ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ​បារម្ភ​ខ្លាច​បទល្មើស​កើន​ឡើង​នៅ​អំឡុង​​ថ្ងៃ​បោះឆ្នោត

ដោយ​ សូត សុខប្រាថ្នា
2017.06.03
កាប់​ឈើ​ព្រៃ​ឡង់ ក្រចេះ ៦២២ ឈើ​កកោះ​ត្រូវ​បាន​គេ​កាប់​ឋិត​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦។
RFA

ប្រជា​សហគមន៍​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ឱ្យ​ដឹង​ថា ស្ថានភាព​បទល្មើស​នៅ​តំបន់​ព្រៃឡង់ នៅ​តែ​កើត​មាន​ជា​ហូរហែ។ បន្ថែម​ពី​នេះ ពួកគេ​បារម្ភ​ថា សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ការពារ​មួយ​នេះ នឹង​មាន​កាន់​តែ​ច្រើន​នៅ​ថ្ងៃ​បោះឆ្នោត​ជាក់​ជា​មិន​ខាន ពីព្រោះ​អាជ្ញាធរ មន្ត្រី​ជំនាញ ព្រម​ទាំង​ប្រជា​សហគមន៍​ផង រវល់​រឿង​បោះឆ្នោត​របស់​ខ្លួន។ យ៉ាង​នេះ​ក្តី មន្ត្រី​ជំនាញ​បរិស្ថាន​បញ្ជាក់​ថា កុំ​បារម្ភ​ត្បិត​ពួកគេ​បាន​ចាត់​ចែង​ការងារ ហើយ​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ធ្វើ​ឱ្យ​ក្រុម​ជនល្មើស​មាន​ការ​លំបាក។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ មើល​ឃើញ​ថា ក្នុង​ឱកាស​ឃោសនា​បោះឆ្នោត​ជាង ១០​ថ្ងៃ​មក​នេះ អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទល្មើស​ប៉ុន្មាន​ទេ។ ពួកគេ​យល់​ថា អាច​ដោយសារ​ក្រុម​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ រវល់​នឹង​ការងារ​ឃោសនា​បោះឆ្នោត ទើប​ក្រុម​ជនល្មើស​មាន​ឱកាស​ចូល​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ ព្រមទាំង​ព្រៃ​សហគមន៍​មួយ​ចំនួន។

ជាង​នេះ​ទៀត ប្រជា​សហគមន៍​ស៊ើប​ដឹង​ថា ក្រុម​ជនល្មើស​មួយ​ចំនួន​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ ហើយ​ពួកគេ​អាច​នឹង​សម្រុកចូល​កាប់​បំផ្លាញ​ព្រៃ​ការពារ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ ស្រុក​សណ្ដាន់ លោក មីង នី មាន​ប្រសាសន៍​ថា សកម្មភាព​រុករាន​ដី​ព្រៃ ព្រមទាំង​ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ នៅ​តែ​កើត​មាន។ លោក​ថា មួយ​ថ្ងៃៗ អាច​មាន​គោយន្ត​ឆ្នៃ​ដឹក​ឈើ​ចេញ​ពី​ព្រៃឡង់ និង​ព្រៃ​សហគមន៍ តាម​ច្រក​ផ្សេងៗ មាន​ប្រមាណ​ជា ១០​គ្រឿង ដោយ​ឈើ​មួយ​ចំនួន​ត្រូវ​បាន​គេ​ដាក់​បង្កប់​ក្រោម​រូបភាព​ឈើ​ក្រាក់៖ «បាទ! បើ​និយាយ​ពី​ការ​ប្រែប្រួល គឺ​ប្រែប្រួល​ពី​ខាង​អាជ្ញាធរ​វិញ។ ខាង​អាជ្ញាធរ​អំឡុង​ពេល​ការ​បោះឆ្នោត​នេះ គេ​រវល់​ឃោសនា គេ​ខ្លាច​ខូច​សន្លឹក​ឆ្នោត​របស់​គេ គឺ​គេ​មិន​សូវ​អើពើ​រឿង​ដឹក​ជញ្ជូន​ឈើ​ទេ»

​ប្រជា​សហគមន៍​រូប​នេះ បារម្ភ​ថា ថ្ងៃ​បោះឆ្នោត​ខាង​មុខ ក្រុម​ជនល្មើស​នឹង​សម្រុក​ចូល​ព្រៃ​ដើម្បី​កាប់ និង​ដឹកជញ្ជូន​កាន់​តែ​ច្រើន ពីព្រោះ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ជាប់​រវល់​ការងារ​បោះឆ្នោត ហើយ​ប្រជា​សហគមន៍​ក៏​ត្រូវ​ចូលរួម​បោះឆ្នោត​ដែរ។

