អ្នករស់នៅក្នុងតំបន់នេះ ភាគច្រើនអះអាងថា កាលពីក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ព្រៃឈើ និងសម្បត្តិធម្មជាតិនានា នៅគងវង់នៅឡើយ។ ចំណែកប្រជាពលរដ្ឋដែលរស់នៅបរិវេណជុំវិញភ្នំ អាចទាញយកអនុផលព្រៃឈើពីភ្នំវល្លិនេះ ដោយពុំមានការហាមឃាត់ និងរឹតត្បិតទេ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន រដ្ឋាភិបាលបានផ្ដល់ការវិនិយោគភ្នំវល្លិនេះ ឲ្យក្រុមហ៊ុនឯកជនឈូសឆាយ និងធ្វើអាជីវកម្មយកដីលក់ជាបន្តបន្ទាប់។
ពលរដ្ឋព្រួយបារម្ភថា ទៅថ្ងៃអនាគត ភ្នំនេះអាចនឹងត្រូវបាត់បង់ ហើយជីវភាពរបស់ពួកគាត់នឹងរងការប៉ះពាល់ពីការវិនិយោគនេះដែរ។
សំឡេងពលរដ្ឋ៖ «បើកាលជំនាន់ខ្មែរក្រហម ធ្វើកូនផ្ទះមួយប៉ុណ្ណឹង មិនចាំបាច់ឡើងដល់ភ្នំកាយហ្នឹងផង តែលើដើមដូងតិច ក៏កាប់បានកូនឈើធ្វើកូនផ្ទះដែរ»។
ឡានធំៗកំពុងដឹកដីចេញពីជើងភ្នំជាហូរហែមិនដាច់ពីមួយថ្ងៃទៅមួយថ្ងៃ រីឯត្រាក់ទ័រអាប៊ុល ដែលមានប្រមោយវែងៗ ក៏កំពុងរន្ថើនកាយដីពីលើភ្នំទម្លាក់ចូលក្នុងឡានដែរ។ (សំឡេងរថយន្ត)
ប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំវល្លិ ថ្លែងថា ចាប់តាំងពីរដ្ឋាភិបាលប្រគល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនទទួលការវិនិយោគឈូសឆាយភ្នំនេះមក ពួកគាត់ពុំអាចឡើងភ្នំដើម្បីប្រមូលអនុផលព្រៃឈើជាលក្ខណៈគ្រួសារបានដូចមុនទៀតឡើយ៖ «កាប់អុសដឹកកង់អ៊ីចេះយកមកដុតបាន បើកាប់រទេះគោអី គេចាប់ គេមិនឲ្យយើង បើដឹកឡានបាន។ បើរទេះគោវាចាប់ហើយ យើងវាបរយូរពេក គេទើសភ្នែកគេ គេចាប់ទៅ។ បើឡានទៅវឹងទៅវាអត់អី។ ចុះខ្ញុំឃើញស្រាប់ហើយ ចុះមើលដឹកឡាន ដឹកឈើទាលទាំងឡាន»។
ពលរដ្ឋនៅភូមិដំណាក់ចង្អើរ ខេត្តកែប លោក ម៉ក ផាត មានប្រសាសន៍ថា ក្រុមហ៊ុនឯកជន ដែលទទួលបានសិទ្ធិវិនិយោគកាយដីភ្នំនេះ គឺមានរយៈពេលប្រមាណ ៥ឆ្នាំកន្លងមកហើយ។ លោកបន្តថា ភ្នំវល្លិនេះ អាចនឹងបាត់ឈ្មោះនៅពេលខាងមុខ បើមិនទប់ស្កាត់ទេ៖ «ភ្នំហ្នឹងវាអាច បើយើងមិនតវ៉ាទេ គេយកទាំងអស់ គេតំបន់យក។ គេមានអាជ្ញាប័ណ្ណ។ អស់ហើយ ក្មេងជំនាន់ក្រោយលែងស្គាល់ថាភ្នំហ្នឹងជាភ្នំអីហើយ តែអស់ៗហើយ។ បើឈើយើងកាប់ហើយនៅអាចដុះកើត បើយកដីអស់ៗហើយ។ គេយកទៅចាក់ធ្វើផ្លូវ ក៏ធ្វើ លក់ក៏លក់។ រកដូចជារកអុស រកច្រូតស្បូវច្រូតអី កាប់ចម្ការកាប់អី។ ឥឡូវគេដេញតំបន់យកអ៊ីចឹងទៅ គេមិនឲ្យយើងកាប់យើងនេះទេ។ គេមិនឲ្យចូលទេ គេមានអាជ្ញាប័ណ្ណ គេហែកបុងណាបង! គេដេញអាជ្ញាប័ណ្ណយកតែម្ដង។ អត់ទេ អត់បានទេ សោកស្ដាយៗ។ ពីរបីបួនប្រាំហើយអីចូលជិត ១០ឆ្នាំហើយ ដីហ្នឹងយកតាំងពីនេះមក»។

ក្ដីបារម្ភនេះ ពុំមែនកើតមានតែចំពោះលោក ម៉ក ផាត ឡើយ។ ចំណែកឯលោក យោង ប៊ុនថា នៅសង្កាត់ព្រៃធំ នៃក្រុងកែប មានប្រសាសន៍ថា ភ្នំនេះនឹងត្រូវរលាយបាត់ឈ្មោះក្នុងពេលខាងមុខ ព្រោះសកម្មភាពនៃការកាយដីបន្តមិនឈប់ឈរបែបនេះ កើតមានពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីនេះ ផលប៉ះពាល់ធ្ងន់ធ្ងរ គឺសុខភាពសម្រាប់អ្នករស់នៅក្បែរផ្លូវ គឺបង្កដោយដីហុយ។
លោក យោង ប៊ុនថា៖ «មិនយូរទេបង គង់តែរលាយភ្នំ ព្រោះអីកាយដឹកមិនតិចទេមួយថ្ងៃៗ ពីរបីកន្លែងណោះ ហើយសុទ្ធតែធំៗ។ យើងជាប្រជាពលរដ្ឋមិនហ៊ានតវ៉ានឹងគេទេ ទោះបីគេដឹកដីហុយកាត់មុខផ្ទះ ក៏មិនហ៊ានមាត់ដែរ។ ហុយសម្បើមណាស់! មិនហ៊ានមាត់ផង។ ធ្វើម៉េចបើគេដឹកហើយ យើងមានសិទ្ធិអីទៅតវ៉ាជាមួយគេ ព្រោះភូមិឃុំគេ មិនមាត់មិនអើពើ យើងម៉េចហ៊ាន។ យើងប្រជាពលរដ្ឋ ខ្ញុំអត់ដឹងដែរបង ព្រោះខ្ញុំទើបមក»។
ក្រោយរំដោះពីឆ្នាំ១៩៧៩ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩៣ ភ្នំវល្លិ ជាតំបន់ប្រយុទ្ធដ៏រឹងមាំរបស់ខ្មែរក្រហមក្នុងចំណោមទីតាំងកាន់កាប់ដទៃទៀតរបស់ប្រទេសកម្ពុជា នៅគ្រានោះ។
ក្រោយពីខ្មែរក្រហមធ្វើសមាហរណកម្មចុះចូលជាមួយរដ្ឋាភិបាលកាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០ មក ភ្នំវល្លិបានក្លាយចំណុចទាក់ទាញយ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍រហូតមកដល់ពេលនេះ គឺមេបញ្ជាការខ្មែរក្រហមម្នាក់ ឈ្មោះ ឈូក រិន បានបញ្ជាឲ្យយោធាថ្នាក់ក្រោមរបស់ខ្លួនបាញ់សម្លាប់ភ្ញៀវបរទេស ៣នាក់ ក្នុងនោះមានជនជាតិស្ត្រាលី បារាំង និងអង់គ្លេស នៅទីនោះ។
