ប្រជាពលរដ្ឋរស់នៅចំទីតាំងការដ្ឋានសាងសង់ទំនប់សេសានក្រោម២ ឋិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន នៅថ្ងៃច័ន្ទ ទី២៧ ខែមករា មានប្រសាសន៍បញ្ជាក់ថា ផ្ទះមួយខ្នងត្រូវបានរុះរើ រួមទាំងផលដំណាំឈើហូបផ្លែ និងដីស្រែចម្ការប្រជាពលរដ្ឋមួយចំនួនទៀតត្រូវបានឈូសឆាយ ដើម្បីធ្វើការដ្ឋានសាងសង់ទំនប់។
ប្រជាពលរដ្ឋឈ្មោះ ថាវ ម៉ៃ អះអាងថា រហូតមកទល់នឹងថ្ងៃនេះ អ្នកភូមិមិនទាន់ទទួលបានការធានាជាក់លាក់ស្ដីពីសំណងផលប៉ះពាល់នៅឡើយ។ ហេតុនេះ អ្នកភូមិកំពុងព្រួយបារម្ភ និងភ័យខ្លាច ដោយសារក្រុមហ៊ុនចាប់ផ្ដើមឈូសឆាយផលដំណាំផ្ទះ និងដីមួយចំនួនរបស់ប្រជាពលរដ្ឋរួចហើយ៖ «គេឈូសគេរំលំដើមឈើអស់ហើយ ប្រជាពលរដ្ឋអត់មានអ្វីធ្វើទេ។ ឥឡូវ គាត់អង្គុយស្មិងស្មាធិ៍ ហើយខ្ញុំមិនដឹងធ្វើម៉េច តវ៉ាមិនដឹងទៅណាមកណា។ ១១គ្រួសារ អត់ទាន់បានសំណង អត់ទាន់បានលុយកាក់ទេ»។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែមករា កន្លងទៅបានទទួលជួបពិភាក្សាជាមួយ លោក ហ្យាង ទីងគរ (Zhang Tingke) ប្រធានក្រុមហ៊ុន ឆាយណា ហួរណាន់ គ្រុប (China Huaneng Group) ដែលជាក្រុមហ៊ុនផលិតថាមពលអគ្គិសនីដ៏ធំមួយរបស់ប្រទេសចិន កំពុងវិនិយោគលើការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២។
កាសែតក្នុងស្រុកមួយបានដកស្រង់ប្រសាសន៍ជំនួយការលោកនាយករដ្ឋមន្ត្រី គឺលោក អាង សុផល្លែត ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនត្រូវដោះស្រាយគោលនយោបាយ និងផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយកុំជម្លៀសប្រជាពលរដ្ឋចេញមុនការផ្តល់ដីសង់ផ្ទះ និងដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ។
ទាក់ទិនការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ មេឃុំភ្លុក លោក ទូន ថាំង មានប្រសាសន៍ទទួលស្គាល់ថា ផ្ទះប្រជាពលរដ្ឋមួយខ្នងបានតម្រូវឲ្យរុះរើដំបូងគេ ដើម្បីយកដីធ្វើការដ្ឋានក្រុមហ៊ុន ក៏ប៉ុន្តែអាជ្ញាធរបានបំពេញឯកសារផ្តល់សំណងជូនប្រជាពលរដ្ឋរួចហើយ៖ «គេត្រូវសង់ថ្ងៃនេះហើយ ព្រោះឯកសារយើងធ្វើបំពេញទៅអស់ហើយ យឺតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គេអត់បានធ្វើការណា!»។
របាយការណ៍ពិសេសស្ដីពីសំណង និងនយោបាយកែតម្រូវនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ឆ្នាំ២០១១ បង្ហាញថា ភូមិចំនួន៧ ក្នុងឃុំចំនួន៤ រងផលប៉ះពាល់ ក្នុងនោះប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ៥០០ផ្ទះ។
មន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ចាប់អារម្មណ៍ថា ប្រសិនមន្ត្រីអាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុន មិនទាន់ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋរួចរាល់ទេ ហើយធ្វើការសាងសង់នោះ នឹងនាំឲ្យប្រជាពលរដ្ឋជ្រួលច្របល់៖ «ឈូសទីតាំងទំនប់តែម្តង តាមសហគមន៍ដែលបានប្រាប់មកថា ថ្មបាតអូរក៏គេបានខួងហើយដែរ។ គេបានដំណើរការរៀបចំទីតាំងរៀបចំអ្វីអស់ហើយ»។
រួមចំណែកក្នុងបញ្ហានេះដែរ អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ លោក យ៊ូ បាសិទ្ធ មានប្រសាសន៍បញ្ជាក់ថា លិខិតផ្សព្វផ្សាយពីតម្លៃនៃសំណងផលប៉ះពាល់ជិត ៨០០សន្លឹក បានរៀបចំរួចហើយ ដើម្បីចែកជូនប្រជាពលរដ្ឋអ្នករងផលប៉ះពាល់គ្រប់ក្រុមគ្រួសារ៖ «ខ្ញុំផ្ទាល់ឃើញថា សំណងផលប៉ះពាល់នេះសមរម្យហើយ នឹងទៅពន្យល់គាត់ឲ្យគាត់យល់ហើយ គាត់នឹងដឹងតែម្តង។ យើងមានតម្លៃសំណងនានាមានគោលការណ៍ឧបត្ថម្ភបន្ថែមទៀតជាថវិកា ថាបើគាត់មានផ្ទះស៊ីម៉ង់ ឬផ្ទះឈើរឹងមាំ យើងនឹងសងក្នុងនេះគេដាក់ថាមួយម៉ែត្រការ៉េតម្លៃ ៥០ដុល្លារ។ អ៊ីចឹង គាត់គុណទៅ ផ្ទះគាត់ប៉ុន្មានម៉ែត្រសងជូនគាត់ប៉ុណ្ណឹង។ ក្រោលគោមួយអ៊ីចឹង មួយការ៉េ ១៥ដុល្លារ ដើមដូង ស្វាយចន្ទីមួយដើម ៥ដុល្លារ ៥កាក់»។
ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីជំនួយការលោកនាយករដ្ឋមន្ត្រី លោក អាង សុផល្លែត បានដកស្រង់ប្រសាសន៍ប្រធានក្រុមហ៊ុនវិនិយោគទំនប់សេសានក្រោម២ ដែរថា គម្រោងសេសាន២នេះអាចផលិតអគ្គិសនីបានក្នុងឆ្នាំ២០១៧ ខាងមុខ ជាមួយនឹងការទទួលខុសត្រូវខ្ពស់លើបញ្ហាបរិស្ថាន ការតាំងលំនៅឋានរបស់ប្រជាជនដែលរស់នៅក្នុងតំបន់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងមិនឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
