ជនជាតិដើមភាគតិចកួយ រស់នៅឃុំបឹងចារ ស្រុកសំបូរ ខែត្រក្រចេះ អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ស៊ីបាយអូថេច (Ci-Biotech) បានបិទផ្លូវមិនឲ្យអ្នកភូមិឆ្លងកាត់ទៅតំបន់ព្រៃឡង់ជាងមួយសប្ដាហ៍មកហើយ។ ការបិទផ្លូវនេះ បានរាំងខ្ទប់ការប្រមូលអនុផលព្រៃឈើរបស់ជនជាតិដើមភាគតិចចំនួនពីរឃុំ។
ជនជាតិដើមភាគតិចកួយ អំពាវនាវនៅថ្ងៃទី១២ មករា សុំឲ្យអាជ្ញាធរខែត្រ និងស្ថាប័នពាក់ព័ន្ធ អន្តរាគមន៍ទៅក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ស៊ីបាយអូថេច (Ci-Biotech) ថាបានបិទផ្លូវឈ្មោះអេប៊ីប្រាយ ដែលជាផ្លូវដែលគេកសាងកាលពីទសវត្សរ៍ទី៨០ ដោយក្រុមហ៊ុនសម្បទានព្រៃគុប។
អ្នកភូមិចោទប្រកាន់ថា ការបិទផ្លូវនេះដោយសារក្រុមហ៊ុនចង់បិទព័ត៌មានពីសកម្មភាពកាប់ឈើមានតម្លៃនៅព្រៃឡង់។
ជនជាតិដើមភាគតិចរស់នៅភូមិអាជេន ឃុំបឹងចារ ស្រុកសំបូរ ខែត្រក្រចេះ លោក សំ ណូ ចាត់ទុកផ្លូវមួយខ្សែនេះជាសរសៃឈាមសេដ្ឋកិច្ចពលរដ្ឋចំនួនពីរឃុំតាំងពីដើម ដែលតែងតែចូលព្រៃប្រមូលអនុផលព្រៃឈើលក្ខណៈជនជាតិដើមភាគតិច ដូចជាដងជ័រទឹក រកឧស បោចវល្លិ និងរកឃ្មុំជាដើម ក៏ប៉ុន្តែកាលពីថ្ងៃទី១ មករា សន្តិសុខក្រុមហ៊ុន និងមន្ត្រីកងរាជអាវុធហត្ថ បានហាមឃាត់មិនឲ្យអ្នកភូមិឆ្លងកាត់។ លើសពីនេះ ពលរដ្ឋបានរាយការណ៍ករណីនេះទៅអាជ្ញាធរមូលដ្ឋានរួចហើយ តែពុំទាន់មានដំណោះស្រាយ។ លោកសង្កត់ធ្ងន់ថា ពលរដ្ឋគ្រោងលើកគ្នាធ្វើបាតុកម្មទាមទារឲ្យក្រុមហ៊ុនបើកផ្លូវវិញ ប្រសិនបើអាជ្ញាធរមិនមានវិធានការដោះស្រាយទេ៖ « វានឹងបន្ថែមអាវុធហត្ថបន្ថែមទៀត បិទច្រកចេញចូលទាំងអស់ តាំងពីកន្លែងលួចចូលក៏បិទដែរ បិទទាំងអស់មិនឲ្យចេញចូលទេ ហើយប្រជាពលរដ្ឋនៅពេញភូមិអត់មានទៅរកអីបានទេ។ កកស្ទះពេញហ្នឹង »។
លោក សំ ណូ អះអាងថា ក្រុមហ៊ុន ស៊ីបាយអូថេច នៅតែបន្តកាប់ឈើមានតម្លៃ ឬឈើមូលក្នុងតំបន់ព្រៃឡង់តាំងពីចុងខែធ្នូ ឆ្នាំ២០១៦ រហូតមកទល់ពេលនេះ ដោយប្រើគ្រឿងចក្របួនគ្រឿង។ លោកសន្និដ្ឋានថា ក្រុមហ៊ុនមានចេតនាបិទផ្លូវមិនឲ្យពលរដ្ឋចូលព្រៃឡង់ ដោយខ្លាចក្រែងពលរដ្ឋប្រទះឃើញភាពមិនប្រក្រតីនៃការកាប់បំផ្លាញព្រៃឈើ៖ « ខ្ញុំពិបាកដែររឿងស្ថានីយស្ដារព្រៃឡើងវិញហ្នឹង។ ខ្ញុំដូចរកអត់យល់សោះ បើព្រៃធំៗដូចនេះសុទ្ធតែកាប់ ហើយឈើខ្លះយកមកគរដុតដូចភ្នំដងរែក »។
អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ស៊ីបាយអូថេច (Ci-Biotech) លោក សុ ម៉េងធា ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១២ មករា។
មេឃុំបឹងចារ លោក ហ៊ុល សឿង ទទួលស្គាល់ថា ក្រុមហ៊ុនបានបិទផ្លូវ និងបានអូសឈើមកដាក់លើផ្លូវរាំងខ្ទប់មិនឲ្យពលរដ្ឋធ្វើដំណើរ ដោយសារតែផ្លូវនោះឋិតនៅទីតាំងក្រុមហ៊ុនវិនិយោគ។ លោកបន្តថា ពលរដ្ឋបានរាយការណ៍ករណីនេះជូនអាជ្ញាធរឃុំដែរ ហើយលោកគ្រោងចាត់ឲ្យអាជ្ញាធរឃុំចុះទៅស្រាវជ្រាវលម្អិត ដើម្បីជូនដំណឹងទៅថ្នាក់លើរកវិធានការដោះស្រាយ៖ « ផ្លូវនេះក៏ជាផ្លូវដែលគេឈូស ពីមុនគេឲ្យពលរដ្ឋដើរ តែឥឡូវគេមិនឲ្យពលរដ្ឋដើរទេ គេអូសឈើមកដាក់ »។
ក្រុមហ៊ុន ស៊ីបាយអូថេច គឺជាក្រុមហ៊ុនតំណាងឲ្យរដ្ឋាភិបាលកូរ៉េ អភិវឌ្ឍរួមគ្នានឹងរដ្ឋាភិបាលកម្ពុជា វិនិយោគដំណាំឧស្សាហកម្មអាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញ ដែលវិនិយោគលើផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ (៣៤.០០៧ហិកតារ) តាំងពីខែមិថុនា ឆ្នាំ២០១២ ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា ការដែលមានការរារាំង ឬបិទផ្លូវមិនឲ្យជនជាតិដើមភាគតិចអាស្រ័យផលព្រៃឈើ គឺជាករណីរំលោភច្បាប់ និងផ្ទុយនឹងឆន្ទៈរបស់ប្រមុខរដ្ឋាភិបាល ដែលធ្លាប់ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនពលរដ្ឋ។ លោកថា អាជ្ញាធរមានសមត្ថកិច្ចគួរតែប្រញាប់ដោះស្រាយរឿងនេះជាបន្ទាន់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច៖ « បញ្ហាទាំងអស់នេះមិនគួរណាប្រមុខរដ្ឋាភិបាល ឬអ្នកពាក់ព័ន្ធទាំងអស់ព្រងើយកន្តើយទេ។ គួរតែយកចិត្តទុកដាក់ឲ្យមានការពិនិត្យឲ្យច្បាស់លាស់ និងដោះស្រាយជាបន្ទាន់ ចៀសវាងអំពើបែបនេះកាន់តែកើនឡើង ធ្វើឲ្យជនជាតិដើមភាគតិចអាស្រ័យផលកាន់តែរងគ្រោះ »។
ឃុំកំពង់ចាម និងឃុំបឹងចារ ជាតំបន់ដាច់ស្រយាលនៃស្រុកសំបូរ ខែត្រក្រចេះ ពុំមានផ្លូវគមនាគមន៍ល្អប្រសើរនោះទេ។ ឃុំទាំងនោះនៅក្បែរតំបន់ព្រៃឡង់ខែត្រក្រចេះ និងជាប់ទន្លេមេគង្គ ហើយពលរដ្ឋរស់នៅតំបន់នោះច្រើនប្រើប្រាស់ផ្លូវលំក្រាលក្រួសក្រហមឈ្មោះអេប៊ីប្រាយ ដែលឆ្លងកាត់តំបន់ព្រៃឡង់ បន្តដល់ខែត្រកំពង់ធំ មានប្រវែងទទឹងពី ៥ ទៅ ៦ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
