អ្នក​ការពារ​ព្រៃឈើ​គ្រោង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​រឿង​កាប់​ឈើ​នៅ​ព្រៃឡង់

0:00 / 0:00

បណ្ដាញ​អ្នក​អភិរក្ស​ព្រៃឈើ​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ គ្រោង​នឹង​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អានាធិបតេយ្យ​នៅ​តំបន់​ព្រៃឡង់។

អាជ្ញាធរ​បញ្ជាក់ថា​ កន្លង​មក​ធ្លាប់​មាន​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តំបន់​នោះ​ជា​ហូរហែ​មក​ដែរ ហើយ​ការ​គ្រោង​ដាក់​ញត្តិ​របស់​ប្រជា​សហគមន៍​នេះ គឺ​ជា​វិធី​ល្អ​សម្រាប់​អាជ្ញាធរ​បន្ថែម​ទៀត លើ​ការ​បង្រ្កាប​បទល្មើស​ទាំង​នេះ។

បន្ទាប់ពី​ចេញ​សកម្មភាព​ចុះ​​ឃ្លាំមើល​នូវ​បទល្មើស​ព្រៃឈើ​ប៉ុន្មាន​ថ្ងៃ​ពី​សំណាក់​បណ្ដាញ​ស្នូល​ព្រៃឡង់ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ សកម្មជន​ព្រៃឈើ​ឱ្យ​ដឹង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ត្រពាំងពារ ឃុំ​កំពង់ចាម ស្រុក​សំបូរ ក្នុង​ដែន​ដី​ព្រៃឡង់ កាន់​តែ​កើន​ឡើង​យ៉ាង​អនាធិបតេយ្យ។

សកម្មជន​ព្រៃឡង់​ម្នាក់​រស់​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ថ្លែង​ក្នុងលក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ពួក​គាត់​បាន​ចុះ​ត្បាត​នៅ​ក្នុង​តំបន់​ព្រៃឡង់ រយៈពេល​បី​ថ្ងៃ កាល​ពី​ថ្ងៃ​៩ ដល់​ថ្ងៃ​១១ មិថុនា ឃើញ​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​កាប់​និង​ដឹក​ឈើ​មក​លក់​ឱ្យ​ឈ្មួញ​ធំៗ​នៅ​តំបន់​នោះ​ប្រមាណ​ជាង ១០​គោយន្ត។

លោក​បន្តថា ពេល​យក​មក​លក់​ឱ្យ​ឈ្មួញ​គេ​ក៏បាន​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​ទៅ​ដេប៉ូ​ឈើ​ធំៗ ជាច្រើន​នៅ​ក្នុង​ស្រុក​ព្រែក​ប្រសប់ ដែល​ជា​ដេប៉ូ​របស់​អ្នក​មាន​អំណាច​នៅ​ទី​នោះ ប៉ុន្តែ​អាជ្ញាធរ​ជំនាញ​វិញ​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​នឹង​បញ្ហា​នេះ​ឡើយ។ បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ​ទាំង​នោះ​ហាក់​មាន​ការ​លាក់លៀម​ចំពោះ​បទល្មើស​បទ​ព្រៃឈើ​ទាំង​នោះ បើ​ទោះ​បី​ជា​ដឹង​ថា សកម្មភាព​កាប់​នឹង​ធ្វើ​អាជីវកម្ម​ឈើ​ប្រៀប​បាន​ទៅ​នឹង​ការ​ធ្វើ​បុណ្យ​កឋិន​ទៅ​ហើយ​ក្តី។

សកម្មជន​ព្រៃឡង់៖ «មូលហេតុ​អ្វី​បាន​ជា​មេព្រៃ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការពារ​ព្រៃ ព្រោះ​គាត់​ជា​មេព្រៃ​ហើយ ហើយ​ពួក​យើង​ជា​អ្នក​ចូល​រួម​ជួយ​ប៉ុណ្ណឹង​ហើយ ពួកគាត់​បែរ​ជា​មិន​សូវ​ចាប់​អារម្មណ៍ បែរ​ជា​ចោទ​សហគមន៍​ព្រៃឡង់​ជា​អ្នក​ប្រឆាំង​រដ្ឋាភិបាល»

លោក​បញ្ជាក់​ថា រាល់​ឯកសារ​ភស្តុតាង​ទាំង​អស់​ហ្នឹង​ត្រៀម​បញ្ជូន​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យ​ខាង​តែ​បាន​នៅ​តំបន់​នោះ។

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​សំបូរ លោក ហេង សុថា មាន​ប្រសាសន៍​ថា ជា​ទូទៅ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ឬ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​តំបន់​ដែល​លោក​គ្រប់គ្រង បើ​ទោះ​បី​ជា​ធំ​ក្តី ឬ​តូច​ក្តី គឺ​មិន​មាន​ការ​អនុញ្ញាត​ណា​មួយ​ពី​អាជ្ញាធរ​នោះ​ទេ ប៉ុន្តែ​អាច​នឹង​ករណី​លួចលាក់​នៅ​តំបន់​នោះ។

