អ្នក​ស្រុក​នៅ​ខេត្ត​កោះកុង​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង

រដ្ឋាភិបាល​កម្ពុជា លើក​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ថ្មី​មួយ​ទៀត នៅ​ទំនប់​ស្ទឹង​ឆាយ​អារ៉ែង ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ គម្រោង​នោះ មិន​ទាន់​ចេញ​ជា​រូប​រាង​នៅ​ឡើយ បន្ទាប់​ពី​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន ឈ្មោះ ឆាយណា ផៅវើ ហ្រ្គីដ(China Power Grid) ផ្អាក​ការ​សិក្សា​នៅ​ឆ្នាំ​២០១០ និង​ក្រុមហ៊ុន ឆាយណា ហ្គ័ទៀន ហីដ្រូផៅវើ (China GOUDIAN Hydropower) ផ្អាក​នៅ​ចុង​ឆ្នាំ​២០១៣។

0:00 / 0:00

មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះ ស៊ីនណូហាយដ្រូ រីសស (Sinohydro Resources) កំពុង​សិក្សា​ពី​ផល​ប៉ះពាល់​របស់​សំណង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ព្រៃ​ក្បែរ​ស្ទឹង​អារ៉ែង មិន​ចង់​បាន​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង ទេ។

ពលរដ្ឋ​ច្រើន​ឃុំ​រស់​នៅ​ជុំវិញ​ស្ទឹង​អារ៉ែង ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ច្រាន​ចោល​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង។

ការ​ច្រាន​ចោល​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាក់​លាក់​នៃ​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង គ្រោង​សង់​នៅ​តំបន់​ស្ទឹង​អារ៉ែង ស្ថិត​នៅ​ក្បែរ​តំបន់​ការពារ​ព្រៃ​ឈើ​ភ្នំ​ក្រវាញ ភាគ​កណ្ដាល ដែល​ជនជាតិ​ជង រស់​នៅ​ទី​នោះ​ខ្លាច​បាត់​បង់​ព្រៃ​ដូនតា និង​សត្វ​ព្រៃ​កម្រ មាន​ក្រពើ​ភ្នំ ត្រី​នាគ​ជាដើម ដែល​គេ​បាន​អភិរក្ស​តំណ​កូន​ចៅ។

ស្ត្រី​ឈ្មោះ វ៉ែន គឿន រស់​នៅ​ភូមិ​ច្រកឫស្សី ឃុំ​ជំនាប់ និយាយ​ថា អាជ្ញាធរ​ធ្លាប់​ប្រជុំ​ប្រាប់​ថា អ្នក​រស់​នៅ​ក្នុង​ឃុំ​នេះ​នឹង​រើ​ចេញ​ពី​កន្លែង​កំពុង​រស់​នៅ ព្រោះ​ស្ថិត​នៅ​ក្នុង​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង។ អាជ្ញាធរ​គ្រាន់​តែ​ឲ្យ​ដឹង​ថា ទីតាំង​ទៅ​រស់​នៅ​ថ្មី​នៅ​ឯ​វាលវែង ឆ្ងាយ​ពី​នេះ​មិន​ដឹង​ប៉ុន្មាន​គីឡូ​ទេ គឺ​ជា​កន្លែង​ដែល​មាន​សត្វ​ដំរី​ឆ្លង​កាត់។ លោកស្រី​ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង នឹង​ធ្វើ​ឲ្យ​សត្វ​ព្រៃ​បាត់​បង់ ឯ​រ៉ែ​ត្បូង រ៉ែ​ដែក រ៉ែ​មាស ក៏​នឹង​បាត់​បង់​ដែរ។ ហេតុ​នេះ បាន​ជា​គាត់​មិន​ចង់​ឲ្យ​មាន​ការ​សង់​ទំនប់​វារីអគ្គិសនី​ក្នុង​ស្ទឹង​អារ៉ែង ទេ៖ «អត់​មាន​ផល​ចំណេញ​ទេ​ប្រជាជន​នោះ។ ដល់​ពេល​បិទ​ទំនប់​ទៅ ប្រជាជន រុះ​ទី​លំនៅ​ទៅ​វា​ពិបាក។ ខ្ញុំ​ចង់​ថា​អត់​ឲ្យ​គេ​បិទ​ដាច់​ម៉ាត់​តែ​ម្តង ប៉ុន្តែ​មិន​ដឹង​ថា​គេ​យល់​ព្រម​ឬ​ក៏​អត់»

