ពលរដ្ឋ​ចំណាក​ស្រុក​សង់​​លំនៅ​​ក្នុង​បរិវេណ​ដី​ព្រៃ​សហគមន៍​​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដើម្បី​កាប់​​រាន​យក​ដី

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង អះអាង​ថា ចលនា​ទន្ទ្រាន​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ កំពុង​កើត​មាន​គគ្រឹកគគ្រេង​ដោយ​ពលរដ្ឋ​ចំណូល​ថ្មី និង​ឈ្មួញ បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់​ស្កាត់​ក្តី។ អ្នក​ភូមិ​ថា ពលរដ្ឋ​ចំណាក​ស្រុក​បាន​សង់​ខ្ទម និង​បោះ​តង់​ស្នាក់​នៅ​ជាង ១០​កន្លែង​ក្នុង​ព្រៃ​សហគមន៍​នោះ។

ជនជាតិ​ដើម​ភាគ​តិច​កួយ អំពាវនាវ​ជា​ថ្មី​ទៀត ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ឈប់​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ និង​ដក​ហូត​ដី​ដែល​ជន​ចំណូល​ថ្មី​កាប់​ឆ្ការ​នោះ​ជា​សម្បត្តិ​សមូហភាព​របស់​សហគមន៍​វិញ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ក្រោយ​ពី​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​បង្ក​ឡើង​ដោយ​ពលរដ្ឋ​ចំណូល​ថ្មី និង​ក្រុម​ឈ្មួញ​កាន់​តែ​រីក​ធំ​ឡើង​ពុំ​ឃើញ​មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ជា​ដុំ​កំភួន​ឡើយ។

ជន​ជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ មើល​ឃើញ​ថា ព្រៃ​ស្រោង​ដែល​ជា​ជម្រក​សត្វ​កម្រ​ជិត​ផុត​ពូជ​ឋិត​ក្នុង​ព្រៃ​សហគមន៍ បាន​ក្លាយ​ជា​វាល​មួយ​ផ្នែក​ធំ និង​គ្រប់គ្រង​ជា​សម្បត្តិ​បុគ្គល។ លើស​ពី​នេះ ក្រុម​កម្មករ​ជា​ច្រើន​ក្រុម​បាន​ប្រើ​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ ឬ​ត្រង់ស៊ីន័រ កាប់​រំលំ​ដើម​ឈើ​ធំៗ ធ្វើ​អាជីវកម្ម និង​ដុត​ចោល រួច​ដាំ​ដំឡូង​មី និង​ស្វាយចន្ទី។ លោក​ថា មក​ទល់​ពេល​នេះ សកម្មភាព​កាប់​ទន្ទ្រាន​អស់​ប្រមាណ ២​ពាន់​ហិកតារ​ត្រង់​ចំណុច​ត្រពាំងព្រៃ អូរឆ្កូត និង​តំបន់​ភ្នំ​ធំ។

លោក​បារម្ភ​ថា ប្រសិនបើ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​រដ្ឋាភិបាល​មិន​រក​មធ្យោបាយ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​ទេ ព្រៃ​សហគមន៍​នោះ​នឹង​បាត់បង់​ទាំង​ស្រុង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖ «ដូច​ថា ជន​មក​ពី​ឆ្ងាយ​មក​កាប់​ទន្ទ្រាន​យក​ដី​សហគមន៍​ធ្វើ​ជា​ដី​កម្មសិទ្ធិ​ខ្លួន​ឯង។ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង ទី​១ ខ្លាច​អស់​សត្វ​ព្រៃ ទី​២ ទៀត​អស់​ដើម​ឈើ ឬ​ព្រៃ​ឈើ​ទី​៣​ទៀត បារម្ភ​ខ្លាច​ក្មេង​ជំនាន់​ក្រោយ​អត់​មាន​ឈើ​ធ្វើ​ផ្ទះ វា​នឹង​រលាយ​ហិនហោច»

ដើម​ឈើ​ដែល​គេ​កាប់​រំលំ​ដើម្បី​យក​ដី​ក្នុង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៦។
ដើម​ឈើ​ដែល​គេ​កាប់​រំលំ​ដើម្បី​យក​ដី​ក្នុង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៦។