លោក​បន្តថា អាជ្ញាធរ​ខេត្ត​ រួមនឹង​មន្រ្តី​ជំនាញ​តែង​តែ​សហការ​ជាមួយ​ប្រជា​សហគមន៍​ជានិច្ច ប៉ុន្តែ​គ្រាន់​តែ​ពេល​ខ្លះ​ ប្រជាពលរដ្ឋ​មិន​បាន​ជូន​ដំណឹង​មក​អាជ្ញាធរ​ទើប​ធ្វើ​ឱ្យ​ពួក​លោក​​មិន​ដឹង​ជុំវិញ​បញ្ហា​នេះ៖ «បាទ! យើង​បន្ត​ធ្វើ​ជា​បណ្តើរៗ​ពិត​មែន តែ​យើង​មិន​អាច​ធ្វើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ព្រោះ​ទំហំ​នៃ​ការងារ​របស់​រដ្ឋបាល​ស្រុក គឺ​យើង​អាច​ធ្វើ​ទំហំ​ការងារ​បាន​ត្រឹម​តែ​ការងារ​រដ្ឋបាល​ស្រុក ដែល​រដ្ឋបាល​ស្រុក​អាច​អនុវត្ត​បាន ហើយ​រាល់​ការងារ​ធំដុំ គឺ​យើង​រាយការណ៍​ជូន​ឧត្ដម​អភិបាល​ខេត្ត​ដើម្បី​ឱ្យ​លោក​​ជ្រាប​និង​មាន​វិធានការ​ជា​បន្ត​បន្ទាប់»

លោក​បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ថា តើ​មាន​មន្ត្រី​ជំនាញ​ណា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឬ​យ៉ាង​ណា​នោះ​ទេ គឺ​​វា​អាស្រ័យ​លើ​ភស្តុតាង​ច្បាស់​លាស់ មិន​អាច​​ចេះ​ចោទ​ប្រកាន់​បាន​នោះ​ឡើយ ពីព្រោះ​អាជ្ញាធរ​រួម​នឹង​មន្ត្រី​ជំនាញ​តែងតែ​ចុះ​បង្រ្កាប​បទល្មើស​ព្រៃឈើ​ជាប្រចាំ។

នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ លោក​ ឈឹម សាវុធ មាន​ប្រសាសន៍​ថា ការ​ចុះ​ល្បាត​​ក្នុង​តំបន់​ព្រៃឡង់ រយៈពេល​បី​ថ្ងៃ​កន្លង​ទៅ​នេះ ទាំង​ខេត្ត​កំពង់ធំ និង​ក្រចេះ គឺ​មាន​វត្ថុតាង​នៃ​បទល្មើស​ព្រៃ​ឈើ​ជា​ច្រើន រួម​​មាន​គំនរ​ឈើ​ជា​ច្រើន​ម៉ែត្រ​គូប មាន​ទាំង​រណា និង​រថយន្ត​ដឹក​ឈើ​​ជា​ច្រើន​គ្រឿង​ទៀត​ផង។

លោក​បន្ត​ថា បទល្មើស​ព្រៃឈើ​នៅ​ស្រុក​សំបូរ គឺ​នៅ​តំបន់​ភ្នំជី តំបន់​ត្រពាំងពារ ហើយ​ម្ចាស់​អាជីវកម្ម​ដ៏​ធំ គឺ​អ្នក​មាន​មក​ពី​ខេត្ត​កំពង់ចាម​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​ឈើ​ប្រភេទ​ឈើ​លេខ​មួយ​ ដើម្បី​យក​ទៅ​លក់​តាម​ដេប៉ូ និង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម៖ «យើង​ដឹង​ឈ្មោះ​ថា​ឧកញ៉ា លឹម ប៊ុនណា ហៅ​ ខ្នា ជា​អ្នក​ប្រមូល​ទិញ។ ប៉ុន្តែ​អ្នក​ដែល​ចូល​ទៅ​កាប់​ព្រៃ​នោះ គឺ​ប្រជាពលរដ្ឋ​ទេ​ជា​អ្នក​ចូល​ទៅ​កាប់ ហើយ​ក្រុម​ឧកញ៉ា​ជា​អ្នក​ប្រមូល​ទិញ ហើយ​ជួល​ប្រជាពលរដ្ឋ​ដឹក​ចេញ​នៅ​ឃ្លាំង​ដំឡូង​មួយ នៅ​ស្រុក​ព្រែកប្រសប់ ហើយ​គេ​នាំ​​ចេញ​ឆ្លង​ទន្លេ​មេគង្គ​ចន្លោះ​ស្រុក​ឆ្លូង ហើយ​ដាក់​ឡាន​ធំ​ស្រុក​ឆ្លូង ដឹក​ចេញ​ទៅ​វៀតណាម តាម​ច្រក​ដូង ៧​ដើម»

លោក​បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ​នឹង​ក្លាយ​ជា​ជន​រងគ្រោះ​ដោយសារ​ការ​យក​លុយ​ជា​អន្ទាក់​របស់​ឧកញ៉ា​ធំៗ ដើម្បី​ឱ្យ​ពួកគាត់​កាប់​បំផ្លាញ​ឈើ​យក​មក​លក់​ឱ្យ​ខ្លួន។ យ៉ាង​ណា​ក៏ដោយ ច្បាប់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ជា​​បទល្មើស​ជាក់ស្ដែង គឺ​ត្រូវ​មាន​ទោស​ប្រហែល​គ្នា​ទាំង​អ្នក​ប្រព្រឹត្ត​ផ្ទាល់ និង​ប្រយោល រួម​នឹង​ការ​ចូល​រួម​លាក់បាំង​បទល្មើស​ទាំង​នោះ​ពី​សំណាក់​អាជ្ញាធរ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។