ឈើ​រាប់​ម៉ឺន​ម៉ែត្រ​គូប​ត្រូវ​គេ​កាប់​នៅ​ក្រៅ​តំបន់​បោស​សម្អាត​អាង​ស្តុក​ទឹក

0:00 / 0:00

ផែន​ការ​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង រហូត​មក​ទល់​ពេល​នេះ មិន​មាន​ប្រភព​ផ្លូវ​ការ​ណា​មួយ​ឲ្យ​ដឹង​ថា តើ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​បាន​វាស់វែង​កំណត់​ទីតាំង​ឲ្យ​បោស​សម្អាត​ហើយ​ឬ​យ៉ាង​ណា​ទេ? ក៏ប៉ុន្តែ អ្នក​ភូមិ​ដែល​រស់នៅ​ក្នុង​តំបន់​នៃ​អាង​ស្តុក​ទឹក អះអាង​ថា ក្រុម​អ្នក​ម៉ៅការ​កាប់​ឈើ បាន​កាប់​ឈើ​ពី​តំបន់​ព្រៃ​ក្រៅ​ផ្ទៃ​អាង​រាប់​ម៉ឺន​ម៉ែត្រ​គូប​រួច​ហើយ ដើម្បី​នាំ​ចូល​ទៅ​ទីតាំង​ស្តុក​ឈើ​នៃ​ផែន​ការ​បោស​សម្អាត​អាង ដើម្បី​អារ​ច្រៀក​នាំ​ចេញ​ទៅ​ទីផ្សារ។

ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​អង្គារ ទី៧ ខែ​ឧសភា ឆ្នាំ​២០១៣ រាយការណ៍​ថា ឈើ​មូល​ប្រមាណ ៤​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​គេ​កាប់​នៅ​ក្នុង​ព្រៃ​ក្រៅ​តំបន់​បោស​សម្អាត​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ប្រធាន​សហគមន៍ លោក ពុយ ចាន់ធន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​អ្នក​ទទួល​ម៉ៅការ​សម្អាត​អាង​ស្តុក​ទឹក​ជា​ក្រុម​បាន​ចូល​ទៅ​កាប់​ឈើ​មូល​គ្រប់​ប្រភេទ ពី​តំបន់​ព្រៃ​ភ្នំ​ក្រឡាពស់ និង​ព្រៃ​តំបន់​ញើន ហើយ​ដឹក​ជញ្ជូន​មក​លាក់​ទុក​ក្នុង​ព្រៃ​នៃ​ទីតាំង​អាង​ស្តុក​ទឹក និង​គ្រោង​ដឹក​ជញ្ជូន​មក​ទុក​នៅ​ដ៉េប៉ូ​ស្តុក​ឈើ មាន​ទីតាំង​នៅ​ចំណុច​ពោន​ខាង​កើត​ភូមិ​ស្រែគរ២។

លោក​បន្ត​ថា ក្រុម​អ្នក​ស៊ី​ឈ្នួល​អារ​ឈើ​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​ស្វ័យ​ប្រវត្តិ និង​រថយន្ត​ស្ទូច​ដឹក​ឈើ ត្រូវ​បាន​គេ​ជួល​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៣ ហើយ​បច្ចុប្បន្ន អ្នក​កាប់​ឈើ​បាន​វិល​ត្រឡប់​មក​វិញ​ហើយ បន្ទាប់​ពី​រដូវ​ធ្លាក់​ភ្លៀង​នេះ៖ «កម្មករ​កាប់​ឈើ គេ​និយាយ​អីចេះ គេ​ថា​ឈប់​កាប់​ហើយ។ អ្នក​ខ្លះ​ឡើង​មក​ពី​ក្រចេះ ឡើង​មក​ពី​កំពង់ចាម មក​ពី​កំពង់ឆ្នាំង។ គេ​កាប់​គ្រប់គ្រាន់​ហើយ​ជាង ៤​ម៉ឺន​ដើម​ហើយ។ គេ​ខ្លាច​ដឹក​មិន​រួច​ពេល​ភ្លៀង​ធ្លាក់​មក​ណា!»

ក្រសួង​កសិកម្ម បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ឈ្មោះ អាំង អេន អាសូស៊ីអេត ឡយ័រ (ANG & ASSOCIATES LAWYER) កាប់​ឈើ​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង។ កាល​ពី​ខែ​មករា ឆ្នាំ​២០១៣ ប្រធាន​ក្រុមហ៊ុន លោក​ឧកញ៉ា គិត ម៉េង ចាត់​តាំង​ឲ្យ​លោក លឹម ប៊ុណ្ណា និង​លោក ហាស វិបុល ការពារ​តំបន់​ព្រៃ​ឈើ​ក្នុង​អាង​ស្តុក​ទឹក​មាន​ផ្ទៃដី ៣​ម៉ឺន ៦​ពាន់​ហិកតារ។ ប៉ុន្តែ​អ្នក​ភូមិ​ស្រែគរ ឲ្យ​ដឹង​ថា អ្នក​ម៉ៅការ​សម្អាត​អាង​ទឹក​មាន​ឋានៈ​ជា​ឧកញ៉ា​ឈ្មោះ ខ្នារ បាន​បង្កើត​ទីតាំង​ស្តុក​ឈើ​ពីរ​កន្លែង​នៅ​ចំណុច​ពោន និង​នៅ​ចំណុច​ខ្ទម​អ្នក​តា ក្នុង​ភូមិ​ស្រែគរ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី៧ ខែ​ឧសភា មិន​អាច​ទាក់ទង​មន្ត្រី​ក្រុមហ៊ុន​ណា​ម្នាក់​អធិប្បាយ​សេចក្តី​រាយការណ៍​ចោទ​ប្រកាន់​នេះ​បាន​ទេ។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​ស្ទឹងត្រែង លោក អ៊ីឯក សាវត្តី លោក​មិន​ទទួល​ទូរស័ព្ទ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ហៅ​ចូល​ឡើយ។

