អាជ្ញាធរស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង អះអាងថា យោធាឡាវ ខេត្តចំប៉ាសាក់ សម្រេចបញ្ជូនពលរដ្ឋខ្មែរ ១១នាក់មកកម្ពុជា វិញ បន្ទាប់ពីបានឃុំខ្លួនអស់រយៈពេល ៨ថ្ងៃ ទាក់ទិនការឆ្លងដែនខុសច្បាប់។ ការសម្រេចដោះលែងនេះ បន្ទាប់ពីអាជ្ញាធរខ្មែរ បានអន្តរាគមន៍ទៅអាជ្ញាធរឡាវ ភ្លាមៗ បន្ទាប់ពីមានការចាប់ខ្លួនពលរដ្ឋទាំងនោះ។ ចំណែកមន្ត្រីសង្គមស៊ីវិល សាទរចំពោះការសង្គ្រោះពលរដ្ឋទាំងនោះ។
អភិបាលស្រុកសៀមប៉ាង និយាយថា ពលរដ្ឋខ្មែរ ១១នាក់ ក្នុងនោះមាន ៩នាក់រស់នៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ និង ២នាក់ផ្សេងទៀតរស់នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានយោធាខេត្តចំប៉ាសាក់ ប្រទេសឡាវ បញ្ជូនមកស្រុកវិញ បន្ទាប់ពីធ្វើការឃុំខ្លួនពួកគេចំនួន ៨ថ្ងៃ ៧យប់ នៅបន្ទាយទាហានក្នុងទីរួមខេត្តចំប៉ាសាក់ ប្រទេសឡាវ។
ពលរដ្ឋខ្មែរម្នាក់វ័យ ២៥ឆ្នាំ ក្នុងចំណោមពលរដ្ឋទាំង ១១នាក់ ដែលវិលត្រឡប់មកស្រុកវិញ រស់នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ថ្លែងសុំមិនបញ្ចេញឈ្មោះនៅថ្ងៃទី៦ កក្កដា ថា អាជ្ញាធរស្រុកសៀមប៉ាង តម្រូវឲ្យលោកបង់ប្រាក់ពិន័យដល់ទាហានឡាវ ចំនួន ៧០០ដុល្លារក្នុងមនុស្សម្នាក់ ដើម្បីជាថ្នូរនឹងការដោះលែង។ ជាងនេះទៅទៀត លោកថា យោធាឡាវ ពុំបានប្រើហិង្សាលើពួកគេឡើយនៅពេលដែលចាប់ខ្លួន និងឃុំខ្លួនពួកគេ ហើយបានផ្ដល់អាហារក្នុងមួយថ្ងៃពីរពេល។ លោកថា ក្រុមរបស់លោកមានគោយន្តចំនួន ២គ្រឿង និងម៉ាស៊ីនអារឈើស្វ័យប្រវត្តិ ព្រមទាំងសម្ភារៈមួយចំនួនទៀត ត្រូវទាហានឡាវ ដកហូត និងមិនព្រមប្រគល់ជូនវិញឡើយ៖ «គេដឹងទូទៅហើយ ដឹកឆ្លងកាត់ហ្នឹងចាប់ពីខេត្តព្រៃវែង ក៏មកធ្វើឈើនៅហ្នឹង ត្រង់ស៊ឺន័រពីរគ្រឿងយកទៅអស់ ពោះវៀនពោះតាំងអី ឆ្នាំងបាយឆ្នាំទឹកនៅហ្នឹងទាំងអស់ សរុបទឹកប្រាក់ល្បាក់ ២ម៉ឺនដែរហ្នឹង»។
បុរសដដែលបន្តថា លោកធ្លាប់ចូលក្នុងទឹកដីឡាវ កាប់ឈើប្រណិតប្រហែលកន្លះឆ្នាំមកហើយ ដើម្បីដឹកយកលក់ឲ្យថៅកែជនជាតិឡាវ និងវៀតណាម ដែលចាំទទួលទិញ។ លោកថា ក្រុមរបស់លោកមានគ្នា ៣នាក់ និងពលរដ្ឋ ១ក្រុមផ្សេងទៀតមានគ្នា ៨នាក់ បានចូលទឹកដីឡាវ តាមច្រករបៀងប៉ុស្តិ៍អូរសង្កែ ភូមិកំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង។ ជាងនេះទៅទៀត លោកថា ការធ្វើដំណើរចូលព្រៃកាប់ឈើជាង ២គីឡូម៉ែត្រពីព្រំដែនខ្មែរ ក្នុងទឹកដីឡាវ ទាល់តែមានការអនុញ្ញាតពីយោធាឡាវ នៅតំបន់នោះជាមុនសិន ដោយតម្រូវបង់ប្រាក់ជូនយោធាទាំងនោះចាប់ពី ១០០ដុល្លារឡើងទៅស្ទើរតែគ្រប់ស្ថាប័ន។ ប៉ុន្តែពួកគាត់ត្រូវបានចាប់ខ្លួន ដោយសារតែការចុះប្រតិបត្តិការពីយោធាមកពីខេត្តចំប៉ាសាក់ ប្រទេសឡាវ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីមន្ត្រីយោធាខេត្តចំប៉ាសាក់ ប្រទេសឡាវ ដែលបានបញ្ជូនពលរដ្ឋខ្មែរទាំង ១១នាក់បានទេ នៅថ្ងៃទី៦ កក្កដា។
