ពលរដ្ឋ​នៅ​ស្ទឹងត្រែង​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​រែង​រក​មាស

ប្រជាពលរដ្ឋ​សហគមន៍​ទន្លេ​បី អះអាង​ថា ក្រុមហ៊ុន​ចិន​មួយ​កំពុង​ធ្វើ​អាជីវកម្ម​រែង​មាស​ដោយ​គ្មាន​លិខិត​ស្នាម​អនុញ្ញាត​នៅ​ក្នុង​ទន្លេ​សេកុង ក្បែរ​ព្រំ​ដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ក្នុង​ខេត្ត​ស្ទឹងត្រែង។ សកម្មភាព​ធ្វើ​អាជីវកម្ម​នេះ​បាន​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​ធនធាន​ធម្មជាតិ​ក្នុង​ទន្លេ និង​ជីវភាព​សុខភាព​ប្រជាពលរដ្ឋ។

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ជាង ៥០០​នាក់ បាន​ផ្ដិត​មេដៃ​រួច ហើយ​គ្រោង​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​រុក​រក​មាស​នៅ​ក្នុង​ទន្លេ​ពី​សំណាក់​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ឃុន សៀរ។

ប្រធាន​សហគមន៍​ការពារ​ទន្លេ​បី​ប្រចាំ​ឃុំ​ថ្មកែង លោក ផន ភុន នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​សីហា មាន​ប្រសាសន៍​បញ្ជាក់​ថា សាឡង់​រែង​មាស​ចំនួន​បី​គ្រឿង​បាន​មក​ដល់​តំបន់​កោះ​អូរចង្ហៀង ក្នុង​ភូមិ​ញ៉ាងស៊ុំ ឃុំ​ថ្មកែវ ក្នុង​នោះ​សាឡង់​មួយ​គ្រឿង​បាន​ដំណើរការ​រែង​រក​មាស​ពី​បាត​ទន្លេ​ប្រមាណ​បី​បួន​ថ្ងៃ​កន្លង​ទៅ​នេះ។

លោក​បន្ត​ថា ទឹក​ទន្លេ​ប្រែ​ជា​ល្អក់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​ទឹក​ទន្លេ៖ «សំណូម​ពរ​ប្រជាពលរដ្ឋ​គាត់​មិន​ឲ្យ​ធ្វើ​គាត់​បញ្ឈប់​តែ​ម្ដង ពី​ព្រោះ​ប្រជាពលរដ្ឋ​តាម​ស្រុក​ស្រែ​គ្មាន​ទឹក​សុទ្ធ​ផឹក​ទេ អ៊ីចឹង​គាត់​ត្រូវ​ការ​ទឹក​ទន្លេ។ ដល់​ទឹក​ទន្លេ​អ៊ីចឹង​គាត់​ចប់​តែ​ម្ដង»

មន្ត្រី​អាជ្ញាធរ​ឃុំ​ថ្មកែវ ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ចិន ដែល​ចូល​មក​ធ្វើ​អាជីវកម្ម​រុក​រក​រ៉ែ​មាស​នៅ​តំបន់​នោះ​មិន​បាន​បង្ហាញ​លិខិត​ស្នាម​អនុញ្ញាត ឬ​ផ្ដល់​ព័ត៌មាន​ជូន​អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹង​ពី​សកម្មភាព​ធ្វើ​អាជីវកម្ម​នោះ​ទេ ក៏​ប៉ុន្តែ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ច្រួល​ច្របល់​ប្ដឹង​ករណី​នេះ​មក​អាជ្ញាធរ​ឃុំ​ទើប​អាជ្ញាធរ​ស្រុក​បាន​បញ្ចេញ​លិខិត​អនុញ្ញាត​របស់​ក្រសួង​ឧស្សាហកម្ម និង​រដ្ឋបាល​ជលផល ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ដើម្បី​ប្រើ​ប្រាស់​សម្រាប់​ការ​សាង​សង់​តាំង​ពី​ឆ្នាំ​២០១២។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ ខែ​សីហា មិន​អាច​ស្វែង​រក​អត្តសញ្ញាណ និង​ទូរស័ព្ទ​ទាក់ទង​ក្រុមហ៊ុន ឃុន សៀ បំភ្លឺ​ករណី​នេះ​បាន​ទេ។

