អាជ្ញាធរខេត្តកំពង់ធំ កំពុងតាមដានស្ថានភាពជំនន់ទឹកភ្លៀងនៅស្ទឹងសែន ក្រោយពេលភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើឲ្យទឹកស្ទឹងសែន ហក់ឡើងខ្ពស់ បណ្ដាលឱ្យលិចផ្លូវធ្វើដំណើរ និងប៉ះពាល់តំបន់មួយចំនួននៅតាមដងស្ទឹងសែន និងតំបន់ផ្សេងទៀត។ បើទោះជាយ៉ាងណា អាជ្ញាធរបញ្ជាក់ថា កម្ពស់ទឹកក្នុងស្ទឹងមិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ។ អាជ្ញាធរខេត្តថា ប្រសិនបើស្ថានភាពមេឃ ស្រឡះ មិនមានភ្លៀងធ្លាក់បន្ថែមទៀត កម្រិតទឹកស្ទឹងសែន មិនមានអ្វីប្រែប្រួលច្រើនទេ។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក គង់ វិមាន មានប្រសាសន៍នៅថ្ងៃទី១៥ ខែកញ្ញា ថា អាជ្ញាធរខេត្តបានបញ្ជាទៅអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឱ្យយកចិត្តទុកដាក់តាមដានស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅជាប់ស្ទឹងមួយចំនួន រួមមានស្ទឹងជីនិត ស្ទឹងសែន ឱ្យពួកគាត់ប្រុងប្រយ័ត្នខ្ពស់។
លោកថា ផលប៉ះពាល់ដោយសារទឹកស្ទឹងឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមិនទាន់ដឹងជាផ្លូវការទេ ព្រោះអាជ្ញាធរមូលដ្ឋានកំពុងស្រង់ស្ថិតិអ្នករងប៉ះពាល់ទាំងនោះ៖ «យើងបានដាក់ប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីដាក់ផែនការណែនាំដល់អាជ្ញាធរភូមិឃុំ ស្រុកទាំងអស់ហ្នឹងឱ្យពិនិត្យលើទីតាំងមួយចំនួនដែលទទួលបាននូវការធ្លាក់ទឹកភ្លៀងខ្លាំង»។
ស្រុកចំនួនបី និងក្រុងមួយដែលនៅជាប់ដងស្ទឹងសែន និងអាចរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង ឬជំនន់ទឹកស្ទឹងសែន មុនគេ រួមមានស្រុកសណ្ដាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
