ប្រជាពលរដ្ឋនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន រិះគន់មន្ត្រីប៉ូលិសក្រុងនេះថាមានវិធានការទន់ខ្សោយ ក្នុងការទប់ស្កាត់មេខ្យល់ដែលនាំមនុស្សឆ្លងដែនចេញទៅកាប់ឈើគ្រញូងនៅប្រទេសថៃ ខុសច្បាប់។
អ្នកភូមិបញ្ជាក់ថា ការនាំមនុស្សទៅកាប់ឈើនេះ មានលួចប្រើប្រាស់ថ្នាំញៀន ប៉ុន្តែពុំមានអាជ្ញាធរមានសមត្ថកិច្ចណាបង្ក្រាបនៅឡើយទេ។
អ្នកភូមិនៅតំបន់ប៉ៃលិន សម្ដែងក្ដីបារម្ភចំពោះសកម្មភាពលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ព្រោះសកម្មភាពនេះបានជះឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋក្បែរខាងរស់នៅដោយការភ័យខ្លាច។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិអូរតាពុក សង្កាត់ទួលល្វា ក្រុងប៉ៃលិន ថ្លែងមិនឲ្យបញ្ចេញឈ្មោះនៅថ្ងៃទី៥ វិច្ឆិកា ថា ក្រុមមេខ្យល់នៅចំណុចភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន នាំមនុស្សឆ្លងដែនទៅកាប់ឈើគ្រញូងនៅប្រទេសថៃ រួចដឹកយកមកលក់នៅប្រទេសកម្ពុជា ធ្វើសកម្មភាពជាច្រើនឆ្នាំមកហើយ ដោយក្នុងចំណោមមេខ្យល់នោះមានម្នាក់ឈ្មោះ អ្នកស្រី ចន្នី។
អ្នកភូមិរូបនេះបន្តទៀតថា ក្រុមមេខ្យល់ទាំងនោះមិនត្រឹមតែនាំមនុស្សឆ្លងដែនដោយខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងបានឲ្យកម្មករប្រើប្រាស់ថ្នាំញៀនបង្កើនកម្លាំងទៀតផង ដែលបញ្ហាទាំងនេះ ធ្វើឲ្យអ្នកភូមិក្បែរខាងមានការព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន៖ «តំបន់ប៉ៃលិន យើងនេះទប់ស្កាត់អាលក់គ្រឿងញៀនមិនបានត្រឹមត្រូវ ដូចជាព្រងើយកន្តើយអ៊ីចឹងណាស់ វានៅតែហូរចូល។ ប៉ុន្តែហូរក៏ហូរចោះ ប៉ុន្តែឲ្យតែមានប៉ូលិសទប់ស្កាត់ បើមិនបាន ១០០ភាគរយក៏បាន ៨០-៧០%ដែរ។ ហើយទីមួយទៀត ពេលវាមកតាមសង្កេតទៅ ពេលវាលក់អីបានអ៊ីចឹង វាចូលខារ៉ាអូខេច្រៀងរាំពេញកន្លែងហ្នឹង អស់លុយទៅទៀតទៅ»។
អ្នកភូមិឲ្យដឹងទៀតថា សកម្មភាពរបស់ក្រុមមេខ្យល់ទាំងនោះ ដំណើរការទៅបានមកទល់សព្វថ្ងៃនេះ ដោយសារចំណាត់ការរបស់អាជ្ញាធរប៉ូលិសនៅតំបន់នោះទន់ខ្សោយ។
