សហគមន៍ការពារព្រៃឈើនៅភូមិចំនួនពីរ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រកឃើញជនជាតិវៀតណាម ចូលកាប់ឈើទ្រង់ទ្រាយធំនៅក្នុងព្រៃការពារមណ្ឌលគិរី។ ជនជាតិវៀតណាម ទាំងនោះប្រើប្រាស់អាវុធបាញ់គំរាមសហគមន៍ គ្រាក្រុមល្បាតស្ទាក់ចាប់បានគ្រឿងយន្ត និងសម្ភារៈកាត់ឈើរបស់ពួកគេ។
ម៉ាស៊ីនគោយន្តពីរគ្រឿង ម៉ាស៊ីនកាត់ឈើ ៤គ្រឿង ម៉ូតូ១០ រួមទាំងឈើជាច្រើនគំនរត្រូវបានសហគមន៍ភូមិលំមេះ និងភូមិពូលុ រឹបអូសពីជនជាតិវៀតណាម មួយក្រុម កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ខណៈជនជាតិវៀតណាម ទាំងនោះរត់គេចខ្លួនពីការស្ទាក់ចាប់ពីក្រុមល្បាតព្រៃសហគមន៍។
តំណាងសហគមន៍លោក ថ្លាង ថូ រៀបរាប់ថា សហគមន៍ ២៧នាក់ បានចុះល្បាតព្រៃនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ក៏ប្រទះឃើញស្នាមដឹកជញ្ជូនឈើ ទើបក្រុមល្បាតពួនឃ្លាំមើលរហូតពេលយប់បានប្រទះឃើញជនជាតិវៀតណាម មួយក្រុមប្រដាប់ដោយគោយន្ត ម៉ាស៊ីនកាត់ឈើ ម៉ូតូរាប់សិបគ្រឿងកំពុងនាំគ្នាដឹកជញ្ជូនឈើចេញពីព្រៃអភិរក្សមណ្ឌលគិរី ចំណុចអូរប៉ុល ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ពីឃុំប៊ូស្រា។
លោកបន្តថា ជនជាតិវៀតណាម ទាំងនោះបានបាញ់កាំភ្លើងបីគ្រាប់ គំរាមមិនឲ្យអ្នកភូមិចាប់ខ្លួនពួកគេ ខណៈពួកគេបានព្យាយាមរត់ចោលគ្រឿងយន្ត ម៉ាស៊ីនកាត់ឈើ ម៉ូតូ និងគំនរឈើជាច្រើនកន្លែងនៅក្នុងព្រៃ៖ «ជនល្មើសឃើញពួកខ្ញុំគេរត់ទាំងអស់ ហើយម៉ាស៊ីនម៉ូតូគេផ្ដួលទាំងអស់។ ជាង ១០នាក់ ហើយម៉ូតូប៉ុន្មានគ្រឿង។ យប់មិញហ្នឹងស្មានតែបានយួនៗទាំងអស់ ហើយគេបានបាញ់គំរាមបីគ្រាប់»។
លោក ថ្លាង ថូ ឲ្យដឹងដែរថា ដោយសារយប់ងងឹតខ្លាំង អ្នកភូមិបារម្ភពីសុវត្ថិភាព ទើបពួកគេសម្រេចនាំយកគោយន្តពីរគ្រឿងម៉ាស៊ីនកាត់ឈើ ៤គ្រឿង និងម៉ូតូមួយគ្រឿងត្រឡប់មកភូមិវិញ។ ដោយឡែកឈើជ្រុងប្រភេទឈើគគីរ ដែលជនជាតិវៀតណាម លួចអារក្នុងព្រៃ និងម៉ូតូ ១០គ្រឿងទៀត អ្នកភូមិទុកចោលនៅកន្លែងកើតហេតុដោយសារគ្មានមធ្យោបាយដឹកជញ្ជូនមកបាន។
ទាក់ទងទៅនឹងការរកឃើញបទល្មើសព្រៃឈើដោយក្រុមល្បាតសហគមន៍នេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់ថា សហគមន៍មិនទាន់ផ្ដល់ព័ត៌មាននេះមកមន្ត្រីព្រៃឈើនៅឡើយ។ យ៉ាងណាលោកថា នឹងចាត់មន្ត្រីចុះពិនិត្យករណីនេះ។
រហូតមកទល់នឹងរសៀលថ្ងៃទី១ ខែមករា តំណាងសហគមន៍អះអាងថា ពួកគេកំពុងធ្វើរបាយការណ៍ និងប្រគល់វត្ថុតាងដែលសហគមន៍រឹបអូសជូននគរបាលរដ្ឋបាលឃុំប៊ូស្រា រក្សាទុកជាបណ្ដោះអាសន្ន។
យ៉ាងណាក៏ដោយមន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកករណីនេះថា ជាការទទួលខុសត្រូវរបស់មន្ត្រីព្រៃឈើដែលបណ្ដែតបណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឈើអភិរក្ស។ លោកថា សហគមន៍នឹងរៀបចំពាក្យប្ដឹងតាមផ្លូវតុលាការដើម្បីសុំឲ្យស្ថាប័ននេះស៊ើបអង្កេតរកជនពាក់ព័ន្ធបទល្មើសព្រៃឈើឆ្លងដែន៖ «រឿងដែលកើតឡើងជាបន្តបន្ទាប់ច្រើនករណីបែបហ្នឹងនៅក្នុងឃុំប៊ូស្រា គ្រប់សហគមន៍ទាំង៧ គាត់បានឃាត់វត្ថុតាងបទឧក្រិដ្ឋ គួរតែមានការលើកទឹកចិត្តសហគមន៍ឲ្យបានដិតដល់»។
កាលពីពាក់កណ្ដាលខែធ្នូ សហគមន៍ឃុំក្រង់តេះ ស្រុកពេជ្រាដា បានរាយការណ៍ថា ក្រុមល្បាតសហគមន៍រកឃើញជនជាតិវៀតណាម ជាច្រើនក្រុមកំពុងកាប់យកឈើមានតម្លៃក្នុងព្រៃការពារមណ្ឌលគិរី ជាប់តំបន់ព្រំដែន។ ចំណែកមន្ត្រីព្រៃឈើទទួលស្គាល់ដែរថា បានចុះបង្ក្រាបករណីនេះ និងរឹបអូសបានត្រាក់ទ័រមួយគ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
