ពលរដ្ឋ​នៅ​ព្រះវិហារ​និយាយ​ពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន ទ្រី ភាព

ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​​ឃុំ​ឆែប​១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ក្រុមហ៊ុន​​មួយ​របស់​លោក​ឧកញ៉ា ទ្រី ភាព កំពុង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​ធំៗ​ចេញ​ពី​តំបន់​ពួក​គេ​រស់​នៅ​ជា​បន្តបន្ទាប់ ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

0:00 / 0:00

ឈើ​ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នេះ គឺ​គេ​កាប់​ពី​​​ក្នុង​​​តំបន់​ព្រៃ​ជា​ច្រើន​កន្លែង​នៃ​ស្រុក​ឆែប ដោយ​មិន​ឃើញ​សមត្ថកិច្ច​ណា​ចេញ​មុខ​បង្ក្រាប​ធំដុំ​ឡើយ។

បុរស​ម្នាក់​គឺ​ជា​អ្នក​ភូមិ​ឆែប នៃ​ឃុំ​ឆែប១ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​សីហា ថា ស្ទើរ​តែ​រៀងរាល់​ថ្ងៃ​គាត់​ឃើញ​ឡាន​ធំៗ​របស់​ក្រុមហ៊ុន ទ្រី ភាព ដឹក​ឈើ​ចេញ​ពី​តំបន់​គាត់​រស់​នៅ​យក​ទៅ​ស្ដុក​ទុក​ក្នុង​ដេប៉ូ​មួយ​កន្លែង​នៅ​ម្ដុំ​ផ្លូវ​បំបែក​ទៅ​ឃុំ​កំពង់ស្រឡៅ​ខាង​ត្បូង​ផ្លូវ ឆ្ពោះ​ទៅ​ស្រុក​ជ័យសែន។

បុរស​ដដែល​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​​កាន់​ម៉ាស៊ីន​អារ​ឈើ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​កាប់​ឈើ​ខុស​ច្បាប់​យក​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន៖ «ក្រុមហ៊ុន ទ្រី ភាព ​ម្សិលមិញ​អី​ដឹក​ទាំង​កុងទីន័រ ទាំង​ថ្ងៃ​ទាំង​យប់ រាល់​ថ្ងៃ​នេះ​ឯង។ គេ​បង្កើត​សហគមន៍ ថា​ការពារ​ទុក​ឱ្យ​ប្រជាពលរដ្ឋ តែ​ពេល​ចុង​ក្រោយ គេ​កាប់​អស់​រលីង​បណ្ដោយ។ ឈើ​ធ្នង់ ឈើ​ប្រណីត​មុខ ៤០ មុខ ៥០ មុខ ៣០ អី​នេះ គេ​ក្ដិច​អស់​ហើយ។ នេះ​ជិត​អស់​ហើយ​មុខ ៣០ ហើយ​គេ​ចាប់​ផ្ដើម​វាត់​អា​មុខ ២៥ អី​ទៀត​ហើយ។ ម៉ាស៊ីន​ច្រើន​ណាស់ ព្រលឹម​ឡើង​យ៉ាង​គគ្រឹក គោយន្ត​ចេញ​ព្រាត​ចូល​ព្រៃ។ អត់​មាន​ឃើញ​អាជ្ញាធរ​ណា​បង្ក្រាប​ទេ ហើយ​ក្រុម​សហគមន៍​ព្រៃ​ឈើ​អី​នេះ​ក៏​ទៅ​កាប់​ដែរ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ជួប​តំណាង​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​សុំ​ការ​អធិប្បាយ​ ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​បាន​ថា យ៉ាង​ណា​ឡើយ។ ក៏​ប៉ុន្តែ​អាជ្ញាធរ​ស្រុក​​ឆែប បាន​បដិសេធ​ថា ក្រុមហ៊ុន​មិន​​បាន​ចូល​ទៅ​កាប់​ឈើ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

អភិបាល​ស្រុក​ឆែប លោក អ៊ុង វុឌ្ឍី បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​កំពុង​កើត​មាន​នៅ​តាម​តំបន់​មួយ​ចំនួន​មែន ក៏​ប៉ុន្តែ​មិន​មែន​ក្រុមហ៊ុន​ជា​អ្នក​ទៅ​កាប់​ទេ គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​ទៅ​កាប់​យក​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន។

លោក​អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ដែល​ប្រជាពលរដ្ឋ​ខ្លួន​ឯង​មិន​មាន​ឆន្ទៈ​ការពារ​ព្រៃ​ឈើ​នេះ ធ្វើ​ឱ្យ​សមត្ថកិច្ច​មិន​អាច​បង្ក្រាប​មាន​ប្រសិទ្ធភាព​ឡើយ៖ «គាត់​ប្រមូល​មក​លក់​ឱ្យ​គេ​ទេ មិន​មាន​ក្រុមហ៊ុន​ណា​ទៅ​កាប់​អត់​ទេ! បញ្ហា​បទ​ល្មើស​ព្រៃ​ឈើ​ហ្នឹង បង្ក្រាប​ពី​មុខ​ទៅ​ក្រោយ ពី​ក្រោយ​ទៅ​មុខ មិន​ដឹង​ថា​យ៉ាង​ម៉េច​ដែរ ជិត​អស់​បាត់​ហើយ តាំង​ពី​ជំនាន់​ណា​ណី​មក»

ប្រធាន​អង្គការ​ពន្លក​ខ្មែរ​នៅ​ខេត្ត​ព្រះវិហារ គឺ​លោក អាង ជាតិឡោម បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​ជុំវិញ​បញ្ហា​ក្រុមហ៊ុន​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ស្រុក​ឆែប​នោះ​តាំង​ពី​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ចាប់​ផ្ដើម​ម៉្លេះ។

អង្គការ​ការពារ​ព្រៃឈើ​ដដែល​បាន​យល់​ថា ព្រៃ​ឈើ​នៅ​ស្រុក​ឆែប​នេះ អាច​ជា​ធនធាន​ចុង​ក្រោយ​ដែល​ក្រុម​ឈ្មួញ​ចាប់​ផ្ដើម​កាប់​ខុស​ច្បាប់​យក​ទៅ​ធ្វើ​ជំនួញ បន្ទាប់​ពី​ខេត្ត​ជា​ច្រើន ដូចជា​រតនគិរី ខេត្ត​ស្ទឹងត្រែង និង​តំបន់​ព្រៃឡង់ ជាដើម ត្រូវ​ពួកគេ​កាប់​យក​ឈើ​អស់​ទៅ​ហើយ​នោះ។

លោក អាង ជាតិឡោម ​បាន​ឱ្យ​ដឹង​ថា កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៣ កន្លង​ទៅ សហគមន៍​ការពារ​ព្រៃ​ឈើ​ចំនួន ៨ បាន​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​ដោយ​ទទួល​បាន​ផ្ទៃ​ដី​ជាង ២​ម៉ឺន​ហិកតារ ដើម្បី​ការពារ​ព្រៃឈើ​នៅ​ក្នុង​ស្រុក​ឆែប​នេះ នៅ​ក្នុង​ចំណោម​ព្រៃឈើ​រាប់​ម៉ឺន​ហិកតារ​ទៀត​ បាន​ក្លាយ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។