ចំណែក​បុរស​វ័យ ៣៧​ឆ្នាំ រស់​នៅ​ភូមិ​ច្រកឫស្សី ដែរ​ថ្លែង​ថា ទំនប់​ហ្នឹង​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​លើ​ដី​ដែល​មើល​ឃើញ​ដោយ​ភ្នែក ប្រែ​ពី​ព្រៃ​ឈើ​ធម្មជាតិ មាន​ស្រែ​ចម្ការ សត្វ​ក្រពើ​ភ្នំ និង​សត្វ​ដទៃ ត្រូវ​ជំនួស​វិញ​ដោយ​ផ្ទះ​ថ្ម​នា​ពេល​ខាង​មុខ។ ឯ​ក្នុង​ដី​ដូនតា រ៉ែ​ដែក រ៉ែ​ត្បូង​តង រ៉ែ​មាស គេ​នឹង​ជីក​យក​អស់​រលីង​ដូច​នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ រីឯ​ការ​ពិភាក្សា​ពី​សំណង គឺ​គ្មាន​សោះ។ គាត់​ឃើញ​ពួក​ចិន ដើរ​វាស់​ដី​ក្នុង​ឃុំ គ្រោង​សង់​ទំនប់​ស្ទឹង​ឆាយ​អារ៉ែង គេ​បាន​ដើរ​ចេញ​ចូល​ច្រើន​នៅ​រដូវ​ប្រាំង ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣៖ «តាម​គំនិត​របស់​ខ្ញុំ​មិន​ចង់​ឲ្យ​ទប់​ទេ ព្រោះ​វា​ប៉ះពាល់​ធនធាន​ធម្មជាតិ​ច្រើន ហើយ​ដូច​ថា​ដំណាំ​ដាំ​ដុះ​ក៏​វា​ច្រើន​ដើម​ឈើ ហើយ​និង​សត្វ​ក្រពើ​ភ្នំ​ដូច​អី ដល់​ពេល​យើង​ទប់​ទៅ​វា​អាច​ប៉ះពាល់ វា​រត់​ទៅ​នៅ​ឯ​លើៗ។ វា​ប៉ះពាល់​មាន​រ៉ែ​ដែក តង​យើង អា​ពណ៌​ដល់​ពេល​យើង​ជីក យើង​រែង​ទៅ យើង​នឹង​ឃើញ​ខៀវៗ​ច្រាញៗ​ដូច​ត្បូង​នោះ​ដែរ»

គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា ជំនាប់ ឈ្មោះ ជា ឧត្តម ថ្លែង​ថា ទំនប់​អារ៉ែង​ធ្វើ​ឲ្យ​សាលា​រៀន​នោះ​មិន​អាច​ជួសជុល ឬ​កសាង​អ្វី​ថែម​បាន​ទេ។ គ្រូ និង​សិស្ស ប្រឈម​ការ​រើ​សាលា​ទៅ​បង្រៀន​នៅ​កន្លែង​ផ្សេង ដែល​នឹង​សម្បូរ​សត្វ​បំផ្លាញ​ដំណាំ ឯ​សិស្ស​អាច​បាត់​បង់​ការ​ចង់​រៀន។

