ស្ថានភាព​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ប្រឡាយ​ទឹក​ស្អុយ​នៅ​ភ្នំពេញ

0:00 / 0:00

ជន​ចំណាក​ស្រុក​ចម្រុះ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ ដែល​នាំ​គ្នា​រស់​នៅ​ក្នុង​តំបន់​ជាប់​ប្រឡាយ​ទឹក​ស្អុយ ស្ថិត​ក្នុង​ខណ្ឌ​ចំនួន​២ គឺ​ចម្ការមន និង​ទួលគោក រាជធានី​ភ្នំពេញ ត្អូញ​ពី​ក្លិន​ស្អុយ​នៃ​ទឹក​លូ និង​សំរាម​កក​ក្នុង​ទឹក​ប្រឡាយ​នោះ។

ទោះ​ជា​មាន​បញ្ហា​នេះ​កើត​ឡើង​ក្តី គេ​ឃើញ​ប្រជាពលរដ្ឋ​វ័យ​ក្មេងៗ បាន​រស់​នៅ​អម​ប្រឡាយ​នោះ ហើយ​ប្រកប​របរ​លក់​ដូរ​ដូច​ជា​គុយទាវ ពោត​ស្ងោរ លៀស​ហាល ជាដើម។ ពួក​គេ​អាច​រក​ចំណូល​បាន​គ្រាន់​បើ​ជាង​រស់​នៅ​ភូមិ​ស្រុក ដែល​មិន​មាន​ដី​ធ្វើ​ស្រែ​ចម្ការ និង​គ្មាន​មុខ​របរ។

កុមារា​មួយ​ក្រុម​នាំ​គ្នា​បង្កើត​ទូក​ស្នោ​ជិះ​លេង​ក្នុង​ទឹក​កខ្វក់ ឯ​កុមារី​យក​ស្នោ​ធ្វើ​ឆត្រ​បាំង​ថ្ងៃ អង្គុយ​លេង​មាត់​ទឹក​កខ្វក់​នៅ​ក្រោម​ស្ពាន​ស្ទឹងមានជ័យ ដែល​កំពុង​សាងសង់។

កុមារី​ឈ្មោះ ម៉ាណា អាយុ ៩​ឆ្នាំ អង្គុយ​លេង​ក្បែរ​ទឹក​ស្អុយ​ឲ្យ​ដឹង​ថា ទម្លាប់​ហិត​ក្លិន​ទឹក​ស្អុយ​ទៅ​ហើយ។ គាត់​មក​លេង​មាត់​ទឹក​ប្រឡាយ​កខ្វក់​នេះ ស្រមៃ​ថា​គាត់​មើល​ទេសភាព​ឆ្នេរ​សមុទ្រ ឬ​មាត់​ទន្លេ​ទៅ​វិញ​ទេ។

កុមារី ស្រីនិច អាយុ ១០​ឆ្នាំ ជា​សិស្ស​សាលា បឹងសាឡាង ថ្លែង​ថា គាត់​គ្មាន​កន្លែង​សម្រាប់​លេង​ទេ ទើប​គាត់​មក​លេង​មាត់​ទឹក​កខ្វក់​នេះ។ កុមារី​ថា គ្រួសារ​គាត់​ក្រីក្រ គ្មាន​សម្ភារៈ​សម្រាប់​ឲ្យ​គាត់​លេង ទើប​គាត់​រើស​ឡាំង​ស្នោ មក​ហែក​ធ្វើ​ឆត្រ​បាំង​ថ្ងៃ អង្គុយ​មើល​ទេសភាព​នៃ​ទឹក​នេះ​ទៅ។ កុមារី​ដដែល​បន្ត​ថា គាត់​មិន​មាន​ក្លិន​ស្អុយ​សំរាម​ក្នុង​ទឹក ជះ​ចូល​ដង្ហើម​គាត់​ទេ ព្រោះ​ច្រមុះ​គាត់​កើត​បូស និង​ស៊ាំ​នឹង​ក្លិន​ទឹក​នោះ​យូរ​ហើយ។

