អាជ្ញាធរ​ត្រៀម​ប្ដូរ​ទីតាំង​ផ្ទះ​បណ្ដែត​ទឹក​នៅ​កំពង់ឆ្នាំង​ជាង​១​ពាន់​ខ្នង

ដោយ ជិន ជេដ្ឋា
2015.10.03
វៀតណាម កំពង់ឆ្នាំង ៦២០ ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ចាម និង​ខ្មែរ នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥។
RFA

ផ្ទះ​បណ្ដែត​ទឹក ១.៤៨៦​ខ្នង ដែល​ភាគ​ច្រើន​ជា​ផ្ទះ​របស់​ជនជាតិ​វៀតណាម នៅ​ក្រុង​កំពង់ឆ្នាំង ​នឹង​ត្រូវ​ប្ដូរ​ទីតាំង​ថ្មី ដោយ​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​សណ្ដាប់​ធ្នាប់​ខេត្ត​បញ្ជាក់​ថា រយៈ​ពេល​ពីរ​ថ្ងៃ បន្ទាប់​ពី​ផ្សព្វផ្សាយ​វិធានការ​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក គឺ​មាន​ម្ចាស់​ផ្ទះ​ប្រមាណ ៤០០​ខ្នង បាន​ស្ម័គ្រ​ចិត្ត​ប្ដូរ​ទីតាំង។

គម្រោង​អភិវឌ្ឍន៍​សោភ័ណភាព​មាត់​ទន្លេ​ក្នុង​សង្កាត់​ផ្សារឆ្នាំង រយៈ​ពេល ៥​ឆ្នាំ គឺ​គិត​ចាប់​ពី​ឆ្នាំ​២០១៥ រហូត​ដល់​ឆ្នាំ​២០១៩ បាន​អនុវត្ត​ដល់​ជំហាន​ទី​២ ដែល​ត្រូវ​រុញ​ផ្ទះ​បណ្ដែត​ទឹក​ទៅ​ឆ្ងាយ​ពី​ទីប្រជុំជន និង​រៀបចំ​ផ្ទះ​ទាំង​នោះ​ជា​ជួរ​បណ្ដោះអាសន្ន រង់ចាំ​រយៈ​ពេល​ពីរ​ឆ្នាំ​ក្រោយ​ជម្លៀស​ឡើង​គោក។

អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​សណ្ដាប់ធ្នាប់ លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ថា ផែនការ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​មាន ៧​ជំហាន ហើយ​ជំហាន​ទី​២ ​នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃ​១៥ ខែ​តុលា ប៉ុន្តែ​ជនជាតិ​វៀតណាម ដែល​មាន​ផ្ទះ​ធំៗ បាន​ផ្លាស់​ទី​មុន​កាល​កំណត់ បន្ទាប់​ពី​អនុវត្ត​ជំហាន​ទី​១ គឺ​ចុះ​ផ្សព្វផ្សាយ​ផែនការ​អភិវឌ្ឍន៍​ដល់​ពួកគាត់។

លោក​ថា អ្នក​ភូមិ​ចុងកោះ និង​ភូមិ​កណ្ដាល នៃ​សង្កាត់​ផ្សារឆ្នាំង ចំនួន ៩៩៦​គ្រួសារ អាច​នឹង​អូស​ផ្ទះ​របស់​ខ្លួន​មក​រស់​នៅ​លើ​ទីតាំង​ថ្មី​ទាំង​អស់​គ្នា​នៅ​មុន​ថ្ងៃ​ទី​១៥ ខែ​តុលា ព្រោះ​ពួកគាត់​យល់​ច្បាស់​ពី​ផែនការ​របស់​អាជ្ញាធរ៖ «កន្លង​មក​នៅ​តំបន់​នៅ​ខែ​ប្រាំង​ទឹក​វា​ស្អុយ អ៊ីចឹង​វា​ប៉ះពាល់​បរិស្ថាន​ខ្លាំង​ណាស់! ពិសេស​ឯកឧត្ដម​អភិបាល​ខេត្ត ចង់​ឲ្យ​តំបន់​នេះ​ក្លាយ​ជា​តំបន់​មួយ​ដែល​មាន​បរិស្ថាន​ល្អ​ឡើង​វិញ ជា​កន្លែង​មួយ​អភិវឌ្ឍ​មាន​សួន​ច្បារ​សម្រាប់​ប្រជាពលរដ្ឋ​ហាត់​ប្រាណ ហើយ​មើល​ភ្នំ​កង្រី ។ល។»

ពលរដ្ឋ​ខ្មែរ​រស់​នៅ​លើ​ទឹក​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ឈ្មោះ សយ រុន ផ្ដល់​បទសម្ភាសន៍​អំពី​ការ​ផ្លាស់ប្ដូរ​ទីតាំង​រស់​នៅ នៅ​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០១៥។
ពលរដ្ឋ​ខ្មែរ​រស់​នៅ​លើ​ទឹក​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ឈ្មោះ សយ រុន ផ្ដល់​បទសម្ភាសន៍​អំពី​ការ​ផ្លាស់ប្ដូរ​ទីតាំង​រស់​នៅ នៅ​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០១៥។
RFA/Chin Chetha

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង មាន​គម្រោង​ស្ថាបនា​សួនច្បារ កន្លែង​ហាត់​ប្រាណ និង​វេទិកា នៅ​អែប​មាត់​ទន្លេ​ផ្សារ​ក្រោម ដែល​មាន​ប្រវែង​ជិត ៣​គីឡូម៉ែត្រ (២.៧១១) ចាប់​ពី​មុខ​វត្ត​លោកយាយទេព រហូត​ដល់​ស្ថានីយ​ទឹក​ស្អាត​អានកូ (Anco) ក្នុង​សង្កាត់​ផ្សារឆ្នាំង។ គម្រោង​នេះ​ អាច​ជា​ផ្នែក​មួយ​ក្នុង​ការ​ត្រៀម​ខ្លួន​រៀបចំ​បុណ្យ​អុំទូក ឬ​ទទួល​បន្ទុក​រៀបចំ​ពិធី​បុណ្យ​ទន្លេ ដូច​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ចាម ដែរ។

ការ​ផ្លាស់​ទី​ចេញ​ពី​ទីតាំង​ចាស់​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ ត្រូវ​បាន​ពលរដ្ឋ​​ខ្លះ​ពេញ​ចិត្ត និង​ខ្លះ​ទៀត​មិន​ពេញ​ចិត្ត​ដោយ​បញ្ជាក់​ថា ថ្មីៗ​ក្រោយ​ផ្លាស់​ទី​ផ្ទះ និង​បែរ​ត្រី​របស់​ពួកគាត់ អាច​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា កូន​ចៅ​លំបាក​ទៅ​រៀន​នៅ​សាលា​ឆ្ងាយ និង​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់​ជាដើម។ នៅ​អំឡុង​ពេល​នៃ​ការ​ផ្លាស់​ទី​នេះ មាន​បញ្ហា​ដណ្ដើម​ទីតាំង​គ្នា​ចត និង​ផ្ទះ​ខ្លះ​ខូច​ត្រូវ​ជួសជុល​ឡើង​វិញ។

ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ លោក សយ រុន មាន​ប្រសាសន៍​ថា គ្រួសារ​លោក និង​ពលរដ្ឋ​ខ្មែរ​ចំនួន ៥​គ្រួសារ​ផ្សេង​ទៀត មិន​ចង់​ផ្លាស់​ទី​ ឬ​អូស​ផ្ទះ​គាត់​មក​ទីតាំង​ថ្មី​ភ្លាមៗ​ទេ ព្រោះ​ទីតាំង​ថ្មី​គ្មាន​ផ្លូវ​គោក​អាច​ជិះ​កង់ ឬ​ម៉ូតូ​ដល់​ផ្ទះ​ដូច​នៅ​ទីតាំង​ចាស់។ លោក​កំពុង​រក​មើល​ទិញ​ដី​នៅ​លើ​គោក​តូច​ល្មម​មួយ​កន្លែង​អាច​ធ្វើ​ផ្ទះ​រស់​នៅ​បាន ហើយ​បន្ត​ការងារ​ជា​កម្មករ​ធ្វើ​ទឹក​កក​ចិញ្ចឹម​ប្រពន្ធ​កូន​នៅ​ក្បែរ​នោះ៖ «សំខាន់​កូន​ខ្ញុំ​តូច​លំបាក​ធ្វើ​ដំណើរ​ទៅ​រៀន! ... ខ្ញុំ​មក​នេះ​ចង់​មើល​គោលដៅ​ដែល​គេ​ឲ្យ​ចត​កន្លែង​ណា​កន្លែង​ណី​អ៊ីចឹង​ទៅ។ មើល​ទំនង​អាច​ចត​បាន​យើង​មក ប៉ុន្តែ​ដូច​ថា​មើល​ទៅ​លំបាក​អ៊ីចឹង​ប្រហែល​ខ្ញុំ​មិន​អាច​មក​បាន​ទេ»

ពលរដ្ឋ​ខ្មែរ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ រិះគន់​ថា ការ​ផ្លាស់​ទី​ដោយ​បន្ត​រស់​នៅ និង​ធ្វើ​អាជីវ​កម្ម​​លើ​ផ្ទៃ​ទឹក គឺ​នៅ​តែ​បង្ក​ឲ្យ​ទឹក​មាន​ជាតិ​ពុល និង​ប៉ះពាល់​សុខភាព​មនុស្ស​ដដែល ជា​ពិសេស​នៅ​រដូវ​ប្រាំង ទឹក​តិច កំហាប់​ជាតិ​ពុល​កាន់​តែ​ខ្ពស់។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា ទីតាំង​ថ្មី​នឹង​រៀបចំ​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍ ដោយ​រៀបចំ​បែរ​ត្រី​ជា​ជួរ ហើយ​ជម្លៀស​ផ្ទះ​រស់​នៅ​ទៅ​លើ​គោក​ដោយ​ម្ចាស់​ផ្ទះ​ត្រូវ​រក​ទិញ​ដី​ដោយ​ខ្លួន​​ឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។