"ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​​មិន​ចំ​គោលដៅ​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​"

ដោយ​ សូត សុខប្រាថ្នា
2017-04-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មេ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លោក ប៉ែន លឿ ផ្តល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
មេ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លោក ប៉ែន លឿ ផ្តល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA/Saut Sokprathna

អាជ្ញាធរ​មូលដ្ឋាន​ឃុំ​បឹងល្វា ស្រុក​សន្ទុក និង​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​បាក់​ច្រាំង​ទន្លេ​មក​ពី​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ពេល​កន្លង​មក គឺ​ជា​ប្រភព​មួយ​ដែល​នាំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ ការ​បាត់បង់​ព្រៃឈើ​គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ​ថែម​ទៀត​ផង។

អភិបាល​ខេត្ត​កំពង់ធំ បញ្ជាក់​ថា ការ​សម្រេច​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ គឺ​ជា​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ហើយ​អាជ្ញាធរ​ក៏​បាន​សិក្សា​ពី​ប៉ះពាល់​ជាមុន​រួច​ទៅ​ហើយ​ដែរ។

ដី​សម្បទាន​សង្គមកិច្ច​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ធំ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ធ្វើ​ការងារ​ពាក់ព័ន្ធ​ព្រៃឈើ មើល​ឃើញ​ថា ប្រើប្រាស់​មិន​ចំ​គោលដៅ និង​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារតែ​បាត់បង់​ព្រៃឈើ។

ជាក់ស្ដែង​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​បឹងល្វា និង​ឃុំ​មានរិទ្ធ ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ជូន​ពលរដ្ឋ​បាក់​ច្រាំងទន្លេ មក​ពី​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​ភាគ​ច្រើន​លើសលប់​គឺ​បាន​ទៅ​លើ​ដៃ​អ្នកមាន​ប្រាក់ និង​មន្ត្រី​រាជការ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត តំបន់​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​ដាក់​ជា​ដី​សម្បទាន​សង្គមកិច្ច គឺ​ជា​តំបន់​ព្រៃស្រោង ហើយ​នាំគ្នា​ឈូស​ឆាយ​ព្រៃ​ទាំង​នោះ ដោយ​មាន​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​ប្រមូល​យក​អនុផល​ព្រៃឈើ​នៅ​តំបន់​នោះ។

​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មានរិទ្ធ មួយ​រូប លោក សុខ ម៉ាប់ មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​បាក់​ច្រាំង​ទន្លេ​មក​ពី​ស្រុក​ក្រូចឆ្មារ និង​ពលរដ្ឋ​ក្រីក្រ​ប្រមាណ ៥០០​គ្រួសារ​លើ​ទំហំ​ដី​ជាង ២​ពាន់​ហិកតារ កាល​ពី​ឆ្នាំ​២០១៤ គឺ​មិន​បាន​ដល់ដៃ​ពលរដ្ឋ​បាក់​ច្រាំងទន្លេ និង​ក្រីក្រ​នោះ​ទេ ប៉ុន្តែ​ភាគ​ច្រើន​បាន​ទៅ​លើ​ដៃ​អ្នក​មាន​ប្រាក់ និង​ឈ្មួញ​ទៅ​វិញ៖ «ពលរដ្ឋ​ដែល​បាន​សម្បទាន​ឱ្យ​នោះ​គឺ​មិន​ឃើញ​មក​ទេ ឃើញ​តែ​ឈ្មួញ​អ្នក​មាន​ធំៗ​ទិញ​យក​ពី​ក្រុម​ដែល​គេ​ឈូស​ឆាយ​អស់​ព្រៃឈើ​ហ្នឹង»

​ប្រភព​ដដែល​អះអាង​ថា ប្រភេទ​ដី​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ មួយ​ផ្នែក​ធំ​គឺ​ជា​ដី​ព្រៃ​ស្រោង​ដែល​នៅ​ជាប់​តំបន់​ព្រៃឡង់ ហើយ​សកម្មភាព​ប្រមូល​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​មាន​ឈើ​មួយ​ចំនួន​ត្រូវ​បាន​កាប់​ពី​ក្នុង​តំបន់​ព្រៃឡង់។ លោក​មើល​ឃើញ​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដែល​មិន​ចំ​គោលដៅ គឺ​ជា​រូបភាព​ដែល​ធ្វើ​ឱ្យ​ព្រៃឈើ​កាន់​តែ​ហិនហោច និង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន។