ចៅ​សង្កាត់​រង​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក លោក ខៀវ ថៃសារៈមុន្នី មាន​ប្រសាសន៍​ថា ប្រឡាយ​បឹងសាឡាង បាន​ពុះ​ចែក​ខណ្ឌ​២ គឺ​ទួលគោក និង​ចម្ការមន។ ប្រឡាយ​នេះ​បាន​កសាង​ដោយ​អង្គការ​ចៃកា (JICA) អំឡុង​ឆ្នាំ​២០០៣ មាន​ចម្ងាយ​ជាង ៤០០​ម៉ែត្រ ចាប់​ពី​ផ្លូវ​លេខ​៣៣៦ ទៅ​ស្ពាន​ស្ទឹងមានជ័យ បន្ត​ទៅ​បឹងទំពុន ដើម្បី​រំដោះ​ជំនន់​ពី​ផ្លូវ​កម្ពុជា​ក្រោម ពី​សង្កាត់​ទឹកល្អក់ ផ្សារ​ដេប៉ូ បង្ហូរ​ទៅ​បឹងទំពុន។ លោក​ថា ប្រឡាយ​បឹងសាឡាង​នេះ កាល​ពី លោក ជា សុផារ៉ា ជា​អភិបាល​ក្រុង គឺ​មាន​ថវិកា​សម្រាប់​ស្ដារ​ប្រឡាយ និង​កាយ​យក​សំរាម​ពី​ក្នុង​ទឹក​ប្រឡាយ។ ប៉ុន្តែ ក្រោយ​ពី​ប្ដូរ​អភិបាល​ក្រុង​មក ប្រឡាយ​បឹងសាឡាង​នេះ​គ្មាន​អ្នក​កាយ​សំរាម​ពី​ក្នុង​ទឹក និង​កាយ​ដី​កក​ក្នុង​ប្រឡាយ​ទេ។ មូលហេតុ​នេះ ទើប​សំរាម​រលួយ​ក្នុង​ទឹក និង​ដី​កក​ក្នុង​ប្រឡាយ ទឹក​មិន​សូវ​ហូរ​ចេញ​ច្រើន ធ្វើ​ឲ្យ​ជះ​ក្លិន​អសោច​ខ្លាំង​ដល់​អ្នក​រស់​នៅ​អម​សង​ខាង​ប្រឡាយ​នោះ។

២៦-កុម្ភៈ-២០១៤៖ ក្មេងៗ​នាំ​គ្នា​ជិះ​ស្នោ​លើ​ទឹក​ស្អុយ ជិត​គល់​ស្ពាន​ស្ទឹងមានជ័យ។
២៦-កុម្ភៈ-២០១៤៖ ក្មេងៗ​នាំ​គ្នា​ជិះ​ស្នោ​លើ​ទឹក​ស្អុយ ជិត​គល់​ស្ពាន​ស្ទឹងមានជ័យ។ (RFA/Ouk Savborey)

លោក​បន្ថែម​ថា ក្រោយ​ពី​មាន​ការ​រិះគន់​ថា សំរាម​ស្អុយ​ពេញ​ទឹក​ប្រឡាយ និង​ទឹក​មិន​អាច​ហូរ​លឿន​ទៅ​ប្រឡាយ​បឹងទំពុន ស្រាប់​តែ​មាន​កម្មករ​ក្រុមហ៊ុន ស៊ីនទ្រី (Cintri) ជួយ​កាយ​យក​សំរាម​ចេញ​ពី​ទឹក ប៉ុន្តែ​មិន​អាច​កាយ​យក​ដី​ដែល​កក​ក្នុង​ប្រឡាយ​ទេ។ លោក​ថា កម្មករ​កាយ​សំរាម​ពី​ក្នុង​ទឹក​ប្រឡាយ​បឹងសាឡាង ក៏​មិន​ទៀត​ទាត់​ដែរ ព្រោះ​ថ្មីៗ​នេះ​ការ​សង់​ស្ពាន​ស្ទឹងមានជ័យ ធ្វើ​ឲ្យ​ការ​ហូរ​ទឹក​ទៅ​បឹងទំពុន យឺត​បាន​កក​ស្ទះ​សំរាម​ពេញ​ទឹក​ដែរ។

