ប្រជាពលរដ្ឋនិងតំណាងសហគមន៍ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការធ្វើសកម្មភាពផ្សព្វផ្សាយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិទំនប់ថ្មី នៃឃុំជៀប។
ក្នុងយុទ្ធនាការនេះ ក្រុមសហគមន៍ចាប់បានរទេះគោយន្តកាប់ឈើជាង ១០០គ្រឿង និងបានធ្វើកំណត់ហេតុណែនាំឲ្យបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើចំពោះម្ចាស់គោយន្តទាំងនោះ និងឲ្យវិលត្រឡប់ទៅផ្ទះវិញ។
តំណាងសហគមន៍ឃុំជៀប បានឲ្យដឹងនៅថ្ងៃទី៩ មីនា ថា រទេះគោយន្តជាច្រើនគ្រឿងមកពី ១៥តំបន់ផ្សេងគ្នានៃស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ក្នុងខេត្តកំពង់ឆ្នាំង និងស្រុកឧត្ដុង្គ នៃខេត្តកំពង់ស្ពឺ បម្រុងឡើងទៅកាប់ឈើត្រូវបានហាមឃាត់។ ប្រភេទឈើដំសំបកអុសស្ទែរ ឬអុសគីប និងអុសសម្រាប់ដុតឡធ្យូង ត្រូវបានគេកាប់ និងដឹកចេញពីចំណុចជើងលាង ស្ថិតក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងនៅតាមតំបន់មួយចំនួនក្បែរនោះ។
តំណាងសហគមន៍ឃុំជៀប លោក អ៊ុក ផាត់ មានប្រសាសន៍ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៤ មកសកម្មភាពកាប់បំផ្លាញព្រៃឈើ បានកើនឡើងទ្វេដង ដោយក្នុង ១ថ្ងៃៗ គេឃើញរទេះគោយន្តដឹកឈើចេញចន្លោះពី ១៥០ ទៅ ២០០គោយន្ត ប៉ុន្តែនៅក្នុងរយៈពេលបីថ្ងៃនៃយុទ្ធនាការចុះផ្សព្វផ្សាយរបស់សហគមន៍នេះ សកម្មភាពដឹកជញ្ជូនទាំងនោះបានស្ងប់ស្ងាត់បន្តិច។
លោកបន្តថា សហគមន៍នឹងនាំយករូបភាព និងឈ្មោះម្ចាស់រទេះគោយន្តដែលប្រមូលបានដាក់ជូនអាជ្ញាធរឃុំជៀប ដើម្បីចងក្រងជាឯកសារ៖ «ឃើញមានទាំងអស់ឃើញអាសកម្មភាពហ្នឹងវាហួសពីការស្មាន ហើយអាការកាប់បំផ្លាញព្រៃឈើហ្នឹងឃើញមានទាំងគ្រប់ដែនជម្រកបរិស្ថាន រដ្ឋបាល ដឺបេ និយាយរួមអភិរក្សឃើញចម្រុះទាំងអស់ តែអាបទល្មើសវានិយាយរួមអស់រលីង អស់ទាំងថ្នល់អស់ទាំងព្រៃឈើ»។
ក្រុមសហគមន៍បានបញ្ចេញសារតាមរយៈខិត្តប័ណ្ណចំនួន ៤ចំណុច ដូចជា ទី១ ការកាប់បំផ្លាញព្រៃឈើ គឺបំផ្លាញជីវិតខ្លួនឯង។ ទី២ សូមបញ្ឈប់ការកាប់បំផ្លាញព្រៃឈើដូចជាអុសស្ទែរ ឬអុសគីប អុសសម្រាប់ដុតឡធ្យូង និងកូនឈើដំសំបក។ ទី៣ សូមបញ្ឈប់ការកាប់បំផ្លាញព្រៃឈើយកដី និងទី៤ សូមបញ្ឈប់ការឆក់ត្រី។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក ពៅ ប៊ុនថន បានថ្លែងទទួលស្គាល់ថា បទល្មើសព្រៃឈើពិតជាកើតមានខ្លះមែននៅក្នុងទឹកដីឃុំជៀប និងការលួចដុតឡធ្យូងមួយចំនួននៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ ប៉ុន្តែលោកបានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនោះហើយ។