អភិបាលស្រុកសៀមប៉ាង លោក ស៊ី សួន ឲ្យដឹងនៅថ្ងៃទី៦ កក្កដា ថា ពលរដ្ឋខ្មែរទាំង ១១នាក់ ត្រូវបានយោធាឡាវ ខេត្តចំប៉ាសាក់ ប្រគល់ជូនមកអាជ្ញាធរស្រុក កាលពីថ្ងៃទី៣ ខែកក្កដា។ លោកបន្តថា បន្ទាប់ពីបញ្ជូនពលរដ្ឋខ្មែរទាំងនោះមកស្រុកវិញ អាជ្ញាធរធ្វើការអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យា៖ «បើនិយាយណែនាំវារាប់មិនអស់ហើយ ប៉ុន្តែធ្វើម៉េចគាត់ បើនៅតាមព្រំដែនខ្លះមិនដឹងព្រំទៅ ខ្លះលំបាកទៅគ្នារកទៅ»។
កាលពីថ្ងៃទី២៧ មិថុនា យោធាឡាវ ៦០នាក់ ចែកជា ៤ក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ បានឃាត់ខ្លួនប្រជាពលរដ្ឋទាំង ១១នាក់នោះ ធ្វើឡើងចំនួនពីរដង គឺលើកទី១ ចាប់ពលរដ្ឋខ្មែរបាន ៣នាក់ក្នុងចន្លោះបង្គោលព្រំដែនលេខ០៥៧ ដល់បង្គោលព្រំដែនលេខ០៥៨ និងលើកទី២ ចាប់បានចំនួន ៨នាក់ ក្នុងចន្លោះបង្គោលព្រំដែនលេខ៦៣ ដល់បង្គោលព្រំដែនលេខ៦៩។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល យល់ថា យន្តការក្នុងការចរចាដោយសន្តិវិធីរវាងអាជ្ញាធរខ្មែរ និងអាជ្ញាធរឡាវ គឺធ្វើឡើងហាក់បីដូចជាមានអាថ៌កំបាំង ដែលលោកពុំឃើញមានលិខិតជាក់លាក់ទាក់ទិនការកំណត់ប្រាក់ផាកពិន័យ ចំពោះពលរដ្ឋខ្មែរទាំង ១១នាក់នោះយ៉ាងណានោះទេ? តែទោះយ៉ាងណាក៏ដោយ លោកសាទរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តស្ទឹងត្រែង និងស្រុកសៀមប៉ាង ទាក់ទិនការសហការសង្គ្រោះពលរដ្ឋខ្មែរទាំងនោះមកវិញ៖ «សំខាន់ទាល់តែមានការស៊ើបអង្កេតទៅអាជ្ញាធរឡាវ ទៅអីទៀត ដើម្បីឲ្យដឹងថាចំណាយអស់ប៉ុន្មានពិតប្រាកដ»។
ស្រដៀងគ្នានេះដែរ ក្រុមពលរដ្ឋទាំង ១១នាក់នោះត្អូញត្អែរថា ការចូលព្រៃអារឈើឆ្លងកាត់ព្រំដែនខ្មែរនៅភូមិកំភោគ ឃុំព្រែកមាស គឺមានភាពតានតឹងជាមួយប៉ូលិសព្រំដែនច្រករបៀងអូរសង្កែ ឃុំព្រែកមាស និងយោធាខ្មែរ ទាក់ទិនការទារប្រាក់រាប់រយដុល្លារ ជាថ្នូរនឹងការនាំឈើចេញ។ ចំណែកឈើទាំងនោះ ភាគច្រើនក៏ពួកគេលក់ទៅឲ្យថៅកែជនជាតិឡាវ ទៀតផង។ បន្ថែមពីលើនេះ ពួកគេសម្រេចថា នឹងឈប់បន្តចូលព្រៃកាប់ឈើខុសច្បាប់ ព្រោះត្រូវប្រឈមនឹងឧបសគ្គច្រើន។
កាលពីចុងឆ្នាំ២០១៣ មានករណីទាហានឡាវ បាញ់ពលរដ្ឋខ្មែររបួសធ្ងន់ ព្រមទាំងចាប់ដាក់គុកចំនួនជាង ១០នាក់ ពេលពលរដ្ឋខ្មែរចូលព្រៃកាប់ឈើក្នុងទឹកដីឡាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
