សង្គម​ស៊ីវិល​និង​ប្រជា​សហគមន៍​ចង់​អភិរក្ស​ព្រៃ​សហគមន៍​ក្បាល​ខ្លា​ជា​តំបន់​ទេសចរណ៍

0:00 / 0:00

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ ប្រជាពលរដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ស្រឡាញ់​សម្រស់​ព្រៃ​ឈើ​នៅ​តំបន់​ជាប់​ព្រៃ​ឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ គឺ​ព្រៃ​របស់​ប្រជា​សហគមន៍​មួយ​នៅ​ទីនោះ។ ដោយ​ការ​ពេញ​ចិត្ត​នឹង​ធម្មជាតិ ពួក​គេ​មាន​គំនិត​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល ត្រូវ​ប្រែ​ក្លាយ​តំបន់​ព្រៃ​សហគមន៍​របស់​អ្នក​ភូមិ ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​បែប​ធម្មជាតិ ជា​ជាង​ការ​ផ្ដល់​សម្បទាន​ដី​ព្រៃ​ទៅ​ក្រុមហ៊ុន​ឯកជន ដែល​នាំ​ឲ្យ​បាត់បង់​គម្រប​ព្រៃ​ឈើ​បន្ត​ទៀត។

ដើម​ឈើ​ដុះ​ស្រោង​ឡើង​ទៅ​លើ​មាន​ធំ​មាន​តូច ហើយ​មាន​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា សំឡេង​សត្វ​បក្សី រួម​នឹង​សំឡេង​សត្វ​រៃ​ស្រែក​យំ​ទ្រហឹង​អឺងអាប់។ អនុផល​ធម្មជាតិ រួម​មាន​ជ័រ វល្លិ ផ្ដៅ ឃ្មុំ ផ្សិត ក្ងោក ផ្លែ​ឈើ​ព្រៃ ត្រី​នៅ​តាម​បឹង ឬ​ត្រពាំង​សម្រាប់​ជា​ម្ហូប​អាហារ​របស់​អ្នក​ភូមិ។ លើស​ពី​នេះ ប្រភេទ​សត្វ​ព្រៃ​ដែល​នៅ​សេសសល់​រួម​មាន ស្វា ទោច ជ្រូក​ព្រៃ ល្មូន រួម​នឹង​សត្វ​ផ្សេង​ទៀត​ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ការពារ​របស់​ពួក​គាត់។

ទាំង​នេះ សុទ្ធ​សឹង​ជា​សក្ដានុពល​មួយ​ផ្នែក​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​របស់​ប្រជា​សហគមន៍​មួយ នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ឈ្មោះ​ថា ព្រៃ​សហគមន៍​ក្បាល​ខ្លា ក៏ប៉ុន្តែ​ព្រៃ​សហគមន៍​នេះ មួយ​ចំណែក​ត្រូវ​រង​ការ​បំផ្លិចបំផ្លាញ​តាម​រយៈ​ការ​រុក​រាន​ទន្ទ្រាន​យក​ដី​ដាំ​ដំណាំ និង​ការ​អារ​ឈើ​ធំៗ​ទៅ​លក់​ឲ្យ​ឈ្មួញ។

ដោយ​សម្លឹង​ឃើញ​សក្ដានុពល​បែប​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រជា​សហគមន៍ នាំ​គ្នា​ទៅ​សម្រាក​បោះ​តង់​ដាំ​កូន​ឈើ​ប្រភេទ​ឈើ​ប្រណីត​ប្រមាណ ២.០០០​ដើម នៅ​កន្លែង​ដី​វាលៗ​ឡើង​វិញ កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ។ ទិវា​បោះ​ជំរំ​ដាំ​កូន​ឈើ គឺ​រៀបចំ​ឡើង​ដោយ​អង្គការ​ស្ពាន​សន្តិភាព និង​អង្គការ​ជា​ដៃគូ​មួយ​ចំនួន ហើយ​ពួក​គេ​នាំ​គ្នា​ផ្ដល់​ជា​គំនិត​ឲ្យ​មាន​ការ​កែច្នៃ​តំបន់​ព្រៃ​សហគមន៍​នេះ ក្លាយ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​តាម​បែប​ធម្មជាតិ។ អ្នក​ចូលរួម​ខ្លះ​ថា ប្រសិន​បើ​តំបន់​នោះ​អាច​ក្លាយ​ជា​តំបន់​ទេសចរណ៍ វា​នឹង​ជួយ​ការពារ​ព្រៃ​ឈើ សត្វ​ព្រៃ​ដែល​នៅ​សេសសល់ ឲ្យ​បាន​គង់វង្ស​យូរ​អង្វែង។ បន្ថែម​ពី​នេះ ក៏​អាច​ជួយ​ឲ្យ​អ្នក​ភូមិ​រក​ចំណូល​បាន តាម​រយៈ​ការ​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នៅ​តំបន់​នោះ​ទៀត​ផង។

