នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ផ្ញើលិខិតចំហមួយជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ឲ្យបំភ្លឺពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យឧកញ៉ា ទ្រី ភាព និងឧកញ៉ា លឹម ប៊ុនណ្ណា ហៅ ខ្នា ដែលកំពុងរត់គេចខ្លួន ខណៈដីនេះរដ្ឋាភិបាលទើបដកហូតពីក្រុមហ៊ុនចំនួន២ ដែលរំលោភលើលក្ខខណ្ឌនៃកិច្ចសន្យា។ ប៉ុន្តែមន្ត្រីក្រសួងបរិស្ថាន អះអាងថា ក្រុមហ៊ុនទាំងពីរនេះ គ្រាន់តែទទួលបានសិទ្ធិប្រមូលអនុផលព្រៃឈើដែលសល់ពីការឈូសឆាយទេ។
លិខិតចំហរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៦ មករា ចាត់ទុកការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ២កន្លែង នៅខេត្តមណ្ឌលគិរី ដែលរដ្ឋាភិបាលទើបដកហូតពីក្រុមហ៊ុនដែលរំលោភលើលក្ខខណ្ឌធ្វើអាជីវកម្មនោះ ថាបានបំពានលើបទបញ្ជាលេខ០១ របស់រដ្ឋាភិបាលកាលពីឆ្នាំ២០១២ ដែលផ្អាករាល់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាបណ្ដោះអាសន្ន និងដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព លើកឡើងថា សារព័ត៌មានមួយចំនួនបានចុះផ្សាយពីក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុនណ្ណា ដែលទទួលបានដីសម្បទានថ្មីលើដីដែលរដ្ឋាភិបាលទើបដកហូតនោះ។

អ្នកស្រី ចក់ សុភាព ចោទជាសំណួរទៅក្រសួងបរិស្ថាន ដើម្បីឲ្យឆ្លើយបំភ្លឺពីដីសម្បទានដែលរដ្ឋាភិបាលទើបបានដកហូតពីក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនកសិកម្មខ្មែរអង្គរ និងក្រុមហ៊ុនដាយណាម នៅខេត្តមណ្ឌលគិរី នោះ ថា ពិតជាធ្វើឡើងស្របតាមបទបញ្ជាលេខ០១ ឬជាកិច្ចព្រមព្រៀងប្រើប្រាស់ដីប្រភេទផ្សេង ដែលមិនមែនជាសម្បទានដីសេដ្ឋកិច្ចថ្មីទេ៖ « រាល់ដីសម្បទានដែលរដ្ឋដកហូត វាត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ប៉ុន្តែហេតុអ្វីដីទាំងនេះត្រូវប្រគល់ទៅក្រុមហ៊ុនរបស់ឧកញ៉ាទាំងពីររូបនេះអ៊ីចឹងវិញ»។
ឆ្លើយតបនឹងលើកឡើងនេះ នាយខុទ្ទកាល័យក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ មករា ថា ដីដែលរដ្ឋាភិបាលទើបដកហូតនេះ មិនត្រូវបានប្រគល់ជាដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនណាឡើយ សូម្បី ១ម៉ែត្រក្ដី ប៉ុន្តែលោកបញ្ជាក់ថា ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុនណ្ណា គ្រាន់តែបានសិទ្ធិពីការដេញថ្លៃ ប្រមូលអនុផលព្រៃឈើ ដែលសល់ពីការឈូសឆាយឈើនោះប៉ុណ្ណោះ៖ «ខ្ញុំបានទទួលមកដែរ ប៉ុន្តែស្រង់សម្ដី (Quote) មកខុស គាត់ ( អភិបាលខេត្តមណ្ឌលគិរី លោក អេង ប៊ុនហេង ) ចង់និយាយថា ផ្ដល់សិទ្ធិឲ្យគាត់ប្រមូលផលអនុផលព្រៃឈើ ដែលសេសសល់ហ្នឹង។ ប៉ុន្តែប្រហែលជាអ្នកស្រង់សម្ដី មិនអស់សេចក្ដី អ៊ីចឹងវាអាចច្រឡំថា ការឲ្យផ្ដល់ដីសម្បទាន»។
យ៉ាងណាក៏ដោយអ្នកស្រី ចក់ សុភាព ស្នើឲ្យក្រសួងបរិស្ថាន ផ្ដល់ព័ត៌មានអំពីសិទ្ធិដែលក្រុមហ៊ុនទាំងនេះមាន និងធានាថា មិនមានការកាប់ព្រៃឈើថ្មីទៀតឡើយ បើមិនមែនជាដីសម្បទានសេដ្ឋកិច្ចថ្មីទេ។ អ្នកស្រីក៏បារម្ភចំពោះការប្រើប្រាស់ដីនេះដោយក្រុមហ៊ុនទាំងពីរ ព្រោះក្រុមហ៊ុនទាំងនេះធ្លាប់ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់ដីក្នុងបំណងកាប់ឈើខុសច្បាប់។
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីឆ្នាំ២០១៥ រកឃើញថា លោកឧកញ៉ា ទ្រី ភាព កំពុងកាន់កាប់ដីសម្បទានសេដ្ឋកិច្ច មានទំហំជិត ៣ម៉ឺនហិកតារ (២៩.៥៨៩) និងជាអ្នកដឹកនាំនៃបណ្ដាញកាប់ព្រៃឈើខុសច្បាប់ ដែលការពារដោយក្រុមមន្ត្រីយោធា ប៉ូលិស និងមន្ត្រីគយក្នុងការបោសសំអាតឈើគ្រញូងរបស់ខ្មែរដឹកទៅលក់ក្នុងទីផ្សារងងឹតប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។