​ពលរដ្ឋ​បាក់​ច្រាំងទន្លេ មក​ពី​ស្រុក​ក្រូចឆ្មារ គឺ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​បឹងល្វា មួយ​កន្លែង​ទៀត។ អាជ្ញាធរ​ឃុំ​បឹងល្វា បញ្ជាក់​ថា ពលរដ្ឋ​មក​ពី​ស្រុក​ក្រូចឆ្មារ ដោយសារ​បាក់​ច្រាំងទន្លេ គឺ​មាន​ចំនួន ២៥៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​លំនៅឋាន​ទំហំ ២០​ម៉ែត្រ គុណ​នឹង ៤០​ម៉ែត្រ ព្រមទាំង​ដីចម្ការ​ទំហំ ២​ហិកតារ។

​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មាន​ពលរដ្ឋ​ជាង ៣០​គ្រួសារ​ប៉ុណ្ណោះ បាន​មក​រស់នៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ជូន​នៅ​ឃុំ​បឹងល្វា។

​មេ​ឃុំ​បឹងល្វា លោក ប៉ែន លឿ មាន​ប្រសាសន៍​ថា ប្រជាជន​ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​គឺ​មាន ៧០ ទៅ ៨០​ភាគរយ ជា​ក្រុម​អ្នក​មាន​ប្រាក់ និង​មន្ត្រី​រាជការ​មក​ពី​ស្រុក​ក្រូចឆ្មារ ប៉ុន្តែ​ពលរដ្ឋ​ក្រីក្រ និង​មក​ពី​កន្លែង​បាក់​ច្រាំង​ទន្លេ​ពិត​ប្រាកដ​មិន​ទទួល​បាន​ឡើយ។ បន្ថែម​ពី​នេះ ពលរដ្ឋ​ជា​ច្រើន​បាន​លក់​ដី​សម្បទាន​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុម​អ្នក​មាន​ប្រាក់ ដោយ​មិន​បាន​មក​រស់​នៅ​តំបន់​ថ្មី​នោះ​ទេ៖ «មាន​ច្រើន អ្នក​មាន​លុយ​មក។ អ្នក​ក្រ​ដែល​បាក់​ច្រាំង​មែន​គឺ​អត់​មាន​ទេ»

ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ស្រុក​សណ្ដាន់ និង​ស្រុក​សន្ទុក បាន​បណ្ដាល​ឱ្យ​ព្រៃឈើ​មួយ​ចំណែក​ត្រូវ​បាន​បាត់បង់​តាមរយៈ​ការ​ផ្ដល់​ដី​សម្បទាន​ប្រភេទ​នេះ។ លើស​ពី​នេះ អាជ្ញាធរ​ឃុំ​បឹងល្វា បញ្ជាក់​ថា ព្រៃ​សហគមន៍​មួយ​ចំនួន​ត្រូវ​បាន​ពលរដ្ឋ​ចំណូល​ស្រុក និង​ពលរដ្ឋ​ម្ចាស់​ស្រុក​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​មួយ​នេះ​នាំ​គ្នា​ចូល​កាប់​រុករាន​យក​ដី​ធ្វើ​ចម្ការ។

​តំបន់​ដែល​ធ្លាប់​គ្របដណ្ដប់​ដោយ​ព្រៃឈើ​ធំៗ បាន​ប្រែក្លាយ​ជា​វាល​ចម្ការ ហើយ​តំបន់​ទាំង​នោះ​បាន​ប្រែ​ជា​ក្ដៅ​ហួតហែង​នៅ​រដូវ​ប្រាំង ហើយ​តំបន់​ខ្លះ​អាកាសធាតុ​ប្រែប្រួល​មិន​ទៀង​ឡើយ។

ទាក់ទង​បញ្ហា​នេះ អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ គឺ​រាជរដ្ឋាភិបាល​ជា​អ្នក​សម្រេច។ លោក​បន្ថែម​ថា ក្រុម​អាជ្ញាធរ​ក៏​បាន​ចុះ​សិក្សា​ពី​ផល​ប៉ះពាល់​នៅ​រាល់​តំបន់​ដែល​ផ្ដល់​ដី​សម្បទាន​ជូន​ពលរដ្ឋ ដើម្បី​ជៀសវាង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណា​មួយ​ដល់​បរិស្ថាន ពិសេស​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ។ លោក​បន្ថែម​ថា តំបន់​ដី​សម្បទាន​សង្គមកិច្ច​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​ឃុំ​មានរិទ្ធ និង​ឃុំ​បឹងល្វា គឺ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ៖ «ជា​រួម​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នេះ​គឺ​មាន​ក្រុម​ការងារ​ចុះ​ពិនិត្យ​ច្បាស់លាស់ មិន​មែន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ»