ក្នុង​ឱកាស​នោះ អ្នក​ចូលរួម​ដាំ​កូន​ឈើ​ទាំងអស់ ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ពី​ភូមិ​ស្រែចង់ ទៅ​ព្រៃ​សហគមន៍​ក្បាល​ខ្លា តាម​គោយន្ត​ប្រមាណ ២​ម៉ោង ទើប​ទៅ​ដល់​ទីស្នាក់ការ​របស់​សហគមន៍​ដែល​នៅ​កណ្ដាល​ព្រៃ ហើយ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​កន្លះ​ម៉ោង​ទៀត ទើប​ទៅ​ដល់​ទីតាំង​ដែល​ត្រូវ​ដាំ​កូន​ឈើ។

អ្នក​ចូលរួម ហាក់​រីក​រាយ​នឹង​សម្រស់​ធម្មជាតិ រួម​នឹង​សំឡេង​សត្វ​យំ​អម​ដោយ​សំឡេង​គោយន្ត​ធ្វើ​ដំណើរ​ផង។

«សំឡេង​គោយន្ត»

យុវជន​បម្រើ​ការងារ​នៅ​ស្ថាប័ន​សាសនាគ្រិស្ដ​មួយ​ឈ្មោះ ប្រិយ​សម្ព័ន្ធ​គ្រិស្តបរិស័ទ​កម្ពុជា និង​ជា​អ្នក​ជឿ​ព្រះយេស៊ូ លោក ជួន ដាណែត មាន​ប្រសាសន៍​ថា ព្រៃ​ឈើ គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប។ លោក​បន្ត​ថា សូម្បី​តែ​នៅ​ក្នុង​ព្រះ​គម្ពីរ ក៏​គេ​បាន​ចែង​ថា របស់​ក្នុង​លោក​សព្វសារពើ គឺ​ព្រះ​ជា​ម្ចាស់​ជា​អ្នក​បង្កើត រួម​ទាំង​ព្រៃ​ឈើ​ដែរ ហើយ​ព្រៃ​ឈើ គឺ​ជា​ផ្នែក​មួយ​សំខាន់​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ព្រម​ទាំង​អាច​ជួយ​ការពារ​ជីវិត​មនុស្ស និង​សត្វ៖ «ខ្ញុំ​ជឿ​ថា​មួយ​រយៈ ភាគរយ​ប្រសិន​បើ​ព្រៃ​ឈើ​មាន​ការ​លូតលាស់​ឡើង​វិញ ហើយ​ដើម​ឈើ​ធំៗ ខ្ញុំ​ជឿ​ថា ពិត​ជា​មាន​ភ្ញៀវ​ទេសចរ​អាច​ថា​ជា​អេកូ​ទេសចរណ៍​មួយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ»

ប្រភព​ដដែល​បន្ត​ថា មនុស្ស​ម្នាក់ៗ​គប្បី​ត្រូវ​អភិរក្ស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ឡើង​វិញ ដើម្បី​ប្រែ​ក្លាយ​តំបន់​នេះ​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​បៃតង។ លោក​ថា រាជ​រដ្ឋាភិបាល​ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ​យ៉ាង​សំខាន់​ក្នុង​រឿង​នេះ ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត គឺ​ត្រូវ​ផ្ដើម​ចេញ​ពី​ពលរដ្ឋ​គ្រប់​រូប រួម​គ្នា​ថែ​រក្សា​ធនធាន​ធម្មជាតិ​ទើប​អាច​ទៅ​រួច។