លោក ពៅ ប៊ុនថន៖ «ហើយយើងក៏បានធ្វើរបាយការណ៍មួយដែរ ឲ្យខេត្ត ដើម្បីឲ្យគាត់ជួយទប់ទល់ និងផ្សព្វផ្សាយខេត្តក៏បានយកចិត្តទុក្ខដាក់ដែរលោកខេត្តរាល់ថ្ងៃនេះ គាត់ចេះតែនិយាយជាប់ ប្រយ័ត្នអស់ព្រៃអស់ឈើហ្នឹង ព្រោះឈើវានៅតែតំបន់អភិរក្សហ្នឹងទេ ហើយប្រជាជនគាត់សម្លឹងឃើញកន្លែងហ្នឹង ដូចកន្លែងខ្លាញ់អ៊ីចឹងរាល់ថ្ងៃ»។
លោកបញ្ជាក់ថា បច្ចុប្បន្នសកម្មភាពកាប់ឈើដឹកតាមរទេះគោយន្ត គឺពុំមានចំនួនច្រើនដូចការអះអាងរបស់ប្រជាពលរដ្ឋឡើយ ហើយឈើទាំងនោះភាគច្រើនកាប់ចេញតាមក្បាលស្រែ ឬចម្ការរបស់អ្នកភូមិ និងមួយចំនួនទៀតកាប់ចេញពីចំណុចបឹងស្ទីញ ពាមលោក និងភ្នំសុរិយា។ យ៉ាងណាខាងមន្ទីរ បានចេញលិខិតជូនដំណឹងមួយទៅអាជ្ញាធរស្រុក និងឃុំឲ្យជួយទប់ស្កាត់នូវសកម្មភាពទាំងនេះដែរ។
នាយិកានៃអង្គការសកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ AEC អ្នកស្រី ស សាត ថ្លែងថា សម្រាប់ខេត្តកំពង់ឆ្នាំង សកម្មភាពកាប់បំផ្លាញព្រៃឈើមានការថយចុះ បន្ទាប់ពីឈើត្រូវបានកាប់បំផ្លាញស្ទើរគ្មានសល់ពីក្នុងព្រៃ។
អ្នកស្រីបន្តថា សកម្មភាពចែកខិត្តប័ណ្ណ ធ្វើញត្តិ និងលិខិតសុំកិច្ចអន្តរាគមន៍ផ្សេងៗ ហាក់មិនសូវមានប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើសព្រៃឈើឡើយ៖ «យើងអស់ជម្រើស គឺត្រូវតែលើកគ្នាទៅទប់ស្កាត់បទល្មើស ហើយចាប់បញ្ជូនមកឲ្យរដ្ឋបាលព្រៃឈើ ព្រោះធ្លាប់សហគមន៍ខាងបរិបូរណ៍ ខាងទឹកផុសដែរ តែក្រាំងស្គារ គាត់ធ្វើកន្លងមកហើយ អ៊ីចឹងឃើញថា បទល្មើសហ្នឹងក៏ថយចុះ»។
សហគមន៍ដែលបានចងបណ្ដាញចំនួន ៦ភូមិ នៃឃុំជៀប បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនក្នុងការផ្សព្វផ្សាយ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃក្នុងរយៈពេលបីថ្ងៃថា នេះគឺជាជំហានជោគជ័យទី១ ហើយខ្លួននឹងខំប្រឹងរិះរកវិធីសាស្ត្រជាច្រើនទៀត ដើម្បីទប់ស្កាត់ឲ្យបាននូវបទល្មើសព្រៃឈើក្នុងមូលដ្ឋាន។ នៅក្នុងសកម្មភាពនេះមានការចូលរួមពីអាជ្ញាធរភូមិ និងប្រជាពលរដ្ឋសរុបចំនួន ៧៥នាក់ និងចាប់បានរទេះគោយន្តចំនួន ១១៨គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
