ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​គ្រោង​ប្ដឹង​រោងចក្រ​ដែល​បង្ហូរ​ទឹក​ស្អុយ​ចូល​បឹង

តំណាង​ប្រជាពលរដ្ឋ​ជាង ៦០​គ្រួសារ រស់​នៅ​ភូមិ​សូវង្ស ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​ព្រមាន​ប្ដឹង​ម្ចាស់​រោងចក្រ​មួយ​ឈ្មោះ ប៊្លូម ហ្វៀល (Bloom Field) ដែល​បាន​បង្ហូរ​ទឹក​ស្អុយ​ពី​រោងចក្រ​ចូល​ទៅ​ក្នុង​បឹង ដែល​អ្នក​ភូមិ​ធ្លាប់​ប្រើប្រាស់​ជា​ប្រចាំ។ ប្រជាពលរដ្ឋ​ប្រុង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​រោងចក្រ​នេះ​មិន​ព្រម​បញ្ឈប់ ឬ​បង្វែរ​លូ​ទឹក​ស្អុយ​ចេញ​ពី​បឹង​របស់​ប្រជាពលរដ្ឋ។

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ៦០​គ្រួសារ រស់​នៅ​ភូមិ​សូវង្ស នៃ​ឃុំ​តាជេស ដែល​ធ្លាប់​ប្រើប្រាស់​ទឹក​ខួប​ប្រាំង​ខួប​វស្សា​នៅ​ក្នុង​បឹង​មួយ​ឈ្មោះ បឹង​ខ្នារ ដែល​មាន​ទំហំ​ប្រហែល ៣​ហិកតារ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី១១ សីហា ថា ពួក​គាត់​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព​ទាំង​មនុស្ស និង​សត្វ ដោយសារ​តែ​ប្រើប្រាស់​ទឹក​កខ្វក់។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ស៊ិន ឃីម មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ស្ទើរ​ទូទាំង​ភូមិ បាន​ត្អូញត្អែរ​អំពី​បញ្ហា​ទឹក​ស្អុយ ហើយ​ពួក​គាត់​ព្រមាន​ថា​នឹង​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ម្ចាស់​ក្រុមហ៊ុន ទៅ​ក្រសួង​បរិស្ថាន ប្រសិន​បើ​ក្រុមហ៊ុន​មិន​ព្រម​បញ្ឈប់ ឬ​បញ្ចៀស​លូ​ទឹក​ស្អុយ​ចេញ​ពី​បឹង៖ «ហើយ​គាត់​ធ្លាប់​ជីក​អណ្ដូង​ដៃ​តាម​ហ្នឹង គាត់​លែង​ហ៊ាន​ហូប​ហើយ ឥឡូវ​បាទ​មាន​គេ​ត្អូញត្អែរ​ចង់​នាំ​គ្នា​មក​វាយ​លូ​ហ្នឹង​បំបិទ​ចោល»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​សូវង្ស លោក យ៉ង វុទ្ធី បញ្ជាក់​ថា ប្រជាពលរដ្ឋ​មាន​ផល​ប៉ះពាល់​ខ្លាំង​ផ្នែក​សុខភាព​ទាំង​មនុស្ស សត្វ និង​បរិស្ថាន៖ «ប៉ះពាល់​វា​ហូរ​ពី​នេះ​ទៅ​តាម​មុខ​ផ្ទះ​ខ្ញុំ​ហ្នឹង​ណា ប៉ះពាល់​ផ្ទាល់​វា​ទៅ​លើ​បឹង​ខ្នារ អា​ផ្លូវ​ខ្ញុំ​ចេញ​ចូល​វា​ក្លិន​អាក្រក់»

លោក​បញ្ជាក់​ថា ក្រុម​អ្នក​ភូមិ​ដែល​ធ្លាប់​ប្រើប្រាស់​ទឹក​បឹង​នោះ លែង​ហ៊ាន​ទៅ​ច្រូត​ស្មៅ​ឲ្យ​គោ​ក្របី ឬ​រក​ត្រី​បាន​ដូច​មុន​ទៀត​ហើយ ពីព្រោះ​តែ​ទឹក​ស្អុយ ហើយ​ត្រី​នៅ​ក្នុង​បឹង​ក៏​លែង​សូវ​សម្បូរ​ដូច​មុន​ទៀត​ដែរ។

ប្រធាន​រដ្ឋបាល​រោងចក្រ ប៊្លូម ហ្វៀល លោក ជុំ សុង បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា រោងចក្រ​មិន​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​បឹង​ប្រើប្រាស់​របស់​អ្នក​ភូមិ​នោះ​ទេ ហើយ​ក៏​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​តែ​ម្ដង៖ «អត់​មាន​ទេ អត់​មាន​រឿង​ហ្នឹង អត់​មាន​បាតុភាព​អី​កើត​ឡើង​ផង។ ខ្ញុំ​ក៏​មិន​ដឹង​ថា​ប្អូន​ឯង​លើក​ពី​ណា​មក​ដែរ»

ទោះ​ជា​យ៉ាង​ណា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​កំពង់ឆ្នាំង លោក ពៅ ប៊ុនថន មាន​ប្រសាសន៍​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទាល់ និង​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ៖ «អា​ហ្នឹង​ត្រូវ​ដាក់​កំណត់​ច្បាប់ ឬ​បង្វែរ​ទិសដៅ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច​ទេ​ឲ្យ​តែ​ដឹង​អីចឹង​បាទ អគុណ​ច្រើន​ណាស់​បាន​ផ្ដល់​ដំណឹង»

លោក ស៊ិន ឃីម បញ្ជាក់​ថា ក្រុម​កម្មករ​សំណង់ និង​ផ្នែក​កាត់​ដេរ​នៃ​រោងចក្រ ប៊្លូម ហ្វៀល មួយ​ចំនួន បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ដ​ចំពោះ​រដ្ឋបាល​រោងចក្រ ដែល​បាន​បញ្ឈប់​កម្មករ​ខ្លះ ដោយ​គ្មាន​មូលហេតុ និង​មាន​កម្មករ​ខ្លះ​ទៀត​ត្រូវ​ចំណាយ​លុយ​ចាប់​ពី ៥ ទៅ ១០​ម៉ឺន​រៀល ដើម្បី​បាន​ចូល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។