ឆ្លើយតបនឹងបញ្ហានេះ អធិការក្រុងប៉ៃលិន លោក លឹម វាសនា មានប្រសាសន៍បញ្ជាក់ថា អ្វីដែលអ្នកភូមិនិយាយថាមានមេខ្យល់លួចនាំមនុស្សឆ្លងដែនទៅកាប់ឈើគ្រញូងនៅប្រទេសថៃ ដោយខុសច្បាប់ ហើយប្រើប្រាស់ថ្នាំញៀននោះ កន្លងមកអាជ្ញាធរប៉ូលិសបានដាក់កម្លាំងតាមដានយ៉ាងសកម្មទៅលើរឿងនេះ ប៉ុន្តែពុំប្រទះឃើញមុខសញ្ញានោះទាល់តែសោះ។ ទោះជាយ៉ាងនេះក្ដី លោកថា ប្រសិនបើប្រជាពលរដ្ឋក្បែរខាងនោះប្រទះឃើញសកម្មភាពបែបនេះកើតឡើងជាថ្មី ហើយផ្ដល់ដំណឹងដល់អាជ្ញាធរប៉ូលិសនោះ នឹងចាប់មេខ្យល់មកផ្ដន្ទាទោសឲ្យបានក្នុងពេលឆាប់ៗ៖ «ពេលដែលឃើញអីវ៉ាន់នៅក្នុងផ្ទះហ្នឹងភ្លាម ខល (call) មកខ្ញុំភ្លាម ខ្ញុំសន្យាចាប់ឲ្យអស់ ហើយខ្ញុំសន្យាភ្លាម ខ្ញុំទៅចាប់ភ្លាមអ៊ីចឹងណាស់។ នៅក្នុងកតិកាយើងខ្ញុំហ្នឹង គឺគ្រប់គ្រង ដើម្បីរក្សាភូមិឃុំសុវត្ថិភាព អាបញ្ហាកាប់ឈើគ្រញូងហ្នឹងគ្រាន់តែជាបន្ទាប់បន្សំនៃបទល្មើសទេ ជាពិសេសខ្ញុំត្រូវការពារចោរកម្ម ការពារការជួញដូរគ្រឿងញៀន ល្បែងស៊ីសងចំពោះមុខធំជាង»។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក នី ចរិយា មានប្រសាសន៍ថា អ្នកដែលរួមគំនិតនាំមនុស្សឆ្លងដែនទៅកាប់ឈើគ្រញូងនៅប្រទេសថៃ ខុសច្បាប់ ចាត់ជាបទល្មើសឧក្រិដ្ឋ។ លោកបន្តថា សកម្មភាពនេះដំណើរការទៅបាន ភាគច្រើនដោយសារមនុស្សមានឥទ្ធិពល និងមានអំណាចនៅពីក្រោយខ្នង៖ «រដ្ឋាភិបាលត្រូវតែមានការយកចិត្តទុកដាក់ ហើយមិនមែនគ្រាន់តែឮសារព័ត៌មានផ្សព្វផ្សាយ ហើយចោទប្រកាន់ទៅសារព័ត៌មានថាផ្សាយរឿងហ្នឹងអ៊ីចេះអ៊ីចុះ ហើយមកការពារបទឧក្រិដ្ឋអ៊ីចឹងទេ។ ត្រូវតែឮព័ត៌មានអស់នេះ ត្រូវតែធ្វើការស៊ើបអង្កេត ហើយចាត់វិធានការទៅលើមន្ត្រីទាំងឡាយណាដែលបានចូលរួមផ្សំគំនិត និងទំនុកបម្រុងអស់ទាំងហ្នឹង។ ទី២ ត្រូវតែអប់រំប្រជាពលរដ្ឋ ហើយនិងមើលខុសត្រូវប្រជាពលរដ្ឋនៅក្នុងតំបន់ហ្នឹង ថាតើហេតុអីបានជាគាត់សុខចិត្តផ្សងព្រេងប្ដូរជីវិត ដើម្បីទៅកាប់ឈើអស់ហ្នឹង»។
ទោះយ៉ាងនេះក្ដី អ្នកភូមិនៅតំបន់នោះកំពុងព្រួយបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីប្រទះឃើញក្រុមកម្មករទាំងនោះប្រើប្រាស់ថ្នាំញៀន នៅពេលដែលពួកគេត្រឡប់ពីកាប់ឈើនៅប្រទេសថៃ ហើយអំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធ ចាត់វិធានការទៅលើរឿងនេះឲ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
