សហគមន៍​ព្នង​ខេត្ត​ក្រចេះ​បារម្ភ​អំពី​ការ​កាប់​ដី​ព្រៃ​សហគមន៍​ក្រោយ​ក្រុមហ៊ុន​ឈូស​ឆាយ​ផ្លូវ

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ព្នង ជិត ២០០​គ្រួសារ រស់​នៅ​ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ សម្ដែង​ក្ដី​បារម្ភ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ជា​ប្រព័ន្ធ​ដោយ​ពុំ​មាន​ការ​ទប់ស្កាត់។ អ្នក​ភូមិ​ថា ក្រោយ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ដៅ ទូ សៃហ្គន ប៊ិនភឿក (Dau Tu Saigon-Binh Phouc) ឈូស​ឆាយ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំ​ប្រទល់​ដី បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​នោះ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​ប្រើប្រាស់​សមូហភាព​សហគមន៍ និង​កំណត់​ព្រំប្រទល់​ដី​ព្រៃ​សហគមន៍ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ​ទាញ​យក​ផលប្រយោជន៍​ព្រៃឈើ​នោះ​ជា​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ភូមិ​ប្អៀរ ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ លោក ឃិន ឌឿន តក់​សម្គាល់​ថា ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ពលរដ្ឋ​ជា​ច្រើន​ក្រុម​រស់​នៅ​ឃុំ​ចង្ក្រង់ ឃុំ​ថ្មី និង​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​ទៀត បាន​ឆ្មក់​លួច​កាប់​ឈើ​ប្រភេទ​ជន្លង់​ម្រេច និង​ឈើ​មាន​តម្លៃ​ដោយ​ប្រើប្រាស់​គោយន្ត​ជាង ១០​គ្រឿង ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​នោះ។

លោក​បារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិន​ពន្លឿន​កំណត់​ព្រំប្រទល់​ដី​ព្រៃ​សហគមន៍ និង​ចុះ​បញ្ជី​ដី​កម្មសិទ្ធិ​ប្រើប្រាស់​ជា​សមូហភាព​សហគមន៍​ទេ ចលនា​បំផ្លាញ​ព្រៃ​សហគមន៍​នឹង​កាន់​តែ​រីក​ធំ​ឡើង ដែល​បញ្ហា​នេះ​បណ្ដាល​ឲ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង មាន​មុខ​របរ​ត​ពី​ជីដូន​ជីតា​ជា​លក្ខណៈ​ប្រពៃណី លើ​ការ​រក​អនុផល​ព្រៃឈើ។ លើស​ពី​នេះ​ទៀត ប្រសិន​បាត់បង់​ព្រៃ​សហគមន៍​នោះ ប្រពៃណី​វប្បធម៌​របស់​ពួកគាត់​ក៏​បាត់បង់​ដែរ៖ «បើ​តាម​វា​ធ្វើ​ក្រវាត់​មក វា​កាយ​ធ្វើ​ផ្លូវ​លំ​អ៊ីចឹង ដូច​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ឈើ។ ពួក​ខ្ញុំ​ទប់ស្កាត់​អត់​ឈ្នះ»

អនុ​ប្រធាន​សហគមន៍​ភូមិ​ប្អៀរ លោក ឈឿន ផន កត់សម្គាល់​ថា កាល​ពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដៅ ទូ សៃហ្គន ប៊ិញ ភឿក បាន​ឈូស​ឆាយ​ព្រៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​អាស្រ័យ​ផល​អស់​ជា​ច្រើន​ហិកតារ។ លើស​ពី​នេះ ក្រោយ​ពី​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម កាល​ពី​ឆ្នាំ​២០០៧ ធ្វើ​ឲ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ត្រូវ​រងគ្រោះ​ដោយសារ​ការ​បាត់បង់​ដីធ្លី​សម្រាប់​ធ្វើ​ស្រែចម្ការ និង​ប៉ះពាល់​ដល់​ដី​ព្រៃ​អភិរក្ស​អ្នកតា ព្រៃ​ជំនឿ ព្រៃ​ថ្នាំ​បុរាណ និង​ដី​ទួល​សុវត្ថិភាព ដែល​ជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​តាំង​ពី​ដូនតា៖ «ម៉ាស៊ីន​ត្រង់ស៊ីន័រ និង​រណា​យន្ត សុទ្ធ​តែ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ហ្នឹង»