សំណង់​រកេតរកូត​មិន​មាន​ទំហំ​ប៉ុនៗ​គ្នា បាន​សង់​អម​សង​ខាង​ប្រឡាយ​បឹងសាឡាង។

អ្នក​រស់​នៅ​ក្នុង​សំណង់​នោះ ឲ្យ​ដឹង​ថា ពួក​គេ​ជា​ជន​ចំណាក​ស្រុក​ចម្រុះ មាន​ខ្មែរ និង​វៀតណាម មក​ជួល​បន្ទប់​រស់​នៅ​ក្នុង​តំបន់​ជាប់​ប្រឡាយ​ទឹក​ស្អុយ​បឹងសាឡាង​នេះ ដើម្បី​រក​ស៊ី​លក់​ដូរ។

នៅ​ប៉ែក​ខាង​ត្បូង​ប្រឡាយ​បឹងសាឡាង គឺ​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចម្ការមន មាន​ក្រុម​យុវជន​កំពុង​ស្ងោរ​ពោត ស្រុះ​លៀស ស្ងោរ​ឈាម​ជ្រូក តម្រៀប​ឆ្នាំង​ធំៗ​ប្រមាណ ២០​ឆ្នាំង ក្នុង​ផ្ទះ​មួយៗ ដែល​មាន​កង់​ជាច្រើន​បញ្ឈរ​តម្រៀប​ចាំ​ដឹក​ពោត​ស្ងោរ រៀប​ដាក់​ថង់​ប្លាស្ទិក​យក​ទៅ​លក់។ ចំណែក​នៅ​ខាង​ជើង​ប្រឡាយ​បឹងសាឡាង គឺ​សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក មាន​រទេះ​ត​ជាប់​ម៉ូតូ​ជាច្រើន ក្នុង​នោះ​មាន​ផ្លែ​ឈើ​ចម្រុះ ធុង​គុយទាវ ធុង​ពង​មាន់​អាំង ជាដើម ដាក់​តម្រៀប​ហូរហែ​មុខ​បន្ទប់​ជួល។

យុវជន​ឈ្មោះ សឿង ប៉េះ អាយុ ២៤​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង ឲ្យ​ដឹង​ថា គាត់​ទីទ័ល ទើប​ដាច់​ចិត្ត​ចូល​មក​រស់​នៅ​តំបន់​ទឹក​ស្អុយ​បឹងសាឡាង​នេះ ដើម្បី​ស៊ី​ឈ្នួល​លក់​គុយទាវ​ពេល​យប់។

លោកស្រី គឹម ហេង អាយុ ៤៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​រកាកោង ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ថ្លែង​ថា បើ​នៅ​ស្រុក​កំណើត គាត់​គ្មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ដូច​នៅ​ភ្នំពេញ​ទេ។ ទើប​គាត់​ទ្រាំ​ជួល​ផ្ទះ​ក្នុង​តំបន់​ទឹក​កខ្វក់​បឹងសាឡាង ដើម្បី​រក​ស៊ី​លក់​ដូរ​ពេល​យប់។

ក្រុម​យុវជន​ខ្លះ​ទៀត​ដែល​មក​ស៊ី​ឈ្នួល​នៅ​ទីនោះ បាន​ឲ្យ​ដឹង​ថា សុខភាព​គាត់​ទន់​ខ្សោយ ដោយសារ​ចាញ់​ក្លិន​ទឹក​ស្អុយ​ពី​ប្រឡាយ​បឹងសាឡាង​នេះ។