មន្ត្រី​ឃុំ​ប្រឡាយ មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា ខ្មែរ​ក្រហម​បាន​ជម្លៀស​ជនជាតិ​ជង ឲ្យ​ទៅ​នៅ​ដល់​ជីផាត។ នៅ​ឆ្នាំ​១៩៩៧ ជនជាតិ​ជង ទើប​ចូល​មក​កសាង​ភូមិ​ដូនតា វិញ ស្រាប់​តែ​មាន​គម្រោង​ទំនប់​វារីអគ្គិសនី​អារ៉ែង គ្រោង​ប្ដូរ​ជនជាតិ​ជង នោះ ឲ្យ​ទៅ​នៅ​តំបន់​មាន​ដំរី​ឆ្លង​កាត់។ ជនជាតិ​ជង ទាំង​ចាស់​ទាំង​ក្មេង មិន​ចង់​ប្ដូរ​ចេញ​ពី​កន្លែង​រស់​នៅ​ទេ។ ទី​២ ឃុំ​ប្រឡាយ គ្មាន​ទឹក​ច្រើន​ទេ ទាំង​រដូវ​វស្សា និង​រដូវ​ប្រាំង មិន​គួរ​រដ្ឋាភិបាល​យក​តំបន់​ស្ទឹង​អារ៉ែង ទៅ​ធ្វើ​វារីអគ្គិសនី​ឡើយ។

ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង នឹង​ប៉ះពាល់​ដី​ព្រៃ​កម្មសិទ្ធិ​ដូនតា​ប្រមាណ ៧​ពាន់​ហិកតារ ឯណោះ។ ដី ៧​ពាន់​ហិកតារ​នោះ គឺ​មិន​ទាន់​រាប់​បញ្ចូល​ទាំង​ដី​ភូមិ​របស់​អ្នក​ស្រុក​កំពុង​រស់​នៅ ៣​ឃុំ មាន​ឃុំ​ថ្មដូនពៅ ឃុំ​ជំនាប់ និង​ឃុំ​ប្រឡាយ សរុប​ជិត ២​ពាន់​គ្រួសារ។ ពិសេស​ទៅ​ទៀត សត្វ​ក្រពើ​ភ្នំ ត្រី​នាគ និង​សត្វ​កម្រ​ចំនួន ៣០​ប្រភេទ​ដទៃ​ទៀត នឹង​រង​នូវ​ការ​ប្ដូរ​ទីតាំង​រស់​នៅ​ដែរ នាំ​ឲ្យ​ធនធាន​ធម្មជាតិ​រលាយ​បង់។

លោក​បន្ត​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​មាន​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​អារ៉ែង មែន សុំ​ឲ្យ​ជជែក​លម្អិត​ពី​សំណង និង​ផល​ប្រយោជន៍​ដែល​ជនជាតិ​ជង ទទួល​បាន​ពី​ទំនប់​វារីអគ្គិសនី​នោះ និង​សុំ​ដាក់​ផែន​ការ​ច្បាស់​លាស់ និង​កំណត់​លក្ខខណ្ឌ​ឲ្យ​ក្រុមហ៊ុន​សង់​ទំនប់​វារីអគ្គិសនី ត្រូវ​អនុវត្ត​តាម​ការ​ទាមទារ​របស់​អ្នក​រង​នូវ​ផល​ប៉ះពាល់​ពី​សំណង់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង នោះ៖ «បើ​សិន​ថា​ខាង​រដ្ឋាភិបាល បើ​គាត់​ធ្វើ​ទំនប់​អា​ហ្នឹង​មែន អ៊ីចឹង​ឲ្យ​គាត់​បង្ហាញ​ពី​លទ្ធផល​គម្រោង​ហ្នឹង​ឲ្យ​ច្បាស់ សំខាន់​លទ្ធផល​ការ​សិក្សា​ប៉ះពាល់​ទៅ​លើ​អីៗ ចង់​ដឹង​ឲ្យ​ច្បាស់ ហើយ​សាងសង់​ថ្ងៃ​ណា​អី​ចង់​ដឹង​ឲ្យ​ច្បាស់ ព្រោះ​រាល់​ថ្ងៃ​ដឹង​ឮ​តែ​តាម​មាត់​គេ​និយាយ ហើយ​ដីធ្លី​ប៉ះពាល់​អី​មិន​ដឹង​ថា គេ​សង់​យ៉ាង​ម៉េច​អី​ម៉េច ដឹង​ថា​សង​ជា​លុយ​អី​យ៉ាង​ម៉េច សង​ជា​ដី​យ៉ាង​ម៉េច វា​អត់​ច្បាស់»

