សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដុត​ម៉ាស៊ីន​អារ​ឈើ​៤​គ្រឿង​នៅ​រតនគិរី

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កាចក់ រស់​នៅ​ភូមិ​កាណាតធំ ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី បាន​នាំ​គ្នា​ដុត​ម៉ាស៊ីន​អារ​ឈើ​ដែល​គេ​និយម​ហៅ​ថា ត្រង់ស៊ីន័រ ចំនួន ៤​គ្រឿង ក្រោយ​ពី​រឹប​អូស​ពី​កម្មករ​ស៊ី​ឈ្នួល​កំពុង​លួច​អារ​រំលំ​យក​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​អភិរក្ស។

ម្ចាស់​ម៉ាស៊ីន​អារ​ឈើ​ដែល​អ្នកភូមិ​សម្រេច​ដុត​កម្ទេច​ចោល​មាន​ឈ្មោះ ថុល ណាង និង​ប្រឹក្សា​ជា​ឈ្មួញ​អ្នក​មាន​ប្រាក់ និង​ជា​មន្ត្រី​មូលដ្ឋាន​រស់នៅ​ស្រុក​អណ្ដូងមាស។

តំណាង​អ្នក​ភូមិ លោក សល់ ឌឹក រៀប​រាប់​ថា ការ​ដុត​ម៉ាស៊ីន​អារ​ឈើ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដោយសារ​តែ​អ្នក​ភូមិ​យល់​ថា ការ​ចាប់​បញ្ជូន​វត្ថុតាង​ទៅ​សមត្ថកិច្ច​មិន​មាន​ប្រសិទ្ធភាព​​​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ទេ។ លោក​ថា ឈ្មួញ​មាន​ប្រាក់​និង​បុគ្គល​ជា​សមត្ថកិច្ច​នៅ​​​មូលដ្ឋាន​គឺ​ជា​អ្នក​ផ្ដល់​ម៉ាស៊ីន​អារ​ឈើ​ទៅ​ឲ្យ​កម្មករ​ស៊ី​ឈ្នួល​ដើម្បី​អារ​ច្រៀក​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

លោក សល់ ឌឹក៖ «វា​កំពុង​អារ វា​កំពុង​រំលំ​ឈើ ហួស​ក្រុមហ៊ុន​ក្រុង​ប៉ុក​បន្តិច កន្លែង​ម្តុំ​ព្រៃ​សហគមន៍។ កម្មករ​ច្រើន​ដែរ​ហ្នឹង បើ​រាប់​មួយ​កន្លែង​បី​នាក់ មួយ​កន្លែង​បួន​ប្រាំ​នាក់ ដុត​ចោល​ក្នុង​ព្រៃ​តែម្ដង។ សហគមន៍​បាន​រាយការណ៍​ដល់​មេ​ភូមិ​ដែរ​តើ!»

អភិបាលស្រុក​អណ្ដូងមាស នង ដារិទ្ធ ចាត់​ទុក​ថា នេះ​ជា​ការ​សម្រេចចិត្ត​របស់​សហគមន៍ ប៉ុន្តែ​លោក​សំដែង​ការ​សោកស្ដាយ​ដែល​វត្ថុតាង​បទល្មើស​ត្រូវ​បាន​បំបាត់​ចោល។ លោក​ថា ប្រជាពលរដ្ឋ​គួរ​ធ្វើ​របាយការណ៍ ឬ​ផ្ដល់​វត្ថុ​តាម​មក​សមត្ថកិច្ច​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​ពាក់ព័ន្ធ​ឲ្យ​ទទួលខុស​​​ត្រូវ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។