ស្ត្រី​ឈ្មោះ វ៉េវ មក​ពី​ប៉ោយប៉ែត ឲ្យ​ដឹង​ថា នៅ​ខេត្ត​បន្ទាយមានជ័យ គាត់​រក​ស៊ី​មិន​ទាន់​គេ​ទេ ព្រោះ​គេ​ចំណាយ​ដើម​ទុន​ច្រើន ទើប​គាត់​នាំ​ក្រុម​គ្រួសារ​មក​ភ្នំពេញ ដើរ​ស៊ី​ឈ្នួល​ធ្វើ​សំណង់ និង​រក​ស៊ី​លក់​លៀស​យក​ប្រាក់​បង់​ថ្លៃ​បន្ទប់​ជួល និង​ចិញ្ចឹម​ជីវិត។ លោកស្រី​ថា កូន​គាត់ ៤​នាក់ ឧស្សាហ៍​ឈឺ ព្រោះ​មូស​ខាំ ដែល​កើត​ពី​ទឹក​ស្អុយ​ក្នុង​ប្រឡាយ។ លោកស្រី​ថា ៣​ថ្ងៃ​នេះ កម្មករ​ក្រុមហ៊ុន ស៊ីនទ្រី ទើប​កាយ​យក​សំរាម​ចេញ​ពី​ទឹក ប៉ុន្តែ​មូស​នៅ​តែ​កើត​ឡើង​ច្រើន​ដដែល។

ពាក់ព័ន្ធ​ការ​ប្រមូល​សំរាម​ពី​ទឹក​ប្រឡាយ​បឹងសាឡាង តំណាង​ក្រុមហ៊ុន ស៊ីនទ្រី លោក សេង ចំរើន ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ជួល​ទូក​ដើម្បី​ប្រមូល​សំរាម​ពី​ក្នុង​ប្រឡាយ​ទឹក​នោះ។ លោក​ថា ក្រុមហ៊ុន​មិន​អាច​ប្រមូល​សំរាម​បាន​រាល់​ថ្ងៃ​ពី​ក្នុង​ទឹក​ទេ លុះត្រា​តែ​ប្រជាពលរដ្ឋ​ឈប់​បោះ​សំរាម​ចូល​ទឹក នៅ​ក្រោយ​ពេល​ដែល​កម្មករ​ក្រុមហ៊ុន​ប្រមូល​រួច។

លោក​បន្ថែម​ថា ដោយសារ​តែ​ក្រុមហ៊ុន​នេះ​មាន​ភារកិច្ច​ប្រមូល​សំរាម លោក​មិន​បាន​ដឹង​ថា ពី​មុន​ប្រឡាយ​បឹងសាឡាង សាលា​រាជធានី​ភ្នំពេញ​មាន​ថវិកា​សម្រាប់​ឲ្យ​សង្កាត់ និង​ខណ្ឌ​ជួយ​ប្រមូល​ចេញ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​សំណូមពរ​ឲ្យ​អ្នក​រស់​នៅ​ក្បែរ​ទឹក​ប្រឡាយ ជួយ​ថែទាំ​គ្នា កុំ​បោះ​សំរាម មាន​ថង់​ប្លាស្ទិក និង​កាក​សំណល់​ផ្សេងៗ ទៅ​ក្នុង​ទឹក​ទៀត ហើយ​អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​ជួយ​អប់រំ​អ្នក​រស់​នៅ​ក្នុង​ទីក្រុង និង​ទី​ប្រជុំ​ជន គឺ​ជួយ​គ្នា​ក្នុង​ការ​សម្អាត​ទីក្រុង ដើម្បី​ឲ្យ​សោភ័ណភាព​នៃ​ប្រទេស​ជាតិ​ទទួល​បាន​ការ​សសើរ និង​ប្រកប​ដោយ​ផាសុកភាព។

ទោះ​ជា​យ៉ាង​ណា អ្នក​ដំណើរ​ឆ្លង​កាត់​ផ្លូវ​២៧១ នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ គេ​ឃើញ​សំរាម​នៅ​សល់​ពេញ​ប្រឡាយ​បឹងសាឡាង និង​ច្រាំង​ប្រឡាយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។