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​តំណាង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដៅ ទូ សៃហ្គន ប៊ិញភឿក បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដៅ ទូ សៃហ្គន ប៊ិនភឿក របស់​វៀតណាម វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃដី​ចំនួន ១​ម៉ឺន​ហិកតារ ឋិត​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ថ្មី និង​ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។

​មេ​ឃុំ​ថ្មី លោក មុំ ខាំ អះអាង​ថា រដ្ឋាភិបាល​បាន​ចេញ​លិខិត​ប្រកាស​មួយ​ស្តីពី​ការ​កំណត់​ទំហំ​ផ្ទៃដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​បាន​កាត់​ឆ្វៀល​ដី​ឲ្យ​សហគមន៍​ជូន​ពលរដ្ឋ​រួច​ហើយ ក៏​ប៉ុន្តែ​គណៈកម្មការ​ដី​នៃ​មន្ទីរ​សុរិយោដី​ខេត្ត​មិន​ទាន់​សម្រេច​បោះ​បង្គោល​ដី​ឲ្យ​ពលរដ្ឋ​ទេ។ លោក​ថា ពលរដ្ឋ​បាន​ទាមទារ​ដីធ្លី​ប្រើប្រាស់​លក្ខណៈ​សមូហភាព​លើស​ពី​អ្វី​ដែល​អាជ្ញាធរ​បាន​កំណត់​កន្លង​មក។ លោក​បន្ថែម​ថា សហគមន៍​មាន​កាតព្វកិច្ច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក្នុង​ព្រៃ​សហគមន៍​ដែល​អាជ្ញាធរ​បាន​កំណត់ ក៏ប៉ុន្តែ​បើ​បទល្មើស​ព្រៃឈើ​នៅ​ក្រៅ​ព្រៃ​សហគមន៍ ពលរដ្ឋ​ពុំ​សូវ​ហាន​ចេញ​មុខ​ទប់ស្កាត់​ទេ៖ «ព្រៃ​ហ្នឹង​យើង​ទុក​ធំ​ណាស់​ឲ្យ​ពលរដ្ឋ មិន​មែន​តាម​ដែល​គាត់​ស្នើ​សុំ​ពី​មុន​ទេ ហើយ​ដែល​ក្រុមហ៊ុន​ធ្វើ​រាល់​ថ្ងៃ​ហាក់​ដូចជា​យើង​មើល​ឃើញ​ទាំង​អស់​គ្នា។ ស្រុក ខេត្ត​បាន​ធ្វើ​ការ​រួច​អស់​ហើយ អភិបាល​ស្រុក​បាន​ប្រកាស​បង្ហាញ​ថា ឥឡូវ​ដី​នេះ​កុំ​អាល​លូក ទុក​ឲ្យ​រដ្ឋ​ចាត់​ចែង​តាម​ច្បាប់ ហើយ​គាត់​ចង់​បាន​បង្គោល​ត្រឹម​នេះ ត្រឹម​នោះ»

​ព្រៃ​សហគមន៍​ភូមិ​ប្អៀរ ឃុំ​ថ្មី ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ មាន​ទំហំ ១.២៨៦​ហិកតារ បែង​ចែក​ជា​ពីរ​ផ្នែក គឺ​ដី​ត្រៀម​បម្រុង​សម្រាប់​សហគមន៍​មាន​ទំហំ ៨១៦​ហិកតារ និង​ដី​ព្រៃ​សមូហភាព​សហគមន៍ ៤៧០​ហិកតារ។ សហគមន៍​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ដៅ ទូ សៃហ្គន ប៊ិញភឿក បាន​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​ទំហំ ៨១៦​ហិកតារ។ សហគមន៍​ថា ការ​កាត់​ឆ្វៀល​នោះ​ពុំ​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ ហើយ​សហគមន៍​ក៏​មិន​ទទួល​ស្គាល់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។