បើទោះជាបែបនេះក៏ដោយចុះ សម្រាប់ពលរដ្ឋដែលរស់នៅក្បែរជើងភ្នំវល្លិ និយាយថា ការរស់នៅកាលពីជាង ២ទសវត្សរ៍មុននេះ គេហាក់មានសេរីភាព សម្បូរសប្បាយ និងងាយស្រួលក្នុងការប្រកបមុខរបរប្រចាំថ្ងៃជាងពេលបច្ចុប្បន្ន។ កាលណោះ ពលរដ្ឋអាចចូលកាប់ឈើធ្វើលំនៅឋានក៏បាន បោចវល្លិក៏បាន និងមួយវិញទៀត គេចាត់ទុកថា ភ្នំមួយនេះគឺជាឆ្នាំងបាយស្លាប់រស់របស់ពួកគាត់ថែមទៀតផង៖ «ដឹកឈើជន្ទាដឹកអីទាំងឡាន... អត់មានអ្នកណាឃាត់អ្នកណាឃាំងអី បើរទេះគោហ៊ានតែដឹកទៅ បើអុសងាប់អត់អីទេ បើអុសរស់អី ដូចគេកាប់ គេហៅថា គេធ្វើផ្ទះស៊ីម៉ង់អី ដូចជាឈើជាជន្ទល់អី»។

នៅពេលនេះ ភ្នំវល្លិអតីតទីតាំងសមរភូមិប្រយុទ្ធរវាងយោធាខ្មែរក្រហមជាមួយនិងរដ្ឋកម្ពុជា ត្រូវបានគេពុះច្រៀកធ្វើអាជីវកម្មដោយពុំបានសិក្សាពីផលប៉ះពាល់ឲ្យបានល្អិតល្អន់ជាមុនចំពោះអ្នករស់នៅក្នុងតំបន់នោះទេ។
ចំណែកប្រជាពលរដ្ឋវិញ បានស្ដីបន្ទោសថា ក្រោយពីការដ្ឋានរបស់អ្នកស្រី ហ៊ឹម ស៊ីវន ដែលជាតារាចម្រៀងកំពុងមានឈ្មោះបោះសំឡេង និងការដ្ឋានរបស់អ្នកស្រី ម៉ៅ ញីប ទទួលសិទ្ធិកាយដីនៅភ្នំវល្លិ មកធ្វើឲ្យពួកគាត់រស់នៅក្នុងតំបន់ ពុំអាចទាញយកអនុផលព្រៃឈើបានដូចមុនទៀតឡើយ។
ប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់នេះ អ្នកស្រី ហ៊ឹម ស៊ីវន អះអាងថា អ្នកស្រីពុំបានធ្វើអាជីវកម្មកាយភ្នំលក់ដីដូចការចោទប្រកាន់នេះឡើយ។ អ្នកស្រីបញ្ជាក់ថា ការពិតអ្វីដែលមាន និងស្ថិតក្នុងមន្ទិលសង្ស័យនៅក្នុងតំបន់នោះ គឺអ្នកស្រីមានតែដីចម្ការសម្រាប់ដាំដុះក្នុងតំបន់នោះតែប៉ុណ្ណោះ៖ «អត់មានផង អត់មាននៅតំបន់ភ្នំវល្លិ ហ្នឹងផង។ អត់មាន អត់មានផង។ មិនមែនទេ មិនមែនភ្នំវល្លិផង។ អត់ដឹងភ្នំអីទេនេះ... អូ! ភ្នំតាជី។ ខ្ញុំមានចម្ការខ្ញុំតើ! ខ្ញុំមានអាជីវកម្មតូចតាចហ្នឹង»។
រីឯអ្នកស្រី ម៉ៅ ញីប ដែលជាម្ចាស់ការដ្ឋានដ៏ធំមួយដែរ ហើយក៏មានសែស្រឡាយជាដន្លងជាមួយចៅហ្វាយក្រុងកែប នៅក្នុងតំបន់នោះថែមទៀត ថ្លែងថា ក្រុមហ៊ុនរបស់អ្នកស្រីដែលធ្លាប់ទទួលបានសិទ្ធិធ្វើអាជីវកម្មកាយដីលក់នៅពេលនេះ បានផ្អាកដំណើរការរបស់ខ្លួនមួយរយៈពេលមកហើយ។
បើទោះជាបែបណា ម្ចាស់ការដ្ឋានក្រួសក្រហម អ្នកស្រី ម៉ៅ ញីប បញ្ជាក់ថា អ្នកស្រីមានច្បាប់ធ្វើអាជីវកម្មត្រឹមត្រូវ ហើយក៏មិនចេះតែកាយនោះដែរ៖ «ដំណើរការកាយអ៊ីចេះបង! ខ្ញុំកាយគឺកាយត្រឹមតែអាជ្ញាប័ណ្ណរបស់ខ្ញុំទេ។ ខ្ញុំមិនអាចទៅកាយភ្នំទាំងមូលហ្នឹងទេ។ ខ្ញុំកាយតែកន្លែងណារាងមើលទៅមានក្នុងអាជ្ញាប័ណ្ណរបស់យើង។ កាលណាយើងកាយទៅលើភ្នំទៅ វានាំឲ្យប៉ះពាល់ដល់ប្រទេសយើង ប្រជាជនយើងទាំងអស់។ យើងធ្វើ ...មិនមែនចេះតែធ្វើទេ»។
ចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋានបានដិសេធថា ពុំមានជាប់ពាក់ព័ន្ធបញ្ហានេះទេ។ អ្វីដែលបានកើតឡើងនៅពេលនេះ គឺជាការទទួលខុសត្រូវរបស់មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះ។
ផ្ទុយពីការបដិសេធនេះ សកម្មភាពនៃការកាយ និងដឹកជញ្ជូនដីចេញពីតំបន់ភ្នំវល្លិ កំពុងតែបង្កើនយ៉ាងរន្ថើនទៅវិញ ដែលមានរថយន្តធុនធំៗ បន្តកន្ទុយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។
លើសពីនេះ អ្វីដែលអ្នកស្រី ហ៊ឹម ស៊ីវន បញ្ជាក់ថា ជាប្រភេទដីចម្ការក្ដី នៅក្បែរទីតាំងនោះ ដែលអ្នកស្រុកតែងហៅថា ជាប្រហប់តាអឿន បែរជាមានការដ្ឋានមួយដែលហ៊ុំព័ទ្ធដោយរបងដែលដាក់បម្រាម "អ្នកគ្មានភារកិច្ចហាមចូល" ថែមទៀត។ ជាងនេះទៅទៀត ការដ្ឋាននោះមានទាំងឡានដឹកដីផង និងត្រាក់ទ័រអាប៊ុលផង ដែលមានប្រមោយវែងៗ កំពុងតែធ្វើសកម្មភាពកាយ និងដឹកដីចេញយ៉ាងសកម្មទៅវិញ។
ដោយឡែកការដ្ឋានយកក្រួសក្រហមរបស់អ្នកស្រី ម៉ៅ ញីប ក៏ពុំបានផ្អាកធ្វើអាជីវកម្មដូចការអះអាងនោះដែរ។
អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត លោក យន់ ផល្លី គិតថា មន្ត្រីជំនាញគឺជាអ្នកដែលស្ថិតនៅពីក្រោយនៃការធ្វើអាជីវកម្មនេះ។ ក្រៅពីនេះ ភ្នំវល្លិអាចប្រឈមនឹងការបាត់ឈ្មោះ ប្រសិនបើនៅតែបណ្ដោយឲ្យក្រុមហ៊ុនឯកជនបន្តធ្វើអាជីវកម្មតទៅទៀត។
លោក យន់ ផល្លី៖ «ក្នុងករណីនេះ បើសិនជាអាជ្ញាធរគ្មានវិធានការក្នុងការទប់ស្កាត់ យើងឃើញថា ភ្នំដែលមានការជីកកកាយដីហ្នឹង មានការបាត់បង់ធនធានធម្មជាតិ ឬក៏ព្រៃ ឬក៏អាចសត្វអី ព្រៃជាទីជម្រកនៅទីកន្លែងហ្នឹងដែរ។ ក្នុងករណីនេះ បើតាមយើងពិនិត្យរកឃើញថា បើសិនជាដោយគ្មានការអនុញ្ញាតពីខាងអាជ្ញាធរដែនដីទេ អ៊ីចឹងម្ចាស់ដី ឬក៏ម្ចាស់កម្មសិទ្ធិឯកជន គាត់ក៏មិនហ៊ានធ្វើដែរ»។
បច្ចុប្បន្នការផ្ដល់អាជ្ញាប័ណ្ណពីរដ្ឋាភិបាលឲ្យវិស័យឯកជនធ្វើអាជីវកម្មកាយដីភ្នំដើម្បីយកលក់នេះ ពុំមែនកើតឡើងតែនៅចំណុចភ្នំវល្លិទេ ប៉ុន្តែវាបានកើតឡើងស្ទើរពេញផ្ទៃប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