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ មិថុនា ថា មន្ត្រី​ជំនាញ​មិន​បាន​បន្ធូរ​ដៃ​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នៅ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទេ។ លោក​ថា អាជ្ញាធរ​បាន​ចាត់​វិធានការ​ជា​ហូរហែ ព្រមទាំង​ចាប់​បាន​ពលរដ្ឋ ២​នាក់ គោយន្ត​ចំនួន ២​គ្រឿង ដែល​បាន​ធ្វើ​សកម្មភាព​ក្នុង​តំបន់​ព្រៃឡង់ និង​រឹប​អូស​បាន​រណា​យន្ត​ចំនួន ៤​គ្រឿង និង​ពលរដ្ឋ​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព នៅ​ក្រៅ​តំបន់​ព្រៃឡង់ ពោល​គឺ​ជា​ព្រៃ​សហគមន៍​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ទៀត​ផង។ មន្ត្រី​ជំនាញ​ដដែល បញ្ជាក់​ថា ក្ដី​បារម្ភ​របស់​ប្រជា​សហគមន៍​គឺ​ជា​រឿង​ម្យ៉ាង ប៉ុន្តែ​សកម្មភាព​បទល្មើស​នឹង​មិន​អាច​កើត​ឡើង​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​បាន​ទេ៖ «គឺ​អាច​មក​បោះឆ្នោត​ពេល​ព្រឹក ពេល​ថ្ងៃ​ហ្នឹង គាត់​អាច​ត្រឡប់​ទៅ​វិញ​បាន អាច​ត្រឡប់​ទៅ​ទីស្នាក់ការ​របស់​គេ​បាន ហើយ​រដូវ​នេះ​ជា​រដូវវស្សា ផ្លូវ​ហ្នឹង​វា​ពិបាក។ សួរ​ថា តើ​គាត់​ឆ្លៀត​មួយថ្ងៃ​ហ្នឹង​ក៏​ចេញ​មិន​រួច​ដែរ»

​លោក តុប កក្កដា អះអាង​ថា មន្ត្រី​ជំនាញ​តែង​យកចិត្តទុកដាក់​ចំពោះ​តំបន់​អភិរក្ស​មួយ​នេះ​ជា​ប្រចាំ ដើម្បី​ឱ្យ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​លោក​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ដល់​ក្រុម​កម្លាំង​ពិសេស ដែល​ប្រចាំការ​ក្នុង​តំបន់​ព្រៃឡង់ ជា​ហេតុ​ធ្វើ​ឱ្យ​បទល្មើស​ក្នុង​តំបន់​មួយ​នេះ​ស្ទើរ​តែ​លែង​កើត​មាន​ទៀត​ផង។

ទោះបីជា​យ៉ាង​នេះ​ក្តី អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង កត់សម្គាល់​ថា ក្រុម​ជនល្មើស​តែង​ឆក់​ឱកាស​ក្នុង​ពេល​ប្រទេសជាតិ​មាន​ព្រឹត្តិការណ៍​ធំៗ ឬ​មាន​បុណ្យ​ជាតិ​ធំៗ ដើម្បី​ធ្វើ​សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​របស់​ខ្លួន។ លោក​ទទួល​បាន​របាយការណ៍​ពី​ប្រជា​សហគមន៍​ជុំវិញ​តំបន់​ព្រៃឡង់ បញ្ជាក់​ថា ស្ថានភាព​បទល្មើស​គឺ​កើន​ឡើង​ជាង​ពេល​មុន​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត បើទោះបី​ជា​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ក្តី៖ «ទាំង​ប៉ូលិស ទាំង​ទាហាន កង​កម្លាំង​ប្រដាប់​អាវុធ មួយ​ភាគ​ធំ គឺ​គាត់​មក​សម្រួល ឬ មក​ការពារ​ក្បួន​ឃោសនា​របស់​គណបក្ស​នយោបាយ​នានា នៅ​ជុំវិញ​ព្រៃឡង់​ ហ្នឹង​តែម្ដង។ អ៊ីចឹង​ហើយ​ជា​ឱកាស​សម្រាប់​ជនល្មើស​គាត់​ឆ្លៀតឱកាស​កាប់​បំផ្លាញ​ព្រៃឈើ»

​មន្ត្រី​សង្គម​ស៊ីវិល​ដដែល​យល់​ថា ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ជម្រក​សត្វ នឹង​មាន​ប្រសិទ្ធភាព ប្រសិនបើ​ក្រុម​ឈ្មួញ​ធំៗ ឬ​មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​យក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។