​អភិបាល​ខេត្ត​រូប​នេះ​បញ្ជាក់​ថា ការ​ផ្ដល់​ដី​សម្បទាន​ជូន​ពលរដ្ឋ​គឺ​ធ្វើ​តាម​នីតិវិធី​ច្បាស់លាស់ ហើយ​ក៏​បាន​ផ្ដល់​ជូន​ពលរដ្ឋ​ទៅ​តាម​ឈ្មោះ​ដែល​ស្នើ​សុំ​រួច​អស់​ទៅ​ហើយ។ ទោះ​ជា​យ៉ាង​ណា លោក​ថា នឹង​ឱ្យ​ក្រុម​ការងារ​ចុះ​ពិនិត្យ​មើល​លើ​ករណី​នេះ ដើម្បី​ធានា​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​បា​ន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​បាក់​ច្រាំង​ពិតប្រាកដ។ លោក​ថា ជា​គោលការណ៍ ដី​សម្បទាន​សង្គមកិច្ច​ផ្ដល់​ជូន​ពលរដ្ឋ គឺ​តម្រូវ​ឱ្យ​ពួកគាត់​រស់​នៅ​យ៉ាង​ហោច​រយៈពេល ៥​ឆ្នាំ ប្រសិនបើ​មាន​ករណី​លក់ដូរ​មុន​ពេល​នេះ​គឺ​ជា​រឿង​ខុសច្បាប់​ទាំង​ស្រុង។

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ចន្ធី មើល​ឃើញ​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ទាំង​នេះ មិន​មាន​លក្ខណៈ​ប្រសើរ​ទេ ពីព្រោះ​អាជ្ញាធរ​មិន​មាន​យន្តការ​ច្បាស់លាស់ ម្យ៉ាង​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ម្ចាស់​ស្រុក​មួយ​ចំនួន និង​បណ្ដាល​ឱ្យ​បាត់បង់​ព្រៃឈើ​ថែម​ទៀត៖ «ដូច្នេះ​អ្វី​ដែល​អាជ្ញាធរ​ធ្វើ​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ពីរ។ ទី​មួយ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដែល​បង្កបង្កើន​ផល ដែល​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ។ ទី​ពីរ​វា​ប៉ះពាល់​ដល់​ព្រៃឈើ​ដែល​ប៉ះពាល់​ដល់​ផ្នែក​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ»

​អ្នក​សម្របសម្រួល​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង មើល​ឃើញ​ថា រាល់​តំបន់​ដី​សម្បទាន​សង្គមកិច្ច​ដែល​បាន​កំណត់​យក​តំបន់​ព្រៃ គឺ​ជៀស​មិន​ផុត​ពី​ផល​ប៉ះពាល់​នោះ​ទេ។

ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន​បាត់បង់​ព្រៃ​ជម្រក​សត្វ បាត់បង់​ជីវចម្រុះ​ក្នុង​ព្រៃ សត្វព្រៃ​ត្រូវ​រង​ការ​វិនាស និង​ធ្វើ​ឱ្យ​អាកាសធាតុ​ចាប់​ផ្ដើម​ប្រែប្រួល​ដោយសារ​តែ​បាត់បង់​ព្រៃឈើ។ ប្រភព​ដដែល​យល់​ថា តំបន់​ដី​សម្បទាន​សង្គម​កិច្ច​ទាំង​នេះ គឺ​ធ្វើ​ឡើង​ដោយ​អាថ៌កំបាំង មិន​មាន​ការ​ចូលរួម​ពី​សហគមន៍ និង​ពលរដ្ឋ​មូលដ្ឋាន ហើយ​អាច​គ្រាន់តែ​ជា​លេស​ដើម្បី​កាប់​ឈើ និង​បាន​ដី​ដោយ​ស្រប​ច្បាប់​ទៅ​ក្រុម​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​ប៉ុណ្ណោះ៖ «ប៉ុន្តែ​បើ​យើង​មើល​ជាក់ស្ដែង​នៅ​តំបន់​នោះ​គឺ​ជា​រូបភាព​វិនិយោគ​នៅ​លើ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ដែល​អាច​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ ដែល​អាច​ធ្វើ​ពលរដ្ឋ​នៅ​តំបន់​នោះ​បាត់បង់​ដីធ្លី​របស់​គាត់»

លោក សេង សុខហេង យល់​ថា ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ដល់​បរិស្ថាន រាជរដ្ឋាភិបាល​ត្រូវ​សិក្សា​អំពី​គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច និង​សេដ្ឋកិច្ច​ឱ្យ​បាន​ច្បាស់លាស់ ជៀសវាង​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល