អាជ្ញាធរ​ខេត្ត​កំពង់ធំ​ចាត់វិធានការ​ទប់ស្កាត់​ត្រី​ងាប់​នៅ​បឹង​ទន្លេឆ្មា

0:00 / 0:00

អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​ខេត្ត​កំពង់ធំ កំពុង​ចាត់​វិធានការ​ទប់ស្កាត់​បញ្ហា​ត្រី​ងាប់​នៅ​តំបន់​អភិរក្ស​​បឹង​ទន្លេ​ឆ្មា។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ត្រី​នៅ​ក្នុង​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ចេះ​តែ​បន្ត​ងាប់​រហូត ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មេសា មក។ អាជ្ញាធរ​ថា វិធានការ​ទាំង​នោះ រួមមាន​ស្វែង​រក​ប្រភព​ទឹក​ដើម្បី​បូម​បញ្ចូល​បឹង​ជា​បណ្តើរៗ យក​រុក្ខជាតិ​រស់​នៅ​លើ​ទឹក ដូចជា​កំប្លោក ទៅ​ដាក់​ពង្រាយ​លើ​ផ្ទៃ​ទឹក​បឹង ដើម្បី​ឱ្យ​ត្រី​បាន​ជ្រក​ការពារ​កម្ដៅ​ថ្ងៃ​ជាដើម។

ត្រី​ប្រមាណ​ជាង ៦០​តោន នៅ​បឹង​អភិរក្ស​ទន្លេឆ្មា ស្ថិត​នៅ​ក្នុង​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​ងាប់​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខេត្ត​កំពង់ធំ សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ត្រី​ងាប់​ទាំង​នោះ​ដោយសារ​តែ​អាកាសធាតុ​ក្ដៅ​ខ្លាំង ស្រប​ពេល​កម្រិត​ទឹក​បឹង​កាន់​តែ​រាក់​រហូត​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន​ថែម​ទៀត​ផង ពោល​គឺ​ទឹក​បឹង​មាន​កម្ពស់​ពី ២ ទៅ ៣​តឹក​ពី​ផ្ទៃដី​ប៉ុណ្ណោះ។

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ថា ត្រី​នៅ​ក្នុង​បឹង​អភិរក្ស​ទន្លេឆ្មា គឺ​ចាប់​ផ្ដើម​ងាប់​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ប៉ុន្តែ​រហូត​មក​ទល់​ថ្ងៃ​ទី​២៨ ខែ​មេសា ស្ថានភាព​ត្រី​ដែល​ងាប់​នោះ គឺ​ថយ​ចុះ​ទៅ​វិញ​ហើយ។ លោក​បន្ត​ថា ពពួក​ត្រី​ងាប់ គឺ​ត្រី​ស្រកា​ស ដូចជា​ត្រី​រៀល ត្រី​ឆ្ពិន ត្រី​ច្រកែង និង​ពពួក​ត្រី​អត់​ស្រកា ដូចជា​ត្រី​ត្អោន ត្រី​ក្រមម ត្រី​កញ្ចុះ និង​ត្រី​សណ្ដាយ ជាដើម។ លោក​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ ព្រមទាំង​ប្រជា​សហគមន៍​មាន​វិធានការ​បន្ទាន់​ដើម្បី​ជួយ​សង្គ្រោះ​ត្រី​ដែល​មិន​ទាន់​ងាប់​ដូច្នេះ​ថា៖ «យើង​បាន​យក​កំប្លោក​ទៅ​ដាក់​នៅ​កន្លែង​ទឹក​មាន​ជម្រៅ​ពីរ បី​តឹក​ហ្នឹង​ណា ដើម្បី​អោយ​ទឹក​វា​កាត់​បន្ថយ​កម្ដៅ ហើយ​យើង​ដាក់​ម៉ាស៊ីន​បូម ដាក់​ម៉ាស៊ីន​បូម​នេះ គឺ​ដើម្បី​ឱ្យ​ទឹក​ហ្នឹង​មាន​ចលនា»

