ពលរដ្ឋ​នៅ​ត្បូងឃ្មុំ​រិះគន់​អាជ្ញាធរ​ថា​ពុំ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ដី​ព្រៃ​សហគមន៍

0:00 / 0:00

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា អាជ្ញាធរ​នៅ​តែ​មិន​មាន​សមត្ថភាព​ដោះស្រាយ​ចំពោះ​បញ្ហា​ដី​ព្រៃ​សហគមន៍​រាប់ពាន់​ហិកតារ ដែល​ឈ្មួញ​ខិលខូច​នាំ​គ្នា​កាន់​កាប់​ដោយ​មិន​មាន​ការ​ទប់ស្កាត់។ ចំណែក​អាជ្ញាធរ​ធ្លាប់​បញ្ជាក់​ថា ករណី​នេះ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ចូល​កាន់​កាប់​ដី​នោះ។

តំណាង​សហគមន៍​ដី​ព្រៃ​ត្រពាំងព្រីង ឱ្យ​ដឹង​ថា អាជ្ញាធរ​នៅ​តែ​មិន​អាច​ដោះស្រាយ និង​ទប់ស្កាត់​ការ​កាន់​កាប់​ទន្ទ្រាន​ដី​សហគមន៍​ប្រមាណ​ជាង ៥.០០០​ហិកតារ ពី​សំណាក់​អ្នក​មាន​ប្រាក់ និង​អ្នក​មាន​អំណាច​បាន​ឡើយ។ ការ​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​ពួក​គាត់​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ តាំង​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់​ខេត្ត ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ។ ចំណែក​អ្នក​មាន​ប្រាក់​ទាំង​នោះ នាំ​គ្នា​ដាំ​ដំណាំ​យ៉ាង​ព្រោងព្រាត។

តំណាង​សហគមន៍​ត្រពាំងព្រីង នៅ​ឃុំ​ត្រពាំងព្រីង អ្នកស្រី ហម ច្រិប មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​តែ​មក​ស្រែក​បង្ហើរ​ចោល ដោយ​មិន​ឃើញ​ពី​សកម្មភាព​ចុះ​ដោះស្រាយ ឬ​បើក​ការ​ស៊ើប​អង្កេត​ណា​មួយ ចំពោះ​ការ​បំផ្លាញ​ព្រៃ​សហគមន៍​អស់​រាប់​ពាន់​ហិកតារ​នោះ​ឡើយ។ លើស​ពី​នេះ​ទៀត នៅ​ពេល​អាជ្ញាធរ​ចុះ​ធ្វើ​វេទិកា​សាធារណៈ​ម្តងៗ តែង​ទម្លាក់​កំហុស​ទាំង​នោះ​មក​លើ​ប្រជាពលរដ្ឋ។

អ្នកស្រី ហម ច្រិប៖ «គ្រាន់​តែ​ដាក់​ពាក្យ​ប្ដឹង​មិន​ដឹង​ប៉ុន្មាន​ដង​ហើយ នៅ​តែ​គ្មាន​ប្រយោជន៍ នៅ​តែ​មិន​បាន​ធ្វើ​អន្តរាគមន៍។ បាន​ត្រឹម​តែ​មក​ស្រែកៗ ហើយ​ជនល្មើស​បាន​តែ​ម៉ា​ចំអក​ទៅ​វិញ​ថា កុំ​ទៅ​ជឿ​អី​ពួក​នេះ គេ​មក​ច្រៀង​ម៉ា​បទ​ពីរ​បទ រួច​វា​ទៅ​វិញ។ គេ​និយាយ​ថា ប្រយោជន៍​គេ​នៅ​តែ​ជា​ប្រយោជន៍​គេ គេ​និយាយ​អ៊ីចឹង។ អាជ្ញាធរ​វា​អសមត្ថភាព និយាយ​រួម​គ្មាន​អំណាច​គ្រប់គ្រង​តួនាទី​ខ្លួន​ឯង​ឱ្យ​ពិត​ប្រាកដ​ផង​ហ្នឹង។ ខ្លួន​ឯង​ចង់​បាន​លាភ​សក្ការៈ​មួយ​ជាមួយ​ជន​ខិលខូច​ដែរ​ហ្នឹង»

អ្នកស្រី​បន្ត​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ស្រែក​ដោយ​មិន​មាន​ការ​ដោះស្រាយ​នោះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំងអស់​គ្នា​លែង​មាន​ជំនឿ​លើ​អាជ្ញាធរ​ត​ទៅ​ទៀត។