យ៉ាង​នេះ​ក្តី មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​បាន​រាយការណ៍​មក​អាជ្ញាធរ​ឃុំ​ពី​ករណី​នេះ​ហើយ។ លោក​បន្ត​ថា ឈើ​មូល​ដែល​លាក់​ទុក​ក្នុង​ព្រៃ​ហ្នឹង ត្រូវ​ដឹក​ជញ្ជូន​ចូល​ទៅ​ដេប៉ូ​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​ម៉ៅការ​សម្អាត​ផ្ទៃ​អាង ហើយ​អារ​ច្រៀក​នាំ​ចេញ​នៅ​មុន​រដូវ​ធ្លាក់​ភ្លៀង​ជោគជាំ​នេះ៖ «យើង​មិន​ជំទាស់​ទេ​រឿង​កាប់ គ្រាន់​ថា​យើង​សិក្សា​សិន អា​នេះ​កាប់​ប៉ាតណាប៉ាតណី ចុះ​អនាគត​ទៅ​យើង​បាន​អ្វី​ទីពឹង​លើ​ធម្មជាតិ»

នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ មាន​ប្រសាសន៍​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត បាន​ឯកភាព​លើ​គោលការណ៍​ឲ្យ​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​រួច​ហើយ ប៉ុន្តែ​លោក​មិន​ប្រាកដ​ទេ​ថា ប្រតិបត្តិការ​បោស​សម្អាត​អាង ក្រុម​ជំនាញ​បាន​ចុះ​វាស់វែង​កំណត់​ទីតាំង​ជាក់ស្តែង​ឲ្យ​ក្រុមហ៊ុន​ប្រតិបត្តិការ​ហើយ​ឬ​យ៉ាង​ណា? លោក​បន្ត​ថា នឹង​រាយការណ៍​ព័ត៌មាន​នេះ​ជូន​អភិបាល​ខេត្ត​ទើប​ចូល​កាន់​តំណែង​ថ្មី​បាន​ជ្រាប និង​ចាត់​វិធាន​ការ​ពិនិត្យ​សេចក្តី​រាយការណ៍​នេះ៖ «ខ្ញុំ​មិន​ដឹង​ថា​ការងារ​បច្ចេកទេស​វា​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​ផ្អែក​លើ​ផែនទី ផ្អែក​លើ​ទីតាំង​ដែល​រដ្ឋ​កំណត់​ឲ្យ​គាត់​ធ្វើ​ហ្នឹង។ បើ​សិន​ក្នុង​ករណី​គាត់​ធ្វើ​ក្រៅ​រង្វង់​ទីតាំង​ដែល​គេ​កំណត់​ជា​ទីតាំង​បាត​អាង ដែល​ត្រូវ​សម្អាត អា​ហ្នឹង​ជា​រឿង​មួយ​ផ្សេង​ទៀត»

មន្ត្រី​ផ្នែក​អង្កេត​ សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល បាន​កត់​សម្គាល់​ថា សមាគម​លោក​ក៏​ទទួល​បាន​ព័ត៌មាន​ស្ដីពី​ការ​លួច​កាប់​ឈើ​ក្រៅ​គម្រោង​សម្អាត​អាង​ស្តុក​ទឹក​នោះ​ដែរ។ លោក​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ស៊ើប​អង្កេត​បទល្មើស​ព្រៃ​ឈើ​នេះ៖ «គួរ​តែ​អាជ្ញាធរ​រដ្ឋបាល​ព្រៃ​ឈើ​ជំនាញ​ណា​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិតដល់។ បើ​សិន​យើង​បណ្ដែត​បណ្តោយ​ទៅ ព្រៃ​ឈើ​នៅ​ម្តុំ​ហ្នឹង​នឹង​អាច​វិនាស​ហិនហោច»

យ៉ាង​នេះ​ក្តី អាជ្ញាធរ​ឃុំ​ស្រែគរ និង​តំណាង​ប្រជាពលរដ្ឋ ឲ្យ​ដឹង​ថា ក្រុមហ៊ុន និង​មន្ត្រី​ជំនាញ​មិន​បាន​ជូន​ដំណឹង​ស្ដីពី​ផែន​ការ​សម្អាត​អាង​ស្តុក​ទឹក​នេះ​ឲ្យ​អ្នក​ភូមិ​បាន​ដឹង​ឡើយ ហេតុ​នេះ​ទើប​ករណី​លួច​កាប់​ឈើ​ក្រៅ​តំបន់​អាង​ស្តុក​ទឹក​កើត​ឡើង​អនាធិបតេយ្យ​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។