មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តមណ្ឌលគិរី អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតជាបន្ទាន់ទៅលើករណីកាប់រានព្រៃឈើខុសច្បាប់អស់ចំនួន ៣០ហិកតារ នៅក្នុងតំបន់អភិរក្ស
សត្វព្រៃភ្នំណាំលា ដើម្បីយកដីជាកម្មសិទ្ធិ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមន្ត្រីប៉ូលិសប៉ុស្តិ៍បានដោះលែងកម្មករស៊ីឈ្នួលចំនួនពីរនាក់ ដែលជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មព្រៃឈើក្នុងតំបន់អភិរក្សនេះ។
អ្នកសម្របសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា នៅថ្ងៃច័ន្ទ ទី២ ខែមិថុនា ហៅចំណាត់ការរបស់មន្ត្រីប៉ូលិសប៉ុស្តិ៍ថា ធ្វើឡើងខុសនីតិវិធី មិនអនុលោមតាមច្បាប់។
លោកកត់សម្គាល់ថា មន្ត្រីនគរបាលយុត្តិធម៌មិនអាចសម្របសម្រួលដោះលែងជនពាក់ព័ន្ធបទល្មើសឧក្រិដ្ឋទាក់ទិនកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំបែបនេះបានទេ៖ «គាត់ជាសមត្ថកិច្ច គាត់ជានគរបាលយុត្តិធម៌ គាត់ត្រូវតែកសាងសំណុំរឿងហ្នឹងបញ្ជូនទៅឲ្យខាងមន្ត្រីជំនាញ។ បណ្ដឹងអាជ្ញាមិនអាចរលត់ដោយការសម្រុះសម្រួលបានទេ»។
កាលពីថ្ងៃទី៣០ ខែឧសភា សហគមន៍ភូមិពូលុ ឃុំប៊ូស្រា បានឃាត់ខ្លួនកម្មករស៊ីឈ្មួលពីរនាក់ រួមទាំងវត្ថុតាងម៉ាស៊ីនកាត់ឈើពីរគ្រឿង នាំមកប្រគល់ឲ្យមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំ ប៉ុន្តែមន្ត្រីប៉ូលិសបានសម្របសម្រួលឲ្យជនល្មើសធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត ហើយដោះលែងមិនកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នជំនាញ។
តំណាងសហគមន៍ភូមិពូលុ លោក ស្រេវ ធី មានប្រសាសន៍ថា ព្រៃឈើតំបន់អភិរក្សជាពិសេស ព្រៃដែលអ្នកភូមិរក្សាទុកជាតំបន់គោរពបូជាប្រមាណ ៣០ហិកតារ ត្រូវកម្មករស៊ីឈ្នួលមកពីខេត្តកំពង់ចាម អាររំលំឈើដើម្បីរានយកដី។
លោកបន្តថា សហគមន៍បានប្រគល់កម្មករទាំងពីរ និងវត្ថុតាងមកសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ បន្ទាប់មកមន្ត្រីប៉ូលិសប៉ុស្តិ៍តម្រូវឲ្យអ្នកទាំងពីរធ្វើកិច្ចសន្យា ហើយបានដោះលែងឲ្យមានសេរីភាពដោយរក្សាទុកម៉ាស៊ីនកាត់ឈើពីរគ្រឿង៖ «គាត់ទៅអារព្រៃសហគមន៍តែម្ដង ហើយចំព្រៃតំណមទៀត។ ព្រៃរកអនុផលព្រៃឈើរបស់ជនជាតិដើមភាគតិចផង ហើយពួកគាត់រំលំអស់រលីងតែម្ដង»។
ទាក់ទិនបញ្ហានេះ នាយនគរបាលប៉ុស្តិ៍ប៊ូស្រា លោក សួន សុភ័ក្រ មានប្រសាសន៍បញ្ជាក់ថា លោកអវត្តមានមិនមកការិយាល័យដោយសារមានធុរៈហេតុនេះ លោកមិនបានដឹងពីករណីនេះទេ។
ចំណែកមន្ត្រីនគរបាលប៉ុស្តិ៍ លោក ក្លាង ចូល ទទួលស្គាល់ថា លោកបានដោះលែងកម្មករទាំងពីរដោយសារអ្នកទាំងពីរទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យា ហើយសហគមន៍ក៏បានឯកភាពបញ្ហានេះដែរ។
លោកបញ្ជាក់ថា វត្ថុតាងម៉ាស៊ីនកាត់ឈើពីរគ្រឿងរក្សាទុកនៅប៉ុស្តិ៍នគរបាលនៅឡើយ៖ «សួរយោបល់ខាងសហគមន៍ ប៉ុន្តែឲ្យពួកហ្នឹងធ្វើកិច្ចសន្យាពួកគាត់ថា អ៊ីចឹងហើយខាងហ្នឹងក៏ព្រមធ្វើកិច្ចសន្យា។ ក្នុងកំណត់ហេតុធ្វើដាក់អាអ្នកនៅក្រោយខ្នងហ្នឹង»។
វិទ្យុអាស៊ីសេរីមិនអាចភ្ជាប់ទូរស័ព្ទសុំការបញ្ជាក់ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ឈិត សុផល បានទេ នៅថ្ងៃទី២ ខែមិថុនា។ យ៉ាងណានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែប តក់ ឲ្យដឹងថា នីតិវិធីដោះស្រាយបទល្មើសព្រៃឈើជាសមត្ថកិច្ចរបស់មន្ត្រីជំនាញព្រៃឈើ ឬមន្ទីរបរិស្ថាន។
លោកបញ្ជាក់ថា ប៉ូលិសប៉ុស្តិ៍មិនអាចសម្របសម្រួលករណីនេះបានទេ៖ «តំបន់ហ្នឹងដែនដីនៅក្នុងដែនជម្រកសត្វព្រៃរបស់បរិស្ថាន អ៊ីចឹងប៉ូលិសត្រូវបញ្ជូនទៅជំនាញតាមដែនសមត្ថកិច្ចរបស់គេ បរិស្ថានជាអ្នកចាត់ការតាមនីតិវិធីច្បាប់របស់គេ»។
ទោះជាយ៉ាងនេះក្តី មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក អះអាងថា អត្តសញ្ញាណអ្នកជួលកម្មករនិងវត្ថុតាងមានក្នុងកំណត់ហេតុរបស់មន្ត្រីប៉ូលិសប៉ុស្តិ៍ រួចហើយ ជាពិសេសបុរសឈ្មោះ សុះ ម៉ាឡែន គឺជាមនុស្សម្នាក់ដែលអាជ្ញាធរមូលដ្ឋាននៅតំបន់នោះស្គាល់ច្បាស់ និងមានឯកសារបញ្ជាក់ថា បុរសនេះមានជាប់ពាក់ព័ន្ធកាប់រានដីព្រៃក្នុងតំបន់គម្រោងសម្រាប់ដីសម្បទានសង្គមកិច្ចក្នុង
ខេត្តនេះទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