ទាក់ទិន​ករណី​នេះ​មេ​ឃុំ​ថ្មកែវ លោក ស៊ឹម ដាន មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​ក្នុង​ឃុំ​បាន​ធ្វើ​ការ​តវ៉ា​មិន​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​មក​រែង​មាស​នៅ​តំបន់​នោះ​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​បារម្ភ​ពី​ផល​ប៉ះពាល់​ច្រើន​ផ្នែក​នឹង​កើត​មាន​នៅ​ក្នុង​ទន្លេ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​១២ សីហា សប្ដាហ៍​ក្រោយ​នេះ លោក​នឹង​យក​ញត្តិ​តវ៉ា​របស់​អ្នក​ភូមិ​ដាក់​ជូន​អាជ្ញាធរ​ស្រុក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាមទារ​របស់​ពលរដ្ឋ៖ «សួរ​ទៅ​អភិបាល​ស្រុក​គាត់​ថា​អត់​ដឹង​ទេ ឃើញ​តែ​លិខិត​គេ​ដាក់​មក​បូម​ខ្សាច់ ប៉ុន្តែ​អត់​ឃើញ​ឆ្លង​មេ​ឃុំ ចៅហ្វាយ​ស្រុក​ស្អី​ផង។ កិច្ច​សន្យា​បូម​ខ្សាច់​បន្ត​នៅ​ចំណុច​កោះ​ចង្ហៀង ប៉ុន្តែ​គេ​អត់​មាន​បូម​ខ្សាច់​គេ​រែង​មាស។ ប្រជាជន​ស្រែក​ដាក់​ខ្ញុំ»

ឆ្លើយ​តប​បញ្ហា​នេះ​ដែរ អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក យ៉ូ បាសិទ្ធិ បដិសេធ​មិន​អធិប្បាយ​ពិស្ដារ​ពី​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចិន ថា​យ៉ាងណា​ទេ។ លោក​ទទួល​ស្គាល់​ថា អាជ្ញាធរ​ខេត្ត​ទើប​ទទួល​បាន​សេចក្ដី​រាយ​ការណ៍​នេះ​ដូច​គ្នា។

លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សិក្សា​ពី​បញ្ហា​នេះ​មុន​នឹង​ដោះស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ៖ «ពេល​តែ ២​ថ្ងៃ គឺ​ម្សិល​មិញ​និង​ថ្ងៃ​ហ្នឹង សៅរ៍ និង អាទិត្យ​ហ្នឹង អ៊ីចឹង​ខ្ញុំ​គិត​ថា អត់​ទាន់​ដល់​ថ្នាក់​ស្អី​ត្រូវ​ជ្រួលច្របល់​នោះ​ទេ។ យើង​ក៏​បាន​ដឹង​ដែរ យើង​ធ្វើ​អ្វី​ឈរ​លើ​មូលដ្ឋាន​ច្បាប់»

ចូល​រួម​ក្នុង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន អំពាវនាវ​សុំ​ឲ្យ​ក្រុម​សមត្ថកិច្ច​ពាក់​ព័ន្ធ​ផ្អាក​សកម្មភាព​រុក​រក​រ៉ែ​មាស​នោះ​ជា​បន្ទាន់ ដើម្បី​ចៀស​វាង​បង្ក​ផល​ប៉ះ​ពាល់​នានា​ក្នុង​ទន្លេ៖ «សុំ​មើល​អាជ្ញាប័ណ្ណ​ការ​ផ្ដល់​សិទ្ធិ​នោះ​ឡើង​វិញ ព្រោះ​អាជ្ញាប័ណ្ណ​ហ្នឹង​គឺ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន គឺ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដើម្បី​ធ្វើ​សំណង់​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ប្រជាពលរដ្ឋ​សហគមន៍​ឃុំ​ថ្មកែវ ព្រួយ​បារម្ភ​ថា ការ​ធ្វើ​អាជីវកម្ម​រែង​រ៉ែ​មាស​ក្នុង​ទន្លេ និង​បង្ក​ឲ្យ​ខូច​គុណភាព​ទឹក​ប៉ះ​ពាល់​ធន​ធាន​ត្រី និង​បរិស្ថាន​ទន្លេ។ ចំណែក​ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​ក្នុង​អាជីវកម្ម​នេះ ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ប្រជាពលរដ្ឋ​អ្នក​ប្រើ​ប្រាស់ ឬ​បរិភោគ​ទឹក​ទន្លេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។