ពលរដ្ឋ​នៅ​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ

ព្រៃ​ឈើ​ក្នុង​តំបន់​ការពារ​របស់​រដ្ឋ​ចំនួន​ពីរ​កន្លែង​នៅ​ខេត្ត​មណ្ឌលគិរី បាន​រង​ការ​កាប់​បំផ្លាញ​យក​ឈើ​ប្រណិត ឈើ​មាន​តម្លៃ និង​ឈូស​ឆាយ​រាន​យក​ដី​បង្ក​បង្កើន​ផល។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​បរិស្ថាន​ធម្មជាតិ និង​ជម្រក​សត្វ​ព្រៃ​កាន់​តែ​ច្រើន​ឡើងៗ។

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​កិច្ចការ​អភិរក្ស ហើយ​ថា មន្ត្រី​ជំនាញ​ទាំង​នោះ​មិន​ទទួល​ខុស​ត្រូវ​លើ​ភារៈ​របស់​ខ្លួន និង​បាន​បណ្ដែតបណ្ដោយ​ឲ្យ​ឈ្មួញ ជន​ឆ្លៀត​ឱកាស​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ នៅ​ថ្ងៃ​ពុធ ទី​៩ ខែ​តុលា អំពាវនាវ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ចាត់​វិធានការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត ឈើ​មាន​តម្លៃ និង​សកម្មភាព​ឈូស​ឆាយ​រាន​យក​ដី​នៅ​ក្នុង​តំបន់​អភិរក្ស​ចំនួន​ពីរ ដែល​បាន​រង​ការ​បំផ្លាញ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។

តំបន់​អភិរក្ស​ទាំង​ពីរ រួម​មាន តំបន់​ការពារ​ដែន​ជីវចម្រុះ​សីមា ក្នុង​ស្រុក​កែវសីមា មាន​ទំហំ​ដី​ជាង ១.២​ម៉ឺន​ហិកតារ និង​តំបន់​ព្រៃ​ការពារ​មណ្ឌលគីរី ក្នុង​ស្រុក​កោះញែក និង​ស្រុក​ពេជ្រាដា មាន​ទំហំ​ដី​ជាង ២.៧​ម៉ឺន​ហិកតារ។

ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​មណ្ឌលគិរី មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ សម្ដែង​ទុទិដ្ឋិនិយម​ថា ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ឈើ​មាន​តម្លៃ​និង​ឈើ​ប្រណិត​ត្រូវ​គេ​កាប់​ដឹក​ជញ្ជូន​ចេញ​ពី​តំបន់​អភិរក្ស​ទាំង​ពីរ។

ពលរដ្ឋ​ដដែល​បន្ត​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​អស់​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជម្រក​ជីវចម្រុះ និង​សត្វ​ព្រៃ​ដែល​កំពុង​រស់​នៅ​ក្នុង​ព្រៃ​អភិរក្ស​ទាំង​ពីរ ដូច្នេះ​នៅ​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ព្រៃ​ឈើ​មាន​តម្លៃ​និង​សត្វ​ព្រៃ​គ្រប់​ប្រភេទ​នឹង​ត្រូវ​ហិនហោច​អស់​មិន​ខាន៖ «ឥឡូវ​គ្រឿងចក្រ​ធុន​ធ្ងន់ និង​រទេះ​គោ​ចូល​ទៅ​រាប់​សិប រាប់​រយ​គ្រឿង ហើយ​ឡាន​សុទ្ធ​តែ​យីឌុប ធុន​យក្ស​ចូល​ដឹក​ឈើ ថា​ទៅ​ដឹក​ឈើ​គេ​ចាប់​បាន ប៉ុន្តែ​ឈើ​ចាប់​បាន​វា​នៅ​តែ​កន្លែង​ចាប់​ឈើ​ហ្នឹង អា​ឈើ​ដឹក​មក​សុទ្ធ​តែ​ធ្នង់ ចេញ​ជ័រ​ថ្មី​តែ​ទាំង​អស់ អ៊ីចឹង​យើង​ខ្មាស​បរទេស យើង​យក​លុយ​គេ​មក ហើយ​យើង​បំផ្លាញ​ខ្លួន​ឯង​នេះ។ គេ​មាន​លុយ​ឲ្យ​ការពារ​របស់​យើង ការពារ​សត្វ​ព្រៃ ឥឡូវ​សត្វ​រត់​ទៅ​ស្រុក​យួន​អស់​ហើយ»

តំបន់​ព្រៃ​អភិរក្ស​ទាំង​ពីរ​របស់​រដ្ឋ​នេះ ឋិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី និង​ចូល​រួម​ផ្ដល់​មូលនិធិ​អភិរក្ស​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ គឺ​អង្គការ​សង្គម​អភិរក្ស​សត្វ​ព្រៃ (WCS=Wildlife Conservation Society) អភិរក្ស​នៅ​តំបន់​ការពារ​ជីវចម្រុះ​សីមា និង​មូលនិធិ​ពិភពលោក​អភិរក្ស​ធម្មជាតិ (WWF=World Wide Fund for Nature) អភិរក្ស​នៅ​តំបន់​ការពារ​មណ្ឌលគិរី។

ឆ្លើយ​តប​ករណី​នេះ ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី លោក កែវ សុភ័ក្រ ទទួល​ស្គាល់​ថា កន្លង​ទៅ​នេះ​បទល្មើស​ព្រៃឈើ និង​ការ​ទន្ទ្រាន​កាប់​រាន និង​ឈូស​ឆាយ​យក​ដី​ព្រៃ​ការពារ ពិត​ជា​កើត​មាន​ខ្លះ​មែន ក៏​ប៉ុន្តែ​មន្ត្រី​អភិរក្ស​បាន​បង្ក្រាប និង​រឹប​អូស​មធ្យោបាយ និង​ជនល្មើស​ប្រមាណ ៥០​ករណី​ចាប់​ពី​ដើម​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន។

លោក​កត់​សម្គាល់​ថា ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​មក​សមត្ថកិច្ច​ជំនាញ​ទាន់​ពេល​វេលា​អាច​នឹង​ជួយ​កាត់​បន្ថយ និង​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​នោះ​បាន​ប្រសើរ៖ «ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ខាង​លិច​កោះ​ញែក លូក​ដៃ​ចូល​ព្រៃ​ការពារ ថ្ងៃ​មួយ​យើង​បង្ក្រាប​ចាប់​ឡាន​បាន ៥​គ្រឿង ឈើ​ហា​ហុកសិប​ម៉ែត្រ​គូប។ ឈើ​ប្រណិត​នៅ​តែ​មាន​គ្រាន់​តែ​មាន​លក្ខណៈ​តូច​តាច។ បង​ប្អូន​ជន​ជាតិ​យើង​ដោយសារ​ខ្វះ​ចម្ការ​ពនេចរ មិន​មែន​ក្នុង​ទ្រង់ទ្រាយ​ធំ បើ​ថា​ការ​បង្ក្រាប​របស់​យើង​នៅ​តែ​មាន​បន្តបន្ទាប់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​អង្គការ​អភិរក្ស​ទាំង​ពីរ​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី​៩ ខែ​តុលា។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ប្រជាពលរដ្ឋ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដដែល​ឲ្យ​ដឹង​ដែរ​ថា តំបន់​ព្រៃ​អភិរក្ស​ផ្សេង​ទៀត​នៅ​ខេត្ត​មណ្ឌលគិរី ដូច​ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ក៏​រង​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។