អនុ​ប្រធាន​សហគមន៍​ព្រៃ​ឈើ និង​ជា​ជំទប់​ទី​២ ឃុំ​ប្រឡាយ លោក សុខ ខ្មៅ ថ្លែង​ថា ការ​ខិតខំ​អភិរក្ស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​របស់​ជនជាតិ​ជង គឺ​បាន​រួម​ចំណែក​ការពារ​ធនធាន​ធម្មជាតិ។ ជនជាតិ​ជង មិន​ដែល​ស្គាល់​ភ្លើង​អគ្គិសនី​ទេ គេ​ស្គាល់​តែ​ចន្លុះ​អុជ​បំភ្លឺ ហើយ​ថ្មីៗ​មាន​ភ្លើង​អាគុយ និង​ពិល។ លោក​ថា ជនជាតិ​ជង ក៏​ចង់​បាន​ការ​អភិវឌ្ឍ​ដែរ តែ​សុំ​ឲ្យ​ការ​អភិវឌ្ឍ​កុំ​បំផ្លាញ​ធនធាន​ព្រៃ​ដូនតា និង​វប្បធម៌​របស់​ជនជាតិ​ជង៖ «បាត់​ដូច​ថា មុខ​របរ​ប្រពៃណី ដូច​ជា​យើង​មាន​ព្រៃ​អារក្ស​អ្នក​តា​ដែល​យើង​រក្សា​ពី​មុនៗ​មក ដល់​ពេល​យើង​ទៅ​កន្លែង​ផ្សេង អាច​យើង​នឹង​បាត់​បង់​ខ្លះ»

មេ​ឃុំ​ប្រឡាយ លោក គឹម ឆែ ថ្លែង​ថា មិន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​វារីអគ្គិសនី​ក្នុង​តំបន់​ស្ទឹង​អារ៉ែង ទេ ប៉ុន្តែ​សុំ​ឲ្យ​មាន​ការ​ពិភាក្សា និង​មាន​ការ​ប្រជុំ​ពី​សំណង និង​ទី​កន្លែង​រស់​នៅ​ថ្មី​ច្បាស់​លាស់។ លោក​បន្ត​ថា ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ប្រឡាយ ចង់​បាន​មុន​គេ គឺ​ផ្លូវ​ថ្នល់ ងាយ​ស្រួល​ដឹក​កសិផល​ទៅ​លក់​នៅ​ទីផ្សារ ហើយ​ឃុំ​នេះ​មិន​ទាន់​ត្រូវ​ការ​វារីអគ្គិសនី​ទេ។ លោក​ឲ្យ​ដឹង​ថា ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ប្រឡាយ មាន ៣០០​គ្រួសារ ស្ទើរ​ទាំងអស់​ជា​ជនជាតិ​ជង។ ពួក​គេ​រស់​នៅ​រាយប៉ាយ​ក្នុង​ព្រៃ​ជួរ​ភ្នំ​ក្រវាញ គឺ​មាន ៤​ភូមិ គឺ​ភូមិ​ប្រឡាយ ភូមិ​សំរោង ភូមិ​តាងិល និង​ភូមិ​ចំណារ។