មេ​ឃុំ​សំអាង លោក ញៀន ផុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ថា ពលរដ្ឋ​ចំណូល​ថ្មី​ពុំ​មាន​សិទ្ធិ​គ្រប់គ្រង​ដី​ព្រៃ​សហគមន៍​នោះ​ទេ បើ​ទោះ​បី​ជា​ពួកគេ​បាន​កាប់​ទន្ទ្រាន​ក្ដី។ លោក​ថា ប្រសិនបើ​ពលរដ្ឋ​ប្រទះ​ឃើញ​បុគ្គល​ណា​ពាក់ព័ន្ធ​កាប់​ឆ្ការ​ព្រៃ​សហគមន៍​នោះ ត្រូវ​ជូន​ដំណឹង​មក​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចាត់​វិធានការ​ច្បាប់​ជា​បន្ទាន់៖ «ខាង​រដ្ឋបាល​ព្រៃ​ឈើ​គេ​ធ្វើ​ការ​ដូច​គ្នា​ដែរ តែ​គេ​ធ្វើ​ការ​មិន​ដិត​ដល់​ជូន​កាល​ខល​ទៅ​គេ​ជាប់​រង្វល់។ ដល់​សហគមន៍​ចូល​ទៅ​សហគមន៍​អត់​មាន​សិទ្ធិ អត់​មាន​សិទ្ធិ​ចាប់​គេ​គឺ​អត់​មាន»

អាស៊ីសេរី​មិន​អាច​ទាក់ទង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា។

​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់ (៤.៤៤៦,១៦) ហិកតារ ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៥។ ចំណែក​សហគមន៍​បាន​ស្នើ​សុំ​បន្ត​ទៀត​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ចុះ​បញ្ជី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ជា​ដី​ព្រៃ​សមូហភាព​នៅ​ដើម​ឆ្នាំ​២០១៥ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។

យ៉ាង​ណា​អនុ​ប្រធាន​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ លោក ជ្រោង គង់ ថ្លែង​បញ្ជាក់​ថា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​រដ្ឋាភិបាល មិន​ផ្ដល់​អំណាច​ឲ្យ​សហគមន៍​ទប់​ស្កាត់​បទល្មើស​ព្រៃ​សហគមន៍​ទេ គឺ​ត្រឹម​តែ​រាយការណ៍​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប៉ុណ្ណោះ ហើយ​នៅ​គ្រា​ដែល​សហគមន៍​ប្រទះ​ឃើញ​ក្រុម​ឈ្មួញ​កាប់​ទន្ទ្រាន​ព្រៃ​សហគមន៍ ហើយ​រាយការណ៍​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បែរ​ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​បាន​ចុះ​អន្តរាគមន៍​ទាន់​ពេល បង្ក​ឲ្យ​ជនល្មើស​គេច​ខ្លួន​បាត់។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​អំណាច​អភិរក្ស​ធនធាន​ធម្មជាតិ​ដល់​សហគមន៍ ប្រយោជន៍​រួម​ចំណែក​ការពារ​ធនធាន​ធម្មជាតិ ជាមួយ​រដ្ឋាភិបាល​ដើម្បី​សង្គ្រោះ​ព្រៃឈើ​នៅ​សេសសល់​ចុង​ក្រោយ៖ «យើង​មិន​អាច​ចុះ​ហត្ថលេខា​ប្លង់​ឲ្យ​បាន​ទេ ព្រោះ​វា​ក្រៅ​ច្បាប់ ក្រៅ​តំបន់​វិនិច្ឆ័យ​របស់​ច្បាប់»

​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល មើល​ឃើញ​ថា វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​កំពុង​ចាក់ស្រេះ​ជ្រៅ​ក្នុង​សង្គម​កម្ពុជា ខណៈ​ដែល​បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន​ជា​ប្រព័ន្ធ ប្រសិនបើ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​តែ​មិន​អើពើ​អនុវត្ត​ច្បាប់​ករណី​នេះ​ទេ។

លោក​ថា មក​ទល់​ពេល​នេះ សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ប្រើប្រាស់​ជា​សម្បត្តិ​បុគ្គល កំពុង​កើត​មាន​ពេញ​បន្ទុក​នៅ​គ្រប់​ស្រុក​ទាំង ៥​ខែត្រ​នេះ ជាពិសេស​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់៖ «ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​ទាំង​៤ ទាំង ៥​ស្រុក​នៅ​តែ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ទោះ​បី​ជា​មាន​សារាចរ​ពី​រដ្ឋាភិបាល ឬ​ច្បាប់​ព្រៃ​ឈើ​ក៏ដោយ។ យើង​ឃើញ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូចជា​ជំនាញ​ដូចជា​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការពារ​ព្រៃ​ឈើ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រមទាំង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុករាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។