តំណាងសហគមន៍ភូមិពូលុ លោក ឃុត ចាន់រ៉ា មានប្រសាសន៍បញ្ជាក់ថា ព្រៃស្រោង ព្រៃសហគមន៍ ព្រៃតំបន់គោរពបូជា និងព្រៃកប់សពអ្នកភូមិ នៅតំបន់នោះជាង ១០០ហិកតារហើយ ត្រូវក្រុមឈ្មួញ និងអ្នកមានប្រាក់មានអំណាច ជួលកម្មករឲ្យទៅកាប់រានព្រៃនោះតាំងពីចុងខែមេសា រហូតបច្ចុប្បន្ន។
លោកបន្តថា សហគមន៍បានរាយការណ៍ជូនមន្ត្រីអាជ្ញាធរជួយទប់ស្កាត់ករណីនេះច្រើនលើក ប៉ុន្តែមិនបានផល ទើបអ្នកភូមិលើកគ្នាចុះបង្ក្រាបដោយខ្លួនឯង៖ «សួរទៅប្រជាពលរដ្ឋដែលកាប់ ថាស៊ីឈ្នួលគេមួយថ្ងៃ ២ម៉ឺន រាយគ្រប់កន្លែង មួយកន្លែង ៣នាក់ ទៅ ២០នាក់ មានអ្នកកាប់ត្រាយមានអ្នកប្រើម៉ាស៊ីន ប៉ុន្តែដោយសារយើងចុះបង្ក្រាបបន្ទាន់ៗ ឥឡូវម៉ាស៊ីនផ្អាកដំណើរការ។ ឥឡូវចាប់ផ្ដើមប្រើពូថៅប្រើកាំបិត»។
នេះ គឺជាលើកទីបីហើយដែលអ្នកភូមិសម្រេចចិត្តចុះបង្ក្រាបសកម្មភាពកាប់រានព្រៃឈើអនាធិបតេយ្យនេះ។ អ្នកភូមិរាយការណ៍ថា ក្រុមកម្មករទាំង ១១នាក់ គឺប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តកំពង់ចាម ត្រូវបានសហគមន៍ដោះលែងឲ្យវិលទៅលំនៅឋានវិញ បន្ទាប់ពីពួកគេអះអាងថា មិនស្គាល់អត្តសញ្ញាណអ្នកជួលកាប់រានព្រៃ ហើយសន្យាថាឈប់ចូលមកកាប់ព្រៃឈើនេះបន្តទៀត។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើ សមាគមអាដហុក (Adhoc) ការពារសិទ្ធិមនុស្ស ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកថា នេះគឺជាបទល្មើសព្រៃឈើថ្នាក់ឧក្រិដ្ឋ។ លោកអំពាវនាវឲ្យមន្ត្រីព្រៃឈើចាត់វិធានការរកអត្តសញ្ញាណឈ្មួញ និងអ្នកមានអំណាចជួលកម្មករកាប់រានព្រៃនោះមកផ្ដន្ទាទោសតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