តាម​ឯកសារ​ពី​មន្ត្រី​បរិស្ថាន​អន្តរជាតិ បង្ហាញ​ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង នឹង​សង់​លើ​ផ្ទៃ​ដី​ភ្នំ​ក្រវាញ​ភាគ​កណ្ដាល។ ការ​សិក្សា​ដំបូង​ដោយ​ក្រុមហ៊ុន​ចិន ឈ្មោះ ឆាយណា ផៅវើ ហ្រ្គីដ នា​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៨ ឃើញ​ថា ផ្ទៃ​ដី​កសាង​ទំនប់​មាន​ទំហំ ៧​ពាន់​ហិកតារ ដែល​ប៉ះពាល់​ជនជាតិ​ជង រស់​នៅ​ជាប់​ស្ទឹង​អារ៉ែង គឺ​មាន​ឃុំ​ប្រឡាយ ឃុំ​ជំនាប់ និង​ឃុំ​ថ្មដូនពៅ។ ទំនប់​ស្ទឹង​ឆាយ​អារ៉ែង នឹង​ផលិត​វារីអគ្គិសនី ២​ផ្នែក​ខុស​គ្នា គឺ​នៅ​រដូវ​វស្សា​សំបូរ​ទឹក ការ​ផលិត​ថាមពល​អគ្គិសនី​បាន ១០៨​មេហ្គាវាត់ បើ​នៅ​រដូវ​ប្រាំង ទឹក​មិន​សូវ​មាន ថាមពល​អគ្គិសនី​ផលិត​បាន​តែ ៦០​មេហ្គាវាត់ ទេ។ ប៉ុន្តែ ទំហំ​កាប់​បំផ្លាញ​ព្រៃ​ធម្មជាតិ និង​សត្វ​កម្រ គឺ​ធំធេង​ដល់ ៧​ពាន់​ហិកតារ ឯណោះ។ ទន្ទឹម​នោះ ថវិកា​ចំណាយ​តែ​ក្នុង​គម្រោង​សំណង់​ទំនប់​សុទ្ធ​ប្រមាណ​ជាង ៤០០​លាន​ដុល្លារ។

ប្រភព​ពី​អ្នក​ភូមិ ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៣ មាន​ជនជាតិ​ចិន ចូល​ទៅ​សិក្សា​ស្ទឹង​អារ៉ែង ទៀត តែ​ដើរ​ចុច ជី.ភី.អែស (GPS) តាម​ភូមិ និង​ព្រៃ។ អ្នក​ចូល​ថ្មី​នោះ មិន​មែន​បុគ្គលិក​ក្រុមហ៊ុន​ចិន ចាស់​ទេ។

ប្រភព​ពី​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង នោះ រាជ​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​ចុះ​ហត្ថលេខា​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ច្បាស់​វិនិយោគ​នៅ​ឡើយ។ លោក​ថា គម្រោង​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង កំពុង​សិក្សា​ពី​ផល​ប៉ះពាល់​បន្តបន្ទាប់ ចាប់​ពី​ឆ្នាំ​២០០៦ មក។ ក្រុមហ៊ុន​ដែល​ចុះ​សិក្សា​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង មាន​ក្រុមហ៊ុន ឆាយណា ផៅវើ ហ្រ្គីដ ក្រុមហ៊ុន​នោះ​បាន​ផ្អាក​នៅ​ឆ្នាំ​២០១០។ ហើយ​មាន​ក្រុមហ៊ុន​ចិន មួយ​ទៀត សិក្សា​បន្ត ឈ្មោះ ឆាយណា ហ្គ័ទៀន ហីដ្រូផៅវើ។ បច្ចុប្បន្ន គឺ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ឈ្មោះ ស៊ីណូហាយដ្រូ រីសស កំពុង​សិក្សា​ពី​ទំនប់​អារ៉ែង ដែរ។ ប៉ុន្តែ ក៏​មិន​ទាន់​ច្បាស់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​ប្រគល់​ឲ្យ​ក្រុមហ៊ុន​នោះ​សង់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង នោះ​ទេ ព្រោះ​ការ​សិក្សា​កំពុង​តែ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។