អភិបាល​ស្រុក​តំបែរ ដែល​ដឹង​រឿង​នេះ​ច្បាស់​នោះ គឺ​លោក ឈិង ពិសិដ្ឋ កាល​ពី​ពេល​កន្លង​ទៅ ធ្លាប់​មាន​ប្រសាសន៍​ថា ខាង​ស្រុក​បាន​បញ្ជូន​របាយការណ៍​មួយ​ចំនួន​ទៅ​សាលា​ខេត្ត​រួច​ហើយ ដើម្បី​ស៊ើប​អង្កេត​បញ្ហា​នេះ​បន្ថែម។ ចំណែក​អ្នក​ទន្ទ្រាន​ដី​ទាំង​នោះ គឺ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ទៅ​វិញ​ទេ ហើយ​ខាង​លោក​ក៏​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​ដី​សហគមន៍​នោះ​ដែរ។ បន្ថែម​ពី​នេះ​ទៀត ក្នុង​វេទិកា​សាធារណៈ​កាល​ពី​ខែ​កក្កដា និង​ខែ​សីហា អភិបាល​ស្រុក​ក៏​បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​ថា នឹង​ដក​ដី​ទាំង​នោះ​មក​រក្សា​ទុក​ជា​សម្បត្តិ​រួម​វិញ ប៉ុន្តែ​តាំង​ពី​ពេល​នោះ​មក ប្រជាពលរដ្ឋ​នៅ​តែ​អះអាង​ថា អ្នក​មាន​អំណាច និង​ប្រាក់ កំពុង​កាន់​កាប់​ដី​ទាំង​នោះ​យ៉ាង​ស្រួល​ដដែល។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ករណី​នេះ​អ្វី​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិបាក​ក្នុង​ការ​ដោះស្រាយ គឺ​ដោយសារ​អាជ្ញាធរ​ទាំង​នោះ​មាន​ចេតនា​គេចវេស​មិន​ចង់​ដោះស្រាយ និង​ម្យ៉ាង គឺ​ពួក​គាត់​អាច​ពាក់ព័ន្ធ​នឹង​រឿង​ផល​ប្រយោជន៍។

លោក នាង សុវ៉ាត៖ «ប្រជាពលរដ្ឋ​គាត់​បាន​ប្ដឹង​ទៅ​ឃុំ ដល់​ស្រុក ដល់​មេ​ព្រៃ ដល់​ខេត្ត​ទៀត ប៉ុន្តែ​អត់​មាន​ការ​ដោះស្រាយ​ទេ កាល​ពី​កំពុង​ទន្ទ្រាន។ គឺ​គាត់​មាន​ចេតនា​ធ្វើ​ឱ្យ​បាត់​ព្រៃ​ហ្នឹង​ហ្មង! ដោយសារ​អី? ដោយសារ​តែ​ផល​ប្រយោជន៍​ដែល​គាត់​ទទួល​បាន។ អ៊ីចឹង​ហើយ​បាន​ជា​ពួក​យើង​ប្ដឹង​ទៅ​ស្រុក ទៅ​ខេត្ត វា​អត់​បាន​ធ្វើ​អី​ទេ ដោយសារ​តែ​ពួក​គាត់​ធ្មេច​ភ្នែក​បូញ​មាត់​បោះ​ដុំ​ដៃ ដើម្បី​ឱ្យ​ពួក​ឈ្មួញ​ដីធ្លី ឈ្មួញ​ព្រៃ​ឈើ​ហ្នឹង គេ​កាប់​បំផ្លាញ»

លោក​បន្ថែម​ថា ប្រជា​សហគមន៍​ទាំង​នោះ​គ្រោង​នឹង​យក​បញ្ហា​នេះ​ទៅ​ដាក់​នៅ​គណៈកម្មាធិការ​ថ្មី​ក្នុង​រដ្ឋសភា ធ្វើ​យ៉ាង​ម៉េច​ប្រមូល​ដី​ទាំង​នោះ​មក​ដាក់​ជា​សម្បត្តិ​រួម​របស់​ពលរដ្ឋ​វិញ។ លោក​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​គប្បី​ស៊ើប​អង្កេត​បញ្ហា​នេះ​ឱ្យ​បាន​លម្អិត ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើ​ការ​ដោះស្រាយ។ ចំណែក​ឯ​តុលាការ ត្រូវ​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឱ្យ​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​ច្បាប់ ពីព្រោះ​ដី​ព្រៃ​សហគមន៍​នេះ គឺ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដោយ​មិន​អាច​បុគ្គល​ណា​មួយ​រំលោភ​បំពាន ឬ​លក់​ដូរ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។