បឹង​អភិរក្ស​ទន្លេ​ឆ្មា មាន​ទីតាំង​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ដែល​មាន​ទំហំ​ជិត ១​ម៉ឺន​ហិកតារ (៨.៣២៥)។ ត្រី​នៅ​ក្នុង​បឹង​នេះ បាន​ងាប់​យ៉ាង​ដូច្នេះ​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​មក​ហើយ គឺ​តាំង​ពី​ឆ្នាំ​២០១៣ មក។

នាយ​ខណ្ឌ​ជលផល​ដដែល​ឱ្យ​ដឹង​ទៀត​ថា ត្រី​ងាប់​ទាំង​នោះ ប្រជាពលរដ្ឋ​អាច​យក​ទៅ​បរិភោគ​បាន ពីព្រោះ​វា​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ ដោយសារ​វា​ងាប់​ដោយ​ធម្មជាតិ មិន​មែន​បង្ក​ឡើង​ដោយ​សារធាតុពុល​គីមី​អ្វី​ទេ។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​នៅ​ការពារ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​ចុះ​ទៅ​ក្នុង​បឹង ឬ​ចាប់​ត្រី​ដែល​មិន​ទាន់​ងាប់​នោះ​ឡើយ ពីព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ត្រី​កាន់តែ​ពុល និង​ដើម្បី​ការពារ​ត្រី​មិន​ទាន់​ងាប់​ផង។

អភិបាល​រង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្ត​កំពង់ធំ លោក គង់ វិមាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​កំពុង​តាមដាន​ស្ថានភាព​ត្រី​នៅ​តំបន់​នោះ។ លោក​បន្ត​ថា ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ ទើប​បណ្ដាល​ឱ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​ជា​ថ្មី​ទៀត។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត​បាន​បញ្ជូន​ម៉ាស៊ីន​បូម​ទឹក​ទៅ​តំបន់​នោះ​ទៀត​ផង៖ «ម៉ាស៊ីន​បូម​ទឹក​ហ្នឹង គឺ​ធ្វើ​ម៉េច​រក​ប្រភព​ទឹក​ដែល​នៅ​ក្បែរៗ​ទីនោះ គឺ​ដើម្បី​បាញ់​ជា​ជំនួយ​អុកស៊ីហ្សែន​នៅ​ក្នុង​ទឹក នៅ​តំបន់​ណា​ដែល​មាន​ការ​រាក់​ខ្លាំង»

បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ​កំពុង​រិះរក​មធ្យោបាយ​ដើម្បី​នាំ​គ្រឿងចក្រ​ចូល​ទៅ​តំបន់​បឹង​អភិរក្ស​ទន្លេ​ឆ្មា ដើម្បី​ជីក​ប្រឡាយ នាំ​យក​ប្រភព​ទឹក​សម្រាប់​សង្គ្រោះ​ត្រី​ដែល​នៅ​សេសសល់។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​បន្ត​សហការ​ជាមួយ​មន្ត្រី​ជំនាញ ព្រមទាំង​មន្ត្រី​មូលដ្ឋាន ដោយ​រិះរក​គ្រប់​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ជួយ​ការពារ​ត្រី​តំបន់​បឹង​មួយ​នេះ។

ទោះបីជា​បែប​នេះ​ក្ដី ទាំង​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​រដ្ឋបាល​ជលផល អះអាង​ថា ក្នុង​អំឡុង​ពេល ២០​ថ្ងៃ​ទៅ​មុន​ទៀត ប្រសិន​ស្ថានភាព​អាកាសធាតុ​នៅ​តែ​បន្ត​ក្ដៅ​បែប​នេះ តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា នឹង​ត្រូវ​រីង​ស្ងួត ហើយ​ត្រី​ដែល​នៅ​សេសសល់​ត្រូវ​ប្រឈម​ក្ដី​វិនាស​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។