះ៖ «អេ! អាហ្នឹងវាៗៗសុទ្ធតែកំហុសហើយ តែយើងគិតថាអ្នកណាជាអ្នកធ្វើសំណើ ហើយរហូតមកដល់ពេលហ្នឹងហើយៗប្រសិនបើប្រជាពលរដ្ឋគាត់ថាចង់ឱ្យគេផ្អាកវិញ អាហ្នឹងគាត់ដាក់ពាក្យបណ្ដឹងមក ប៉ុន្តែខ្ញុំនៅតែចុះធ្វើអ៊ីចឹងឱ្យតែមានសកម្មភាពខ្ញុំត្រូវតែចុះទៅធ្វើដើម្បីធ្វើរបាយការណ៍ទៅថ្នាក់លើហើយ»។
បើតាមការចុះត្រួតពិនិត្យរបស់មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តកំពង់ចាម លោក នាង សាវ៉ាត យល់ថា ការឈូសឆាយព្រៃលិចទឹកទាំងនោះ គឺខុសច្បាប់ទាំងស្រុង ដែលលោកហៅការឈូសឆាយនោះថា ជាវិនាសកម្មដីព្រៃលិចទឹកតែម្តង។ ហើយលោកយល់ថា ប្រសិនបើជាមានការផ្តល់អាជ្ញាប័ណ្ណណាមួយពីរដ្ឋាភិបាល ដើម្បីឈូសឆាយនោះ គឺវាផ្ទុយទៅនឹងច្បាប់ដែលមានចែង៖ «អំពើល្មើសច្បាប់ប៉ុណ្ណឹងហើយ ហើយសមត្ថកិច្ចបានដឹងប៉ុណ្ណឹងហើយៗនៅតែអនុញ្ញាតឱ្យធ្វើទៀតវាជារឿងមិនល្អ វាជាគំរូអាក្រក់។ យើងចាប់ប្រជាពលរដ្ឋដែលគាត់ដឹកតាមកង់ ដែលគាត់ដឹកតាមរទេះតិចតួច ដែលគាត់គ្រាន់តែដាំបាយដាំទឹក តែយើងបែរអនុញ្ញាតឱ្យគេឈូសសុទ្ធតែប៊ុលស្រាយ។ ឈូសយើងចេះតែកោតដែរថា គេឈូសសុទ្ធតែព្រៃរនាម ព្រៃតាសេកធំៗចេញ ហើយគេដាំសណ្ដែក ដាំពោត យើងមិនដឹងគិតថាអានេះវាជាវិទ្យាសាស្ត្រសម័យថ្ងៃយ៉ាងម៉េចទេ យើងមិនដឹងទេ»។
លោកបញ្ជាក់ថា កន្លងមកខាងសមាគមលោកបានរៀបចំសិក្ខាសាលាស្តីអំពីបញ្ហានេះ ហើយអញ្ជើញមន្ត្រីដែលពាក់ព័ន្ធមកជួបជុំដើម្បីស្វែងរកដំណោះស្រាយ តែមិនទាន់ឃើញមានសកម្មភាពចុះអន្តរាគមន៍ពីសំណាក់អាជ្ញាធរយ៉ាងណានោះឡើយ។ តំបន់ព្រៃលិចទឹកដែលកំពុងរងការគំរាមកំហែងនោះ ស្ថិតនៅក្នុងឃុំចំនួនបីក្នុងស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដែលខាងក្រុមហ៊ុនបានធ្វើការឈូសឆាយជាលក្ខណៈទ្រង់ទ្រាយធំតាំងពីដើមឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