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​មក​ពី​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ មាន​វ័យ​ជាង ៧០​ឆ្នាំ​ដែល​បាន​ចូលរួម​ទិវា​បោះ​ជំរំ​ដាំ​កូន​ឈើ លោក ណេត ផង់ មាន​ប្រសាសន៍​ថា ព្រៃ​ឈើ គឺ​សំខាន់​ណាស់​សម្រាប់​ជីវិត​មនុស្ស​គ្រប់​រូប ពីព្រោះ​ជីវិត​ពិត​ជា​ត្រូវ​ការ​ធម្មជាតិ​ខ្លាំង​ជាង​អ្វីៗ​ទាំងអស់។ លោក​បន្ត​ថា សូម្បី​តែ​ព្រះសម្មាសម្ពុទ្ធ តាំង​ពី​ពេល​ទ្រង់​ប្រសូត​ឈាន​រហូត​ដល់​ពេល​ព្រះអង្គ​ទ្រង់​ចូល​បរិនិព្វាន គឺ​ភាគ​ច្រើន​នៃ​ជីវិត​របស់​ទ្រង់​នៅ​ជាប់​ជាមួយ​ព្រៃ​ឈើ។ ចាស់​ព្រឹទ្ធាចារ្យ​រូប​នេះ​បន្ថែម​ថា ការ​បាត់បង់​ព្រៃ​ឈើ ប្រៀប​ដូចជា​ការ​បាត់បង់​គុណ​ប្រយោជន៍​មួយ​ផ្នែក​នៃ​ជីវិត៖ «អ៊ីចឹង​ព្រះពុទ្ធ​ប្រៀន​ប្រដៅ​ហើយ​ចាត់​ទុក​ជា​ឈើ​ហ្នឹង ដោយ​ព្រះពុទ្ធ​សម្ដែង​ថា រុក្ខ​ឆាយា ម្លប់​ព្រៃ​ឈើ ដែល​ស្មើ​នឹង​ម្លប់​មាតា​បិតា និង​ម្លប់​របស់​ស្ដេច»

ជាមួយ​គ្នា​នេះ បុគ្គលិក​អង្គការ​ស្ពាន​សន្តិភាព អ្នកស្រី រស់ ចាន់សុភា ឲ្យ​ដឹង​ថា ជា​លើក​ទី​មួយ​សម្រាប់​អ្នកស្រី ដែល​បាន​ឃើញ​សម្រស់​ព្រៃ​ឈើ​នៅ​តំបន់​ជាប់​ព្រៃ​ឡង់ ដែល​ជា​ព្រៃ​ការពារ​របស់​សហគមន៍​ក្បាល​ខ្លា។ អ្នកស្រី​បន្ត​ទាំង​ទឹក​មុខ​ស្ងួត​ថា ជា​ការ​សោកស្ដាយ​បំផុត​នៅ​ពេល​ឃើញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ការពារ​របស់​អ្នក​ភូមិ ត្រូវ​បាន​គេ​ដុត​បំផ្លាញ​ដើម្បី​យក​ដី​ដាំ​ដំណាំ ព្រម​ទាំង​ដើម​ឈើ​ធំៗ​មួយ​ចំនួន​នៅ​ទីនោះ ត្រូវ​បាន​គេ​កាប់។ អ្នកស្រី​ពិត​ជា​ចង់​ឃើញ​តំបន់​ព្រៃ​សហគមន៍ រួម​នឹង​តំបន់​ព្រៃ​ឡង់​ទាំង​មូល ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ៖ «ខ្ញុំ​គាំទ្រ​ការ​អភិវឌ្ឍ ដោយ​យើង​គ្រាន់​តែ​សម្រួល​ផ្លូវ​ធ្វើ​ឲ្យ​ស្រួល​សម្រាប់​ប្រជាពលរដ្ឋ។ អា​ហ្នឹង​ខ្ញុំ​គាំទ្រ ប៉ុន្តែ​ត្រូវ​រក្សា​នូវ​អ្វី​ដែល​ជា​របស់​ធម្មជាតិ»

ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាលខ្លា នាំ​គ្នា​ស្នើសុំ​អាជ្ញាធរ​ដើម្បី​បង្កើត​ជា​ព្រៃ​សហគមន៍​ក្បាល​ខ្លា កាល​ពី​ឆ្នាំ​២០០៩ ហើយ​ព្រៃ​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាលខ្លា ឃុំ​សណ្ដាន់ ដែល​មាន​ទំហំ​ប្រមាណ ២.៥០០​ហិកតារ (២.៥៣៣​ហិកតារ)។ បច្ចុប្បន្ន ទំហំ​ព្រៃ​ប្រមាណ ៨០០​ហិកតារ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ​ចូល​កាប់​ទន្ទ្រាន​ធ្វើ​ស្រែ​ចម្ការ រហូត​ធ្វើ​ឲ្យ​កន្លែង​ខ្លះ​ប្រែ​ក្លាយ​ជា​វាល​ស្មៅ ឬ​វាល​ស្រែ។ ចំណែក​ដើម​ឈើ​ធំៗ​មួយ​ចំនួន​នៅ​ទីនោះ គឺ​ត្រូវ​បាន​គេ​លួច​អារ​ច្រៀក ដើម្បី​យក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​ដែរ។

ទាក់ទង​បទល្មើស​ព្រៃឈើ នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​សណ្ដាន់ លោក ចាន់ មុនីនាថ មាន​ប្រសាសន៍​ថា កន្លង​ទៅ​អាជ្ញាធរ​តែង​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ចុះ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ដែល​កើត​មាន​នៅ​តំបន់​ព្រៃ​សហគមន៍ និង​តំបន់​ព្រៃ​ឡង់​ជា​ប្រចាំ។ លោក​បញ្ជាក់​ដែរ​ថា លោក​រីករាយ​សម្រាប់​សកម្មភាព​ចូលរួម​អភិរក្ស​ធនធាន​ព្រៃ​ឈើ​របស់​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល៖ «បញ្ហា​នេះ យើង​ធ្វើ​ដូច​នៅ​ក្នុង​សហគមន៍​អ៊ីចឹង​ដែរ។ យើង​មាន​មន្ត្រី​ចំនួន​បួន​នាក់ ហើយ​បី​នាក់​គាត់​ជាប់​ល្បាត​នៅ​ក្នុង​ព្រៃ​ឡង់»

យ៉ាង​ណា នាយក​ប្រតិបត្តិ​អង្គការ​ស្ពាន​សន្តិភាព លោក ស៊ុម ច័ន្ទមុនី ដែល​ដឹក​នាំ​យុទ្ធនាការ​បោះ​ជំរំ​ដាំ​កូន​ឈើ​កាល​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ កក្កដា កន្លង​ទៅ យល់​ថា ត្បិត​តែ​ព្រៃ​សហគមន៍​ក្បាល​ខ្លា ឬ​តំបន់​ព្រៃ​ឡង់ មាន​កន្លែង​ខ្លះ​សឹករិចរិល​មែន ប៉ុន្តែ​វា​នៅ​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ពិសេស​សម្រាប់​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​នៅ​ពេល​បច្ចុប្បន្ន។ ជាមួយ​គ្នា​នេះ វា​ក៏​អាច​ក្លាយ​ជា​តំបន់​ទេសចរណ៍​បាន​យ៉ាង​ប្រសើរ​ទៀត​ផង៖ «យើង​ក៏​អាច​ធ្វើ​ទេសចរណ៍​សម្រាប់​ជាតិ និង​អន្តរជាតិ​ទៀត ព្រោះ​ឥឡូវ​នេះ មាន​ការ​រីក​ចម្រើន​ក្នុង​ការ​ជិះ​កង់ ហើយ​យើង​ស្រមៃ​ថា​បើ​មាន​ប្អូន​យើង​ជិះ​កង់​ដើម្បី​បរិស្ថាន​នោះ គាត់​នាំ​គ្នា​មក​ជិះ​នៅ​ព្រៃ​ឡង់ គឺ​មិន​ត្រឹម​តែ​អាច​ការពារ​ព្រៃ​ទេ ប៉ុន្តែ​ធនធាន ឬ​ការ​ឧបត្ថម្ភ​ដល់​សហគមន៍​ទៀត»

ចំណែក​ប្រធាន​ព្រៃ​សហគមន៍​ក្បាល​ខ្លា វិញ លោក គង់ សុខា មាន​ប្រសាសន៍​ថា អ្វី​ដែល​ប្រជា​សហគមន៍​លោក​ចង់​បាន គឺ​ចង់​ឃើញ​តំបន់​ព្រៃ​របស់​ពួក​គាត់ ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ។ ដោយ​លោក​សង្ឃឹម​ថា ប្រសិន​បើ​តំបន់​សហគមន៍​លោក រួម​នឹង​ព្រៃ​ឡង់ ក្លាយ​ជា​តំបន់​ទេសចរណ៍ ប្រជា​សហគមន៍​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​អភិវឌ្ឍ​បែប​នេះ ពិសេស​ពួក​គាត់​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​នៅ​ជុំ​គ្នា​ជាមួយ​ក្រុម​គ្រួសារ។ លោក​បន្ថែម​ថា ការ​អភិវឌ្ឍ​តំបន់​ព្រៃ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍ គឺ​ល្អ​ជា​ជាង​យក​ដី​ព្រៃ​ទៅ​ធ្វើ​សម្បទាន។ ម្យ៉ាង អាច​ទប់ស្កាត់​មិន​ឲ្យ​តំបន់​ព្រៃ​សហគមន៍​របស់​ពួក​គាត់ រួម​នឹង​ព្រៃ​ឡង់​ទាំង​មូល ត្រូវ​ប្រឈម​ការ​វិនាស​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។